ព្រះពុទ្ធសាសនានៅប្រទេសថៃ

ថ្ងៃសៅរ៍ ទី24.សីហា 2019.ម៉ោង 7:58

ប្រវត្តិព្រះពុទ្ធសាសនានៃប្រទេសថៃ អាចបែងចេញជា ៤ យុគ គឺ៖
១. យុគថេរវាទសម័យអសោក
២. យុគ មហាយាន
៣. យុគថេរវាទបែបពុកាម (Pagan)
៤. យុគថេរវាទបែបសិរីលង្កា

យុគទី ១ ថេរវាទបែបសម័យអសោក
    ព.ស. ២១៨ : ព្រះ​បាទ​អសោក​មហា​រាជ​ ទ្រង់​ឧបត្ថម្ភ​ការ​សង្គាយ​នា​គ្រា​ទី​​៣ នា​នគរ​បាដ​លី​បុត្រ​ ក្រោយ​ពី​ចប់​ការ​សង្គាយ​នា​រួច​ហើយ ទ្រង់​បាន​បញ្ជូន​ព្រះ​សង្ឃ​ចេញ​ទៅ​ប្រកាស​​ព្រះ​ពុទ្ធ​​សាសនា​នៅ​ក្នុង​ដែន​ដី​ផ្សេង​ៗ​ រួម​មាន ​៩​សាខា។ បណ្តា​សាខា ទាំង ៩​​នោះ ព្រះ​​សោ​នត្ថេរ​ និង ព្រះ​ឧត្តរ​ត្ថេរ​ ជា​ខ្សែរ​មួយ​ (គម្ពីរ​សមន្ត​បាសា​ទិការ​ អដ្ឋ​កថា​នៃ​ព្រះ​វិន័យ​បិដក​ រាប់​ថា​ជា​ខ្សែរ​ទី​៨ តែ​គម្ពីរ​សាសន​វង្ស​រាប់​ថា​ជា​ខ្សែរ​ទី​២​) នាំ​ព្រះ​ពុទ្ធ​សាសនា​ទៅ​ប្រតិស្ឋាន​នៅ​ក្នុង​ដែន​ដី​សុវណ្ណ​ភូមិ​ ដែល​សន្និដ្ឋាន​បាន​ថា “ខេត្ត​នគរ​បុទុម​​” ដោយ​មាន​​បុរាណ​ស្ថាន​ វត្ថុ​ផ្សេង​ៗ​ ដូច​ជា ព្រះ​បឋម​ចេត្តីយ៍​ ជា​ដើម​ ជា​ភស្តុ​តាង​នៅ​រហូត​ដល់​សព្វ​​ថ្ងៃ​នេះ ​(ភូមា​ចាត់​ថា សុវណ្ណ​ភូមិ​បាន​ដល់​ ទី​ក្រុង​សទ្ធម្ម​វតី​ ក្នុង​ប្រទេស​ភូមា​ភាគ​ខាង​​ត្បូង​។

យុគទី ២ មហាយាន
    ព.ស. ៦២០ : ព្រះ​បាទ​កនិស្ស​មហា​រាជ​ ទ្រង់​ឧបត្ថម្ភ​ការ​សង្គាយ​នា​គ្រា​ទី​៤ របស់​ភាគី​មហា​យាន​ នា​ទី​ក្រុង ជលន្ធរ និង ទ្រង់​បាន​បញ្ជូន​សមណ​ទូត​​ចេញ​ទៅ​ប្រកាស​ព្រះ​ពុទ្ធ​សាសនា​នៅ​​អាស៊ី​កណ្តាល​ជា​ដើម​។ គ្រា​នោះ ព្រះ​បាទ​ម៉ីង​តី​ ទ្រង់​បាន​នាំ​យក​ព្រះ​ពុទ្ធ​សាសនា​ពី​អាស៊ី​ កណ្តាល​ចូល​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រ​ទេស​ចិន​ ហើយ​ទ្រង់​បាន​បញ្ជូន​ទូត​សន្ថវ​មេត្រី​ ឲ្យ​ទៅ​​ជួប​ខុន​ហ្លួង​ ហ្មៅ ព្រះ​មហា​ក្សត្រ​ថៃ​ អ្នក​គ្រប់​គ្រង​អាណា​ចក្រ​អៃលាវ​។ គណៈ​ទូត​បាន​​នាំ​យក​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ជា​មួយ​ផង​ ធ្វើ​ឲ្យ​ប្រទេស​ថៃ​ទាំង​ ៧៧​មាន​រាស្ត្រ ៥១,៨៩០ គ្រួសារ​ បែរ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​ជា​គ្រា​ដំបូង​បំផុត​។

    ព.ស. ១៣០០ : ព្រះ​មហា​ក្សត្រ​នៃ​អាណា​ចក្រ​ស្រី​វិជ័យ​ នៃ​កោះ​សុមា​ត្រា​មាន​អំណាច​រុង​រឿង​ ពង្រីក​អាណា​ខេត្ត​មក​ដល់​ខេត្ត​សុរ៉ាដ​ធានី​។ ព្រះ​មហា​ក្សត្រ​ស្រី​វិជ័យ​ទ្រង់​គោរព​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​មហា​យាន​ ទើប​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​​ដែន​ដី​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេស​ថៃ​ ដែល​នៅ​ក្នុង​អាណា​ចក្រ​របស់​ព្រះ​អង្គ​ ដូច​ដែល​មាន​​ចេតិយ​ព្រះ​ធាតុ​ជៃយា​ និង ព្រះ​មហា​ធាតុ​នគរ​សិរី​ធម្ម​រាជ​ជា​ភស្តុ​តាង​រហូត​មក​ដល់​សព្វ​​​ថ្ងៃ​នេះ​។

    ព.ស. ១៥៥០ : ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា រាជ​វង្ស​សុរិយ​វរ្ម័ន មាន​អំណាច​រុង​រឿង​ ពង្រីក​អាណា​ខេត្ត​មក​ដល់​ទូ​ទាំង​ភាគ​ខាង​កើត​ឈៀង​ខាង​ជើង​ (ភាគឦសាន) និង ភាគ​​កណ្តាល​នៃ​ប្រ​ទេស​ថៃ ហើយ​បង្កើត​នគរ​លវោ​ ឬ​លុព​បុរី​ជា​រាជ​ធានី​មួយ​សំរាប់​គ្រប់​គ្រង​​ដែន​ដី​តំបន់​នេះ​ (ទើប​ហៅ​សម័យ​នេះ​ថា​ សម័យ​លុព​បុរី)​។ ព្រះ​មហា​ក្សត្រ​កម្ពុជា​ទ្រង់​​គោរព​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ ដែល​បាន​ផ្សព្វ​ផ្សាយ​បន្ត​ឡើង​មក​ពី​អាណា​ចក្រ​ស្រី​​វិជ័យ​ តែ​មហា​យាន​សម័យ​នេះ​ រួម​ផ្សំ​ជា​មួយ​សាសនា​ព្រាហ្មណ៍​ច្រើន​ណាស់​។ ប្រជា​ជន​​តំបន់​នេះ​ ទើប​បាន​ទទួល​ព្រះ​ពុទ្ធ​សាសនា​ទាំង​បែប​ថេរ​វាទ​ ដែល​បន្ត​មក​តាំង​តែ​ពី​ដើម​ ជា​មួយ​មហា​យាន​ និង​ សាសនា​ព្រាហ្មណ៍​ចូល​មក​ថ្មី​ ធ្វើ​ឲ្យ​មាន​អ្នក​គោរព​ទាំង​ពីរ​បែប​ និង មាន​ព្រះ​សង្ឃ​ទាំង​ពីរ​និកាយ​។ ភាសា​សំស្រ្កឹត​ក៏​ចូល​មក​ផ្សព្វ​ផ្សាយ​ មាន​ឥទ្ធិ​ពល​ក្នុង​​ភាសា​ និង អក្សរ​សិល្បិ៍​ថៃ​តាំង​ពី​សម័យ​នោះ​មក​​។​

យុគទី ៣ ថេរវាទបែបពុកាម
    ព.ស. ១៦០០ : ព្រះ​បាទ​អនុ​រុទ្ធ​មហា​រាជ​ ឬ អនោ​ធា​ម៉័ង​ជ័រ​ ព្រះ​មហាក្ស​ត្រ​ពុកាម​ មាន​អំណាច​រុង​​រឿង​ ទ្រង់​បាន​វាយ​បង្ក្រាប​រាម័ញ រួម​បញ្ចូល​​ភូមា​បាន​ទាំង​ស្រុង​ ស្រេច​ហើយ​ ផ្សាយ​​អាណា​ខេត្ត​ចូល​មក​ដល់​អាណា​ចក្រ​ឡាន​នា​ ឡាន​ឆាង​ រហូត​ដល់​លុព​បុរី​ និង​ទ្វារា​វតី​​។ ព្រះ​បាទ​អនុ​រុទ្ធមហា​រាជ​ ទ្រង់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ថេរ​វាទ​ ទ្រង់​បាន ទំនុក​បំរុង​ និង ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាស​នា​ដោយ​ព្រះ​រាជ​សទ្ធា​យ៉ាង​ខ្លាំង​ក្លា​។

    ត្រឡប់​ទៅ​ពោល​អំពី​ជន​ជាតិ​ក្នុង​ប្រ​ទេស​ចិន​ ត្រូវ​បាន​ចិន​ឈ្លាន​ពាន​ ភៀស​ខ្លួន​​ចុះ​មក​ភាគ​ខាង​ត្បូង​តាម​លំ​ដាប់​ ក្រោយ​ពី​អាណា​ចក្រ​អៃ​លាវ​រលំ​រលាយ​ ក៏​បាន​មក​តាំង​ អាណា​ចក្រ​ណាន​ចៅ​ រហូត​មក​ដល់​ប្រមាណ​ ព.ស. ១២៩៩ ខុន​ថាវ​ក្វា​ រាជ​ឱរស​ ខុន​​បរម​ នៃ​អាណា​ចក្រ​ណាន​ចៅ​ បាន​មក​តាំង​អាណា​ចក្រ​យោ​នក​ ឈៀង​សែន​ នៃ​សុវណ្ណ​​ភូមិ​ កាល​វេលា​បាន​កន្លង​ទៅ​ ប្រ​ជា​ជន​ថៃ​ក៏​បាន​ក្រចាត់​ក្រចាយ​នៅ​ទូ​ទាំង​ភាគ​ខាង​ជើង​ ភាគ​ខាង​កើត​ឈៀង​ខាង​ជើង​ និង ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន​។ ពេល​​ដែល​អាណា​ចក្រ​កម្ពុជា​មាន​អំណាច​រុង​រឿង​ ប្រជា​ជន​ថៃ​ដែល​អាស្រ័យ​នៅ​ក្នុង​ខេត្ត​ឡាន​ណា​គែ ភាគ​ពាយ័ព្យ​បាន​ទទួល​ឥទ្ធិ​ពល​របស់​ខម​តិច​តួច​ តែ​នគរ​អាណា​ចក្រ​ពុកាម​បាន​​ចូល​គ្រប់​គ្រង​ ប្រ​ជា​ជន​ថៃ​ក្នុង​តំបន់​នេះ​ ដែល​គោរព​ព្រះ​ពុទ្ធ​សាសនា​ត​ៗ​​ មក​ស្រេច​​ហើយ​​នោះ ក៏​ទទួល​គោរព​ព្រះ​ពុទ្ធ​សាសនា​បែប​ពុកាម​ រហូត​ដល់​រីក​ចំរើន​រុង​រឿង​ខ្លាំង​​ឡើង​នៅ​ក្នុង​ភាគ​ខាង​ជើង​។

យុគទី ៤ ថេរវាទបែបសិរីលង្កា
    ព្រះ​ពុទ្ធសា​សនា​ក្នុង​យុគ​នេះ​ គឺ​ បែប​ដែល​គោរព​មក​ជា​សាស​នា​ប្រចាំ​ជាតិ​របស់​​ថៃ​រហូត​​ដល់​បច្ចុប្បន្ន​។ សំរាប់​យុគ​នេះ​ មាន​សេច​ក្តី​ពិស្តារ​ដែល​ប្រា​ដក​នៅ​ក្នុង​ប្រវត្តិ​​សាស្ត្រ​​ច្រើន​​ជាង​យុគ​ណា​​មុន​ៗ ទើប​បែង​ចែក​ជា​សម័យ​ផ្សេង​ៗ​ ដូច​ត​ទៅ​​នេះ​៖

១. សម័យសុខោទ័យ
    ព.ស. ១៨០០ ៖ រយៈ​នេះ ​អាណា​ចក្រ​ពុកាម​ និង​ កម្ពុជា​បាន​សាប​រលាប​អំណាច​ចុះ​ ហើយ​កុល​​សម្ព័ន្ធ​ថៃ​ បាន​កខ្លួន​ឲ្យ​បាន​ជា​ឥស្សរៈ​ឡើង​ ភាគ​ខាង​ជើង​ ខាង​កើត​អាណា​ចក្រ​ឡាន​ណា​ ភាគ​ខាង​ត្បូង​ចុះ​មក​ កើត​ជា​អាណា​ចក្រ​សុខោ​ទ័យ​​។
    បែរ​ទៅ​ស្តី​ពី​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​សិរី​លង្កា ​ព.ស. ១៦៩៦ ព្រះ​បាទ​​បរាករម​ពា​ហុ មហា​រាជ​ ទ្រង់​ឡើង​គ្រង​រាជ្យ​ បាន​បង្រ្កាប​ទមិឡ​ ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​​របៀប​​របប​ ទ្រង់​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ រួម​ព្រះ​សង្ឃ​ចូល​និកាយ​តែ​មួយ​ និង​ សូម​ឲ្យ​មាន​​ការ​សង្គាយ​នា​គ្រាទី​​៧ ឡើង​។​ ព្រះ​ពុទ្ធ​សាសនា​ចំរើន​រុង​រឿង​ក្នុង​ទ្វីប​លង្កា​ ទាំង​ការ​សិក្សា​ និង ​​ការ​​ប្រព្រឹត្តិ​ប្រតិ​បត្តិ​។​ ព្រះ​​សង្ឃ​ប្រទេស​ផ្សេង​ៗ​ បាន​និមន្ត​ទៅ​សិក្សា​ព្រះ​ធម្ម​​វិន័យ​ និង​បួស​ជា​ថ្មី​ ហើយ​ត្រឡប់​ទៅ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​បែប​សិរី​លង្កា​ក្នុង​ប្រ​​ទេស​របស់​ខ្លួន​ ខ្លះ​ក៏​និមន្ត​ ព្រះ​សង្ឃ​សិរី​លង្កា​មក​ជា​មួយ​ សំរាប់​ប្រទេស​ថៃ​ ព្រះ​សង្ឃ​ថៃ​ និង​ព្រះ​សង្ឃ​​សិរី​លង្កា​ បាន​មក​បង្កើត​ការិយា​ល័យ​ផ្សព្វ​ផ្សាយ​ នៅ​នារាជ​ធានី​នគរ​សិរី​ធម្ម​រាជ​ បាន​​​ទទួល​សេច​ក្តី​គោរព​យ៉ាង​លឿន​។​

    ព.ស. ១៨២០ : ខុន​រាម​គាំហែង​ ទ្រង់​ឡើង​គ្រង​រាជ្យ​ ទ្រង់​បាន​ស្តាប់​កិត្តិ​ស័ព្ទ​របស់​ព្រះ​សង្ឃ​​លង្កា​ វង្ស​ ហើយ​ក៏​អារាធ​នា​ព្រះ​មហា​ថេរ​សង្ឃ​រាជ​ ពី​នគ​រសិ​រី​ធម្ម​រាជ​ ចូល​មក​គង់​នៅ​នា​វត្ត​​អរញ្ញិក ក្នុង​ក្រុង​សុខោ​ទ័យ​។ ព្រះ​ពុទ្ធ​សាសនា​បែប​លង្កា​វង្ស​ ក៏​រុង​រឿង​ តាំង​តែ​ពី​សម័យ​​នោះ​មក​ ដើម​ដំបូង​ នៅ​មាន​ព្រះ​សង្ឃ​ពីរ​ពួក​ គឺ​ គណៈ​សង្ឃ​ដើម​ និង ព្រះ​សង្ឃ​លង្កា​វង្ស​ ប៉ុន្តែ​​នៅ​ទី​បំផុត​ ក៏​បាន​រួប​រួម​ឲ្យ​ចូល​ជា​និកាយ​តែ​មួយ​ ចំណែក​ព្រះ​ពុទ្ធ​សាសនា​មហា​​យាន​ ក៏​សាប​រលាប​ និង សាប​សូន្យ​នៅ​ទី​បំផុត​ទៅ​។ នៅ​ក្នុង​រជ្ជ​កាល​នេះ ​បាន​នាំ​ព្រះ​​ពុទ្ធ​​សិ​ហឹង្គ​ ដែល​សាង​ឡើង​ក្នុង​ប្រទេ​សិរី​ល័ង្កា​ជា​យូរ​មក​ហើយ​ នគរ​ស្រី​ធម្ម​រាជ​​ដំ​កល់​ទុក​ នា​ក្រុង​​សុខោ​ទ័យ​ផង​ (ជិន​កាល​បាលី​បករណ៍​ថា​ បាន​ព្រះ​ពុទ្ធ​សិហឹង្គ​មក​នៅ​ ព.ស. ១៨០០ រជ្ជ​​កាល ផខុន​ស្រី​ឥន្ទ្រ​ទិត្យ​)​ សិល្បៈ​បែប​លង្កា​ ចាប់​ផ្តើម​ចូល​មក​ជំនួស​សិល្បៈ​បែប​មហា​​យាន​ ដូច​ជា​​ចេតិយ ព្រះ​មហា​ធាតុ​នគរ​ស្រី​ធម្ម​រាជ​ ប្រែ​រូប​ជា​ស្ថូប​បែប​លង្កា​ជា​ដើម​​។​

    ព.ស. ១៨៩៧ ព្រះ​បាទ​លិទៃ​ ព្រះ​មហា​ក្សត្រ​អង្គ​ទី​​៥​ ឡើង​គ្រង​រាជ្យ​ ទ្រង់​អារាធ​នា​ព្រះ​មហា​សា​មី​សង្ឃ​រាជ​ ប្រទេស​សិរី​លង្កា ​ព្រះនាម សុមនៈ​ ចូល​មក​កាន់​សុខោ​ទ័យ​ក្នុង​ ព.ស. ១៩០៤​។ គ្រា​ដែល​ចេញ​ព្រះ​វស្សា​រួច​ហើយ​ ព្រះ​អង្គ​ទ្រង់​បាន​ចេញ​សាង​ព្រះ​ផ្នួស​ជា​​បណ្តោះ​​អាសន្ន​នា​វត្ត​អរញ្ញិក​ ទ្រង់​ព្រះ​រាជ​និពន្ធ​សៀវ​ភៅ តេ​ភូមិ​កថា​ ឬ ​ត្រៃ​ភូមិ​ព្រះ​រួង​ ទ្រង់​បាន​ បង្រៀន​សីល​ធម៌​ ដល់​ប្រជា​ជន​ដោយ​ព្រះ​អង្គ​​ឯង​ ហើយ​ព្រះ​អង្គ​បាន​ចូល​ទៅ​សិក្សា​ព្រះ​ ត្រៃ​បិដក​ក្នុង​មហា​ប្រាសាទ​ អនុញ្ញាត​ឲ្យ​បោះ​ពុម្ភ​ឆ្លង​ព្រះ​ពុទ្ធ​បាទ​ ទ្រង់​សាង​ព្រះ​មហា​​ធាតុ​ បញ្ចុះ​ព្រះ​សារីក​ធាតុ​ ដែល​អាធ​នា​ពី​ប្រទេស​សិរី​លង្កា​ និង ដាំ​ដើម​សិរី​មហា​ពោធិ​ ទុក​នៅ​ពី​ក្រោយ​ព្រះ​មហា​ធាតុ​នោះ​ ហើយ​ទ្រង់​បាន​ចាប់​ផ្តើម​ចាត់​របៀប​គណៈ​សង្ឃ​ ដោយ​បែង​គណៈ​សង្ឃ​ចេញ​ជា​ពីរ​ផ្នែក​ គឺ​ គាម​វាសី​ និង អរញ្ញ​វាសី​។

២. សម័យឡានណា
    សម័យ​ឡាណា​ថៃ ត្រូវ​ត្រង់​ នឹង សម័យ​សុ​ខោ​ទ័យ​ និង ជិត​ជាប់​ចូល​ទៅ​ នឹង សម័យ​​ខាង​ដើម​នៃ​អយុធ្យា​ ប៉ុន្តែ​បាន​បែង​ចេញ​ដោយ​ឡែក​ដើម្បី​ងាយ​ស្រួល​ដល់​ការ​កណត់​។
    ព.ស. ១៨០២-១៨៥៣ : ព្រះ​បាទ​ម៉េង​រ៉ាយ​គ្រង​រាជ្យ​ នៅ​ទី​ក្រុង​ឈៀង​ម៉ៃ ទ្រង់​បាន​ទំនុក​បំរុង​ព្រះ​ពុទ្ធ ​សាសនា​ ដូច​ជា​ សាង​វត្ត​ឈៀង​ម៉័ន​​ជា​ដើម​។
    ព.ស. ១៨៩៨-១៩២៨ : ក្នុង​រជ្ជ​កាល​ព្រះ​បាទ​កឺ​ណា ឬ​ តឺណា​ ឬ​ កឺណា​ធម្មិក​រាជ​ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជូន​​រាជ​​ទូត ទៅ​កាន់​រាជ​សំណាក់​ព្រះ​បាទ​លិទៃ​ ទូល​សូម​អារា​ធនា​ព្រះ​សង្ឃ​រាជ​សម​នត្ថេរ​ ទៅ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ និង នាំ​ព្រះ​បរម​សារី​រីក​ធាតុ​ទៅ​កាន់​ឡាន​ណា ​ប្រមាណ​ ព.ស. ១៩១៣ ជា​ការ​ចាប់​ផ្តើម​ព្រះ​ពុទ្ធ​សាសនា​បែប​លង្កា​វង្ស​ ក្នុង​អាណា​ចក្រ​ឡាន​ណា ដោយ​មាន​ការ​សាង​ព្រះ​ធាតុ​ចេតិយ នៅ​វត្ត​បុប្ផា​រាម​ (វត្ត​សួន​ដក​ស្រេច ព.ស. ១៩១៧) និង ព្រះ​ធាតុ​នៅ​លើ​កំពូល​ភ្នំ​សុទេព​ (​សម្រេច​ ព.ស. ១៩២៧) ដើម្បី​បញ្ចុះ​ព្រះ​បរម​សារី​ រីក​ធាតុ​ ដែល​នាំ​មក​នោះ​។​

    ព.ស. ១៩៧៧ : ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សាម​ផាន់​កែន​ ព្រះ​ស្ថូប​ធំ​ចាស់​បុរាណ​មួយ​អង្គ​ នា​វត្ត​ឈៀង​​រ៉ៃ​ ត្រូវ​បាន​ទ្រុឌ​ទ្រោម​រលំ​ចុះ​ បាន​ជួប​ព្រះ​កែវ​មរកត​។
    ព.ស. ១៩៧៨-២០៣០ : នៅ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​តិលោក​រាជ​ ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​នេះ​ ធ្លាប់​បាន​សាង​​ព្រះ​ផ្នួស​ជា​បណ្តោះ​អាសន្ន​ នា​វត្ត​ប៉ា​ដែង​ នៅ ព.ស. ​១៩៩០ បន្ទាប់​មក​ ព.ស. ១៩៩៨ ​ព្រះ​សង្ឃ​គណៈ​មួយ​បាន​​ទទួល​ព្រះ​បរម​រាជូ​បត្ថម្ភ​ ទៅ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រ​ទេស​សិរី​លង្កា​ ពេល​ត្រឡប់​មក​ ក៏​បាន​នាំ​ដើម​សិរី​មហា​ពោធិ៍​មក​​ជា​មួយ​ផង ទើប​​អនុញ្ញាត​ឲ្យ​សាង​អារាម​ថ្វាយ​ ឈ្មោះ​ថា​ វត្ត​ពោធា​រាម​ ឬ​វត្ត​ប្រាំ​ពីរ​កំពូល​ រហូត​ដល់ ​ព.ស. ២០២០ ទ្រង់​ឧបត្ថម្ភ​​ការ​ចាត់​ការ​សង្គាយ​នា​គ្រា​ទី​១ របស់​ប្រទេស​ថៃ ឬ​ រាប់​បន្ទាប់​​ពី​ប្រទេស​សិរី​លង្កា​ជា​គ្រា​ទី​៨​ នៅ​ឯ​វត្ត​ពោធា​រាម​។ ក្នុង​រយៈ​កាល​នេះ​ (ប្រមាណ​ពុទ្ធ​សត​វត្ស៍​ ទី​២០​ រហូត​ដល់​ចប់​ពុទ្ធ​សត​វត្ស៍​ទី ២១​ ភាគ​ច្រើន​ក្នុង​រជ្ជ​កាល​ ព្រះ​មឿង​កែវ ព.ស. ២០៣៨-​២០៦៨) ជា​រយៈ​កាល​រុង​រឿង​នៃ​អក្សរ​សិល្បិ៍​ ព្រះ​ពុទ្ធ​​សាស​នា​នៃ​អាណាច​ក្រ​ឡាន​ណា​ថៃ​។ មាន​ព្រះ​សង្ឃ​ជា​អ្នក​ប្រាជ្ញ​ភាសា​បាលី​កើត​ឡើង​ ច្រើន​ណាស់​ ដូច​ជា​ ព្រះ​តេជ​គុណ​សិរី​មង្គ​លា​ចារ្យ​ (តែង​មង្គលត្ថ​ទី​ម​នី​ វេស្សន្តរ​ទី​បនី​ ចក្រ​វាឡ​ទីប​នី សង្ខ​យា​ប​កាសក​ដីកា) ព្រះ​តេជ​គុណ​ញាណ​កិត្តិ​ ( យោជ​នា​វិន័យ​ យោជ​នាអ​ភិ​ធម្ម ជា​ដើម) ព្រះ​តេជ​គុណ​ រត​នប្បញ្ញា ​(វជិរ​សា​រត្ថ​សង្គហៈ និង ជិន​កាល​​បាលី​បករណ៍)​ ព្រះ​តេជ​គុណ ពោធិ​រង្សី​ (ចាម​ទេវី​វង្ស)​ ព្រះ​តេជ​គុណ​ នន្ទា​ចារ្យ​ (សារត្ថ​សង្គហៈ​) ព្រះ​តែជ​គុណ​សុ​វណ្ណ​រង្សី​ (បឋម​សម្ពោ​ធិ​សង្ខេប​) ជា​ដើម​ សន្និដ្ឋាន​បាន​​ថា បញ្ញ​សជា​តក​ក៏​បាន​តែង​តែង​ឡើង​ក្នុង​យុគ​នេះ​ដែរ​។

៣. សម័យអយុធ្យា
    មាន​ខ​សង្កេត​ថា​ ដូច​ដែល​បាន​ឃើញ​ភស្តុ​តាង​ ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ក្នុង​​សម័យ​អយុធ្យា​ មិន​សូវ​ជា​ប្រកាន់​ខ្ជាប់​នូវ​គោល​ធម៌​ជាន់​ខ្ពស់​ប៉ុន្មាន​ទេ​ ដោយ​ភាគ​ច្រើន​​ចាប់​អារម្មណ៍​តែ​ក្នុង​រឿង​បំពេញ​បុណ្យ​កុសល​ បំរុង​ព្រះ​សង្ឃ​ សាង​វត្ត​អារាម​ បូជ​នី​យ​ដ្ឋាន​ បូជនី​យ​វត្ថុ ពិធី​កម្ម ពិធី​ឆ្លង​ពិធី​នមស្ស​ការ​ ដូច​ជា​ គោរព​ព្រះ​ធាតុ​ និង គោ​​រព​​ព្រះ​ពុទ្ធ​​បាទ​ជា​ដើម​។ ការ​បំពេញ​ចិត្ត​ភាវនា​ ក៏​សង្កត់​ធ្ងន់​ទៅ​ខាង​វត្ថុ​ស័ក្តិ​សទ្ធិ​ ឥទ្ធិ​ឫទ្ធិ​ បដិ​​ហារ្យ​ មាន​រឿង​អបិយ​ជំនឿ​ អាថាន់​ ចូល​មក​ផ្គុំ​ផ្សំ​ជា​ច្រើន​ យ៉ាង​ហោច​ណាស់​ក៏​ជា​​លក្ខណៈ​ដែល​ល្បី​នៅ​ចុង​សម័យ​។

    ប្រវត្តិ​សាស្រ្ត​សម័យ​អយុ​ធ្យា​និយម​បែង​ជា​ ៤​ដំណាក់​កាល​ ផ្តោត​សំខាន់​ទៅ​ខាង​ប្រវត្តិ​​សាស្រ្ត​ព្រះ​ពុទ្ធ​សាសនា​ មាន​៤ រជ្ជ​កាល​ ដែល​មាន​រឿង​រ៉ាវ​ជាប់​ទាក់​ទង​ទៅ​ នឹង កិច្ច​ការ​​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​សំខាន់​។ បែង​ជា​ចំណុច​បាន​តាម​រជ្ជ​កាល​ដូច​ត​ទៅ​នេះ ​៖

ក. អយុធ្យាដំណាក់កាលខាងដើម (ព.ស. ១៨៩៣-២០៣១)
   ព.ស. ១៩៩១-២០៣១ : ក្នុង​រជ្ជ​កាល​សម្តេច​ព្រះ​បរម​ត្រៃ​លោក​នាថ​ ព្រះ​អង្គ​ទ្រង់​ចាត់​ការ​គ្រប់​គ្រង​ប្រទេស​​ជាតិ​ឲ្យ​មាន​របៀប​រៀប​រយ​រឹង​ប៉ឹង​ ហើយ​ទ្រង់​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​ធំ​ដុំ​ណាស់​ មើល​​​ទៅ​​​ហាក់​បី​ដូច​ជា​ថា​ ទ្រង់​ប្រតិ​បត្តិ​តាម​គតិ​របស់​ព្រះ​បាទ​ធម្មាសោក​មហា​រាជ​ និង ព្រះ​​មហា​​ធម្ម​រាជា​លិ​ថៃ​ គឺ​ទ្រង់​លះ​បង់​រាជ​សម្បត្តិ​ ចេញ​សាង​ព្រះ​ផ្នួស នៅ​នា​វត្ត​ចឡា​មណី​ អស់​រយៈ​កាល ​៨​ខែ នៅ​ ព.ស. ១៩៩៨ (ព្រះ​រាជ​ពង្សា​វតារ​ ច្បាប់​ហ្លួង​ប្រសើរ​ថា ព.ស. ២០០៨ ក្រៅ​ពី​ទ្រង់​សាង​ព្រះ​ផ្នួស​ហើយ​ ក្នុង ព.ស. ២០២៧ ទ្រង់​នៅ​បាន​ឲ្យ​ព្រះ​រាជ​ឱ​រស​ និង​ ព្រះ​រាជ​នត្តា​សាង​ផ្នួស​ជា​សាម​ណេរ​ទៀត​ផង​។ ខ​នេះ​សន្និ​ដ្ឋាន​បាន​ថា​ ជា​ដើម​កំ​ណើត​ប្រពៃ​ណី​បួស​រៀន​របស់​នាយ​ជា​ម្ចាស់​ និង អ្នក​រាជ​ការ​ជា​ដើម​) ត​មក​អនុញ្ញាត​ឲ្យ​ប្រជុំ​កវី​និព្ធ​សៀវ​ភៅ​មហា​ជាតិ​គាំ​ហ្លួង ក្នុង ព.ស. ២០២៥ និង​ ទ្រង់​បាន​ទុក​ដី​មួយ​ចំណែក​ក្នុង​​ព្រះ​បរម​រាជ​វាំង​ ដើម្បី​ស្ថាប​នា​ជា​វត្ត​ឈ្មោះ វត្ត​ព្រះ​ស្រី​សារ​ពេជ្រ។

ខ. អយុធ្យាដំណាក់កាលទីពីរ (ព.ស. ២០៣៤-២១៧៣)
    ព.ស. ២១៦៣-២១៧១ : រជ្ជ​កាល​ព្រះ​បាទ​ទ្រង់​ធម៌​ ព្រះ​អង្គ​ទ្រង់​សិក្សា​ព្រះ​បរិយត្តិ​ធម៌​ជំនាញ​មក​តាំង​តែ​នៅ​ ទ្រង់​ព្រះ​ផ្នួស​ មាន​ព្រះ​រាជ​សទ្ធា​ដល់​ថ្នាក់​ទ្រង់​សេ្តច​ចេញ​បង្រៀន​ព្រះ​ភិក្ខុ​សាម​ណេរ​ នៅ​ ព្រះ​រាជ​ដំណាក់​ចម​ថង​ ៣​​ខ្នង ជា​រឿយ​ៗ​ (សេច​ក្តី​នេះ​ ជា​ភស្តុ​តាង​បង្ហាញ​ថា ប្រ​ពៃ​ណី បង្រៀន​ព្រះ​សង្ឃ​ក្នុង​ព្រះ​បរម​រាជ​វាំង​ បាន​មាន​មក​តាំង​ពី​យូរ​យារណាស់​មក​ហើយ​) សូម​​ឲ្យ​សាង​មណ្ឌល​ជា​គំរប​ព្រះ​មង្គល​បពិត្រ​​ ដែល​សម្តេច​ព្រះ​ជៃ​យា​រាជា​ធិរាជ​សាង​ទុក​ តាំង​តែ​ពី ​ព.ស. ២១៧០ និង សូម​ឲ្យ​សាង​ព្រះ​ត្រៃ​បិដក​ទុក​មួយ​ចប់​បរិ​បូណ៌​។
   សម័យ​អយុ​ទ្យា​ដំណាក់​កាល​ទីពីរ​នេះ​ ប្រាកដ​ថា​ភាព​និយម​​សាង​វត្ត​មាន​កាន់​តែ​​ច្រើន​ឡើង​ មិន​ចំពោះ​ព្រះ​មហា​ក្សត្រ​ប៉ុណ្ណោះ​ទេ​ អ្នក​មាន​លុយ​មាន​ឋានៈ​សម​គួរ​ តែង​​សាង​​វត្ត​ទុក​ប្រចាំ​ត្រកូល​ ទុក​រក្សា​អដ្ឋិ​ធាតុ​បុព្វ​បុរស​ និង វត្ត​ជា​ស្ថាន​ទី​សិក្សា ​រហូត​ដល់​​មាន​ពាក្យ​ពោល​ថា​ “គ្រាម​ប្រទេស​ជាតិ​សុខ​សាន្ត​ល្អ​ គេ​សាង​វត្ត​អោយ​កូន​រត់​លេង”​។

គ. អយុធ្យាដំណាក់កាលទី ៣ (ព.ស.២១៧៣-២២៧៤)
   ព.ស. ២១៩៩-២២៣១ : រជ្ជ​កាល​សម្តេច​ព្រះ​នារាយ​មហា​រាជ​ ក្នុង​រាជ្ជ​កាល​​នេះ មាន​ភស្តុ​តាង​បង្ហាញ​ថា ប្រ​ពៃ​ណី​បួស​រៀន​ គង់​នឹង​បាន​ទទួល​ភាព​និយម​ច្រើន​ណាស់​ ប្រាកដ​ថា​ ក្នុង​រជ្ជ​កាល​នេះ​ អ្នក​បួស​បាន​ទទួល​ព្រះ​រាជ​ទាន​ព្រះ​បរម​រាជូ​បត្ថម្ភ​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​អ្នក​គេច​វេស​ពី​ការ​ងារ​​រាជ​ការ​ប្រទេស​ជាតិ​ ទៅ​បួស​កាន់​តែ​ច្រើន​ រហូត​ដល់​ត្រូវ​មាន​ចេញ​រាជ​បញ្ជា​ហ្លួង​សរ​ស័ក្តិ​ ជា​មេ​កង​ប្រជុំ​សង្ឃ​ប្រឡង​ចំណេះ​វិជ្ជា​ព្រះ​ភិក្ខុ​សាម​ណេរ​ អ្នក​ដែល​គេច​ទៅ​បួស​ ប្រឡង​​បាន​សេច​ក្តី​ច្បាស់​ថា​ មិន​មាន​ចំណេះ​ដឹង​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ត្រូវ​បាន​បញ្ជា​ឲ្យ​លា​ចាក​ សិក្ខា​បទ​ មាន​ចំនួន​ច្រើន​អង្គ​។​ ក្រៅ​ពី​នេះ​ នៅ​មាន​រឿង​ដែល​ស្តែង​ដល់​ការ​ដែល​អ្នក​បួស​ ហើយ​ ជា​អ្នក​រួច​ផុត​ពី​រាជ​ភ័យ​ជា​ដើម​។​ ដូច​ដែល​ប្រាកដ​ក្នុរ​រជ្ជ​កាល​នេះ​ថា​ ពេល​ប្រ​ទេស​ប្រ​ឈួន​ នឹង​សោ​យទិវង្គត ព្រះ​ទេព​រាជា​ ជា​មួយ​ នឹង ខុន​ហ្លួង​សរ​ស័ក្តិ​ កំពុង​តែ​លោម​​ព័ទ្ធ​ព្រះ​បរម​រាជ​វាំង​ដណ្តើម​អំណាច​​។ ព្រះ​អង្គ​សូម​អោយ​ជួយ​ជីវិត​ពួក​អ្នក​រាជ​ការ​នៅ​​ខាង​ក្នុង​ទាំង​ឡាយ​ ទុក​ដោយ​ការ​ថ្វាយ​ព្រះ​រាជ​វាំង​ជា​វិសុង​គាម​សីមា​ ហើយ​ឲ្យ​ប្រកប​វិធី​ ឧប​សម្ប​ទា​អ្នក​អស់​ទាំង​នោះ​ យក​ទៅ​នៅ​វត្ត​ឲ្យ​រួច​ផុត​ពី​ភ័យ​។

    ហេតុ​ការណ៍​សំខាន់​នៅ​​ក្នុង​រជ្ជ​កាល​នេះ​ មាន​ការ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​​ជាតិ​អ៊ឺរ៉ុប​ជា​ច្រើន​។ ជាតិ​អ៊ឺរ៉ុប​ចូល​មក​ ក្រៅ​ពី​ប្រកប​អាជីព​ពាណិជ្ជ​ករ​ហើយ​ ក៏​បាន​នាំ​​មក​ជា​មួយ​នូវ​គ្រឹស្ត​សាសនា​ ចូល​មក​ផ្សព្វ​ផ្សាយ​ទៀត​ផង​។ សម្តេច​ព្រះ​នារាយ៍​មហា​រាជ​ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​មាំ​ទាំ​ក្នុង​ពុទ្ធ​សា​សនា​ ប៉ុន្តែ​ក៏​ទ្រង់​ផ្តល់​សេរី​ភាព​ក្នុង​ការ​គោរព​សា​សនា​​ក្រៅ​ពី​នេះ​ ទ្រង់​ចេញ​ព្រះ​រាជ​ក្រឹត្យ​ដី​កា អនុញ្ញាត​ឲ្យ​ប្រជា​រាស្រ្ត​គោរព​សាសនា​​ដទៃ​ៗ​ ទៀត​ ជា​ពិសេស​សាសនា​គ្រឹស្ត​ ដែល​មក​ជា​មួយ​ជា​ជាតិ​បស្ចឹម​ផង​ ដូច​ជា​ ឲ្យ​​សាង​វត្ត​សែន​យ៉ូ​សែព​ ទី​ស្ថិត​របស់​សង្ឃ​នាយក​នៅ​អយុធ្យា​ និង សាង​វត្ត​សែនត៍​បោ​លោ នៅ​លុព​បុរី​ និង តៈ​នាវ​ស្រី​ជា​ដើម​។

    ដោយ​ឆ្ពោះ​គ្រា​នោះ​ ទ្រង់​មាន​សម្ព័ន្ធ​មេ​ត្រី​ភាព​ជិត​ស្និទ្ធ​ជា​ពិសេស​ ជា​មួយ​ព្រះ​​បាទ​ល្វីស​នៃ​បារាំង​សេស​។ ព្រះ​បាទ​ល្វីស​ និង​ គ្រឹស្ត​សង្ឃ​ ដល់​ថ្នាក់​គិត​ថា​ ព្រះ​អង្គ​ទ្រង់​ មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​សាសនា​គ្រឹស្ត​ ព្រះ​បាទ​ល្វីស​បាន​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​មក​ចង​ចំណង​ ព្រះ​រាជ​មេត្រី​ និង ទូល​សូម​អញ្ជើញ​សម្តេច​ព្រះ​នារាយណ៍​ចូល​ពី​ធី​ (បដិញ្ញាណ​ខ្លួន​ជា​​គ្រឹស្ត​សាស​និក)​ ទៀត​ផង​ ក្នុង ​ព.ស. ២២២៨​។ សម្តេច​ព្រះ​នារាយណ៍​ ទ្រង់​ដំណោះ​​ស្រាយ​ប្រាជ្ញា​​ញ្ញាណ​ថា​ “ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​ ពេញ​ព្រះ​ទ័យ​ឲ្យ​ចូល​ពីធី​នៅ​ពេល​ណា​” ​ក៏ នឹង​ បណ្តាល​សទ្ធា​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​នៅ​ពេល​នោះ​ ។ នេះ​ចាត់​ថា​ជា​​ហេតុ​​ការណ៍​សំខាន់​ដែល​ជាប់​ទាក់​ទង​ជា​មួយ​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​ម្យ៉ាង​ ព្រោះ​បើ​មិន​ ជា​ដូច្នោះ​ទេ​ កិច្ច​ការ​ប្រទេស​ជាតិ​គង់​វិប​ល្លាស់​ជា​អនេក​ប្ប​ការ​។

    ក្នុង​សម័យ​អយុធ្យា​ទី​៣​ នេះ​ មាន​អក្សរ​សិល្បិ៍​ព្រះ​ពុទ្ធ​សាសនា​នៅ​សេស​សល់​មក​​ដល់​បច្ចុប្បន្ន​នេះ​ចំនួន​ច្រើន​ណាស់​ ភាគ​ច្រើន​ជា​របស់​តែង​ក្នុង​សម័យ​ព្រះ​បាទ​​ប្រាសា​ទ​​ថង ព្រះ​នារាយណ៍​មហា​រាជ​ និង ព្រះ​ទេព​រាជា​ ប៉ុន្តែ​ក៏​ជា​ប្រភេទ​សៀវ​ភៅ​ប្រែ​ ឬ តែង​ជា​​ភាសា​ថៃ​ មិន​ប្រាកដ​ជា​គម្ពីរ​ភាសា​មគធៈ​។

ង. អយុធ្យាដំណាក់កាលទី ៤ (ព.ស. ២២៧៥-១៣១០)
    ព.ស. ២២៧៥-២៣០១ : នៅ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​បរម​កោដ្ឋ ការ​បួស​រៀន​ក្លាយ​ជា​ប្រ​ពៃណី​ដល់​ថ្នាក់​ថា​ អ្នក​ដែល​ជា​ខុន​ណាង​មាន​យស​បណ្តា​ស័ក្តិ​ជា​អ្នក​បាន​បួស​ហើយ​ ទើប​ នឹង ទ្រង់​តាំង​ដល់​​ម្ចាស់​ក្នុង​ព្រះ​រាជ​វាំង​ក៏​ត្រូវ​សាង​ផ្នួស​គ្រប់​ៗ​ ព្រះ​អង្គ​។​ សម័យ​នេះ​ កើត​អក្សរ​សិល្បិ៍​ខាង​​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​រឿង​ ដែល​សំខាន់​ដូច​ជា នន្ទោប​នន្ទ​សូត្រ ព្រះ​មាល័យ​វាក្យ​ហ្លួង​ បុណ្ណោ​វាទ​វាក្យ​ឆ័ន្ទ​ និង​ព្រះ​រាជ​បុច្ឆា​គណៈ​សង្ឃ​ ជា​ដើម​​។

   ​ ក្នុង​រយៈ​កាល​ដូច​គ្នា​នេះ​ ខាង​ផ្នែក​លង្កា​ទ្វីប​ សាសនា​វង្ស​បាន​សាប​សូន្យ​ មិន​មាន​ ព្រះ​ភិក្ខុ​សង្ឃ​ដែល​ប្រកប​ពិធី​ឧប​សម្បទា​ ទើប​ព្រះ​ចៅ​​កីរ​តិ​សិរិរាជ​សឹង្ហៈ​​ ទ្រង់​បញ្ជូន​​គណ​ទូត​មក​ក្នុង​ ព.ស. ​២២៩៣ ដើម្បី​សូម​អារាធ​នា​ព្រះសង្ឃ​ថៃ​ទៅ​ឧប​សម្បទា​ ដល់​​កុល​បុត្ត​ជាតិ​លង្កា​។ គណ​សង្ឃ​ថៃ​មាន​ព្រះ​ឧបាលី​ជា​ប្រធាន​ បាន​និមន្ត​ទៅ​ក្នុង​ ព.ស. ​២២៩៦ គង់​នៅ​នា​វត្ត​បុប្ផា​រាម​ ទី​ក្រុង​ខែន​ឌី​ ប្រកប​ពិធី​ព័ទ្ធ​សីមា​ និង ឧប​សម្ប​ទា​កុល​បុត្ត​ បន្ត​សាសន​វង្ស​ក្នុង​ប្រ​ទេស​លង្កា​ត​មក​ ធ្វើ​ឲ្យ​កើត​គណៈ​សង្ឃ​ឧបាលី​វង្ស​ ឬ ស្យ៉ាម​វង្ស​ ឬ​​ស្យ៉ាម​​និកាយ​ ដែល​ជា​គណ​សង្ឃ​ធំ​បំ​ផុត​ក្នុង​ប្រ​ទេស​លង្កា​​។

   ​ ដូច​នៅ​អវ​​សាន​នៃ​សម័យ​នេះ​ មាន​ភស្តុ​តាង​ប្រាកដ​ថា​ មាន​ជំនឿ​ងុប​ងល់​ក្នុង​​រឿង​ជោគ​ជតា​ និង អបិយ​ជំនឿ​ខ្លាំង​ណាស់​ ដែល​បង្ហាញ​​ឲ្យ​ឃើញ​ដល់​ភាព​មិន​ស្ងប់​នៃ​​ស្ថាន​ការណ៍​ប្រទេស​ជាតិ​ និង អាច​ជា​សារ​ហេតុ​នៃ​ភាព​ទោរ​ទន់​របស់​ប្រទេស​ជាតិ​ម្យ៉ាង​ ត​មក​ក្រុង​ស្រី​អយុធ្យា​ក៏​បាន​បាត់​បង់​បូរណ​ភាព​ចំពោះ​ប្រទេស​ភូមា​នៅ​ ព.ស. ២៣១០​។

៤. សម័យធនបុរី ដល់សម័យរតនកោសិន្ទ្ររ៍ខាងដើម (ដល់ រជ្ជកាល ទី ៤)
    ព.ស. ២៣១០ : សម្តេច​ព្រះ​បាទ​តាក​ស៊ីន​ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​ក្រុង​ធន​បុរី​ ទោះ​បី​ជា​រយ​កាល​ បង្កើត​ទី​ក្រុង​ថ្មី​ ប៉ុន្តែ​ក៏​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ទំនុក​បំរុង​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​ តាម​​ដែល​ទ្រង់​មាន​ឱកាស​ ទ្រង់​សាង​វត្ត​ថ្មី​ ឈ្មោះ​​វត្ត​​បាង​​យ៉ី​រឿ​ខាង​ជើង​ (វត្ត​រាជ​គ្រឹស្ហ)​ មួយ​គត់​ ប៉ុន្តែ​ទ្រង់​បាន​ជួស​ជុល​វត្ត​ចាស់​មួយ​ចំនួន​ និង ចាត់​វត្ត​ផ្សេង​ៗ​ ក្នុង​ក្រុង​ឡើង​ជា​វត្ត​ហ្លួង​ (វត្ត​ស្តេច)​ អា​រាធ​នា​ព្រះ​ភិក្ខុ​សង្ឃ​យល់​ដឹង​ព្រះ​ធម៌​ មាន​សីលា​ចារ​វត្ត​ចូល​មក​តាំង​ជា​ព្រះ​រាជា​គណៈ​ ជួយ​ទទួល​ភារៈ​ បំរុង​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​រួប​រួម​គម្ពីរ​ព្រះ​ត្រៃ​បិដក​ពី​ខេត្ត​​ក្រុង​ផ្សេង​មក​ចាត់​ជា​ច្បាប់​ហ្លួង​ ប៉ុន្តែ​នៅ​ពុំ​ទាន់​បាន​រៀប​រយ​បរិ​បូណ៌​ផង​ ក៏​បញ្ចប់​ព្រះ​រាជ​​កាល​ជា​មុន​ ក្នុង ​ព.ស. ២៣១៩ សូម​ឲ្យ​វត្ត​សាង​សៀវ​ភៅ​រូប​ភាព​ត្រៃ​ភូមិ​ ដែល​វិចិត្រ​រចនា​ ខ្នាត​ធំ​គ្លី​បាន​វែង​ជាង​ ៣៤​ម៉ែត្រ​ និង ទ្រង់​ចាប់​ហ្វឹក​ហាត់​វិបស្ស​នា​ក្នុង​ឆ្នាំ​ជា​មួយ​គ្នា​នេះ​ដែរ​ បន្ទាប់​មក​ ព.ស. ២៣២២ កង​ទ័ព​ថៃ​បាន​អារាធ​នា​ព្រះ​កែវ​មក៌ត​ មក​ពី​ទី​ក្រុង​វៀ​ច័ន្ទ​។​ នៅ​អវសាន​នៃ​រជ្ជ​កាល​ ទ្រង់​យក​ប្រទ័យ​ក្នុង​ការ​បំពេញ​កម្ម​ដ្ឋាន​ណាស់​ ហើយ​ទី​បំផុត​​ក្នុង ព.ស. ២៣២៥ មាន​រឿង​ថា​ ទ្រង់​មាន​សតិ​ឃ្លៀង​ឃ្លាត​ ដល់​ថ្នាក់​ពិសោធន៍​សេច​ក្តី​បរិ​សុទ្ធិ​របស់​ព្រះ​សង្ឃ​ដោយ​ការ​មុជ​ទឹក​ ហើយ​ព្រះ​អង្គ​យល់​ថា​ ព្រះ​អង្គ​ជា​ព្រះ​អរិយ​បុគ្គល​ ទ្រង់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ព្រះ​អង្គ​។​ ព្រះ​សង្ឃ​ដែល​មិន​ព្រម​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ ក៏​ត្រូវ​ទណ្ឌ​កម្ម​ ហើយ​កើត​ហេតុ​ចលា​ចល​ក្នុង​ក្រុង​ រហូត​ដល់​សម្តេច​ព្រះ​យ៉ា​ មហា​ក្សត្រ​សឹក​ ដើម្បី​មក​រំងាប់​អធិ​ករណ៍​ ព្រះ​អង្គ​ត្រូវ​សម្រេច​ទទួល​ទោស​ ជា​ហេតុ​អស់​ទៅ​នូវ​ផែន​ដី​។

   ​ ព.ស. ២៣២៥ : ព្រះ​បាទ​សម្តេច​ព្រះ​ពុទ្ធ​យ៉ត​ផា​ចុឡា​លោក​ ស្តេច​ឡើង​គ្រង​រាជ្យ​ ត​មក​ព្រះ​អង្គ​ទ្រង់​​បាន​សាង​រាជ​ធានី​ថ្មី​ នៅ​ជាយ​ខាង​កើត​ (ម្ខាង​ទៀត​នៃ​ទន្លេ​ចៅ​ព្រះ​យ៉ា)​ ទ្រង់​បាន​សាង​ និង​ ជួស​ជុល​វត្ត​ជា​ច្រើន​ មាន​វត្ត​ព្រះ​ស្រី​រតន​សា​ស្តា​រាម​ ក្នុង​ព្រះ​បរម​រាជ​វាំង​ វត្ត​សុ​ទស្សន​​ទេពវ​រារាម​ វត្ត​ស្រះ​កេត​ និង​ វត្ត​ព្រះ​ជេតុ​ពន​ ជា​ដើម​។ អ្នក​មុខ​ អ្នក​ការ​ ខុន​ណាង​ អ្នក​​រាជ​ការ​ ក៏​នាំ​គ្នា​សាង​វត្ត​ឡើង​ជា​ចំនួន​ច្រើន​ ដូច​ជា​ សម្តេច​ក្រម​ព្រះ​រាជ​វាំង​ បវរម​ហា​សុរ​​សិង្ហ​នាថ​ ទ្រង់​សាង​វត្ត​មហា​ធាតុ​ជា​ដើម​ ក្នុង​ ព.ស. ២៣៣១ ទ្រង់​ឲ្យ​ប្រជុំ​ព្រះ​សង្ឃ​ និង ​រាជ​បណ្ឌិត​ធ្វើ​ការ​សង្គាយ​នា​គ្រា​ទី ​៩​ នា​វត្ត​មហា​ធាតុ​ សម្រេច​ហើយ​បាន​ចម្លង​សាង​ជា​​ព្រះ​ត្រៃ​បិដក​ ច្បាប់​ហ្លួង​ ហៅ​ថា​ ច្បាប់​មាស​ធំ​ ត​មក​ទ្រង់​បាន​សាង​ថែម​ពីរ​ច្បាប់​ទៀត​ គឺ​ ច្បាប់​មាស​រង​ និង ច្បាប់​មាស​ជុប​ ទ្រង់​សូម​ឲ្យ​មាន​ការ​បង្រៀន​ព្រះ​បរិយត្តិ​ធម៌​ក្នុង​ព្រះ​​​​ប​រម​រាជ​វាំង​ រហូត​ដល់​តាម​វាំង​ អ្នក​មុខ​អ្នក​ការ​ និង គេ​ហស្ថាន​មន្ត្រី​ រាជ​ការ​អ្នក​ធំ​ ទ្រង់​ត្រូវ​​តាម​ដាន​ច្បាប់​ព្រះ​សង្ឃ​ ដើម្បី​ត្រួត​ពិនិត្យ​ការ​ប្រ​ព្រឹត្តិ​របស់​ព្រះ​សង្ឃ​ ជុំរះ​ព្រះ​ពុទ្ធ​សាស​​​នា​ឲ្យ​បរិសុទ្ធ​ និង ទ្រង់​បន្ត​ស្នង​ប្រពៃណី​ព្រះរាជ​បុច្ឆា​គណៈ​សង្ឃ​​។​

   ​ ព្រះ​បាទ​សម្តេច​ព្រះ​ពុទ្ធ​យ៉ត​ផា​លើត​ឡាន​ផា​ឡាយ​ ទ្រង់​ឡើង​គ្រង​រាជ្យ​ជា​រជ្ជ​​កាល​ទី​២​។ វត្ត​ដែល​ទ្រង់​ជួស​ជុល​ថ្មី​ក្នុង​រជ្ជ​កាល​នេះ​ មាន​វត្ត​អរុណ​រាជ​វរា​រាម​ វត្ត​មោលី​ លោក​​វត្ត​សុទ័ត​ (សុទស្សន៍) ជា​ដើម​ ក្នុង​ ព.ស.​២៣៥៧​។ ទ្រង់​ចាត់​បញ្ជូន​សមណ​ទូត​ ៨​​អង្គ ទៅ​សិក្សា​ស្នង​បន្ត​សាសន​វង្ស​នៅ​សិរី​លង្កា​ទ្វីប​ គ្រា​ត្រឡប់​គណៈ​នោះ​ក៏​បាន​នាំ​មក​ ជា​មួយ​នូវ​ព្រះ​សិរី​មហា​ពោធិ៍ ៦​ដើម​ ទ្រង់​បញ្ជា​ឲ្យ​យក​ទៅ​ដាំ​នៅ​នគរ​ស្រី​ធម្ម​រាជ​ ២​ដើម​ វត្ត​មហា​ធាតុ​ ១​​ដើម​ វត្ត​សុទ័ត​ទេព​វរា​រាម​ ១​​ដើម​ វត្ត​ស្រះ​កេត​ ១​ដើម​ និង មាន​អ្នក​យក​​ទៅ​​ដាំ​នៅ​ក្ល័ន​ត័ន​ (មា​លេ​ស៊ី)​ ១​​ដើម​​។ ទ្រង់​មាន​ព្រះ​រាជ​តម្រាស់​ផង​ដែរ​ថា​ សម្តេច​ព្រះ​​សង្ឃ​រាជ​ (មី) ធ្វើ​ឲ្យ​ពិធី​វិសាខ​បូជា​ កើត​ឡើ​ជា​គ្រា​ដំបូង​បំផុត​នៅ​ក្នុង​សម័យ​ក្រុង​រតន​កោ​ស៊ីន្ទ្ររ៍​ ជា​នក្ខត្ត​ឬក្ស​ធំ​បំ​ផុត​នៃ​ឆ្នាំ ​ព.ស. ២៣៦០ ​និង​ទ្រង់​អនុញ្ញាត​ផ្តើម​ឲ្យ​​មាន​ការ​​សង្គាយ​នា​សូត្រ​មន្ត​ក្នុង​ ព.ស. ២៣៦៣​។ ក្នុង​រជ្ជ​កាល​នេះ​ សម្តេច​ព្រះ​សង្ឃ​រាជ​ (មី)​ បាន​ពង្រីក​កម្ម​វិធី​សិក្សា​ភាសា​បាលី​ ពី​ ៣​ថ្នាក់​ (៣ ​ថ្នាក់​គឺ​ ប្រយោគ​ត្រី​ ទោ ​ឯក​) ទៅ​ជា ​៩​ប្រយោគ​។

   ​ ព.ស. ២៣៦៧ : ព្រះ​បាទ​សម្តេច​ព្រះ​ណាំង​ក្លៅ​ចៅ​យ៉ូហ៊ួ​ ទ្រង់​ឡើង​គ្រង​រាជ្យ​ ជា​រជ្ជ​កាល​ទី​​៣​ ទ្រង់​​បញ្ជា​ឲ្យ​សាង​ព្រះ​ត្រៃ​បិដក​ច្បាប់​ហ្លួង​បង្កើន​ចំនួន​ថែម​ទៀត​ គ្រប់​បរិ​បូណ៌​ជាង​រជ្ជ​កាល​​មុន​ៗ​ ទ្រង់​បញ្ជា​ឲ្យ​ប្រែ​ព្រះ​ត្រៃ​បិដក​ជា​ភាសា​ថៃ​ ដោយ​ឆ្ពោះ​ក្នុង​ចំណែក​ព្រះ​សូត្រ​ទុក​ជា​​ច្រើន​ ទ្រង់​សាង​ និង​ ជួស​ជុល​ព្រះ​អារាម​ហ្លួង​ និង ទ្រង់​ឧប​ការៈ​បំរុង​ឲ្យ​មាន​អ្នក​សាង​ជួស​​ជុល​វត្ត​វ៉ា​អារាម​ឡើង​ជា​ចំនួន​ច្រើន​ ជា​ពិសេស​ជាង​សម័យ​មុន​ៗ​។ វត្ត​ដែល​សាង​ក្នុង​រជ្ជ​កាល​នេះ​គឺ​ វត្ត​ឈ្លើម​ព្រះ​កៀត​​ វត្ត​ទេព​ធីតា​រាម​ វត្ត​រាជ​នត្តា​រាម​ និង ទ្រង់​បញ្ជា​ឲ្យ​រួប​រួម​​ ​ត​ម្រាប់​​តម្រា​ផ្សេង​ៗ​ ដូច​ជា​ អក្សរ​សាស្ត្រ​ ពេទ្យ​សាស្រ្ត​ អក្សរ​សិល្បិ៍​ ជា​ដើម​ ហើយ​ទ្រង់​បញ្ជា​ឲ្យ​ចា​រឹក​ទុក​ក្នុង​វត្ត​អា​រាម​ហ្លួង​ផ្សេង​ៗ ដូច​ជា​ វត្ត​ជេតុ​ពន​វិមល​​មង្គ​លា​​រាម​ វត្ត​រាជ​ឱរស​ វត្ត​សុទ័ត​ទេព​វ​រា​រាម​ ជា​ដើម​។​ ទ្រង់​ទំនុ​បំរុង​ និង​ ពង្រីក​ការ​បង្រៀន​ព្រះ​ បរិ​យត្តិ​ធម៌​ក្នុង​ព្រះ​បរម​មហា​រាជ​វាំង​ ឲ្យ​រឹង​ប៉ឹង​បរិ​បូណ៌​ឡើង​ថែម​ទៀត​ ទ្រង់​បញ្ជាឲ្យ​ជួល គ្រូ​អា​ចារ្យ​បង្រៀន​ព្រះ​បរិ​យត្តិ​ធម៌​ គ្រប់​ព្រះ​អា​រាម​ហ្លួង​ ទ្រង់​ព្រះ​រាជ​ទាន​ឧបត្ថម្ភ​ដល់​ព្រះ​​ភិក្ខុ​ សាម​ណេរ​ដែល​ប្រឡង​បាន​ រហូត​ទៅ​ដល់​ញោម​ប្រុស​ញោម​ស្រី ​បញ្ជា​ឲ្យ​ជួល​គ្រូ​​បង្រៀន​អក្សរ​ថៃ​ដល់​កុមា​រា​កុមារី​។ រាប់​បាន​ថា​ ជា​ការ​បង្កើត​សា​លា​​រៀន​ហ្លួង​គ្រា​ដំបូង​បំផុត​ និង ទ្រង់​ស្នង​បន្ត​ប្រពៃណី​ ដូច​ជា​មាន​ព្រះ​រាជ​បុច្ឆា​គណៈ​សង្ឃ​ជា​ច្រើន​រឿង​។

   ​ នៅ​ក្នុង​រជ្ជ​កាល​នេះ​ ចៅ​ផា​ម្កុដក​ (ព្រះ​បាទ​សម្តេច​ព្រះ​ចម​ក្លៅ​ចៅ​យ៉ូហ៊ួ​ មុន​ពេល​​ឡើង​គ្រង​រាជ្យ​)​ ដែល​បាន​​បួស​ជា​សាម​ណេរ​នៅ​ ព.ស. ២៣៦០ និង​បួស​ជាភិក្ខុ​ នៅ​ ព.ស. ២៣​៦៧ (ក្នុង​រជ្ជ​កាល​ទី​២​)​ ទ្រង់​គង់​នៅ​នា​វត្ត​មហា​ធាតុ​ ដែល​ជា​ទី​ស្ថិត​របស់​​សម្តេច​ព្រះ​សង្ឃ​រាជ​ ទ្រង់​ប្រឡង​បាន​ប្រយោគ ​៥​។ ទ្រង់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​វិន័យ​យ៉ាង​ តឹង​រឹង​របស់​ព្រះ​សង្ឃ​មន​ នាម​ថា​ សាយ នាម​បញ្ញត្តិ​ ពុទ្ធ​វង្សោ​ (ជា​ព្រះ​រាជា​គណៈ​ដែល​ ព្រះ​សុ​មេ​ធា​ចារ្យ​ គង់​នៅ​វត្ត​បវរ​មង្គល​)​ មាន​បំណង​ នឹង ប្រព្រឹត្តិ​តឹង​រឹង​ដូច្នោះ​ ទើប​ស្តេច​​ប្តូរ​វត្ត​ទៅ​គង់​ប្រ​ថាប់​នៅ​នា​វត្ត​ស្ម​រ៉ាយ​ (វត្ត​រាជា​ធិ​វាស​)​ នៅ​ ព.ស. ២៣៧២​។ ទ្រង់​​ឧប្ប​សម្ប​ទា​សា​ជា​ថ្មី​ បំ​បែក​ទៅ​បង្កើត​គណៈ​ធម្ម​យុត្តិ​កា​ ឬ​ ធម្ម​យុត្តិក​និកាយ​ ឡើង​ កំណត់​ដោយ​ការ​​បញ្ចុះ​បង្គោល​សីមា​ភ្ជាប់​ជា​ពន្ធ​សីមា​ថ្មី​ នៃ​វត្ត​ស្ម​រ៉ាយ​ ថា​ជា​ការ​បង្កើត​​គណៈ​ធម្ម​យុត្តិ​ ក្នុង​ ព.ស. ២៣​៦៧​ បន្ទាប់​ពី​នោះ​ស្តេច​បាន​មក​គង់​ប្រ​ថាប់​នៅ​នា​វត្ត​ប​វរ​​និវេស​ តាំង​មជ្ឈ​មណ្ឌល​​មជ្ឈឹម​របស់​គណៈ​ធម្ម​យុត្តិ​ក​និកាយ​ត​មក​។

   ​ ព.ស. ២៣៩៤ : ព្រះ​បាទ​សម្តេច​ព្រះ​ចម​ក្លៅ​ចៅ​យ៉ូហ៊ួ​ ស្តេច​ឡើង​គ្រង​រាជ្យ​ព្រះ​ជន្ម​បាន​ ៤៧​វស្សា ​(ក្រោយ​ពី​ទ្រង់​ព្រះ​ផ្នួស​បាន​ ២៧​វស្សា)​ ការ​ដែល​ទ្រង់​ព្រះ​ផ្នួស​នៅ​បាន​យូរ​នោះ​ ជា​ប្រ​យោជន៍​ដល់​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​យ៉ាង​ខ្លាំង​ ព្រោះ​ទ្រង់​មាន​ឱកាស​ក្នុង​ការ​ យាង​ទៅ​កាន់​ទី​ឋាន​ផ្សេង​ៗ​ ចូល​ចុះ​ដល់​ប្រ​ជា​ជន​ ទ្រង់​ជ្រាប​ហេតុ​ការណ៍​ប្រ​ទេស​ជាតិ​ និង​ ការ​ជ្រុល​ជ្រួស​ខុស​ឆ្គង​ផ្សេង​ៗ ទ្រង់​ស្វែង​យល់​រឿង​រ៉ាវ​ស្ថាន​ការណ៍​ទូ​ទៅ​បាន​ទាន់​​​ហេតុ​ការណ៍​ ទ្រង់​ចេះ​ភាសា​អង់​គ្លេស​ ស្គាល់​ចិត្ត​និស្ស័យ​របស់​ជន​បរ​ទេស​​ (បារាំង) ​ដែល​ ត្រូវ​ចង​សម្ព័ន្ធ​ក្នុង​ផ្លូវ​ការ​ត​ទៅ​។ ព្រះ​អង្គ​ទ្រង់​បាន​សាង​វត្ត​ថ្មី​គឺ​ វត្ត​បរម​​និវាស​ វត្ត​សោ​​មនស្ស​វិហារ​ វត្ត​បុប្ផា​រាម​ វត្ត​រាជ​ប្រតិស្ឋ​ស្ថិត​​មហា​សីមា​រាម​ និង វត្ត​ម្កុដ​ក្សត្រី​យា​រាម​ និង​ ទ្រង់​ជួស​ជុល​ព្រះ​បឋម​ចេតិយ​ជា​​ដើម ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ពិធី ​“មាឃ​បូជា​​” ឡើង​ជា​គ្រា​ ដំបូង​បំផុត​ក្នុង​ ព.ស. ២៣៩៤ ​ទ្រង់​សាង​ព្រះ​ត្រៃ​បិដក​ច្បាប់​បណ្តែត​ជាត​ ទ្រង់​ឧ​បត្ថម្ភ​ព្រះ​​សង្ឃ​យួន​ ចាត់​បាន​ថា​ ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដល់​ព្រះ​ពុទ្ធ​សាស​នា​មហា​យាន​ជា​ ដំបូង​សា​ជា​ថ្មី​។

តទៅលេខ 13