ព្រះពុទ្ធសាសនានៅប្រទេសចិន


ថ្ងៃសៅរ៍ ទី22.មិថុនា 2019.ម៉ោង 7:55

    តាម​ប្រវត្តិ​សាស្រ្ត​ប្រទេស​ចិន​បាន​ពោល​ទុក​ថា​ ព្រះ​ពុទ្ធ​សាសនា​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​ប្រទេស​ចិន​តាំង​តែ​ពី​ ២១៧ ឆ្នាំ​មុន​គ្រឹស្ត​សករាជ​ (គឺ​ប្រហែល​ជា​ ព.ស. ៣២៦) ប៉ុន្តែ​ដោយ​ពិត​ទៅ​ភ័ស្តុ​តាង​ជា​ផ្លូវ​ការ​បាន​រក​ឃើញ​ថា​នៅ គ.ស. ៦៥ (ព.ស. ៦០៨) ស្តេច​ចក្រ​ពត្តិ​ ម៉ិង​តី​ នៃ​រាជ​វង្ស​ហ័ន​ ទ្រង់​បាន​បញ្ជូន​គណៈ​ទូត​ ១៨ ​នាក់​ទៅ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ នា​ប្រទេស​ខោ​តាន​ (បច្ចុប្បន្ន​ឋិត​នៅ​ភាគ​និរតី​ក្នុង​មណ្ឌល​ស៊ីន​កៀង នៃ​ប្រទេស​ចិន​ ក្នុង​សម័យ​បុរាណ​ ខោតាន ធ្លាប់​ជា​ដែន​ដី​ចំណែក​មួយ​របស់​ឥណ្ឌា​ ហើយ​ព្រះ​ពុទ្ធ​សាសនា​បាន​ចូល​មក​កាន់​ខោតាន​តាំង​តែ​ពី ២១៧ ឆ្នាំ មុន​គ្រឹស្ត​សក​រាជ)​ ក្រោយ​ពី​នោះ ២​ឆ្នាំ គណៈ​ទូត​ក៏​បាន​ត្រឡប់​មក​កាន់​ប្រទេស​ចិន​ ព្រម​ជា​មួយ​ព្រះ​ភិក្ខុ ២​អង្គ​ គឺ ភិក្ខុ​កាស្យ​បមា​តង្គៈ​ ជា​មួយ ភិក្ខុ ធម្ម​រក្សៈ​ និង​ គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​មួយ​ចំនួន​។ ព្រះ​ភិក្ខុ​ទាំង​ពីរ​អង្គ​ បាន​មក​គង់​នៅ​នា​វត្ត​ម៉ាខាវ​ (សេះ​ស) នៃ​ទី​ក្រុង​លោ​យ៉ាង (លុក​អៀង) និង បាន​ប្រែ​គម្ពីរ​ជា​ភាសា​ចិន​ជា​ច្រើន​គម្ពីរ​។

    ក្នុង​សម័យ​រាជ​វង្ស​ហ័ន​ ចាប់​ពី​ពេល​នោះ​មក (គ.ស. ៥៦-២២០) សូម្បី​ព្រះ​ពុទ្ធ​សាសនា​ នឹង បាន​ទទួល​សេច​ក្តី​គោរព​ សទ្ធា និង​ ការ​ឧបត្ថម្ភ​ទំនុក​បំរុង​ ប៉ុន្តែ​ក៏​នៅ​ចាញ់​ប្រៀប និង ត្រូវ​បាន​ជំទាស់​ពី​ឥទ្ធិ​ពល​នៃ​លទ្ធិ​សាសនា​ដើម​របស់​ចិន (គឺ ខុង​ចឺ និង តៅ) រហូត​ដល់​ចុង​រាជ​វង្ស​នេះ​ ទើប​មាន​អ្នក​ប្រាជ្ញ​ប្រកប​ដោយ​សមត្ថ​ភាព​ដូច​ជា​ ម៉ូវ​ចឺ សម្តែង​គោល​ធម៌​របស់​ព្រះ​ពុទ្ធ​សាសនា​ ឲ្យ​ឃើញ​នូវ​បរមត្ថ​សច្ច​ ថា​លទ្ធិ​ដើម​នៅ​តាម​មូល​ដ្ឋាន​ បាន​អាស្រ័យ​ការ​ប្រព្រឹត្តិ​ដ៏​បរិ​សុទ្ធិ​របស់​ព្រះ​សង្ឃ​ ជា​គ្រឿង​តំម្កើង​សទ្ធា​។ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ទទួល​ការ​គោរព​ និង មាន​សទ្ធា​ជ្រះ​ថ្លា​ជាង​លទ្ធិ​សាសនា​ផ្សេង​ៗ​ រហូត​ដល់​សម័យ​រាជ​វង្ស​វ៉េ​ (ឬ​វ៉ុយ​កុក​ក្នុង​សម័យ​សាម​កុក​)​។ ក្នុង​គ្រឹស្ត​សត​វត្សរ៍​ទី​៤ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ជា​សាសនា​ប្រចាំ​ជាតិ​របស់​ចិន​ តាំង​តែ​រជ្ជ​កាល​នៃ​ស្តេច​ចក្រ​ពត្តិ​ ព្រះ​អង្គ​ដំបូង​ ក្នុង​រវាង​គ្រឹស្ត​សត​វត្សរ៍​ទី​៤ និង ទី​៥ នេះ​ឯង​។ ព្រះ​ភិក្ខុ​ទ្រង់​កិត្តិ​គុណ​ជា​អង្គ​ប្រាជ្ញ​ច្រើន​អង្គ​ ដូច​ជា​ព្រះ​អង្គ កុមារ​ជីព​ ជា​ដើម​ បាន​និមន្ត​ចូល​មក​ពី​អាស៊ី​កណ្តាល​ និង ឥណ្ឌា ជួយ​ប្រែ​គម្ពីរ​ រចនា​អដ្ឋក​ថា ​ និង​ ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​ដល់​ប្រជា​ជន​យ៉ាង​ទូលំ​ទូលាយ​។ លទ្ធិ​អមិតាភៈ​ក៏​បាន​ចូល​មក​ផ្សព្វ​ផ្សាយ​ក្នុង​សម័យ​នេះ​ផង​ដែរ​។

    ហេតុ​ការណ៍​សំខាន់​មួយ​គ្រា​ទៀត ព្រះ​ពោធិ​ធម៌​បាន​នាំ​ព្រះ​ពុទ្ធ​សាសនា​និកាយ​សេន​ (បាលី​ថា​ ឈាន, សំស្រ្កឹត​ថា ធ្យាន,ជប៉ុន​ថា សេន) ចូល​មក​ផ្សព្វ​ផ្សាយ​នៅ​ប្រមាណ គ.ស. ៥២៦ ។
ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​ចិន​បាន​ចំរើន​លូត​លាស់​យ៉ាង​ខ្លាំង​ ដោយ​បាន​ទទួល​ ការ​ព្រះ​បរម​រាជ​ឧបត្ថម្ភ​ពី​ព្រះ​រាជ​វង្ស​ថាំង និង​ រាជ​វង្ស​ត​ៗ មក​ជា​លំដាប់​ ប៉ុន្តែ​ក្នុង​គ្រឹស្ត​សត​វត្សរ៍​ទី​១៣ មាន​អ្នក​នាំ​លទ្ធិ​លាមៈ (ព្រះ​ពុទ្ធ​សាសនា​និកាយ​មួយ​ក្នុង​ប្រទេស​ទីបេ​) បាន​ចូល​មក​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​ចិន​ភាគ​ខាង​ជើង​ ហើយ​ផ្នែក​ខាង​អាណា​ចក្រ​ ក៏​បាន​ទំនុក​បំរុង​លទ្ធិ​នោះ​។ បន្ទាប់​ពីនោះ​មក​ ពិធី​កម្ម​ផ្សេង​ៗ ក៏​ចំរើន​លូត​លាស់​ ​និង លេច​មុខ​លេច​មាត់​ ចំណែក​សាសន​ធម៌​ដ៏​ពិត​ប្រាកដ​ក៏​សន្សឹម​ៗ ប្រាស់​ការ​ចាប់​អារម្មណ៍​។

លំដាប់ហេតុការណ៍សំខាន់របស់ព្រះពុទ្ធសាសនាក្នុងប្រទេសចិន
១. សម័យរាជវង្សហ័ន (ព.ស. ៣៤២-៧៦៣)

   ព.ស. ៤១៣ : ព្រះ​បាទ​ប៉ូតី​ ទ្រង់​បាន​ទទួល​របាយ​ការណ៍​ ជាប់​ទាក់​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​អាណា​ចក្រ​កុសា​ណៈ (ឥណ្ឌា​ភាគ​ឦ​សាន) ។

   ព.ស. ៦០៨ : ព្រះ​បាទ​ម៉ីង​តី​ ឬ​ម៉េង​តី​ ទ្រង់​បញ្ជូន​ទូត​ ១៨​នាក់​ ទៅ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ក្នុង បច្ចឹម​ប្រទេស​។ ទូត​បាន​ត្រឡប់​មក​ជា​មួយ​ដោយ​ ព្រះ​កាស្យ​បមា​តង្គៈ ក្នុង ព.ស. ៦១០ ទ្រង់​បាន​កសាង​វត្ត​ប្រគេន​ ឈ្មោះ​វត្ត​ប៉េះ​ប៉េយ៉ី​ (វត្ត​សេះ​ស)។ ព្រះ​ភិក្ខុ​កាស្យ​បមា​តង្គៈ​ ប្រែ “ព្រះ​សូត្រ​ពុទ្ធ​វចនៈ​ ៤២ ​បទ​ ជា​ព្រះ​សូត្រ​ដំបូង​”​។

   ព.ស. ៦៩៨ : ព្រះបាទ​ហ៊ួងតី​ ទ្រង់​សប​ព្រះ​រាជ​ហឫ​ទ័យ​ឲ្យ​ក​សាង​ព្រះ​ពុទ្ធ​រូប​ជា​លើក​ដំបូង​ (ជា​ព្រះ​ពុទ្ធ​រូប​ស្ពាន់)។
   ព.ស. ៧៣៤ : ក្នុង​សម័យ​ព្រះ​បាទ​ហៀន​តី ​ព្រះ​ពុទ្ធ​សាសនា​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ និង មាន​អ្នក​ប្រាជ្ញ​នាម​ ម៉ូវ​ចឺ ​សរ​សេរ​ពាក្យ​អធិប្បាយ​សំដែង​គោល​ធម៌ ​ប្រៀប​ធៀប​ជា​មួយ​លទ្ធិ​តៅ ​ជា​អត្ថ​បទ​​សម្តែង​គោល​ធម៌​ រឿង​ដំបូង​បំផុត​របស់​ប្រជា​ជន​​ចិន​។​

២. សម័យសាមកុក (ព.ស. ៧៦៣-៨០៨)
    ព.ស. ៨០០ : ក្នុង​រជ្ជ​កាល ព្រះ​បាទ​ហ៊ុយ​តី មាន​ការ​ប្រែ​គម្ពីរ​សទ្ធម្ម​បណ្ឌ​រិក​សូត្រ​ក្នុង​ឆ្នាំ​ត​មក (៨០១) មាន​ការ​បំពេញ​ឧប​សម្ប​ទា​ជា​ភិក្ខុ​ចិន​អង្គ​ដំបូង​ (មុន​នេះ​រាជ​ការ​ហាម​ប្រជា​ជន​ចិន​ឧប​សម្បទា​, ព្រះ​បាទ​ចោ​ភី ជា​អ្នក​បញ្ឈប់​ខ​ហាម​នេះ​)​។

៣. សម័យរាជវង្សចីន (ព.ស. ៨០៨-៩៦៣)
   ព.ស. ៨៥៣ : ក្នុងរជ្ជកាល​ព្រះ​បាទ​វ៉ៃតី មាន​ព្រះ​ភិក្ខុ​ជាតិ​អាស៊ី​កណ្តាល​ នាម​ផោន​ថើ​តេង​ ចារិក​មក​កាន់​ក្រុង​លោ​យ៉ាង​ បាន​នាំ​មក​ជា​មួយ​នូវ​គោល​ធម៌​និកាយ​មន្ត្រៈ​យាន​ចូល​មក​ផ្សព្វ​ផ្សាយ​ ​និង​ មាន​បួស​ជា​ភិក្ខុ​នី​គ្រា​ដំបូង​បំផុត​ក្នុង​ប្រទេស​ចិន​។
   ព.ស. ៩១៥ : ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ហៅ​បូតី​ ប្រទេស​កូរ៉េ​បញ្ជូន​ទូត​មក​សូម​ព្រះ​ពុទ្ធ​រូប​ ​និង​ គម្ពីរ​ ជា​គ្រា​ដំបូង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ចូល​ទៅ​កាន់​ប្រទេស​កូរ៉េ​។
   ព.ស. ៩៣៤ : មាន​ព្រះភិក្ខុនាម ហ៊ុយ​អៀង ផ្តើម​ប្រកាស​គោល​ធម៌​ក្នុង​និកាយ​សុខាវ​តី​នាភ្នំ ​លោសាន​។
   ព.ស៩៤២ : ក្នុង​រជ្ជកាល​ព្រះ​បាទ​អាន​តី​ ព្រះ​ភិក្ខុ​ផា​ហៀន (ហ៊ួប​ហ៊ៀន) ចេញ​ចារិក​ទៅ​សិក្សា​សាសនា​នៅ​ជម្ពូ​ទ្វីប​។
   ព.ស៩៤៤ : ព្រះ​ភិក្ខុកុមារ​ជីព និមន្ត​មក​ពី​ដែន​កុច្ឆៈ​ ឬ​កូចា​, មក​ដល់​ក្រុង​ជៀង​អាន​ ប្រតិ​បត្តិ​សាសន​កិច្ច​រហូត​ដល់​សុគតិ​ ក្នុង​ ព.ស. ៩៥៦ ។

៤.សម័យរាជវង្សភាគខាងជើង និង ខាងត្បូង (ព.ស. ៩៦៣-១១២៤)
ប្រកប​ដោយ​រាជ​វង្ស សុង ឬ​សង, ជី,លៀង និង ត័ន ទល់​ក្នុង​ភាគ​ខាង​ត្បូង​ជា​មួយ​កុល​សម្ព័ន្ធ​ទាំង ​៥ ក្នុង​ភាគ​ខាង​ជើង​។
   ព.ស. ៩៦២-៩៩០ : ក្នុង​រវាង​ការ​វាយ​ចម្បាំង​រវាង​រដ្ឋ​ មាន​ការ​ប្រហារ​ព្រះ​សង្ឃ ទំលាយ​ព្រះ​ពុទ្ធ​រូប និង គម្ពីរ​ជា​ច្រើន​លើក​ច្រើន​គ្រា ចាប់តាំងពីក្រុងជៀងអានជាដើមទៅ ។
    ព.ស. ៩៨៤ : មាន​ឧបាសក​ដុត​ខ្លួន​ថ្វាយ​ជា​ពុទ្ធ​បូជា​លើក​ដំបូង​បំផុត​ ទី​មួយ ចាប់​តាំង​តែ​ពី ព.ស. ៩៥៤ ជា​ដើម​មក​ មាន​ការ​តែង​តាំង​ព្រះ​សង្ឃ​ឲ្យ​មាន​ដំណែង​ក្នុង​រាជ​ការ​ ជា​ហេតុ​នាំ​ឲ្យ​ព្រះ​សង្ឃ​ចូល​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​កិច្ច​ការ​ប្រទេស​ជាតិ​​ទៀត​ផង​ ។​
   ព.ស. ១០៣៨ : រជ្ជ​កាល​ព្រះ​បាទ​ម៉េង​តី​ បាន​កសាង​ល្អាង​ព្រះ​ពុទ្ធ​រូប​ ដោយ​ឈ្លាក់​ភ្នំ​ទាំង​មូល​ឲ្យ​ទៅ​ជា​ល្អាង​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប និង រឿង​រ៉ាវ​ខាង​ព្រះ​ពុទ្ធ​សាសនា​ ជា​ច្បាប់​ដើម​នៃ​ពុទ្ធ​សិល្បៈ​ក្នុង​សម័យ​បន្ទាប់​មក​។
   ព.ស. ១០៥៣ : ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ប៉ូតី​ មាន​ស្ថិតិ​ដែល​គែ​ស្រង់​បាន​​បង្ហាញ​ថា​មាន​វត្ត​ ១៣០០០ វត្ត​ ក្នុង​ក្រុង​លោ​យ៉ាង ​មាន​ភិក្ខុ​ និង ភិក្ខុនី ២,០០០,០០០ អង្គ ​ភិក្ខុ​ជាតិ​បរទេស​ ៣០០០​ អង្គ​​។​
   ព.ស. ១០៥៥ : ព្រះ​បាទ​ប៉ូតី​ ទ្រង់​សោយ​អាហារ​សាប​ (មំសវិរតិ) ហើយ​សូម​ឲ្យ​ព្រះ​សង្ឃ​លះ​បង់​ការ​ឆាន់​សាច់​សត្វ​ ធ្វើ​ឲ្យ​កើត​ប្រពៃ​ណី​ ព្រះ​សង្ឃ​ចិន​ប្រកាន់​យក​ប្រពៃ​ណី​មំស​វិរតិ​ រហូត​មក​សព្វ​ថ្ងៃ​នេះ​។
    ព្រះ​បាទ​ប៉ូតី​ ដែល​គ្រង​រាជ្យ​តាំង​តែ​ពី​ ព.ស. ១៩៤៦ ដល់​ ១០៩២ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ក្លា​ ហើយ​ទ្រង់​ព្យា​យាម​អនុ​វត្តន៍​នយោ​បាយ​ទំនុក​បំរុង​ព្រះ​ពុទ្ធ​​សាសនា​តាម​បែប​ព្រះ​បាទ​អសោក​មហា​រាជ​ ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះ​ពុទ្ធសាសនា​មាន​ការ​វិវឌ្ឍន៍​ ឈាន​មុខ​ មាន​ការ​កសាង​វត្ត​អារាម​ដ៏​ធំ​ស្អាត​ និង កើត​ប្រពៃ​ណី​សាសនា​បែប​ចិន​ច្រើន​យ៉ាង​។
   ព.ស. ១០៦៣ ឬ ១០៦៩ : ព្រះ​ភិក្ខុ​ពោធិ​ធម៌​ ចារិក​មក​ពី​ប្រទេស​ឥណ្ឌា​ដល់​ក្រុង​លោ​យ៉ាង​ ហើយ​ឡើង​ទៅ​គង់​នៅ​ចាំ​វស្សា​ក្នុង​ភាគ​ខាង​ជើង​ បង្កើត​ពុទ្ធ​សាសនា​និកាយ​ឈាន​ ឬ​ ធ្យាន​ (ជប៉ុន​ហៅ​ថា សេន) និង​ ជា​បឋម​ប្រមុខ​នៃ​និកាយ​នេះ​។​
   ព.ស. ១០៩៦ : ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ងួន​តី​ ព្រះ​សង្ឃ​ឥណ្ឌា​នាម​ បរ​មិត្រ​ ចារិក​មក​ផ្សព្វ​ផ្សាយ​និកាយ​ ធម្ម​លក្ខណ៍​ ហើយ​ក្នុង​រយៈ​កាល​ជា​មួយ​គ្នា​នេះ​ដែរ​ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ផ្សាយ​ចេញ​ ពី​ប្រទេស​កូរ៉េ​ចូល​ទៅ​កាន់​ជប៉ុន​។
   ព.ស. ១១១៨-១១២៣ : ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សួន​តី​ ជា​រយៈ​វេលា​នៃ​ការ​បំផ្លាញ​ព្រះ​ពុទ្ធ​សាសនា​ ចាប់​ពី​រដ្ឋ​ចិវ​ ឲ្យ​លះ​បង់​ព្រះ​ពុទ្ធ​សាសនា​ និង​ លទ្ធិ​តៅ ​បន្ទាប់​មក​រដ្ឋ​ចិវ​ បាន​លើក​ទ័ព​ចូល​មក​វាយ​រដ្ឋ​ជី​បាន​ ហើយ​ទំ​លាយ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​ការ​បង្គាប់​បញ្ជា​ឲ្យ​ព្រះ​សង្ឃ​លា​ចាក​សិក្ខា​បទ​ ២,០០០,០០០ អង្គ​ រឹប​អូស​វត្ត​ ៤០,០០០ វត្ត​ ទំលាយ​ព្រះ​ពុទ្ធ​រូប​ យក​មាស​ និង​ ស្ពាន់​ ទៅ​រំលាយ​ និង ​ធ្វើ​ជា​មាស​សន្លឹក​ និង​ កាក់​ (ប្រាក់​កាក់​ឬ​រៀល​)​ ទី​បំផុត​ទើប​អនុញ្ញាត​ឲ្យ​មាន​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ និង​ លទ្ធិ​តៅ ​សា​ជា​ថ្មី​ទៀត​ ប៉ុន្តែ​ឲ្យ​គោរព​ភិក្ខុ​ថា​ជា​ព្រះ​ពោធិ​សត្វ​ ជា​បែប​សាមញ្ញ​ជន​ មិន​ចាំ​បាច់​គ្រង​ចីវរ​។​
    ពោល​ដោយ​សរុប​ រយៈ​វេលា​ប្រមាណ​ ៣៦០​ ឆ្នាំ​ដែល​ប្រទេស​មាន​តែ​ការ​បែក​បាក់​ រសាប់​រសាយ​ កាប់​សម្លាប់​គ្នី​គ្នា​ រាប់​ចាប់​តាំង​ពី​បញ្ចប់​រាជ​វង្ស​ហ័ន​ជា​ដើម​មក​ ក្លាយ​ជា​រយៈ​វេលា​ដែល​ព្រះ​ពុទ្ធ​សាសនា​រីក​ចំរើន​រុង​រឿង​យ៉ាង​ឆាប់​រហ័ស​ ដោយ​ដើរ​តួនា​ទី​ជា​គ្រឿង​ប្រគង​ស្មារតី​ និង​ សាង​នូវ​វប្ប​ធម៌​ចិន​ រហូត​ដល់​បាន​ជា​កម្លាំង​ជំនួយ​ឲ្យ​កើត​បាន​ជា​ឯក​ភាព​ជាតិ​នៅ​ទី​បំផុត​ ដូច​ដែល​បាន​ឃើញ​ក្នុង​សម័យ​ត​ទៅ​នេះ ​៖

៥. សម័យរាជវង្សស៊ុយ (ព.ស. ១១២៤-១១៦១)
    ព.ស. ១១២៤ ព្រះ​បាទ​ប៊ុនតី​ ទ្រង់​បង្រួម​បង្រួម​ប្រទេស​ចិន​ទាំង​ភាគ​ខាង​ជើង​ និង​ ភាគ​ខាង​ត្បូង​ ឲ្យ​ចូល​តែ​មួយ​។ ព្រះ​អង្គ​មាន​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ គ្រា​ដែល​ទ្រង់​​បាន​ឡើង​គ្រង​រាជ្យ​ ហើយ​ ក៏​ទ្រង់​បាន​ស្តារ​ព្រះ​ពុទ្ធ​សាសនា​ សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ឲ្យ​ព្រះ​ សង្ឃ​គ្រង​ចីវរ​តាម​ដើម​ ទ្រង់​តែង​តាំង​ព្រះ​ប្រមុខ​សង្ឃ​ និង​ សព្វ​​ព្រះ​រាជ​ហ​ឫទ័យ​ឲ្យ​កសាង​វត្ត​ឡើង​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​ នៅ​នា​ដង​ភ្នំ​ដែល​ជា​ទី​មនោ​រម្យ​ ព្រម​ជា​មួយ​ទី​ដែល​មាន​ដី​ស្រែ​ប្រចាំ​សម្រាប់​ទំនុក​បំរុង​វត្ត​ ឲ្យ​ធ្វើ​ក្រាំង​រាយ​នាម​ព្រះ​សូត្រ​ រួប​រួមព្រះ​ត្រៃ​បិដក​ឡើង​ឲ្យ​បាន​រៀប​រយ​។​

៦. សម័យរាជវង្សថ័ង (ព.ស. ១១៦១-១៤៥០)
    ព.ស. ១១៦៣ ព្រះ​បាទ​កៅ​ចោ​ មាន​ព្រះ​បរម​រាជ​ឱង្ការ​កំណត់​ខែ​មិគ្គសិរ​ ចេត្រ​ និង​ ស្រាពណ៍ ខែ​ទាំង​នេះ និង​ ថ្ងៃទី​ ១,៨,១៤,១៥,១៨,២៣,២៤,២៨,២៩,៣០ នៃ​ខែ​ជា​ថ្ងៃ​ឧបោសថ​ ហាម​មិន​ឲ្យ​មាន​ការ​សម្លាប់​ប្រហារ​ជីវិត​ ស្ទូចត្រី បបាញ់​សត្វ​ តាម​វិន័យ​របស់​មហា​យាន​ ដែល​ជា​ប្រពៃ​ណី​នៃ​ការ​បដិ​បត្តិ​ធម៌​របស់​ពុទ្ធ​សាស​និក​ចិន​រហូត​មក​ដល់​បច្ចុប្បន្ន​ ហើយ​ក្នុង​ឆ្នាំ​បន្ត​​មក​ទ្រង់​ក៏​បាន​បរិច្ចាគ​ព្រះ​រាជ​វាំង​ឲ្យ​ទៅ​ជា​វត្ត​​។​

    ព.ស. ១១៧២ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ថ័ង​ថៃ​ចុង​ ព្រះ​ភិក្ខុ​ថ័ង​ស័ម​ច័ង​ (កន្លែង​ខ្លះ​ហៅ​ថា ភិក្ខុ​ហៀន​ច័ង​ ឬ​ យ៉ួន​ចាង​)ចេញ​ចារិក​ទៅ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​នៅ​ជម្ពូ​ទ្វីប​ ត្រឡប់​មក​ដល់​ប្រទេស​ចិន​ក្នុង​ ព.ស. ១១៨៨ ទ្រង់​អារា​ធនា​ឲ្យ​គង់​នៅ​នា​ទី​ក្រុង​លោ​យ៉ាង​ ទ្រង់​បាន​ឧបត្ថម្ភ​ ក្នុង​ការ​បក​ប្រែ​ព្រះ​សូត្រ​ជា​ច្រើន​ ដែល​នាំ​មក​ពី​ប្រទេស​ឥណ្ឌា​​។ ព្រះ​អង្គ​ថ័ង​ស័ម​ច័ង​បាន​សរ​សេរ​កំណត់​ហេតុ​ដំណើរ​និមន្ត​នាម​ថា​ “កំណត់​ហេតុ​ដែន​ដី​បស្ចឹម​” ទុក​ ដែល​ជា​រឿង​មួយ​ដ៏​មាន​តម្លៃ​ខាង​ប្រវត្តិ​សាស្រ្ត​យ៉ាង​ខ្លាំង​ និង​ បាន​ប្រតិ​បត្តិ​សាសន​កិច្ច​ត​មក​រហូត​ដល់​ទទួល​អនិច្ច​ធម៌​ក្នុង​ ព.ស. ១២០៨ ក្នុងរ​ជ្ជ​កាល​នៃ​ព្រះ​បាទ​កៅ​ចុង​។​

   ព.ស.១១៨៥ ព្រះបាទ​ថ័ង​ថៃ​ចុង​ សព្វ​ព្រះ​រាជ​ហឫ​ទ័យ​លើក​ព្រះ​រាជ​ធីតា​ប៊ុន​សែង​ ឲ្យ​រៀប​អភិ​សេក​ ជា​មួយ​ព្រះ​មហា​ក្សត្រ​ទី​បេ ​ជា​ហេតុ​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​ប្រទេស​ទី​បេ​។ ព្រះ​នាង​ប៊ុន​សែង​ ទ្រង់​បាន​ចាប់​ផ្តើម​អក្សរ​សាស្រ្ត​ទី​បេ​ឡើង​ តាម​បែប​អក្សរ​ឥណ្ឌា​ដែល​សរ​សេរ​ជា​ភាសា​សំស្ក្រឹត​ និង​ ទ្រង់​សាង​ភាព​រីក​ចំរើន​ដល់​ប្រទេស​ទី​បេ​យ៉ាង​ខ្លាំង​ រហូត​ដល់​ប្រជា​ជន​ទី​បេ​លើក​ដំកើង​ថា​ជា​ព្រះ​ម៉ែ​ម្ចាស់​រហូត​ដល់​បច្ចុប្បន្ន​។

   ព.ស. ១២១៤ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ចៅ​កៅ​ចុង​ ភិក្ខុ​ចិន​នាម​ តៅ​ស៊ួន​ ជា​អ្នក​ផ្តើម​និកាយ​វិន័យ​បាន​​ដល់​អនិច្ច​ធម្ម​ និង ក្នុង​ឆ្នាំ​ជា​មួយ​គ្នា​នេះ​ ភិក្ខុ​អ៊ី​ចីង​ (ង៉ី​ចេង​) ចេញ​ចារិក​ទៅ​ប្រទេស​ឥណ្ឌា ​ហើយ​សំណាក់​នៅ​កោះ​សុមាត្រា​ជា​ច្រើន​ឆ្នាំ ​ត្រឡប់​មក​ដល់​ប្រទេស​ចិន​ក្នុង​ ព.ស. ១២៣៨ ​។ ព្រះ​នាង​ប៉ូ​ចែក​ធៀន​ ស្តេច​ទ្រង់​បាន​ចេញ​ទៅ​ទទួល​រហូត​ខាង​ក្រៅ​ទ្វារ​ព្រះ​រាជ​វាំង​​។ ភិក្ខុ​អ៊ីចីង​និយាយ​បាន​យ៉ាង​ច្រើន​ភាសា​ ប្រែ​គម្ពីរ​ព្រះ​វិន័យ ​និង​ ព្រះ​សូត្រ​ ហើយ​និពន្ធ​សៀវ​ភៅ​រឿង “ប្រវត្តិ​ព្រះ​សង្ឃ​ចិន​ចារិក​ទៅ​កាន់​ប្រទេស​ឥណ្ឌា​” និង​ “ពិធី​កម្ម​ខាង​ព្រះ​ពុទ្ធ​សាសនា​ក្នុង​កោះ​ក្បែរ​សមុទ្រ​ខាង​ត្បូង​” ព្រះ​អង្គ​បាន​ទទួល​អនិច្ច​ធម្ម​ក្នុង ព.ស. ១២៥៥ ។

    ព.ស. ១២១៨ ព្រះភិក្ខុវ៉ើយឡាង ឬ​ហ៊ុយ​ណើង​ បាន​ទទួល​ដំណែង​ជា​ប្រមុខ​ អង្គទី ​៦ នៃ​និកាយ​សេន​ ហើយ​ទទួល​អនិច្ច​​ធម្ម​ក្នុង​ ព.ស.១២៥៥ (ក្នុង​ឆ្នាំ​ជា​មួយ​ភិក្ខុ​អ៊ី​ចីង)​
   ព.ស. ១២៥២ ព្រះ​បាទ​តុង​ចុង សព្វ​​ព្រះ​​រាជ​​ហ​ឫ​ទ័យ​ ឲ្យ​មាន​ការ​ប្រឡង​ជ្រើស​រើស​អ្នក​ដែល​នឹង​បួស ជា​គ្រា​ដំបូង​ ហើយ​ត​មក​ក្នុង​ ព.ស.១២៥៨ ព្រះ​បាទ​ហៀន​ចុង​ ក៏​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មិន​មាន​សិក្សា​បរិ​យត្តិ​ធម៌ លា​ចាក​សិក្ខា​បទ​ ១២,០០០ អង្គ​ ព្រោះ​មាន​អ្នក​បួស​ដើម្បី​គេច​វេះ​ការ​ងារ​ជា​ច្រើន​ ហើយ​ទ្រង់​ហាម​ការ​កសាង​វត្ត​ សាង​ព្រះ​ពុទ្ធ​រូប​ និង​ ការ​បោះ​ពុម្ព​ព្រះ​សូត្រ​ ដោយ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ (ត​មក​ក្នុង ព.ស. ១៣០៤ អ្នក​ដែល​ នឹង បួស​ត្រូវ​សូត្រ​ព្រះ​សូត្រ​បាន​ ១០០០ ទំព័រ​ ឬ​បង់​ថ្លៃ​បួស​ឲ្យ​ហ្លួង​ (ព្រះ​រាជា​) ១០០,០០០ អី​ប៉េះ)​

    ព.ស.១២៦០ សព្វ​​ព្រះ​រាជ​ហឫទ័យ​ទទួល​ស្វាគមន៍​ ព្រះ​ភិក្ខុ​សង្ឃ សុភ​ការ​សីង្ហ​ នៃ​និកាយ​មន្ត្រៈ​យាន​ ដែល​និ​មន្ត​មក​ពី​ប្រទេស​ឥណ្ឌា​ ចូល​មក​សំណាក់​អាស្រ័យ​ក្នុង​ព្រះ​រាជ​វាំង​ ទ្រង់​តែង​​តាំង​ជា​ប្រមុខ​សង្ឃ​ ក្រោយ​ពី​នេះ​ ក៏​មាន​ព្រះ​ភិក្ខុ វច្ចរ​ពោធិ​ និង អមោក្ខ​វច្ចរ ជួយ​ជា​កម្លាំង​ ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ត​មក​ទៀត​ ជា​ហេតុ​នាំ​ឲ្យ​និកាយ​មន្ត្រៈ​យាន​ចាប់​ផ្តើម​រីក​ចំរើន​ សាយ​ភាយ​ ​។

   ព.ស. ១៣៧៤ ក្នុង​រជ្ជកាល​ ព្រះ​បាទ​ប៊ុន​ចុង​ មាន​ហេតុ​ការណ៍​គួរ​អោយ​ចាប់​អារម្មណ៍​គឺ​ មាន​ព្រះ​ រាជ​បញ្ជា​អោយ​ភិក្ខុ​ និង ​ ភិក្ខុនី​ ដែល​បួស​ដោយ​មិន​បាន​ទទួល​ការ​អនុញ្ញាត​អំពី​រាជ​ការ​ បណ្តាក់​ពាក្យ​សូម​ជា​ថ្មី ​​។ ក្នុង​ករណី​នោះ​ មាន​ការ​ដាក់​ពាក្យ​សូម​ដល់​ទៅ​ប្រមាណ​ ៧០០,០០០ អង្គ​ បន្ទាប់​មក​ទៀត​ ក្នុង​ ព.ស. ១៣៨១ ទ្រង់​អនុញ្ញាត​អោយ​រាល់​វត្ត​មាន​ព្រះ​ វិហារ​បូជា​ព្រះ​ពោធិ​សត្វ​ អវលោ​កិ​តេ​ស្វារ​ រាល់​វត្ត​ ដែល​ជា​ប្រពៃ​ណី​រហូត​ដល់​បច្ចុបន្ន​។​

   ព.ស.១៣៨៥ ចាប់​ផ្តើម​​មាន​​ការ​​បំផ្លិច​បំផ្លាញ​ព្រះ​ពុទ្ធ​សាសនា​ ព្រោះ​ព្រះ​បាទ​ប៊ូចុង​ ទ្រង់​ជ្រះ​ថ្លា​លទ្ធិ​តៅ ទ្រង់​តែង​តាំង​អ្នក​បួស​តៅ​ជា​សេនា​បតី​ ហើយ​ដាក់​ផែន​ការ​បំផ្លាញ​ដោយ​ចាប់​ផ្តើម​អោយ​ មាន​ចោទ​ឆ្លើយ​បញ្ហា​ចំពោះ​ព្រះ​ភត្ត្រ​ ក្នុង​រាង​បល្ល័ង្គ​។ រវាង​ព្រះ​សង្ឃ និង អ្នក​បួស​តៅ ​ក្នុង ​ព.ស. ១៣៨៩ តែ​ភាគី​តៅ​បរាជ័យ​ មិន​សព្វ​ព្រះ​ទ័យ​ ទើប​ទ្រង់​ចាត់​ការ​ដោយ​ព្រះ​អង្គ​ឯង​ គឺ​ អោយ​ភិក្ខុ និង ភិក្ខុនី​ លា​ចាក​សិក្ខា​បទ ២៦០,០០០​អង្គ​។ រឹប​អូស​ដី​ធ្លី​ របស់​សង្ឃ បំផ្លាញ​វត្ត​ ព្រះ​ពុទ្ធ​រូប​ ដុត​គម្ពីរ​ជា​ដើម​ ជា​ហេតុ​ធ្វើ​អោយ​ព្រះ​ពុទ្ធ​សាសនា​ទ្រុឌ​ទ្រោម​តាំង​ពី​ពេល​នោះ​ មក​រាប់​រយ​ឆ្នាំ​ (ការ​បំផ្លិច​បំផ្លាញ​ ខណៈ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រង​ ដោយ​នៅព​.ស.១៣៩១ ព្រះ​បាទ​សួន​ចុង​ទ្រង់​ហាម​ការ​បំផ្លិច​បំផ្លាញ​វត្ត​ នាំ​ប្រមុខ​លទ្ធិ​តៅ​ជា​មួយ​ ពួក​បង្ករ​ការ​អុក​ឡុក​ទៅ​ប្រហារ​ជីវិត​ និង ​អនុញ្ញាត​អោយ​មាន​ការ​បំបួស​សា​ជា​ថ្មី​ ដោយ​ការ​ ប្រឡង​ចំណេះ​ដឹង​ លិខិត​អនុញ្ញាត​អោយ​ និង​ អនុញ្ញាត​​មាន​ការ​ជួស​ជុល​វត្ត​អារាម​ ជា​ពិសេស​វត្ត​ធំ​)

៧. សម័យប្រាំរាជវង្ស ឬ ង៉តូវ (ព.ស. ១៤៥០-១៥០៣)
    ព.ស. ១៤៥៩ មាន​ភិក្ខុមួយ​អង្គ​ លក្ខណៈ​ធាត់​រួស​រាយ​ ចារិក​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ គ្រា​ដែល​ទទួល​អនិច្ច​ធម្ម​ មាន​អ្នក​ជឿ​ថា​ ព្រះ​អង្គ​ជា​ព្រះ​មេ​ត្តេយ្យ​ពោធិ​សត្វ​ ធ្វើ​ឲ្យ​កើត​ការ​និយម​សាង​ រូប​របស់​ព្រះ​អង្គ​ធាត់​ សម្បូរណ៍ ​រួស​រាយ​ កាន់​យាម​មួយ​ទុក​នៅ​មុខ​វត្ត​ចិន​ គោរព​ថា​ជា​ភិក្ខុ​ដែល​ផ្តល់​នូវ​សេច​ក្តី​សុខ​ ធន​ធាន​ និង​ បុត្រ​។

  ;  ព.ស. ១៤៩៩ មាន​ការ​ទំលាយ​ព្រះ​ពុទ្ធ​សាសនា​ជា​គ្រា​ធំ​ម្តង​ទៀត​ ដោយ​ព្រះ​បាទ​ស៊ី​ចុង​នៃ​រដ្ឋ​ចិវ​ ទ្រង់​ហាម​ឃាត់​ការ​សាង​ព្រះ​ផ្នួស ហើយ​រឹប​អូស និង រំសាយ​បំផ្លាញ​វត្ត​ដែល​មិន​មាន​ព្រះ​បរម​រាជ​ឱង្ការ​អនុញ្ញាត​ឲ្យ​កសាង​ ប្រមូល​យក​ព្រះ​ពុទ្ធ​រូប​តាម​វត្ត​ទៅ​ធ្វើ​ជា​រូបិយ​ប័ណ្ណ និង បញ្ជា​ឲ្យ​រាស្រ្ត​លក់​ព្រះ​ពុទ្ធ​រូប និង គ្រឿង​បូជា​ដែល​ធ្វើ​អំពី​មាស​ក្រហម​ដល់​រាជ​ការ​ទាំង​អស់​។

៨ សម័យរាជវង្សសុង ឬសង(ព.ស.១៥០៣ ដល់ ១៨២៣)
    ព.ស.១៥០៤ : ព្រះ​បាទ​កៅ​ចៅ ទ្រង់​បាន​ចាប់​ផ្តើម​ស្តារ​ឡើង​វិញ​នូវ​ព្រះ​ពុទ្ធ​សាសនា ទ្រង់​បញ្ជូន​រាជ​ទូត​ ទៅ​អារាធ​នា​គម្ពីរ​ព្រះ​សូត្រ​អំពី​ប្រទេស​កូរ៉េ​ និង​ ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ព.ស.​១៥១៦ ទ្រង់​អោយ​ឆ្លាក់​អក្សរ​ព្រះ​ត្រៃ​បិដក​លើ​ផ្ទាំង​ឈើ រួម​មាន​ ១៣០.០០០ ផ្ទាំង​ ក្រោយ​ពី​នោះ​មក មាន​អ្នក​ដែល​ ប្រកប​ដោយ​គុណ​សម្បត្តិ​ ចូល​បួស​ច្រើន​ឡើង​ ការ​សិក្សា​ព្រះ​ធម៌​វិន័យ​ក៏​ចំរើន​ឡើង​ មាន​ព្រះ​សង្ឃ​ទ្រង់​ចារឹក​មក​ពី​ប្រទេស​ឥណ្ឌា​ ​និង ​មាន​ព្រះ​សង្ឃ​ចិន​មក​ពី​ប្រទេស​ឥណ្ឌា​ក៏​ច្រើន​ឡើង​ដែរ​ កែ​ទម្រង់​ប្រ​ពៃណី ពិធី​កម្ម និង ជម្រុញ​ការ​ប្រតិ​បត្តិ​ធម៌​ ឃើញ​ថា​ក្នុង​ ព.ស.១៥៧៨ (រជ្ជ​កាល​ព្រះ ​បាទ​យិន​ចុង) មាន​ភិក្ខុ​៣៨០.០០០​អង្គ ភិក្ខុនី ៤៨.០០០​អង្គ​។
    ព.ស.១៦១២ រាជ​ការ​ចាប់​ផ្តើម​ស្វែង​រក​ប្រាក់​ចំណូល​អំពី​ការ​បួស​ព្រះ​សង្ឃ​ ដោយ​ការ​លក់​ប័ណ្ណ​ឧប​សម្បទា​ ធ្វើ​អោយ​ការ​បួស​ជា​ការ​ជំនួញ​ អ្នក​មាន​សទ្ធា​តែ​មិន​មាន​ប្រាក់​ក៏​មិន​មាន​ឱកាស​បួស​ ជា​ហេតុ​មួយ​នៃ​ភាព​អន់​ថយ​ដល់​ការ​សិក្សា​ព្រះ​ធម៌​វិន័យ​ បន្ទាប់​មក​នៅ​ព.ស. ១៦៨៩ ព្រះ​សង្ឃ​ត្រូវ​បង់​ពន្ធ​គ្រប់​អង្គ​ វៀរ​លែង​តែ​អាយុ​គម្រប់​ ៦០​ឆ្នាំ ឬ​ ពិការ និង នៅ​ព.ស. ១៦៩៥ ក៏​នៅ​អោយ​នាំ​មក​នូវ​ភោគ​ផល​ ដែល​បាន​មក​អំពី​ស្រែ​ចំការ​របស់​វត្ត​ទៅ​បំរុង​សាលា​រៀន​របស់​ស្តេច​ជំនួស​វិញ​។​
    ព.ស.១៦៦១ ព្រះ​បាទ​ហ៊ុយ​ចុង​ទ្រង់​មាន​សទ្ធា​ចំពោះ​លទ្ធិ​តៅ​យ៉ាង​ខ្លាំង​ ទ្រង់​គាប​សង្កត់​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បញ្ជា​អោយ​រាល់​ស្រុក​សាង​សង់​ខ្ទម​អ្នក​តា​របស់​តៅ ផ្លាស់​ប្តូរ​វត្ថុ​ដែល​ទាក់​ទង​ព្រះ​ពុទ្ធ​សាសនា​ ដូច​ជា​ហៅ​ព្រះ​ពុទ្ធ និង ព្រះ​ពោធិ​សត្វ​ជា “សៀន” ប្តូរ​ឈ្មោះ​វត្ត​ជា​ឈ្មោះ​ខ្ទម​អ្នក​តា ប្រគេន​គ្រឿង​ប្រ​ដាប់​ព្រះ​ពុទ្ធ​រូប​ជា​បែប​តៅ​ រហូត​មក​ទល់ ព.ស.១៦៦៥ ទើប​ទ្រង់​មេត្តា​ អោយ​ព្រះ​ពុទ្ធ​សាសនា​ត្រឡប់​មក​ជា​ភាព​ដើម​វិញ​ គឺ​ស្រែ​ចំការ​ដែល​រឹប​យក​ទៅ​ សង​អោយ​វត្ត​វិញ​ និង នៅ​ចុង​ ព.ស. ១៦៦៨ ក៏​អោយ​ឈប់​ជំនឿ​លទ្ធិ​តៅ​វិញ​។​
    ព.ស. ១៦៨៧ នៅក្នុង​រាជ​កាល​ព្រះ​បាទ​កៅ​ចុង​ ព្រះ​សង្ឃ​ហួប​ហុន​ រៀប​រៀង​សៀវ​ភៅ​ស័ព្ទ​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​យ៉ាង​ច្រើន និង​ ប្រើ​ប្រាស់​ផ្សព្វ​ផ្សាយ​មក​ដល់​បច្ចុប្បន្ន​កាល​ពី​មុន​នោះ​ ធ្លាប់​មាន​ភិក្ខុ​ជា​ព្រឹទ្ធា​ចារ្យ​រៀប​រៀង​សៀវ​ភៅ​សំខាន់​ ស្រដៀង​គ្នា​មក​រួច​ហើយ​ជា​ច្រើន​គ្រា​ ហៅ​ឈ្មោះ​ថា​ “ការ​បញេ្ចញ​សំឡេង​ ​និង អត្ថ​ន័យ​របស់​ស័ព្ទ​ ក្នុង​ព្រះ​ត្រៃ​បិដក​” គឺ​នៅ​ ព.ស.១៣៥១ ចំនួន​ ១០៣ ក្បាល នៅ ​ព.ស.១៤៨៣ ចំនួន​៤៨០​ ក្បាល និង​ នៅ​ ព.ស.១៥១២ ហៅ​ថា “ស័ព្ទ​ក្នុង​ព្រះ​ត្រៃ​បិដក​” ៦៦០​ក្បាល​។ ពោល​ដោយ​សរុប​ នៅ​ក្នុង​រាជ​វង្ស​នេះ​ ព្រះ​មហា​ក្សត្រ និង​ អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត្យ​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ល្អ​ ព្រះ​ពុទ្ធ​សាសនា​បាន​ស្តារ​ឡើង​មក​វិញ​យ៉ាង​សម​គួរ​ដែរ​ តែ​ព្រោះ​អាស្រ័យ​អ្នក​រាជ​ការ​រវល់​តែ​កង្វល់​ដល់​ការ​រក​ប្រាក់​អំពី​វត្ត​ ដើម្បី​ប្រើ​ប្រាស់​ការ​ពារ​រាជ​វង្ស​អំពី​សត្រូវ​ ទើប​សេចក្តី​រីក​ចំរើន​មិន​បាន​មាន​តាម​ការ​គួរ​។​

៩. សម័យរាជវង្សងួន ឬ យ៉ួន (ព.ស.១៨២៣ ដល់ ១៩១១)
   ព.ស. ១៨០២ ដល់ ១៨៣៧ រជ្ជ​កាល​ព្រះ​បាទ​ស៊ីចូ​ ឬ យុង​យ៉ី​ខាន​ ទ្រង់​បាន​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ ដូច​ជាទ្រង់ព្រះ​មេត្តា​អោយ​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ឡើង​ជា​ថ្មី​ បញ្ចប់​ការ​យក​ពន្ធ​ដារ​ពី​វត្ត​ជា​ដើម​ ជា​ពិសេស​ទ្រង់​លើក​ស្ទួយ​ព្រះ​សង្ឃ​លាមៈ ​ដោយ​គោល​បំណង​ដើម្បី​ផល​ប្រយោ​ជន៍​ខាង​ការ​គ្រប់​គ្រង​ជា​សំខាន់​តែ​ប៉ុណ្ណោះ​ ទើប​ផល​មិន​ល្អ​ដល់​ព្រះ​ពុទ្ធ​សាសនា​ប៉ុន្មាន​ឡើយ​ ទោះ​បី​ក្សត្រ​អង្គ​បន្ទាប់​មក​ក្នុង​រាជ​វង្ស​ងួន​ក៏​នៅ​ប្រកាន់​ខ្ជាប់​នយោ​បាយ​យ៉ាង​នេះ​។