ព្រះពុទ្ធសាសនាហូរចូលប្រទេសជប៉ុន(ត)

ថ្ងៃសៅរ៍ ទី13.កក្កដា 2019.ម៉ោង 7:15

សម័យរាជធានីហេអ័ន

    សម័យ​ដែល​ណា​រាជា​រាជ​ធានី​នោះ​ ព្រះ​ពុទ្ធ​សាសនា​បាន​រីក​ចម្រើន​រុង​រឿង​ និង​ ជា​លើក​​ដំបូង​ដែល​មាន​ការ​បែង​ចែក​ជា​និកាយ​ផ្សេង​​ៗ រាជ​ការ និង ប្រជា​ជន​បាន​កសាង​វត្ត​ទុក​កណ្ដាល​ទី​ក្រុង ជីវិត​របស់​ព្រះ​សង្ឃ​ក៏​មាន​ភាព​ជិត​ដិត​ នឹង គ្រ​ហស្ថ​ជា​ច្រើន​ឡើង​ ពេល​វេលា​កន្លង​ទៅ​​ព្រះ​សង្ឃ​​ក៏​ចូល​ទៅ​រួម​ចំណែក​ពាក់​ព័ន្ធ​ជា​មួយ​កិច្ច​ការ​ស្រុក​ទេស​ និង ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ជា​ច្រើន​ឡើង​​ មើល​ទៅ​ហាក់​ដូច​ជា និង គ្រប់​គ្រង​ចង្អុល​បង្ហាញ​នូវ​ការ​ងារ​រាជ​ការ​ដោយ​ខ្លួន​ឯង​ទៅ​វិញ​។​ ប្រការ​នេះ​ ​ជា​ហេតុ​នាំ​ឲ្យ​ជីវិត​របស់​ព្រះ​សង្ឃ​ឃ្លាត​ឆ្ងាយ​ចាក​ការ​ប្រតិ​បត្តិ​ធម៌​ជា​ច្រើន​ឡើង​​ និង ជា​ហេតុ​នាំ​ឲ្យ​​ស្តេច​ចក្រ​ពត្តិ​រក​មធ្យោ​បាយ​ដក​ហូត​អំណាច​របស់​វត្ត​ រំដោះ​ខ្លួន​ព្រះ​អង្គ​ឲ្យ​ចេញ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​សង្ឃ​។​

    ដូច្នេះ ក្នុង​ឆ្នាំ​​ព.ស.​១៣៣៧ ស្ដេច​ចក្រ​ពត្តិ​កម្មុ មិកា​ដូ​អង្គ​ទី​​៥០​ ទើប​បាន​ទ្រង់​អនុញាត​ឲ្យ​ប្តូរ​ទី​ក្រុង​​ទៅ​នៅ​ស្រុក​ហេអ័ន​ ដែល​ប្រែ​ថា រាជ​ធានី​នៃ​សន្តិ​ ឬ​ដែល​បច្ចុប្បន្ន​នេះ​ហៅ​ថា តូក្យូ​។ ទី​ក្រុង​នេះ​បាន​​ក្លាយ​ជា​រាជ​ធានី​នៃ​ស្ដេច​ចក្រ​ពត្តិ​រហូត​មក​ដល់ ​ព.ស.​២៤១២​ រាប់​ពេល​ប្រមាន​ ១០៧៥​​ ​ឆ្នាំ​។ ន័យ​​មួយ​ទៀត​ ហៅ​ឈ្មោះ​សម័យ​នេះ​ថា​ យុគ​ហ្វូ​ចិវ៉ារៈ​ តាម​ត្រកូល​នាហ្មឺន​មន្ត្រី​ធំ​។ ត្រកូល​មុន​​ដំបូង​ ដែល​បាន​រើប​អំណាច​ឡើង​វិញ​ក្រោយ​ពី​រជ្ជ​កាល​ព្រះ​បាទ​ចក្រ​ពត្តិ​ កម្មុ និង​ បាន​គ្រប់​គ្រង​​ការ​ងារ​​រាជ​ការ​ប្រទេស​ជាតិ​ទាំង​ស្រុង​ ធ្វើ​ឲ្យ​ស្ដេច​ចក្រ​ពត្តិ​ហាក់​ដូច​ជា​ចក្រ​ដែល​អាច​នឹង​ដឹក​នាំ​ទៅ​​បាន​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​។​

    នៅ​ពេល​ព្រះ​បាទ​ចក្រ​ពត្តិ​បាន​រំកិល​រាជ​ធានី​មក​តាំង​​​នៅ​ក្រុង​ហេអ័ន​ ឬ ​តូក្យូ ហើយ​ភ្លាម​ ពុទ្ធ​សាសនា​ទាំង​ ៦​និកាយ​សម័យ​ក្រុង​ណារា​ក៏​បាន​អាប់​អួរ​ និង​ អន់​ថយ​ចុះ​ ព្រោះ​មិន​បាន​ទទួល​​ការ​ឧបត្ថម្ភ​គាំ​ទ្រ ទាំង​មាន​និកាយ​ផ្សេង​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះ​ចក្រ​ពត្តិ​កើត​ឡើង​ជំនួស​ទៀត​​​ផង​។​

    ស្ដេច​ចក្រ​ពត្តិ​កម្មុ ទ្រង់​បាន​​ប្រកាស​ព្រះ​រាជ​ឱង្កា​ផ្សេង​​ៗ ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​តាំង​មាំ​នៅ​ក្នុង​ការ​សិក្សា​រៀន​​សូធ្យ​​ និង សមណ​បដិ​បត្តិ​ ទ្រង់​បាន​សាង​វត្ត​ថ្មី​ជា​ច្រើន​កន្លែង​ ប៉ុន្តែ​ទ្រង់​បាន​ឲ្យ​បង្កើត​ច្បាប់​បញ្ញត្តិ​ថា​ ​អ្នក​ណា​កសាង​វត្ត​ត្រូវ​តែ​សុំ​ព្រះ​រាជា​នុញ្ញាត​រួច​ជា​មុន​សិន​ ព្រម​ទាំង​បាន​អារា​ធនា​ព្រះ​ភិក្ខុ​សង្ឃ​​ អង្គ​តាំង​មាំ​ក្នុង​ការ​សិក្សា​ និង​ ប្រតិ​បត្តិ​ធម៌​នៅ​ក្នុង​ព្រៃ​ភ្នំ​ ឆ្ងាយ​ចាក​សង្គម​ ឲ្យ​មក​បង្ហាត់​បង្រៀន​ធម៌​​ក្នុង​រាជ​ធានី​ ប៉ុន្តែ​​ព្រះ​សង្ឃ​ដែល​ជា​អ្នក​ដឹក​នាំ​សំខាន់​ ២​អង្គ​ ដែល​បាន​ទ្រង់​អារា​ធនា​ ព្រម​ទាំង​​សិស្សា​នុសិស្ស​ ក៏ ​មិន​បាន​​និមន្ត​ចូល​មក​រស់​នៅ​ក្នុង​ទី​ក្រុង​ បែរ​ជា​ទៅ​តាំង​ទី​លំ​នៅ​លើ​កំពូល​ភ្នំ​ក្បែរ​​ក្រុង​ គឺ​ព្រះ​តេជ​ព្រះ​គុណ​សៃចូ​ តាំង​សំណាក់​នៅ​ភ្នំ​ហិ​អេ​អិ​ ​ និង ​ព្រះ​តេជ​គុណ​កុកៃ​ តាំង​សំណាក់​​នៅ​ភ្នំ​កូយ៉ា​។ ទាំង​ពីរ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​ចក្ក​វត្តិ​រាជូ​បត្ថម្ភ​ ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ព្រម​គ្នា និង​ បាន​សិក្សា​មិក​កៀវ​ ឬ​ ពុទ្ធ​សាសនា​បែប​វិសិដ្ឋ​គូឡ្ហ​ធម៌​មក​ពី​ប្រទេស​ចិន​ដូច​គ្នា​ តែ​ពេល​បាន​​ត្រឡប់​ទៅ​ប្រ​ទេស​ជប៉ុន​ហើយ​ ពេល​ក្រោយ​មក​ក៏​បាន​បំបែក​ខ្លួន​ចេញ​ពី​គ្នា​​ នាំ​គ្នា​តាំង​ពុទ្ធ​សាសនា​​បែប​ថ្មី​ឡើង​មួយ​អង្គ​មួយ​និកាយ​​គឹ៖

    ១. និកាយ​ថេន​ដៃ​​​ របស់​ព្រះ​តេជ​គុណ​សៃចូ​ តាំង​ឈ្មោះ​ទៅ​តាម​ឈ្មោះ​ភ្នំ​ថៀន​ថៃ​ នៅ​ក្នុង​​ប្រទេស​ចិន​ ដែល​លោក​និមន្ត​ទៅ​សិក្សា​និកាយ​នេះ​បាន​លើក​ស្ដា​គោល​ធម៌​ឯក​យាន​ឡើង​មក​សម្ដែង​សា​ជា​ថ្មី​ឲ្យ​កាន់​តែ​ច្បាស់​លាស់​ និង​ មាន​គោល​ធម៌​គង់​វង់​រឹង​មាំ​ឡើង​ និង​ ព្រះ​អង្គ​​សៃចូ​ បាន​ក្លាយ​ជា​បុគ្គល​ទី​មួយ​ ដែល​ធ្វើ​ឲ្យ​ពុទ្ធ​សាសនា​នៅ​ប្រ​ទេស​ជប៉ុន​មាន​ឥស្សរៈ​ ​ក្នុង​ការ​ចាត់​ពិធី​ឲ្យ​សីល​ និង ឧប​សម្បទា​ មិន​ចាំ​បាច់​អាស្រ័យ​ផ្នែក​និកាយ​ហិន​យាន​ដើម​នៅ​​ណារា​ត​ទៅ​ទៀត​។

    ២. និកាយ​ជិន​ង៉ន​ (គឺ​និកាយ​មន្ត្រះ​ ប្រែ​តាម​តួ​អក្សរ​ថា​ ព្រះ​វចន​ពិត​)​ របស់​ព្រះ​តេជ​គុណ​កុកៃ​ ឬ​កូបូ​ដៃជិ​ បង្ហាត់​បង្រៀន​ប្រណាំង​ប្រជែង​ជា​មួយ​និកាយ​ថេន​ដៃ​ ក្នុង​រឿង​មិក​កៀវ​​ ឬ វិសិដ្ឋ​គូឡ្ហ​ធម៌​ប្រកាន់​គម្ពីរ​មហា​វិរោ​ចន​សូត្រ​ជា​គោល​​ និង​ សម្ដែង​ពាក្យ​ប្រៀន​ប្រដៅ​​សម្រប​​បញ្ចូល​ជា​មួយ​លិទ្ធិ​សិន​តូ​ បាន​​ដល់​ថ្នាក់​ប្ដូរ​វត្ត​សិន​តូ​ ឲ្យ​មក​​ជា​វត្ត​ពុទ្ធ​សាសនា​ ​និកាយ​ជិន​ង៉ន​ បាន​ជា​ច្រើន​កន្លែង​ទៀត​ផង​ បង្រៀន​ថា ព្រះ​វិរោ​ចន​ពុទ្ធ​ដែល​ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់​របស់​និកាយ​នេះ​ ជា​អង្គ​តែ​មួយ​ជា​មួយ​ព្រះ​សុរិយ​ទេវី​ (ព្រះ​អម​តេ​រសុ​-​ឱមិ​កាមិ)​ នៃ​លទ្ធិ​សិន​តូ​ គោល​​ធម៌​មិក​កៀវ​ ធ្វើ​ឲ្យ​និកាយ​មាន​ខ​កំណត់​ក្នុង​ការ​ប្រកប​ពិធី​កម្ម​ ជា​ច្រើន​​យ៉ាង​ ចំពោះ​តែ​បុគ្គល​នៅ​ក្នុង​ក្រុម​ដែល​មាន​គុណ​សម្បត្តិ​តាម​ល័ក្ខ​ខន្ធ​។​ រឿង​នេះ​ឯង​ បាន​ក្លាយ​ជា​ហេតុ​នាំ​ឲ្យ​និកាយ​ជិន​ង៉ន​ត្រូវ​បំបែក​សាខា​តូច​ៗ​ រហូត​មាន​ចំនួន​ទៅ​​ដល់​​ ៧០​សាខា​នៅ​ទី​បំផុត​។ គោល​ធម៌​មិក​​កៀវ​នេះ​ បាន​ច​ម្រើន​រុង​​រឿង​រហូត​​អស់​រយះ​កាល​នៃ​សម័យ​ហេ​អ័ន​ ព្រោះ​អាច​សម្រប​ខ្លួន​ឲ្យ​បាន​ជា​ប្រយោជន៍​​ដល់​កិច្ច​ការ​របស់​រដ្ឋ​ ដល់​សង្គម​ និង បច្ចេក​ជន​ និង បំពេញ​សេច​ក្ដី​ត្រូវ​ការ​របស់​មនុស្ស​បាន​ ដោយ​វិធី​ព្រម​បន្ទាប​ខ្លួន​ចុះ​ពី​គោល​ធម៌​ និង​ ការ​ប្រតិ​បត្តិ​បែប​បូរាណ​ដ៏​ជ្រាល​ជ្រៅ ​ក្លាយ​ជា​ពាក្យ​​ប្រៀន​ប្រដៅ​បែប​ងាយ​ៗ​ ដែល​មាន​គោល​សំខាន់​នៅ​ត្រឹម​តែ​ការ​សូត្រ​មន្ត​​អង្វរ​ករ​សុំ​ផល​ប្រ​យោជន៍​ តាម​វិធី​ការ​របស់​អ្នក​ដែល​ជំនឿ​ ក្នុង​រឿង​ជោគ​ជតា​ គ្រោះ​​លាភ​ផ្សេង​​ៗ​។​ ខាង​ផ្នែក​រាជ​ការ​ប្រាកដ​ថា ស្តេច​ចក្រ​ពត្តិ ទាំង​ឡាយ​រួម​ទាំង​នាហ្មឺន​មន្ត្រី​ បាន​មាន​សទ្ធា​ជ្រះ​ថ្លា និង​ ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង​តាំង​តែ​ពី​ព្រះ​រាជ​ចក្រ​ពត្តិ​ព្រះ​​អង្គ​ទី ៥៩ ដល់​អង្គ​ទី ៧៧​ស្ទើរ​តែ​រាល់​ព្រះ​អង្គ​ទ្រង់​ធ្លាប់​បាន​ ឧបសម្បទា​ជា​ភិក្ខុ​រហូត​មក​។​

    កាល​ដែល​ណា​រាជា​រាជ​ធានី​នោះ ​ព្រះ​ពុទ្ធ​សាសនា​ជា​មួយ​លទ្ធិ​សិន​តូ​ បាន​ចាប់​ផ្ដើម​រំលាយ​​ចូល​គ្នា​បណ្ដើរ​ៗ ខ្លះ​ហើយ​ លុះ​ដល់​សម័យ​ទី​ក្រុង​ហេអ័ន​នេះ​ ជា​ពិសេស​ គឺ​រាប់​តាំង​តែ​ពី​ពាក់​​កណ្ដាល​សម័យ​ជា​ដើម​មក​ សាសនា​ទាំង​ពីរ​នេះ​បាន​ផ្សា​​ផ្សំ​គ្នា​បាន​ដោ​យ​ល្អ អាទិ​ទេព​ចាស់​ៗ​ ក្នុង​លទ្ធិ​សិន​តូ​ មាន​រហស្ស​នាម​បន្ថែម​ច្រើន​ឡើង​​ថា​ ជា​ព្រះ​ពោធិ​សត្វ​ និង​ ហៅ​ឈ្មោះ​ថា ”ង៉ង​ង៉េន“ ​​ដែល​ប្រែ​ថា ”រូប​កាយ​បណ្ដោះ​អាសន្ន​​ (របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​)​ ដែល​បង្ហាញ​ព្រះ​កាយ​ក្នុង​លោក​នេះ​”​ ​ប្រកាន់​ថា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ និង​ ព្រះ​ពោធិ​សត្វ​បាន​មក​សម្ដែង​ព្រះ​កាយ​នៅ​ប្រ​ទេស​ជប៉ុន​ ដោយ​​ប្រាកដ​រូប​ជា​អាទិ​ទេព​របស់​ជប៉ុន​ ដើម្បី​ជួយ​នាំ​ប្រជា​ជន​ទៅ​កាន់​អរិយ​មគ្គ​។ ព្រះ​នាង​ទេវី​ អម​តេ​រសុ​-​ឱមិ​-​​កាមិ​ សឹង​​ជឿ​ថា​ជា​អ្នក​សាង​ប្រ​ទេស​ជប៉ុន​ ក៏​នាំ​គ្នា​ជឿ​ថា​ ជា​អវតារ​របស់​ព្រះ​អវ​លោ​កិ​​កេ​ស្វារៈ​​ ពោធិ​​សត្វ​ទៀត​ផង​ តែ​ចំណង​សម្ពន្ធ​នៃ​សាសនា​ទាំង​ពីរ​នេះ​ បាន​ក្លាយ​ជា​មាន​ការ​បែក​ខ្ញែក​គ្នា​ម្ដង​ទៀត​ ព្រោះ​នយោ​បាយ​គ្រប់​គ្រង​របស់​ប្រទេស​ ក្នុង​សម័យ​ស្តេច​ចក្រ​ពត្តិ​មេ​អិចិ​ ដែល​នឹង​ពោល​ត​ទៅ​​នេះ​ ៖​

    មាន​ចំណុច​គួរ​ឲ្យ​សង្កេត​ម្យ៉ាង​គឺ​ ក្នុង​សម័យ​ដែល​កន្លង​មក​ប្រជា​ជន​ជប៉ុន​ មាន​ការ​គោរព​តាម​​វប្ប​ធម៌​ចិន​ រំពឹង​មើល​ទៅ​លើ​វត្ថុ​ផ្សេង​ ដែល​មក​ពី​ចិន​ថា​ ជា​របស់​ល្អ​គួរ​និយម​លើក​ស្ទួយ​ និង​ ប្រកាន់​​យក​ជា​តួ​យ៉ាង​ តែ​ដល់​ពាក់​កណ្ដាល​សម័យ​ហេអ័ន​នេះ​ ជប៉ុន​បាន​សម្លឹង​ឃើញ​ថា​ ខ្លួន​មាន​​សមត្ថ​​ភាព​​​ជំហរ​ នៅ​បាន​ដោយ​​ខ្លួន​ឯង​ហើយ​ ទើប​លះ​បង់​សម្ពន្ធ​ភាព​ជា​មួយ​ប្រទេស​ចិន​​ នៅ​សល់​តែ​ការ​​ទាក់​ទង​ក្រៅ​ផ្លូវ​ការ​ខាង​ផ្នែក​ការ​សិក្សា​ និង ការ​ជួញ​ដូរ​មួយ​ចំនួន​​។ ព្រះ​ពុទ្ធ​សាសនា​ក្នុង​សម័យ​នេះ​​ ក៏​​បាន​វិវឌ្ឍ​នា​ការ​មក​ដល់​ថ្នាក់​ជា​ព្រះ​ពុទ្ធ​សាសនា​បែប​ជប៉ុន​ទៅ​ហើយ​ផង​។​

    គ្រា​នេះ​គួរ​ នឹង​និយាយ​អំពី​ហេតុ​ការណ៍​ ប្រទេស​ជាតិ​ប្រកប​ខ្លះ​ផង​ ព្រោះ​ជា​ចំណែក​សំខាន់​យ៉ាង​ក្រៃ​លែង​​ ម្យ៉ាង​​ដែល​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ ប្រែ​ប្រួល​ទៅ​ជា​បែប​ផ្សេង​ៗ​ ទាំង​ផ្នែក​រីក​ចម្រើន​​ និង​ ទន់​ខ្សោយ​ ពោល​គឺ​ ក្រោយ​ពី​រជ្ជ​កាល​ស្តេច​ចក្រ​ពត្តិ​កម្មុ​ រួច​ទៅ​ អំណាច​នៃ​រាជ​ការ​ស្តី​ទី​លើ​​ផែន​ដី​បាន​សន្សឹម​ធ្លាក់​ទៅ​ក្នុង​ការ​បញ្ជា​ការ​របស់​ត្រកូល​នាហ្មឺន​មន្ត្រី​ធំ​ ដែល​មាន​ឈ្មោះ​ថា​ ហ្វូចិ​​វ៉ារៈ ទាំង​ស្រុង​។ ស្តេច​ចក្រ​ពត្តិ​ទ្រង់​មាន​អំណាច​ត្រឹម​តែ​ក្នុង​នាម​​ ដូច​ជា​ស្តេច​ចក្រ​ពត្តិ​ទ្រង់​អភិ​សេក​ជា​មួយ​កុល​ស្ត្រី​ក្នុង​ត្រកូល​ហ្វូចិ​វ៉ារៈ​ ព្រះ​រាជ​ឱរស​ក៏​បាន​ទទួល​ការ​សិក្សា​អប់​រំ​​នៅ​ក្នុង​​ត្រកូល​​ហ្វូ​ចិវ៉ា​រៈ​ នៅ​ពេល​ស្តេច​ចក្រ​ពត្តិ​ ទ្រង់​ស្វែង​រក​មធ្យោ​​បាយ​ទំនាញ​អំណាច​ស្តី​ការ​រាជ​ការ​មក​វិញ​ ក៏​​ នឹង​ត្រូវ​ត្រកូល​ហ្វូ​ចិវ៉ារៈ​​គាប​ ត្បិត​​ឲ្យ​​ទ្រង់​លះ​បង់​រាជ្យ​សម្បត្តិ​ ហើយ​ចេញ​សាង​ព្រះ​ផ្នួស​ចុះ​ ពេ​ល​​ព្រះ​រាជ​ឱរស​ឡើង​សោយ​រាជ្យ​សម្បត្តិ​ ក្នុង​វ័យ​មិន​ទាន់​ដឹង​ក្តី​ សេនា​បតី​ត្រកូល​ហ្វូ​ចិវ៉ារៈ ​ក៏​កាន់​ដំណែង​ជា​អ្នក​សម្រេច​កិច្ច​ការ​រាជ​ការ​ជំនួស​ ពេល​ស្តេច​ចក្រ​ពត្តិ​​ទ្រង់​មាន​ព្រះ​ជន្ម​បរិបូណ៌​ហើយ​ ត្រកូល​ហ្វូ​ចិវ៉ារៈ ក៏​នឹង​ចូល​ទៅ​រក្សា​ដំណែង​ជា​អគ្គ​មហា​សេនា​បតី​ស្ដី​ការ​រាជ​ការ​បន្ត​ បើ​ស្តេច​ចក្រ​ពត្តិ​រក​មធ្យោ​​បាយ​ទំនាញ​អំណាច​មក​វិញ​ក៏​នឹង​ត្រូវ​ចាប់​បង្ខំ​ឲ្យ​លះ​បង់​រាជ្យ​សម្បត្តិ​ទៀត​​​​ ប្រ​ព្រឹត្ត​ទៅ​ដដែល​ៗ​ តាម​ទំនង​នេះ​។ ក្នុង​រយៈ​កាល​ដែល​ត្រកូល​ហ្វូចិ​វ៉ារៈ គ្រប់​គ្រង​បាន​មាន​ស្ដេច​​ចក្រ​ពត្តិ​ចំនួន​ ១៥​ព្រះ​អង្គ​ ជា​ស្តេច​យុវ​ចក្រ​ពត្តិ​ ត្រូវ​មាន​អ្នក​សម្រេច​កិច្ច​ការ​រាជ​ការ​ដល់​ទៅ​​ ៧​អង្គ ​ និង​ ព្រះ​បាទ​ចក្រ​ពត្តិ​ដែល​ត្រូវ​លះ​បង់​រាជ្យ​សម្បត្តិ​​រួម​មាន​ ៨​​ព្រះ​អង្គ​។​

    បណ្ដា​ស្ដេច​ចក្រ​ពត្តិ​ដែល​លះ​បង់​រាជ​សម្បត្តិ​ចេញ​សាង​ផ្នួស​នោះ​ ទ្រង់​ប្រាថ្នា​ចង់​ដណ្ដើម​អំ​ណាច​មក​វិញ​ជា​ច្រើន​ព្រះ​អង្គ​ ឬ រក្សា​ព្រះ​រាជ​អំណាច​ទុក​បាន​ខ្លះ​ ក្រោយ​ពី​ទ្រង់​ផ្នួស​រួច​ហើយ​ ប្រការ​នេះ​ជា​ហេតុ​សំខាន់​ម្យ៉ាង​ ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ចូល​ទៅ​ពាក់​ព័ន្ធ​ដល់​កិច្ច​ការ​ប្រទេស​ជាតិ​ច្រើន​​ឡើង​ រហូត​ដល់​រយៈ​កាល​ចុង​សម័យ​ហ្វូចិវ៉ារៈ​ វត្ត​របស់​និកាយ​ថេន​ដៃ​នៅ​លើ​ភ្នំ​ហិអេ​អិ​ មាន​កង​ទ័ព​​ព្រះ​សង្ឃ​កាន់​អាវុធ​ដើម្បី​ការ​ពារ​ខ្លួន​ឯង​ និង​ ជួន​កាល​នាំ​ទ័ព​ចូល​មក​ក្រុង​តូក្យូ​ ដើម្បី​គម្រាម​គម្ហែង​​​រាជ​ការ​ផង​។​ ពុទ្ធ​សាសនា​ទើប​មាន​សភាព​ដូច​ជា​ចុង​សម័យ​ក្រុង​ណារា​ម្ដង​ទៀត។​

    និយាយ​រួម សម័យ​ហ្វូចិ​វ៉ារៈ ឬ​ ហេអ័ន​​នេះ​ ជា​សម័យ​ដែល​សុខ​ស្ងប់​ និង​ ចម្រើន​លូត​លាស់​ខាង​​ផ្នែក​វប្ប​ធម៌ សិល្ប​វណ្ណ​កម្ម​ និង​ ពុទ្ធ​សាសនា​ក៏​រុង​រឿង​ តែ​អ្នក​គ្រប់​គ្រង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តែ​កិច្ច​​ការ​ផ្ទៃ​ក្នុង​របស់​រាជ​ធានី​ និង​ ទី​ក្រុង​ធំ​ៗ លះ​បង់​ការ​ងារ​នៅ​តាម​បណ្ដា​ខែត្រ​ជុំវិញ​ បណ្ដោយ​​ឲ្យ​មាន​​ការ​ធ្វេស​ប្រហែស​ផ្សេង​​ៗ​ កើត​ឡើង​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​ដឹក​នាំ​របប​គ្រប់​គ្រង​បែប​ទាហាន​ និង នៅ​ចុង​សម័យ​នេះ​ ពេល​ស្តេច​ចក្រ​ពត្តិ​កំពុង​ព្យាយាម​រឹប​អូស​អំណាច​មក​វិញ​ ក៏​មាន​ត្រកូល​នាហ្មឺន​មន្ត្រី ​ផ្នែក​ទាហាន​ពីរ​ត្រកូល​មក​ជួយ​ទំនុក​បំរុង​ ជា​ហេតុ​នាំ​ឲ្យ​ត្រកូល​ហ្វូចិវ៉ារៈ សាប​សូន្យ​ចាក​​អំណាច​ ប៉ុន្តែ​ត្រកូល​ទាហាន​ទាំង​ពីរ​នោះ​ គឺ​ត្រ​កូល​​​មិណា​មូតូ​ និង​ ត្រកូល​ថៃរ៉ា​ ក៏​ច្បាំង​​ដណ្ដើម​អំណាច​ពី​គ្នា​ឯង​ ដើម្បី​គ្រប​ដណ្ដប់​ការ​គ្រប់​គ្រង​ការ​ងារ​រាជ​ការ​ត​មក​។​

ព្រះពុទ្ធសាសនាសម័យកាមាកុរៈ

    ក្នុងឆ្នាំ ព.ស.១៧២៨ មេ​ទាហាន​ម្នាក់​ឈ្មោះ យោរិ​ម៉ូតុ​ នៃ​ត្រកូល​មិណា​ម៉ូតុ​ បាន​ដណ្ដើម​​យក​​អំណាច​ពី​ត្រកូល​ថៃរ៉ា ទាំង​ស្រុង​ លុះ​ដល់ ព.ស. ១៧៣៥​ ក៏​ផ្លាស់​ទី​ស្នាក់​ការ​បញ្ជា​​ការ​មជ្ឈិម​ មក​តាំង​នៅ​ក្នុង​ទី​ក្រុង​កាម៉ា​កុរៈ បាន​ទទួល​ការ​ស្ថាប​នា​ពី​ស្តេច​ចក្រ​ពត្តិ​ឲ្យ​ ជា​ឈោ​កុន​ អ្នក​មាន​អំ​ណាច​សិទ្ធិ​ដាច់​ខាត​ក្នុង​ការ​ការ​ពារ​ និង​ រក្សា​សន្តិ​សុខ​របស់​មហា​អាណា​ចក្រ​ទាំង​មូល​ យោ​រិម៉ូតុ​បាន​ចាត់​កិច្ច​ការ​ប្រទេស​ជាតិ​យ៉ាង​សព្វ​គ្រប់​ ចាត់​ឲ្យ​មាន​ដំណែង​ទាហាន​ និង​ អ្នក​គ្រប់​គ្រង​​ប្រចាំ​គ្រប់​ខែត្រ​ និង​ ចាត់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​មជ្ឈិម​យ៉ាង​តឹង​រ៉ឹង​ ធ្វើ​ឲ្យ​ប្រទេស​ទាំង​មូល​​មាន​​ភាព​​ទាក់​ទាញ​គ្នា​ ឲ្យ​កើត​មាន​ការ​ចំណាច់​អារម្មណ៍​ថា​ គ្រប់​ភូមិ​ភាគ​ជា​ដែន​ដី​នៃ​មហា​​អាណា​ចក្រ​​របស់​ជប៉ុន ​រួម​គ្នា​ទាំង​អស់​ ទោះ​បី​ស្តេច​ចក្រ​ពត្តិ​ និង​ ទ្រង់​ប្រថាប់​គង់​នៅ​ក្នុង​​ទី​ក្រុង​​តូក្យូ​ដូច​ដើម​ តែ​អំណាច​ការ​គ្រប់​គ្រង​ទាំង​ពួង​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ នៃ​ត្រកូល​មេ​ទ័ព ឯ​កាមា​​កុរៈ ឯ​ណោះ​ទាំង​អស់​។​

    ក្នុង​រយៈ​ការ​ច្បាំង​ដណ្ដើម​អំណាច​គ្នា​នោះ​​ តូក្យូ និង​ ណារា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ វត្ត​នានា​​ ត្រូវ​ភ្លើង​ឆាប់​ឆេះ​អស់​ជា​ច្រើន​រួម​ទាំង​វត្ត​ធំ​ៗ ដែល​សំខាន់​ ដូច​ជា​​ វត្ត​តូ​ដៃចិ​ នៅ​ណារ៉ា​ និង ​តូចិ​ នៅ​​តូក្យូ​ផង​។ ប្រជា​ជន​បាន​ជួប​ប្រទះ​ នឹង សភាវ​ទុក្ខ​លំបាក​ ចលា​ចល អាសន្ន​រោគ សង្គ្រាម​​ផ្ទៃ​ក្នុង​ ភ្លើង​ដែល​ឆេះ​បំផ្លាញ​ផ្ទះ​សម្បែង​ និង​ សេច​ក្ដី​អាប់​ឱន​នៃ​សីល​ធម៌​ ទាំង​ក្រុម​ព្រះ​សង្ឃ​ក៏​នៅ​មាន​​កង​​ទ័ព​​សម្រាប់​ការ​ពារ​ខ្លួន​ និង ចូល​ទៅ​ទាក់​ទិន​ក្នុង​ការ​ដណ្ដើម​អំណាច​ជា​មួយ​ នឹង គេ​ដែរ​។

    ចំពោះ​ភាគី​ខាង​ព្រះ​សង្ឃ​ សភាព​ការណ៍​នេះ​សម្ពន្ធ​ជា​មួយ​សម័យ​ហេអ័ន​ គឺ​ពេល​ដែល​ព្រះ​​តេជ​គុណ សៃ​ ចូល​តាំង​និកាយ​ថេន​ដៃ​ នៅ​លើ​ភ្នំ​ហិអេ​អិ​នោះ​ លោក​បាន​ប្រ​កាស​ការ​ប្រកប​ពិធី​ទទួល​​សីល​ និង ឧប​សម្បទា​បែប​មហា​យាន​ ជា​ឥស្សរៈ​ចាក​និកាយ​រិតសុ​ ឬ និកាយ​វិន័យ​នៃ​វត្ត​តូដៃ​ចិ​ តែ​ថា សីល​ខាង​មហា​យាន​នេះ​ មាន​លក្ខណ​បន្ធូរ​បន្ថយ​បាន​ អាស្រ័យ​លើ​គុណ​ធម៌​ក្នុង​ចិត្ត​ និង​ ​ការ​ហាម​ឃាត់​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​ មិន​អនុ​វត្តន៍​តាម​បែប​ដែល​រក្សា​ត​ៗ​ គ្នា​មក​តាម​ប្រ​ពៃណី ​ពោល​គឺ អ្នក​ប្រតិ​បត្តិ​ត្រូវ​ប្ដេជ្ញា​ចំពោះ​ខ្លួន​ឯង​ថា​ ត្រូវ​តែ​ប្រ​ព្រឹត្ត​យ៉ាង​តឹង​រ៉ឹង​ ឬ បន្ធូរ​បន្ថយ​​ត្រឹម​ណា​ ការ​រក្សា​សីល​បែប​នេះ​ ទើប​បាន​ប្រព្រឹត្ត​ទៅ​ទាំង​តឹង​តែង​ និង​ ធូរ​លុង​​ លុះ​ពេល​កន្លង​​មក​​​ដល់​ពាក់​កណ្ដាល​សម័យ​ហេ​អ័ន​ ភាព​យល់​​ដឹង​ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​រក្សា​សីល​នេះ​ក៏​​ស្រពិច​​ស្រពិល​​ទៅ ក្លាយ​ជា​រឿង​ដែល​ត្រូវ​យក​មក​អាង​ ក្នុង​ការ​ប្រព្រឹត្ត​ធូរ​ស្រាល​ និង​ ថោក​ថយ​ ជីវិត​របស់​​ព្រះ​សង្ឃ​ទើប​បាន​ជា​ឃ្លាត​ឆ្ងាយ​ពី​ធម្ម​វិន័យ​ជា​ច្រើន​។​

    ហេតុ​ការណ៍​ដែល​ពោល​មក​នេះ​​ ធ្វើ​ឲ្យ​ប្រជា​ជន​គិត​ដល់​ពាក្យ​ទំនាយ​ក្នុង​គម្ពីរ​ថា​ ពេល​ដល់​​សម័យ​ព្រះ​សទ្ធម្ម​ស្រពិច​ស្រពិល​ ស៊ឹង​អាច​នៅ​មាន​ការ​បដិ​បត្តិ​ធម៌​ តែ​បដិ​វេធ​ធម៌​មិន​មាន​ទៀត​ ដែល​ជា​​យុគ​ទី​ពីរ​​ ហើយ​ក៏​នឹង​ដល់​យុគ​ចុង​ក្រោយ​ គឺ យុគ​ព្រះ​សទ្ធម្ម​អន្តរ​ធាន​​ ដែល​ព្រះ​សទ្ធម្ម​សល់​ត្រឹម​តែ​​ឈ្មោះ​ ហើយ និង ត្រូវ​សាប​សូន្យ​នៅ​ចុង​សម័យ​ ប្រជា​ជន​ជឿ​ថា យុគ​ចុង​ក្រោយ​បង្អស់​នេះ​កំពុង​មក​​ដល់​ហើយ​ ហេតុ​ការណ៏​ប្រទេស​ជាតិ​ជា​មួយ​ទស្សនៈ​ ទាំង​នេះ​ ជា​ហេតុ​​បណ្ដាល​ឲ្យ​ពុទ្ធ​សាសនា​​បែប​​ផ្សេង​ៗ​ កើត​ឡើង​ក្នុង​យុគ​សម័យ​កាមា​កុរៈ​ទៀត​ បាន​រួម​ចំណែក​ស្រោច​ស្រង់​ និង កែ​ឆ្នៃ​​ឲ្យ​សម​ស្រប​ទៅ​ នឹង លក្ខណះ​នៃ​ហេតុ​ការណ៍​ និង ចិត្ត​គំនិត​របស់​មនុស្ស​នៅ​ក្នុង​យុគ​នោះ​រួម​មាន​ ៣​​និកាយ​​ គឺ​ និកាយ​សុខាវ​តី (ចូតូ) និកាយ​សេន និង​ និកាយ​និចិ​រេន​

    ១.​ និកាយសុខាវតី : តាម​ពិត​ទៅ​ ជា​ទស្សន​គតិ​រឿង​ដែន​សុខាវ​តី របស់​ព្រះ​ពុទ្ធ​អមិ​តាភៈ​ ជា​ម្ចាស់​​នោះ​ ប្រាកដ​រូប​រាង​ឲ្យ​ឃើញ​តាំង​តែ​សម័យ​ព្រះ​ពុទ្ធសា​សនា​ចាប់​ផ្ដើម​ហូរ​ចូល​មក​ប្រទេស​ជប៉ុន​ម្ល៉េះ​ ដូច​ជា​ ក្នុង​ព្រះ​រាជ​ឱវាទ​របស់​ព្រះ​រាជ​កុមារ​ ជោតូ​កុ និង​ ក្នុង​សម័យ​ណា​រ៉ា ក៏​ប្រាកដ​ច្បាស់​លាស់​​ខ្លាំង​ឡើង​រហូត​ក្លាយ​ជា​គោល​ជំនឿ​ម្យ៉ាង​ដោយ​ឡែក​ នឹង រីក​សាយ​ភាយ​ថែម​ទៀត​ជា​រឿយ​ៗ មក​​រហូត​ដល់​សម័យ​ហេអ័ន​ និង បាន​ឃើញ​ថា​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ក្នុង​និកាយ​សាន​រ៉ន​ក្ដី ហស​សូ​ក្ដី ថេន​ដៃ​ក្ដី​ និកាយ​ផ្សេង​ក្ដី​ សុទ្ធ​តែ​ប្រាថ្នា​ទៅ​កើត​ក្នុង​ដែន​សុខាវ​តី​ ស្ថាន​សួគ៌​ខាង​ទិស​បស្ចឹម​នៃ​ព្រះ​​ពុទ្ធ​អមិ​តាភៈ​ ទាំង​អស់​ ព្រោះ​ទស្សនៈ​ក្នុង​រឿង​នេះ​បាន​ប្រាកដ​ក្នុង​គម្ពីរ​ ហូ​កេ​កៀវ​ រួច​​​ទៅ​ហើយ​ គឺ​​សទ្ធម្ម​បុណ្ឌ​រិក​​សូត្រ​ ​​សឹង​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​ជប៉ុន​តាំង​ពី​សម័យ​ដើម​ដំបូង​ ដែល​មាន​​ពុទ្ធ​សាសនា​​នៅ​ជប៉ុន​ម្ល៉េះ ​នឹង ជា​គម្ពីរ​ដែល​ព្រះ​រាជ​កុមារ​​ជោ​តូកុ​ ទ្រង់​ជ្រះ​ថ្លា​យ៉ាង​ក្រៃ​លែង​ តែ​តាម​ដែល​ពោល​មក​ខាង​​ដើម​​ទាំង​អស់ ក៏​មិន​បាន​ធ្វើ​ឲ្យ​កើត​ការ​ប្រតិ​បត្តិ​ដោយ​ឡែក​ឡើង​មក​ រហូត​ដល់​ថ្នាក់​មាន​និកាយ​​ណា​មួយ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ លុះ​ដល់​សម័យ​កាមា​កុរៈ នេះ ព្រះ​តេជ​គុណ​ហោ​នេន​ ទើប​បាន​បង្កើត​និកាយ​ចូតូ​ឡើង​​ លោក​បាន​សិក្សា​ឯ​ភ្នំ​ហិអេអិ ជា​មជ្ឈ​មណ្ឌល​នៃ​និកាយ​ថេន​ដៃ​ និង​ ជា​ច្រើន​សំណាក់​ក្នុង​​ក្រុង​ណារ៉ា​ តែ​មិន​ស្រប​ព្រះ​ទ័យ ព្រោះ​មិន​អាច​កែ​បញ្ហា​ក្នុង​ចិត្ត​បាន​ទាំង​អស់​ ថ្ងៃ​មួយ​ នា​ឆ្នាំ ព.ស.១៧១៨ ហោ​នេន​ បាន​អាយុ​ ៤២​​ឆ្នាំ ពេល​បាន​អាន​គម្ពីរ​អត្ថ​កថា​នៃ​អមិ​តាយុ​រធ្យាន​​សូត្រ​ បាន​ជួប​ទ្រឹស្ដី​មួយ​ឃ្លា​ថា​ ”បើ​បុគ្គល​ណា​រលឹក​ដល់​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ​អមិតា​ភៈ ​ជា​ម្ចាស់​ដោយ​មិន​បាច់​រំពឹង​ដល់​អាកប្ប​កិរិ​យា និង​ ពេល​វេលា​ ហើយ​បដិ​បត្តិ​តាម​ដោយ​​លំដាប់​ រមែង​ឈ្មោះ​ថា​ ជា​សម្មាកម្មន្តៈ​ ព្រោះ​ត្រូវ​ទៅ​តាម​អភិញ្ញា​នៃ​ព្រះ​ពុទ្ធ​អមិតាភៈ ​ជា​ម្ចាស់​“​ ហោ​នេន​យល់​ឃើញ​យ៉ាង​ច្បាស់​ថា​ ទ្រឹស្តី​នេះ​ដោះ​ស្រាយ​បញ្ហា​បាន​គ្រប់​យ៉ាង​ទាំង​អស់​ និង​ បាន​លះ​ចោល​ការ​ប្រតិ​បត្តិ​បែប​ដើម​ទាំង​នោះ​ ធ្វើ​តែ នេម​បុតសុ​ (ពាក្យ​ជប៉ុន​=​នមោ​ ​ពុទ្ធស្ស)​ តែ​​ម្យ៉ាង​គត់​ ហើយ​ចុះ​ចាក​ភ្នំ​ ហិអេ​អិ​ សាង​អាស្រម​នៅ​យ៉ោ​ឆិមិសុ​ នៅ​តូក្យូ​ ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​​សាសនា​និកាយ​ ចូដូ​ នេះ​​​ និង​ បាន​ទទួល​ការ​និយម​រាប់​អាន​យ៉ាង​ឆាប់​រហ័ស​ តែ​ជា​មួយ​គ្នា​នោះ​ ក៏​​ត្រូវ​ជួប​ប្រទះ​ឧប​សគ្គ​រា​រាំង​យ៉ាង​ខ្លាំង​ក្លា​ពី​ជុំ​វិញ​ ព្រោះ​ពាក្យ​ប្រៀន​ប្រដៅ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​​យល់​ខុស​​​ថា នរ​ណា​ក៏​ដោយ​ ទោះ​ជា​ធ្វើ​បាប​យ៉ាង​មហន្ត​ ពេល​បាន​ធ្វើ នេ​មបុត​សុ​ គឺ​បាន​បញ្ចេញ​​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ​អមិតាភៈ​ ជា​ម្ចាស់​រឿយ​ៗ​ ហើយ​ ក៏​នឹង បាន​ទទួល​ព្រះ​មហា​ករុណា​ ឲ្យ​ទៅ​​កើត​ឯ​ស្ថាន​សួគ៌​ទេវ​លោក​ ដែន​សុខា​វតី ដើម្បី​បន្លុះ​សច្ច​ធម៌​ក្នុង​ទី​នោះ​បាន​។​ ទី​បំផុត​ ហោ​នេន​ ត្រូវ​​និរ​ទេស​ឲ្យ​ទៅ​នៅ​ឯ​ភូមិ​ឋាន​ដាច់​ស្រយាល​អស់​ ៤​ឆ្នាំ​​ ទើប​បាន​ទទួល​ការ​អនុញាត​ឲ្យ​វិល​ត្រឡប់​​មក​វិញ​ និង​ បាន​ទទួល​មរណ​ភាព​ឯ អូតានិ​ ក្នុង​ព្រះជន្ម​ ៧៩​ឆ្នាំ​ សិស្សា​នុ​សិស្ស​បាន​កសាង​វត្ត​​ឧទ្ទិស​ឲ្យ​ក្នុង​ទី​មរណ​ភាព​របស់​លោក​។​ វត្ត​នោះ​ឈ្មោះ​ឆិអូ​និន​ នៅ​តូក្យូ​ ជា​មជ្ឈ​មណ្ឌល​របស់​​និកាយ​ចូដូ​ រហូត​មក​។​

    ពេល​ព្រះ​តេជ​គុណ​ហោ​នេន​មរណ​ភាព​ហើយ​ សិស្ស​គណ​រៀម​ច្បង​ជា​ច្រើន​អង្គ​ បាន​ប្រកាស​ពាក្យ​ប្រៀន​ប្រដៅ​ផ្សេង​ៗ​គ្នា​ ទៅ​រហូត​ដល់​កើត​ជា​និកាយ​តូច​ៗ​ ជា​ច្រើន​ទៀត​។ ប៉ុន្តែ​ ក្នុង​ទី​នេះ​ នឹង ពោល​​ចំពោះ​តែ​និកាយ​សាខា​ដែល​សំខាន់​បំផុត​ សឹង​បាន​ពង្រីក​ខ្លួន​ចេញ​ទៅ​ដល់​កើត​ជា​និកាយ​​សំខាន់​​មួយ​ទៀត​។ និកាយ​នេះ​គឺ​ និកាយ​ចូដូ​ឈិន​ (ប្រែ​ថា និកាយ សុខា​វតី ពិត​ប្រាកដ​) ឬ និយម​ហៅ​ថា​​ និកាយ​ឈិន​ ដែល​ លោក​ឈិន​រែន​ ជា​អ្នក​បង្កើត​។

    លោក​អាចារ្យ ឈិន​រែន​ សិក្សា​និកាយ​ថេន​ដៃ​ នៅ​ភ្នំ​ហិ​អេ​អិ រួច​ហើយ​មក​រស់នៅ​ជា​មួយ​ព្រះ​​តេជ​គុណ​ហោ​នេន​អស់ ៦​ឆ្នាំ​ ហើយ​ត្រូវ​និរ​ទេស​ឲ្យ​ទៅ​នៅ​ឯអេ​ឈិងោ​ ជីវិត​អាវ​សាន​នៅ​​តូក្យូ​ ពេល​​ផុត​កំណត់​និរ​ទេស​ហើយ​។ រាប់​តាំង​តែ​ពី​កាល​ត្រូវ​និរ​ទេស​មក​ លោក​ឈិន​ រែន ​បាន​​ប្រកាន់​យក​គតិ​ធម៌​របស់​ខ្លួន​ថា​ “ហិសូ​ ហិសូ​កុ” ប្រែ​ថា ​”គ្មាន​ព្រះ​សង្ឃ​ គ្មាន​ឃរា​វាស​“ ឯ​លោក​ក៏​​មាន​ភរិយា​មាន​កូន​មាន​ចៅ​ ជា​អ្នក​បន្ត​ដំបូន្មាន​ និង​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សាសនា​មក​ជា​មួយ​ផង​​។​ លោក​​បង្រៀន​ថា​ ការ​ប្រ​ព្រឹត្ត​របស់​មនុស្ស​ក្នុង​ទ្វារ​ទាំង​ ៣​ ទោះ​បី​ល្អ​ប៉ុណ្ណា​​ ធ្វើ​ដោយ​សេច​ក្ដី​ព្យា​យាម​​ប៉ុណ្ណា​ ក៏​នៅ​មិន​ផុត​ពី​សេច​ក្ដី​សៅ​ហ្មង​ដោយ​កិលេស​ មិន​អាច​នាំ​មក​នូវ​ការ​ត្រាស់​ដឹង​ (ពោធិ) បាន​​ ចាំ​បាច់​ត្រូវ​ពឹង​អាស្រ័យ​កម្លាំង​នៃ​ព្រះ​មហា​ករុណា​ទិគុណ​ របស់​ព្រះ​ពុទ្ធ​អមិតាភៈ​ ជា​ម្ចាស់​ជា​គ្រឿង​​បណ្ដាល​អោយ​សាស​និក​ត្រូ​វតែ​មាន​សទ្ធា​ជឿ​ជាក់​ក្នុង​ព្រះ​អង្គ​ជា​ប្រការ​សំខាន់​បំផុត​ និង​ ជា​ប្រ​ការ​ម្យ៉ាង​​គត់​ដែល​នឹង​ជួយ​ឲ្យ​ផុត​ទុក្ខ​បាន​។ ព្រះ​សង្ឃ​និកាយ​នេះ​មាន​គ្រួសារ​បាន​ ឆាន់​មំសៈ​​បាន​ និង ​រស់​នៅ​​បែប​ឃរា​វាស​ក្នុង​សង្គម​បាន​។​

    កន្លែង​បញ្ចុះ​សព​របស់​អាចារ្យ​ឈិន​រែន​ ក្រោយ​មក​បាន​សាង​វត្ត​មួយ​ឈ្មោះ​ថា ”ហងអ័នចិ”​ ជា​​មជ្ឈ​មណ្ឌល​របស់​និកាយ​ឈិន​ ហើយ​ក្រោយ​មក​វត្ត​នេះ​ឯង​ក៏​ត្រូវ​បែង​ចែក​ដោយ​នយោ​បាយ​របស់​​រដ្ឋា​ភិបាល​ ក្លាយ​ជា​វត្ត​ពីរ​ គឺ ហិង៉ះឈិ-ហងអ័ន​ចិ (ហង​អ័ន​ចិបូព៌ា) និង និឈិ-ហង​អ័ន​ចិ​(ហង​អ័ន​ចិ​​បច្ឆិម​ទិស)​។ ក្រោយ​មក​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សាខា​ធំ​ទាំង​ពីរ​របស់​និកាយ​ឈិន​ និកាយ​សាខា​ដែល​ នឹង នាំ​មក​ និយាយ​បន្តិច​នោះ​គឺ និកាយ​ចិ​ ដែល​បង្កើត​ដោយ​លោក​អិប​ប៉េន​ (ព.ស.១៧៨២​-​១៨៣២) ដែល​ជា​កូន​សិស្ស​ជំនាន់​សិស្ស​របស់​អាចារ្យ​ ហោ​នេន​ បង្រៀន​ថា ការ​សូធ្យ​ នេម​បុត​សុ​ នោះ​រមែង​ធ្វើ​ឲ្យ​មាន​អា​រមណ៍​ថា​មិន​មែន​ ”យើង“ ​ឬ​ “គេ”​ កើត​ឡើង​ឡើយ​ និង​ សម្ដែង​នូវ​មនោ​សញ្ចេត​នា​រម្មណ៍​ ជា​បរម​សុខ​ខាង​ផ្លូវ​ចិត្ត​ដោយ​ការ​រាំ​ពត់​ពេន​ ទើប​ហៅ​ថា​និកាយ​យុង៉ៀវ​ហា​ ឬ​ យ៉ុ​យ៉ះ​កុ​-​​នេម​បុត​សុ (នេម​បុត​សុរាំ​ពត់​ពេន​) និង​ ដែល​ហៅ​ថា​និកាយ​​ចិ​ (ប្រែ​ថា​កាល​និកាយ​)​ ក៏​ព្រោះ​តែ​បាន​បង្រៀន​ថា​ ក្នុង​វេលា​ដែល​សូធ្យ​ នេម​បុត​សុ​នោះ​ ឲ្យ​ភាវនា​ថា​ ​“គ្រប់​ៗ​ ខណៈ​ជា​ពេល​ដែល​ ​នឹង លះ​បង់​ទៅ​នូវ​ជីវិត​នេះ​ ”​និកាយ​នេះ​មាន​វត្ត​ជូ​ចូ​កូ​ចិ​ នៅ​ហ្វូ​ចិ​សា​វ៉ា ជា​មជ្ឈ​មណ្ឌល​ក្បែរ​កាមា​កុរះ​។ និកាយ​សុខា​វតី​ទាំង​ឡាយ​នេះ​ មាន​ព្រះ​ពុទ្ធ​អមិ​តាភៈ​ជា​ម្ចាស់​ និង​ អាចារ្យ​ដែល​តាំង​និកាយ​នោះ​​ៗ​ ជា​ទី​គោរព​សក្ការៈ​ ​សា​មញ្ញ​ជន​ធម្មតា​ ចូល​ចិត្ត​រាប់​អាន​និកាយ​នេះ​ ព្រោះ​មាន​ខប្រ​តិ​បត្តិ​បាន​​យ៉ាង​ងាយ​ៗ​។

    ២.​ និកាយ​សេន​ ឬ​ធ្យាន​ ឬ​ ឈាន​ កើត​ឡើង​ដោយ​គំនិត​ដែល​ និង ចង់​ស្ដារ​នូវ​ព្រះ​ពុទ្ធ​​សាសនា​ កែ​ទម្រង់​សេច​ក្ដី​ប្រ​ព្រឹត្តិ​ប្រតិ​បត្តិ​ ឲ្យ​ត្រឡប់​មក​កាន់​សភាព​ដើម​ដូច​សម័យ​ពុទ្ធ​កាល​ ប្រាថ្នា​ដាស់​ព្រះ​ពុទ្ធ​ភាវៈ​ ដែល​មាន​ស្រាប់​ហើយ​ក្នុង​តួ​បុគ្គល​រាល់​គ្នា​ឲ្យ​បង្កើន​ឡើង​។​ ក្នុង​បណ្ដា​អ្នក​​ដែល​មាន​សេច​ក្ដី​ព្យា​យាម​ក្នុង​រឿង​នេះ​អាច​ចែក​ចេញ​ជា​ ២​ពួក​គឺ​ មួយ​ពួក​ប្រាថ្នា​ប្រឆាំង​តប​ និង​ ​សីល​បែប​មហា​យាន​ នៃ​ភ្នំ​ហិ​អេ​អិ​ ដែល​ខ្លួន​យល់​ឃើញ​ថា​បាន​អន់​ថយ​ចុះ​ទៅ​ហើយ​ និង​ មួយ​ពួក​​ទៀត​ស្វែង​រក​វិធី​កែ​ទម្រង់​ជីវិត​របស់​ព្រះ​សង្ឃ​ ឲ្យ​ក្លាយ​ជា​របស់​ស័ក្ដ​សិទ្ធិ​គួរ​គោ​រព​ត​ទៅ​ ដោយ​ខ ប្រ​តិ​បត្តិ​ និង​ ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ពុទ្ធ​សាសនា​ និកាយ​ធ្យាន​ឬ​ឈាន​ ដែល​នាំ​មក​ពី​ប្រ​ទេស​ចិន​។ លោក​ទាំង​អស់​នេះ​ អង្គ​ខ្លះ​ក៏​មាន​ជំនឿ​ទៅ​លើ​ពាក្យ​ប្រៀន​ប្រដៅ​រឿង​ដែន​សុខា​វតី​ អង្គ​ខ្លះ​ក៏​ប្រឆាំង​​​ជា​មួយ​និកាយ​ចូតូ​យ៉ាង​ខ្លាំង​ក្លា​។​ ក្នុង​ទី​នេះ​ នឹង យក​មក​សម្ដែង​ចំពោះ​បុគ្គល​សំខាន់​ក្នុង​និកាយ​នេះ​​ត្រឹម​តែ​ ២​អង្គ​គឺ​

    អាចារ្យ​យ៉ូសៃ​ (ព.ស.១៦៨៤-១៧៥៨) បាន​សិក្សា​និកាយ​ថេន​ដៃ​ និង​ មិក​កៀវ​ឯ​ភ្នំហិ​អេអិ​ និង ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ នាំ​យក​និកាយ​រិន​សៃ​សេន​មក​ផ្សព្វ​ផ្សាយ​ លោក​បាន​បង្រៀន​ធ្យាន​​ទៅ​ព្រម​ជា​មួយ​មិក​កៀវ​ និង​ ថេន​ដៃ​ផង​។ លោក​បាន​កសាង​វត្ត​របស់​និកាយ​នេះ​នៅ​កោះ​កិវ​ឈិវ​ កា​មា​កុរៈ និង តូក្យូ​។ វត្ត​ឯ​តូក្យូ​ឈ្មោះ​ថា​វត្ត​កេន​និន​ចិ​ បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​នៃ​និកាយ​រិន​សៃ​​សេន​ សាខា​កេន​និន​ចិរហូត​​មក​។

    អាចារ្យ​ដូ​ង៉េន (ព.ស.១៧៤៣-១៧៩៦) បាន​សិក្សា​នៅ​ភ្នំ​ហិ​អេ​អិ ដូច​គ្នា​ធ្លាប់​ជួប​ជា​មួយ​លោក​​យ៉ូសៃ​ ហើយ​ក្រោយ​មក​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ​ទេស​ចិន​ សិក្សា​និកាយ​ធ្យាន​ ឬ ឈាន​ ត្រឡប់​មក​​គង់​នៅ​វត្ត​កេន​និន​ចិ ចុង​ក្រោយ​បាន​កសា​វត្ត​អេ​អិ​ហេ​អិ​ចិ​ សឹង​បច្ចុប្បន្ន​ជា​មជ្ឈ​មណ្ឌល​របស់​និកាយ​​សូ​តូ​ឈាន​។​ និកាយ​ឈាន​បាន​រីក​ចម្រើន​សាយ​ភាយ​ មាន​អ្នក​ប្រាជ្ញ​បង្ហាត់​បង្រៀន​បន្ត​មក​ជា​ច្រើន​​ អង្គ​ខ្លះ​​បាន​ទទួល​ការ​ស្ថាប​នា​ពី​ព្រះ​រាជ​ចក្រ​ពត្តិ​ជា​កូ​កុឈិ ស៊ឹង​ប្រែ​ថា​ ព្រះ​អាចារ្យ​នៃ​រដ្ឋ​​។ ជា​ច្រើន​​អង្គ​បាន​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​ និង​ ព្រះ​សង្ឃ​ចិន​ដែល​ធ្វើ​ដំណើរ​ចូល​មក​ជួយ​បង្ហាត់​បង្រៀន​ក៏​​មាន​ដំណែង​កិត្តិ​យស​ ដែល​ព្រះ​រាជ​ចក្រ​ពត្តិ​បាន​ទ្រង់​ព្រះ​រាជ​ទាន​ដល់​លោក​សង្ឃ​និកាយ​ឈាន​ ហៅថា “ឈាន​ចិ“ អ្នក​ប្រាជ្ញ​ក្នុង​និកាយ​ឈាន​ទាំង​នេះ​ បាន​ពាំ​នាំ​យក​សិល្បះ​ វប្ប​ធម៌​របស់​ចិន​ចូល​មក​កាន់​ប្រ​ទេស​ជប៉ុន​ជា​ច្រើន​យ៉ាង​ ដូច​ជា​ វណ្ណ​កម្ម​ចិន​ សិល្បះ ​ការ​សរ​សេរ​ដៃ​បែប​ចិន​ ការ​ក្រង​ផ្កា​ ពិធី​ឆុង​តែ​ គូរ​ត​គំនូរ​ដោយ​ទឹក​ខ្មៅ​ ជា​ដើម​ ដែល​បាន​ផ្សព្វ​ផ្សាយ​ទៅ​ព្រម​ជា​មួយ​និកាយ​ឈាន​។

    និកាយ​ឈាន គោរព​បូជា​ព្រះ​ពុទ្ធ​សាក្យ​មុនី​ព្រម​ទាំង​អ្នក​ប្រាជ្ញ​អ្នក​បង្កើត និង ជា​អាចារ្យ​ក្នុង​កាល​ត​ៗ មក​។ ក្នុង​ខ្សែ​ស្រឡាយ​នៃ​និកាយ​របស់​ខ្លួន​ មាន​ពាក្យ​ប្រៀន​ប្រ​ដៅ​មក​ថា “មនុស្ស និង សព្វ​វត្ថុ​​ទាំ​ឡាយ​មាន​ធាតុ​មួយ​គឺ​ពុទ្ធ​ ឬ ពុទ្ធ​ភាវៈ​ បង្កប់​នៅ​ក្នុង​ខ្លួន​ស្រាប់​ ការ​ដែល​ នឹង បន្លុះ​ពោធិ​ញាណ ​ត្រូវ​​អាស្រ័យ​ការ​បន្លុះ​ញាណ​ក្នុង​ខ្លួន​ឯង​យ៉ាង​ឆាប់​រហ័ស​ ដោយ​វិធី​ការ​យ៉ាង​ណា​ក៏​បាន​​ ស្រេច​តែ​​អាចារ្យ នឹង ប្រើ​តាម​ការ​យល់​ឃើញ​ថា​គួរ​សម​ ជា​ការ​សម្ដែង​ពោធិ​ដោយ​ត្រង់​មិន​ចាំ​បាច់​ប្រើ​គម្ពីរ​ ក្នុង​របប​​ការ​សិក្សា​អប់​រំ​បង្គាប់​ឲ្យ​ប្រតិ​បត្តិ​ យ៉ាង​តឹង​រ៉ឹង​​ផ្នែក​របៀប​វិន័យ​ខាង​កាយ​​ និង​ ការ​ហ្វឹក​អប់​រំ​ចិត្ត​ដោយ​​ឈាន​ឬ​ធ្យាន​ ដែល​ជា​ទី​តាំង​នៃ​និកាយ​នេះ​​​ ព្រោះ​ហេតុ​តែ​បង្រៀន​ឲ្យ​ចិញ្ចឹម​ជីវិត​បែប​ងាយ​ៗ​ តែ​ជា​អ្នក​ពិនិត្យ​សង្កេត​ និង ហ្វឹក​ហាត់​ អប់​រំ​ទាំង​កាយ​ និង​ ចិត្ត​ឲ្យ​មាន​របៀប​វិន័យ​ដូច្នេះ​ និកាយ​ធ្យាន​ទើប​​រីក​​សាយ​ភាយ​ហើយ​របៀប​ប្រតិ​បត្តិ​បាន​ជា​ទី​និយម​ក្នុង​ពពួក​ជន​ជាន់​ខ្ពស់​ រហូត​ដល់​ស្ដេច​ចក្រ​ពត្តិ​ ជា​ពិសេស​គឺ​ ក្នុង​ក្រុម​អ្នក​ចម្បាំង​ ឬ ពួក​សា​ម៉រ៉ៃ​នោះ​គោរព​ជា​ពិសេស​ ពាក្យ​ប្រៀន​ប្រដៅ​ និង​ ការ​ប្រតិ​បត្តិ​ក្នុង​​និកាយ​នេះ​​ ក៏​បាន​ជា​ទីតាំង​យ៉ាង​សំខាន់​នៃ​លទ្ធិ​បូ​ឈិ​ដូ​ រួម​ទាំង​យ៉ូដូ​ និង កេន​ដូ ​។ ការ​ចាត់​​សួន​ច្បារ​ជប៉ុន​ និង ល្ខោន​ ដែល​ហៅ​ថា​ “នោ”​ ជា​ដើម​។

    ៣. និកាយនិ​ចិ​រេន​ អាចារ្យ​និចិ​រេន​ (ព.ស.១៧៦៥-១៨២៥) អ្នក​បង្កើត​និកាយ​នេះ​ បាន​​សិក្សា​ឯកា​មាកុរៈ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ហិ​អេអិ​ ណារ៉ា​ និង ភ្នំ​កូយ៉ា​។ លោក​បាន​ផ្ដើម​ប្រកាស​​សាសនា​ដល់​ប្រជា​ជន​ នៅ​ក្រុង​កាមា​កុរៈ​​ ដោយ​ការ​រិះ​គន់​និកាយ​ផ្សេង​ៗ យ៉ាង​ខ្លាំង​ក្លា ដូច​ពោល​ថា​ ការ​​សូធ្យ​នេម​បុត​សុ​ (របស់​និកាយ​សុខា​វតី​) ជា​ផ្លូវ​ធ្លាក់​ទៅ​នរក​ ឈាន​មិន​មែន​ពាក្យ​ប្រៀន​​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ តែ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ទេវ​តា​ មារ​ និង​ អសុរ​កាយ ឈិន​ង៉ន​ ​ជា​គំនរ​ពិធី​កម្ម​ផ្ដេស​ផ្ដាស​​ ដែល​ នឹង នាំ​ឲ្យ​ប្រទេស​ជាតិ​ហិន​ហោច​​ និកាយ​រិតសុ​ (និកាយ​វិន័យ​) មិន​ជួយ​ឲ្យ​ប្រជា​ជន​មាន​ការ​សិក្សា​ ដែល​នាំ​មក​នូវ​គុណ​ប្រយោជន៍​ដល់​ប្រទេស​បាន​ឡើយ​ មាន​តែ​​ធ្វើ​ឲ្យ​ប្រជា​ជន​ក្លាយ​ទៅ​ជា​អ្នក​ទុយ៌ស​ នាំ​ផល​វិបាក​ឲ្យ​ដល់​ប្រទេស​ជាតិ​ប៉ុណ្ណោះ​, គួរ​គោរព​តែ​ក្នុង​គម្ពីរ​​សទ្ធម្ម​បុណ្ឌ​រិក​សូត្រ​តែ​ម្យ៉ាង​ គួរ​ពិ​និត្យ​ពិច័យ​ក្នុង​ទ្រឹស្ដី​ថា “នមុ​ម៉ៀវ​ ហូ​រេង​ងេ​កៀវ​“​ (នមោ សទ្ធម្ម​បុណ្ឌ​រិក​សុត្តស្ស)​។ ពេល​សូធ្យ​ធម៌​​នេះ​ត្រូរ​លឹក​ក្នុង​ចិត្ត​ថា​ ខ្លួន​ឯង​មាន​ពុទ្ធ​ភាវៈ​ នៅ​ក្នុង​ខ្លួន​ក៏​​កំចាត់​នូវ​សកាយ​ទិដ្ឋិ ​ដែល​ជា​ឧបសគ្គ​ហើយ​ និង បន្លុះ​នូវ​ពោធិ​ញាណ​បាន​។

ការ​ដែល​លោក​និចិ​រេន​ វាយ​ប្រហារ​និកាយ​ផ្សេង​ៗ​ យ៉ាង​ក្ដៅ​គគុក​បែប​នេះ​​ ជា​ហេតុ​នាំ​ឲ្យ​​លោក​ត្រូវ​ និរ​ទេស​ទៅ​នៅ​អិស៊ូ​ និង កោះ​សាដូ​ តែ​លោក​ក៏​មិន​ព្រម​បញ្ឈប់​ បែរ​ជា​មាន​សេច​ក្ដី​​ព្យា​យាម​ផ្សព្វ​ផ្សាយ​សាសនា​បន្ថែម​ឡើង​ ពេល​ផុត​កំណត់​និរ​ទោស​កម្ម​ហើយ​ ក៏​មក​កសាង​​វត្ត​កុអនចិ​ នៅ​លើ​ភ្នំ​មិ​នោ​បុ ធ្វើ​ជា​មជ្ឈ​ដ្ឋាន​និកាយ​។ ពាក្យ​ប្រ​ដៅ​របស់​លោក​បាន​ផ្សាយ​ទៅ​ទូ​ទាំង​​ជប៉ុន​ ដោយ​ឡែក​នៅ​ក្នុង​ក្រុម​សាម័ញ្ញ​ជន​។ និកាយ​និ​ចិ​រេន​នេះ​មាន​វត្ថុ​គោរព​បូជា​គឺ “ម៉ន​ចិ-ម័ន​ដារៈ” (មណ្ឌល​នៃ​អក្សរ)​ និង​ រូប​អ្នក​ប្រាជ្ញ​​​ជា​មួយ​រូប​បច្ឆា​ចារ្យ​នៃ​សំណាក់​របស់​ខ្លួន​ៗ​។ ព្រះ​ពុទ្ធ​សាសនា​ក្នុង​សម័យ​ក្រោយ​ៗ​មក​។

តទៅលេខ 9