ព្រះពុទ្ធសាសនានៅប្រទេសលាវ


ថ្ងៃអទិត្យ ទី15.កញ្ញា 2019.ម៉ោង 7:53

    ជន​ជាតិ​លាវ​មាន​ប្រ​វត្តិ​មក​តាំង​ពី​ដើម​ទាក់​ទង​ នឹង ជាតិ​វង្ស​ ហើយ​ការ​ភៀស​ខ្លួន​ពី​ទី​លំ​នៅ​ជា​ដើម​ រហូត​បាន​តាំង​ទី​កន្លែង​នៅ​ក្នុង​ដែន​ដី​បច្ចុប្បន្ន​ ដូច​ជា​ជន​ជាតិ​ថៃ​ មាន​រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ដឹង​​​សង្ខេប​ថា ប្រមាណ ​ព.ស.​១១៩៤ ជន​ជាតិ​មួយ​ក្រុម​ធំ​ បាន​ហៅ​ខ្លួន​ឯង​ថា​ថៃ​ ពួក​ភូមា​ហៅ​ថា​ ​ឆាន​ពួក​ចិន​ហៅ​ថា​ អាយ​លាវ​ ឬ​ ងាយ​លាវ​ បាន​ភៀស​ពី​អាណា​ចក្រ​ អាយ​លាវ​ចុះ​មក​ភាគ​ខាង​ត្បូង​ តាំង​អាណា​ចក្រ​ថ្មី​ហៅ​ថា​ណាន​ចៅ​ ត​មក​ស្តេច​ថៃ​ ណាន​ចៅ​ឈ្មោះ​ខុន​បរម​ (ខុន​លុង​ ឬ ខុន​ហ្លួង​)​ បាន​មក​គ្រប់​គ្រង​ដែន​ដី​ភាគ​ខាង​ត្បូង​ទៀត​ ហើយ​​និង​​ បាន​ពង្រីក​អាណា​ខេត្ត​ឲ្យ​ទូលាយ​ថែម​ទៀត​ ខុន​បរម​ មាន​ព្រះ​ឱរស​ ៧​​អង្គ ហើយ​បាន​ឲ្យ​ឱរស​ទាំង​ ៧​អង្គ​នោះ​ ទៅ​សាង​នគរ​ផ្សេង​ៗ​មាន​នគរ​យោ​នក​ នគរ​ល្វោ នគរ​ពួន​ជា​ដើម​ ឱរស​ទី​មួយ​ឈ្មោះ​ខុន​ល ច្បាំង​បាន​នគរ​ជ្វា​ (បាន​ដល់​ក្រុង​ជៅ​ ត​មក​ហៅ​ថា​ជៀង​ថង​​ ឬ លាន​ឆាង)​  និង​ នៅ​ទី​បំផុត​ក្លាយ​ទៅ​ជា​ហ្លួង​ព្រះ​បាង​ ​រវាង​ប្រមាណ​ ព.ស.១២៩០ ព្រះ​បាទ​នគរ​ជ្វា​ បាន​បន្ត​រាជ​វង្ស​មក​តាម​លំដាប់​ ពេល​អាណា​ចក្រ​ខ្មែរ​រុង​រឿង​មាន​អំណាច​ឡើង​ នគរ​ជ្វា​ក៏​ធ្លាក់​ក្រោម​អំណាច​ខែ្មរ​ ដូច​ជា​ជន​ជាតិ​ថៃ​ ពួក​ដទៃ​​ទៀត ​ដែល​នៅ​ជិត​គ្នា​ លុះ​ដល់​ ព.ស.​​១៧៩៦ អាណា​ចក្រ​ណាន​ចៅ​ បាន​បាត់​បង់​ឆ្ពោះ​កុប​លៃ​ខាន​ ជន​ជាតិ​ថៃ​ក៏​បាន​បែក​ក្រ​ចាយ​មក​តាម​ផ្លូវ​ខាង​ត្បូង​ថែម​ចំនួន​ច្រើន​ទៀត​។​

ក.​យុគកតាំង  និង រីកចំរើនគង់វង់
    ព្រះ​បាទ​នគរ​ជ្វា​អង្គ​ ទី​២២ (ខ្លះ​ថា​ទី​៣៥​) ព្រះ​នាម​ថា ពញ្ញា​សុវណ្ណ​គាំ​ផង​ ឡើង​គ្រង​រាជ្យ​នៅ ​ព.ស.​១៨៥៩ ទ្រង់​មាន​ឱរស​នាម​ថា​ព្រះ​បាទ​​ផីហ្វា​ ហើយ​ស្តេច​អង្គ​នេះ​ មាន​ឱរស​ព្រះ​អង្គ​ ទី​១ ឈ្មោះ​ អង្គ​ម្ចាស់​ង៉ុម​ ពេល​នោះ​មាន​ហេតុ​ភេទ​អ្វី​ណា​មួយ​ ធ្វើ​ឲ្យ​អង្គ​ម្ចាស់​ង៉ុម​ ព្រាត់​ចេញ​ពី​ប្រ​ទេស​ជាតិ​មាតុ​ភូមិ​​ទៅ ជ្រោក​អាស្រ័យ​ជា​មួយ​អាណា​ចក្រ​ខ្មែរ​តាំង​តែ​នៅ​យុវ​​វ័យ​ ពេល​នោះ​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​ បាន​រីក​ចម្រើន​រុង​រឿង​ ជា​​សាសនា​​គោល​ជំហរ រឹង​ប៉ឹង​នៅ​ប្រ​ទេស​ខ្មែរ​ហើយ​ អង្គ​ម្ចាស់​ង៉ុម​ នៅ​អាស្រ័យ​ជា​មួយ​ព្រះ​ភិក្ខុ​មួយ​អង្គ​ ព្រះ​នាម​ព្រះ​មហា​បាស​មន្ត​ថេរៈ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ មួយ​កន្លែង​ ពេល​ចំរើន​​វ័យ​ឡើង​ ព្រះ​ថេរ​បាន​នាំ​ទៅ​ផ្ញើ​ជា​ក្មេង​បំរើ​ក្នុង​រាជ​សំណាក់​របស់​ក្សត្រ​ខ្មែរ​ (អ្នក​ប្រាជ្ញ​បាន​សន្និ​ដ្ឋាន​ថា​ គឺ​ព្រះ​បាទ​ជ័យ​វរ្ម័ន​បរ​មេស្វរៈ​) អង្គ​ម្ចាស់​ង៉ុម​ទទួល​រាជ​ការ​ជា​ទី​ប្រោស​ប្រាណ​របស់​ព្រះ​ចៅ​ផែន​ដី​ ​រហូត​ទ្រង់​លើក​ព្រះ​រា​ជ​ធីតា​នាម​ថា​ កែវ​កេង​យា​ ឬ​កែវ​យត​ហ្វា ​(ហៅ​ថា​​ រាជ​បុត្រី​គាំ​ហ្យាត​ ឬ​ហៅ​ផ្សេង​ទៀត​ក៏​មាន​​​​​) ឲ្យ​ជា​ព្រះ​ជា​យា។​

    សម័យ​នោះ​ អាណា​ចក្រ​ខ្មែរ​ កំពុង​តែ​ទាន់​ខ្សោយ​ចុះ​ ហើយ​ក្នុង​ ព.ស.​១៨៩៣ ព្រះ​បាទ​រាមា​ធិប​តី​ទី​មួយ​ នៃ​រាជ​វង្ស​អ៊ូ​ទង​ បាន​តាំង​អាណា​ចក្រ​ថៃ​ឡើង​ នៅ​ក្រុង​ស្រី​​អយុធ្យា​ ហើយ​ចាប់​ផ្តើម​ពង្រីក​អំណាច​ ចេញ​ទៅ​ថែម​ទៀត​ ក្សត្រ​ខ្លាច​ក្រែង​​ការ​រុក​រាន​របស់​ថៃ​អយុធ្យា​ ទើប​ទ្រង់​ឲ្យ​ព្រះ​បាទ​ហ្វា​ង៉ុម​ គ្រប់​គ្រង​នគរ​លាន​ឆាង​ ដើម្បី​ជា​កំលាំង​ការ​ពារ​ថៃ​ស្រី​អយុធ្យា​ត​ទៅ​ ព្រះ​បាទ​ហ្វា​ង៉ុម​ ឡើង​គ្រង​រាជ្យ​ក្នុង ព.ស.១៨៩៦​ (ក្រោយ​ពី​អាណា​ចក្រ​ថៃ ​ស្រី​អយុធ្យា​តាំង​ឡើង​បាន ​៣ ឆ្នាំ)​ ទ្រង់​ជា​វីរក្សត្រ​ អាច​រួប​រួម​ខេត្ត​ផ្សេង​ៗ​​ ក្នុង​ទី​ទំនាប​ទន្លេ​មេ​គង្គ​ភាគ​ខាង​លើ​រួម​ចូល​តែ​មួយ​ មាន​អាណា​ខេត្ត​ភាគ​ខាង​ជើង​ ទល់​នឹង រហូត​ ១២​អណា​ចក្រ​។ ភាគ​ខាង​ត្បួង​ទល់​នឹង​ អាណា​ចក្រ​ខ្មែរ​ ភាគ​ខាង​លិច​ទល់នឹង​ អាណា​ចក្រ​ឆៀង​ម៉ាយ​ សុខោ​ទ័យ​ និង​ ស្រី​អយុធ្យា​ ​ភាគ​ខាង​កើត​ទល់​ និង​ អាណាម​នឹង​ចម្ប៉ា​ អាច​ហៅ​ថា​ជា​ក្សត្រ​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​អាណា​ចក្រ​លាន​ឆាង​ (មុន​នេះ​មាន​តែ​និទាន)​  និង​ ត​មក​ក្រុង​លាន​ឆាង​ ឬ​ក្រុង​ធំ​របស់​អាណា​ចក្រ​លាន​ឆាង​ ក៏​មាន​ឈ្មោះ​ជា​ផ្លូវ​រាជ​ការ​ថា “ក្រុង​ស្រី​សត្នា​​គុន​ហុត​លាន​ឆាង​ចូល​គ្នា​”​។

    ក្នុង​ផ្នែក​សាសនា​ សូម្បី​តែ​ជាតិ​លាន​ឆាង​បាន​កាន់​ព្រះ​ពុទ្ធ​សាសនា​បែប​មហា​យាន​ ឆ្លង​តាម​រយៈ​ចិន​ម​ក តាំង​តែ​ពេល​នៅ​ក្នុង​អាណា​ចក្រ​អាយ​លាវ​ ដូច​ជន​ជាតិ​ថៃ​ជំពួក​ដទៃ​ទៀត​។ ក្នុង​សម័យ​ខុន​ហ្លួង​ម៉ៅ (លី​មៅ​ឬ​លីវ​មៅ) រយ​ពេល​ប្រមាណ​ ព.ស.៦២០ ហើយ​យ៉ាង​ណា​ក៏​ដោយ​ ពេល​ដល់​សម័យ​អាណា​ចក្រ​លាន​ឆាង​នេះ សេច​ក្តី​ជំនឿ​នោះ​ បាន​លិច​ចុះ​ដល់​សាប​បាត​-​ទៅ​ហើយ​ ទើប​ប្រាកដ​ថា​ ប្រ​ជា​រាស្ត្រ​ទូ​ទៅ​គោរព​ ខ្មោច ព្រាយ បិសាច អារក្ស អ្នកតា ដែល​ជា​ជំនឿ​ដើម​ តាំង​តែ​សម័យ​បូរាណ​ ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ ត្រូវ​ប្រតិស្ឋាន​សា​ជា​ថ្មី​ ហើយ​នៅ​ក្នុង​គ្រា​នេះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​ ដែល​នាំ​ចូល​មក​ពី​អាណា​ចក្រ​​ខ្មែរ​។

    រឿង​នាំ​ព្រះ​ពុទ្ធ​សាស​នា​ចូល​មក​កាន់​អាណា​ចក្រ​លាន​ឆាង​ មាន​ភស្តុ​តាង​ផ្សេង​គ្នា ពីរយ៉ាង​គឺ​ មួយ​ផ្នែ​កថា​ ព្រះ​នាង​កវ​កេន​យា មហេ​សី​ នៃ​ព្រះ​បាទ​ហ្វា​ង៉ុម​ ទ្រង់​ជា​ព្រះ​ពុទ្ធ​សាស​និក​ជន​ តឹង​រឹង​បំផុត​ ពេល​ដែល​ព្រះ​នាង​ទ្រង់​ឃើញ​ចៅ​ហ្វាយ​នាយ​ ហើយ​នឹង​ ប្រជា​រាស្រ្ត​ អ្នក​ស្រុក​លាន​ឆាង​ គោរព​ ខ្មោច​ ព្រាយ​ នាំ​គ្នា​សម្លាប់​ ដំរី​ សេះ ​គោ​ក្របី​ ដើម្បី​ធ្វើ​ពលី​កម្ម​ ទ្រង់​តក់​ស្លុត​ព្រះ​ទ័យ​ ទើប​ទូល​ព្រះ​​ស្វាមី​ នាំ​ព្រះ​ពុទ្ធ​សាសនា​ពី​កម្ពុជា​មក​ប្រតិស្ឋាន។ ព្រះ​បាទ​ហ្វា​ង៉ុម​ទ្រង់​បាន​បញ្ជូន​ទូត​ ទៅ​ក្រាប​ទូល​ពី​គោល​បំណង​ចំពោះ​កម្ពុជា​, ស្តេច​ខ្មែរ​ ទ្រង់​បញ្ជូន​គណ​​ភិក្ខុ​សង្ឃ​ មាន​ព្រះ​មហា​បាស​មន្ត​ថេរ​ ដែល​ជា​គ្រូរ​បស់​ព្រះ​បាទ​ហ្វា​ង៉ុម​ និង​ ព្រះ​មហា​ទេព​លង្កា​ ជា​ប្រធា​ន ព្រម​ទាំង​អ្នក​ប្រាជ្ញ​ខាង​ជាង​  និង បរិ​វារ​ជា​ច្រើន​ នាំ​ព្រះ​ពុទ្ធ​រូបទម្រង់​ (style) ហាម​ញាតិ​ ឈ្មោះ ​“ព្រះ​បាង”​  និង​ ព្រះ​ត្រៃ​បិដក​ព្រម​ជា​មួយ​ និង​ សាសន​វត្ថុ​ដទៃ​ទៀត​ ព្រះ​រាជ​ទាន​ចំពោះ​ព្រះ​បាទ​ហ្វា​ង៉ុម។​

    ចំណែក​ភស្តុ​តាង​មួយ​ទៀត​ថា​ ពេល​ព្រះ​បាទ​ហ្វា​ង៉ុម​គ្រង​រាជ្យ​មិន​យូរ​ប៉ុន្មាន​ ព្រះ​អង្គ​ក៏​ទ្រង់​មាន​ព្រះ​ទ័យ​ឃោរ​ឃៅ​ ព្រឹត្តិ​ការណ៍​នោះ​បាន​ជ្រាប​ដល់​ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រះ​​ស្សុរ​ “ជីតា” ទើប​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ព្រះ​បាទ​ហ្វា​ង៉ុម​ទៅ​គល់​ និង​ ទ្រង់​រាជ​ទាន​ឱវាទ​ឲ្យ​គ្រប់​គ្រង​ប្រ​ជា​និករ​តាម​គោល​ធម៌​នៃ​ព្រះ​ពុទ្ធ​សាសនា​ ឲ្យ​សមា​ទាន​សីល​ ៥​ ហើយ​ព្រះ​អង្គ​ទ្រង់​ត្រឡប់​មក​លាន​ឆាង​ ព្រម​ជា​មួយ​ព្រះ​ភិក្ខុ​សង្ឃ​ដែល​បាន​ចូល​មក​ខាង​ដើម​។

    សម្រាប់​ព្រះ​បាង​នោះ​ ជា​ព្រះ​ពុទ្ធ​រូប​ដែល​ក្សត្រ​លង្កា​ បាន​បញ្ជូន​មក​ថ្វាយ​ចំពោះ​ស្តេច​ផែន​ដី​ខ្មែរ​ ពេល​ស្តេច​ផែន​ដី​ខ្មែរ​ ព្រះ​រាជ​ទាន​ទៅ​ឲ្យ​ព្រះ​បាទ​ហ្វា​ង៉ុម​វិញ​ ហើយ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​ទី​ក្រុង​វៀង​គាំ​ មុន​ពេល​ដល់ ​ព.ស.​២០៤៥ ទើប​អារធ​នា​ មក​ទុក​នៅ​នគរ​ឆៀង​ថង​ គឺ ន​គរ​ជ្វា​ឬ​ លាន​ឆាង​ ហើយ​ត​មក​នគរ​ឆៀង​ថង​ ឬ ​លាន​ឆាង​ ក៏​ផ្លាស់​ហៅ​តាម​ឈ្មោះ​ព្រះ​បាង​ ថា​​ក្រុង​ហ្លួង​ព្រះ​បាង​ ជួន​កាល​ហៅ​អាណា​ចក្រ​ទាំង​អស់​ថា​​ អាណា​ចក្រ​ហ្លួង​ព្រះ​បាង​។ តាម​ន័យ​នេះ​ ស្តែង​ឲ្យ​ឃើញ​ថា​ ការ​ស្ថា​បនា​អាណា​ចក្រ​លាវ​ ដំណើរ​ការ​ព្រម​ជា​មួយ​ការ​ប្រតិស្ឋាន​ ព្រះ​ពុទ្ធ​សាស​នា​បែប​ថេរ​វាទ​ ដោយ​មាន​ព្រះ​បាង​ជា​មជ្ឈ​មណ្ឌល​ ដែល​រួប​រួម​ចិត្ត​គំនិត​របស់​ជាតិ​ និង​ ជា​សញ្ញ​លក្ខណ៍​របស់​ព្រះ​ពុទ្ធ​សាសនា​ ​និង​ ជា​សម្បត្តិ​សក្តិ​សិទ្ធ​របស់​ប្រទេស​ជាតិ​។​

    រជ្ជ​កាល​ព្រះ​បាទ​ហ្វា​ង៉ុម​ពោរ​ពេញ​ដោយ​សឹក​សង្គ្រាម​ ធ្វើ​ឲ្យ​ប្រ​ជា​រាស្រ្ត​លាវ​ដែល​ជា​អ្នក​មាន​និស្ស័យ​ ស្រឡាញ់​សន្តិភាព​ ត្រឡប់​ជា​ធុញ​ទ្រាន់​ចិត្ត​​ នៅ​ទី​បំផុត​ ព.ស.​១៩១៦ អា​មាត្យ​ទាំង​អស់​ក៏​ព្រម​ព្រៀង​គ្នា​បណេ្តញ​ព្រះ​អង្គ​ចេញ​ពី​រាជ​បល្លង្ក​ ហើយ​ក៏​អភិ​សេក​ព្រះ​រាជ​ឱរស​ព្រះ​ជន្មាយុ​ ១៧ ​វស្សា ឡើង​គ្រង​រាជ្យ​សម្បត្តិ​ ទ្រង់​ព្រះ​នាម​តាម​ចំនួន​ប្រុស​ជំទង់​ ដែល​បាន​ត្រួត​ក្នុង ​ព.ស.​១៩១​៩ ដែល​មាន​ ៣០០,០០០ នាក់​ថា​ “ពញ្ញា​សាម​សែន​ថៃ”​ ទ្រង់​រៀប​អភិសេក​​ជា​មួយ​រាជ​បុត្រី​ថៃ​ នៃ​ក្រុង​ស្រី​អយុធ្យា​ និង​ ទ្រង់​រៀប​ចំ​ប្រទេស​ជាតិ​តាម​បែប​ផែន​ ដែល​ទ្រង់​បាន​ទទួល​ពី​ប្រទេស​ថៃ​ជា​ច្រើន​។​

    ចំណែក​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​សាង​វត្ត​ និង​ សាលា​រៀន​ ព្រះ​បរិ​យត្តិ​ធម៌​ផ្នែក​ខាង​ជំនាញ​ លាន​ឆាង​ក៏​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ ពាណិជ្ជ​កម្ម​ដ៏​សំខាន់​មួយ​កន្លែង​ ទ្រង់​រក្សា​មេត្រី​ជា​មួយ​ថៃ​ និង​ វៀត​ណាម​យ៉ាង​ជិត​ស្និទ្ធ​ រជ្ជ​កាល​នេះ​មាន​ឈ្មោះ​ថា​ ជា​សម័យ​នៃ​ការ​រៀប​ចំ​ប្រទេស​ជាតិ​ឲ្យ​មាន​របៀប​ និង​ ការ​សាង​នូវ​បែប​ផែន​រឹង​មាំ​ ក្រោយ​ពី​រជ្ជ​កាល​នេះ​ និង​ អាណា​ចក្រ​លាន​ឆាង​បាន​ទទួល​នូវ​ភាព​ស្ងប់​សុខ​ អស់​រយៈ​ពេល​យូរ​អង្វែង​ មាន​ការ​ក្តៅ​ក្រហាយ​ពី​ការ​រុក​រាន​ពី​វៀត​ណាម​ប្រទេស​ជិត​ខាង​ចូល​មក​ជ្រៀត​ជ្រែក​ខ្លះ​ ប៉ុន្តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ និង​ ​កន្លង​ផុត​ទៅ​ក្នុង​រយ​ពេល​ដ៏​ខ្លី​។​

    កាល​កន្លង​មក​ដល់​រជ្ជ​កាល​ពោ​ធិសាល​រាជ​ (ព.ស.​២០៦៣-​២០៩០) ក្សត្រ​អង្គ​នេះ​ទ្រង់​ជា​ពុទ្ធ​សាស​និក​ជន​ដ៏​តឹង​រឹង​ បាន​ព្យាយាម​ទាក់​ទាញ​ប្រ​ជា​ជន​ ឲ្យ​ឈប់​គោរព​ខ្មោច​ព្រាយ​ អារក្ស​អ្នក​តា​ មន្ត​អាគម​ ដើម្បី​ស្ថាប​នា​ព្រះ​ពុទ្ធ​សាស​នា​ឲ្យ​បរិ​សុ​ទ្ធ​ ទើប​ទ្រង់​ ឲ្យ​រុះ​រើ​ខ្ទម​អ្នក​តា​ ខ្ទម​ខ្មោច​ព្រាយ​ ក្នុង​ក្រុង​ឲ្យ​អស់​ ប៉ុន្តែ​ប្រ​ពៃណី​​ការ​គោរព​ខ្មោច​ព្រាយ​បាន​ផ្សា​ផ្ជាប់​ក្នុង​ចិត្ត​គំនិត​ របស់​ប្រ​ជា​ជន​មក​តាំង​តែ​ពី​បូរាណ​ហើយ​ ពិបាក​ និង រំសាយ​បាន​ សេច​ក្តី​ព្យា​យាម​របស់​ព្រះ​អង្គ​ទើប​មិន​បាន​សម្រេច​ ក្រៅ​ពី​នេះ​ ព្រះ​អង្គ​បាន​យាង​ទៅ​ប្រថាប់​នា​រាជ​សំ​ណាក់​ ដែល​សាង​ថ្មី​នៅ​ក្រុង​វៀង​ច័ន្ទ​ ធ្វើ​ឲ្យ​ការ​ជំនួញ​ជា​មួយ​ថៃ​ និង​ វៀត​ណាម​ស្រួយ​ហើយ​បាន​លទ្ធ​ផល​រិត​តែ​ប្រសើរ​ ចាត់​ទុក​ថា​ ទ្រង់​ជាក្សត្រ​លាវ​អង្គ​ដំបូង​ ដែល​ព្រះ​អង្គ​យាង​ទៅ​ប្រ​ថាប់​នៅ​ក្រុង​នេះ​។

    ត​មក​នៅ​ចុង​រជ្ជ​កាល​ ក្សត្រ​នៃ​ឡាន​ណា​ នៅ​នគរ​ឆៀង​ម៉ាយ​ទ្រង់​សោយ​ទិ​វង្គត់​ ខ្វះ​រាជ​ទាយាទ​ដើម្បី​បន្ត​រាជ​សម្បត្តិ​ ទើប​មាន​អ្នក​សំអាង​សិទ្ធិ​ក្នុង​រាជ​សម្បត្តិ​ជា​ច្រើន​ពួក​ ព្រះ​បាទ​ពោធិ​សាល​រាជ​ ទ្រង់​អាង​សិទ្ធិ​ ក្នុង​រាជ​បល្លង្ក​ផង​ដែរ​ ក្នុង​ឋានៈ​ដែល​ព្រះ​រាជ​មាតា​របស់​ព្រះ​អង្គ​ ជា​ក្សត្រី​​ក្រុង​ឆៀង​​ម៉ាយ​ ទ្រង់​លើក​កង​ទ័ព​ទៅ​បង្រ្កាប​ អ្នក​សំអាង​សិទ្ធិ​ទាំង​នោះ​បាន​ទាំង​អស់​ ស្រេច​ហើយ​អាណា​ចក្រ​ឡាន​ណា ក៏​បាន​បញ្ជូន​គណៈ​ទូត​ ទៅ​យាង​ព្រះ​អង្គ​ឲ្យ​ទៅ​សោយ​រាជ​នៅ​ក្រុង​ឆៀង​ម៉ាយ​ ព្រះ​បាទ​ពោធិ​សាល​រាជ​ទើប​ទ្រង់​ឲ្យ​ព្រះ​រាជ​ឱរស​ ព្រះ​នាម​ជេដ្ឋ​វំសោ​ ទៅ​គ្រង​អាណា​ចក្រ​ឡាន​ណា​ តែ​ភស្តុ​តាង​កន្លែង​ខ្លះ​បាន​ពោល​ថា​ ព្រះ​បាទ​ពោធិ​សាល​រាជ​មាន​មហេសី​ជា​ក្សត្រី​​ផែ្នក​ខាង​ឡាន​ណា ​ទើប​បញ្ជូន​ទូត​មក​ទូល​សូម​ព្រះ​រាជ​ឱរស​ របស់​ព្រះ​អង្គ​ គឺ ព្រះ​បាទ​ជេដ្ឋ​វំសោ​ ព្រះ​ជន្មាយុ​ ១២​វស្សា​ទៅ​គ្រង​រាជ្យ​នៅ​នគរ​ឆៀង​ម៉ាយ​។

    ត​មក​នៅ​ ព.ស.២០៩០ ព្រះ​បាទ​ពោធិ​សាល​រាជ​ទ្រង់​ជួប​ប្រទះ​ឧបទ្ទ​វ​ហេតុ​ ក្នុង​ការ​ប្រម៉ាញ់​សត្វ​ ហើយ​សោយ​ទិវង្គត់​ទៅ​ ក៏​កើត​ហេតុ​ជ្រួល​ច្របល់​ ទាក់​ទង​ នឹង​ ការ​ស្នង​រាជ្យ​​សម្បត្តិ​ ព្រះ​បាទ​ជេដ្ឋ​វំ​សោ ទើប​ទ្រង់​យាង​ទៅ​រៀប​ចំ​ក្រុង​លាន​ឆាង​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ និង ព្រះ​អង្គ​ទ្រង់​ឡើង​គ្រង​រាជ្យ​នៅ​អា​ណា​ចក្រ​នោះ​ក្នុង​ ព.ស.​២០៩១ ទ្រង់​ព្រះ​នាម​ថា​ ព្រះ​បាទ​ជ័យ​ជេដ្ឋា​ធិ​រាជ​ ព្រះ​អង្គ​មិន​ព្រម​យាង​ត្រឡប់​ទៅ​ឆៀង​ម៉ាយ​ បណ្តោយ​ឲ្យ​ព្រះ​បាទ​ថៃ​យ៉ៃ ​ឈ្មោះ​មេ​កុដិ​ ឡើង​គ្រប់​គ្រង​ឡាន​ណា​រហូត​មក​។

    ព្រះ​បាទ​ជ័យ​ជេដ្ឋា​ធិ​រាជ​ ទ្រង់​ជា​មហា​រាជ​អង្គ​ទី ​២​ របស់​លាវ (អង្គ​ដំបូង​គឺ​ព្រះ​បាទ​ហ្វា​ង៉ុម)​ ទ្រង់​ជា​វីរៈ​ក្សត្រ​ដ៏​ស្ទាត់​ជំនាញ​ក្នុង​សឹក​​សង្គ្រាម និង​ ជា​ពុទ្ធ​សាស​នូ​បត្ថម្ភ​ ដែល​មាន​សទ្ធា​យ៉ាង​ខ្លាំង​ក្លា​ ទ្រង់​បាន​សាង​វត្ត​សំខាន់​ៗ​ជា​ច្រើន​វត្ត​ និង ព្រះ​ពុទ្ធ​រូប​សំខាន់​ជា​ច្រើន​ព្រះ​អង្គ​, ទ្រង់​លើក​ស្ទួយ​ការ​សិក្សា​ព្រះ​បរិ​យត្តិ​ធម៌​ ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​តែង​គម្ពីរ​ផ្សេង​ៗ​ និង​ មាន​វណ្ណ​កម្ម​លាវ​កើត​ឡើង​ជា​ច្រើន​រឿង​។

    ក្នុង​រជ្ជ​កាល​នេះ​ ព្រះ​បាទ​ហង្សា​វតី​បុរេង​ណង​ ក្សត្រ​ភូមា​កំ​ពុង​ពង្រីក​អំណាច​មក​ភាគ​​​ខាង​កើត​ ព្រះ​បាទ​ជ័យ​ជេដ្ឋា​ធិរាជ​ ទើប​ទ្រង់​ចង​សម្ពន្ធ​មេត្រី​ នឹង​ ក្រុង​ស្រី​អយុធ្យា​យ៉ាង​ជិត​ស្និទ​ រហូត​មាន​ព្រះ​រាជ​សារ​ទៅ​សូម​ព្រះ​ទេពក្សត្រី​ រាជ​ធីតា​របស់​ស្តេច​មហា​ចក្រ​ពត្តិ​ដែល​ទើប​ប្រសូតិ​ពីព្រះ​ទេព​ក្សត្រី​ ត្រូវ​កង​ទ័ព​ភូមា​ដណ្តើម​ព្រះ​នាង​នៅ​កណ្តាល​ផ្លូវ​ និង​ នាំ​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បាទ​ហង្សា​វតី​ ក្រោយ​ពី​នោះ​ក្សត្រ​នៃ​អាណា​ចក្រ​ទាំង​ពីរ​ទ្រង់​បាន​សាង​ចេតិយ​រួម​គ្នា ​ហៅថា​ (ព្រះ​ធាតុ​ស្រី​សង​រ័ក)​ នៅ​ក្នុង​ស្រុក​ដាន​សាយ​ ខេត្ត​លើយ​ មាន​ពិធី​ធ្វើ​បុណ្យ​រួម​គ្នា​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​ពេញ​បូណ៌​ខែ​វិសាខ​។​ ពាក្យថា “ស្រី” ក្នុង​ឈ្មោះ​ចេតិយ​នោះ​មាន​ន័យ​ថា “ស្រី​អយុធ្យា” ជា​មួយ​ នឹង​ ស្រី​ស​ត្នា​គុន​ហុត​។​

    ម្យ៉ាង​ទៀត​ ក្នុង​ពេល​ដែល​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ធិ​រាជ​ ស្តេច​ទ្រង់​យាង​ចាក​ចេញ​ពី​ឆៀង​ម៉ាយ​ មក​គ្រង​រាជ្យ​នៅ​ក្រុង​ឆៀង​ថង​ លាន​​ឆាង​នោះ​ ទ្រង់​បាន​អា​រធ​នា​ព្រះ​កែវ​មក៌ត​ ដែល​​ប្រតិស្ឋាន​នៅ​វត្ត​បុប្ផា​រាម​ក្រុង​ឆៀង​ម៉ាយ​ ព្រម​ទាំង​ព្រះ​ពុទ្ធ​រូប​សំខាន់​ៗ​ និង​ វត្ថុ​មាន​ដំលៃ​ផ្សេង​​​ៗ​ មក​ទុក​ក្នុង​ក្រុង​ហ្លួង​ព្រះ​បាង​ផង​ដែរ​ ត​មក​ព្រះ​អង្គ​បាន​ផ្លាស់​រាជ​ធានី​មក​ក្រុង​វៀង​ចន្ទន៍​ ដើម្បី​រួម​ជា​មួយ​ក្រុង​ស្រី​អយុធ្យា​ ត​ស៊ូ​សឹក​សង្គ្រាម​ជា​មួយ​ភូមា​ ទើប​ទ្រង់​នាំ​ព្រះ​កែវ​​មក៌ត​ មក​ជា​មួយ​ ទ្រង់​បាន​សាង​វត្ត​ហើយ​ប្រតិស្ឋាន​ទុក​ក្នុង​ក្រុង​វៀង​ចន្ទន៍​ផង​ និង​ ទ្រង់​បាន​សាង​ព្រះ​ធាតុ​ហ្លួង​ ដែល​ជា​ស្ថា​បត្យ​កម្ម​ ដ៏​អស្ចារ្យ​របស់​លាវ​ទុក​ជា​ប្រវត្តិ​ត​មក​។

    ព្រះ​បាទ​ជ័យ​ជេដ្ឋា​ធិ​រាជ​ ទ្រង់​បាន​គ្រប់​គ្រង​អាណា​ចក្រ​របស់​ព្រះ​អង្គ​ឲ្យ​រួច​ផុត​ពី​ភ័យ​ វិបត្តិ​រហូត​ដល់​អស់​រជ្ជកាល​ ថ្វី​បើ​ឡាន​ណា​ថៃ​ ចាញ់​ភូមា​ក្នុង​ ព.ស.​២១០១  និង​ ស្រី​អយុធ្យា​បាន​បាត់​បង់​ក្រុង​នៅ​ក្នុង​ ព.ស.​២១០៧​ តែ​អាណាច​ក្រលាវ​ នៅ​ជា​ឥស្សរៈ​ដដែល​ យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​ពី​ព្រះ​អង្គ​សោយ​ទិវង្គត​ក្នុង​ ព.ស. ​២១១៤ និង លុះ​ដល់​ ព.ស. ​២១១៧-​២១១៨ ព្រះ​បាទ​ហង្សា​វតី​ក៏​លើក​ទ័ព​មក​វាយ​យក​លាវ​ជា​ប្រទេស​ឯក​រាជ្យ​បាន​ និង​ ទ្រង​នាំ​ព្រះ​ឱរស​តែ​មួយព្រះ​អង្គ​គត់​​ របស់​​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ធិរាជ​ ទើប​តែ​ប្រសូត​ក្នុង​ឆ្នាំ​ ព្រះ​អង្គ​សោយ​ទិវង្គត​ទៅ​ ​ទុក​ជា​ចំណាប់​ខ្មាំង​ នៅ​ឯ​ហង្សា​វតី​ផង​។ លុះ​ត​មក​ផែន​ដីលាវ​ មាន​ហេតុ​ជ្រួល​ច្របល់​ នឹង​ រឿង​​រាជ​សម្បត្តិ​ជា​ច្រើន​ឆ្នាំ​ទៀត​រហូត​ដល់​ ព.ស.​២១៣៤​ ព្រះ​ថេរ ​ជា​ចៅ​អធិ​ការ​វត្ត​ផ្សេង​ៗ​ បាន​ប្រ​ជុំ​គ្នា​ យល់​ព្រម​ឲ្យ​បញ្ជូន​ទូត ​ទៅ​យាង​ក្សត្រា ​ណកែវ​កោ​មេន​ ដែល​ជា​ឈ្លើយ​ ក្នុង​រាជ​សំណាក់​ភូមា​ ឲ្យ​ត្រឡប់​មក​គ្រង​រាជ្យ​ ព្រោះ​ពេល​នោះ​ព្រះ​បាទ បូរេង​ណង​ សោយ​ទិវង្គត​ហើយ​ និង​ ភូមា​ក៏​កំពុង​តែ​ទន់​ខ្សោយ​ទៅ​ៗ​ ទើប​បាន​យល់​ព្រម​ដោយ​ស្រួល​ ព្រះ​បាទ​ ណកែវ​កោ​មេន​ ឡើង​គ្រង​រាជ្យ​ក្នុង​ ព.ស.​១២៣៥  និង​ ប្រ​កាស​​ឯក​រាជ្យ​មិន​ចំណុះ​ភូមា​ត​ទៅ​។

    ត​មក​មិន​យូរ​ប៉ុន្មាន​ ដែន​ដីលាវ​ក៏​មាន​ហេតុ​ក្តៅ​ក្រហាយ​ ជ្រួល​ច្រ​បល់​ផ្ទៃ​ក្នុង​ទាក់​ទង​រឿង​រាជ​សម្បត្តិ​ ទើប​ព្រះ​សុរិយ​វង្សា​ឡើង​គ្រង​រាជ្យ​ក្នុង​ ព.ស ​២១៨០ ទើប​បាន​ស្ងប់​ស្ងាត់​វិញ​ ព្រះ​បាទ​សុរិយ​វង្សា​ ជា​ក្សត្រ​ដ៏​អង់​អាច​ហើយ​រឹង​ប៉ឹង​។ អ្នក​​ប្រ​វតិ្ត​សាស្ត្រ​សម័យ​ថ្មី​ លើក​ស្ទួយ​ថា​ ​ជា​ក្សត្រ​ដ៏​អង់​អាច​បំផុត​ របស់​លាវ​ក្នុង​រាជ្យ​​ កាល​ដ៏​យូរ​អង្វែង​ដល់​ ៥៥ ​ឆ្នាំ​ ប្រ​ទេស​ជាតិ​មាន​សន្តិ​ភាព​ និង​ របៀប​រៀប​រយ​ទាំង​ផ្ទៃ​ក្នុង​ និង​ ក្រៅ ​វប្បធម៌​រុង​រឿង​មាន​តន្រ្តី​ ស្ថា​បត្យ​កម្ម​  និង បដិ​មា​​កម្ម​ វិចិត្រ​កម្ម​ និង​ មុខ​វិជ្ជា​ជាង​ផ្សេង​ៗ​ ច្រើន​ផ្សាយ​សាយ​ភាយ​ទៅ​ និង​ មាន​សម្ពន្ធ​មេត្រី​ ជា​មួយ​អាណាចក្រ​ជិត​​ខាង​​យ៉ាង​ល្អ​ លើក​លែង​តែ​សង្រ្គាម​ដណ្តើម​យក​ឈ្នះ​ ឆៀង​ខ្វាង​ ក្នុង​ ព.ស ​២១៩៤ ថ្វី​ត្បិត​ឆៀង​ខ្វាង​ បាន​ចុះ​ចាញ់​ ក៏​ក្លាយ​ជា​សត្រូវ​ នឹង​ គ្នា​ត​មក​ជា​ខាង​ក្រោយ​ដ៏​យូរ​ រហូត​ដល់​ធ្លាក់​ទៅ​ជា​ប្រ​ទេស​អាណា​និគម​របស់​បារាំង​សេស​ទាំង​អស់​គ្នា​។​