ព្រះពុទ្ធសាសនានៅប្រទេសកម្ពុ​ជា

ថ្ងៃសៅរ៍ ទី15.មិថុនា 2019.ម៉ោង 6:55

ព្រះពុទ្ធសាសនានៅប្រទេសកូរ៉េ

    ប្រមាណ ១៦០០ ឆ្នាំ​កន្លង​ទៅ​ហើយ​ នៅ​ពេល​ដែល​ប្រទេស​ចិន​បែក​បាក់​ជា​ក្រុម​ផ្សេង​ៗ រួម​ដល់​ទៅ​ ១៦​រដ្ឋ​។ គ្រា​នោះ ឈូង​​សមុទ្រ​កូរ៉េ ​ប្រកប​ដោយ​អាណា​ចក្រ​ធំ​ៗ ៣​អាណា​ចក្រ​ គឺ​ អាណា​ចក្រ​ កោគុ​រិ​អូ​ ប៉ីកៈ​ជេ​ និង​ សិល្លា​។ អាណា​ចក្រ​ទាំង​ ៣​នេះ បាន​ប្រកួត​ប្រ​ជែង​ដណ្តើម​អំណាច​ ​និង ​ធ្វើ​សង្រ្គាម​ដាក់​គ្នា​ដើម្បី​ដណ្តើម​ភាព​ជា​ធំ​ ក្នុង​ទង្វើ​នេះ​ អាណា​ចក្រ​កោ​គុ​រិ​អូ បាន​ដំណើរ​សម្ព័ន្ធ​មេត្រី​វិទេ​សោ​បាយ​ជា​មួយ​អា​ណា​ចក្រ​ចៀន​ចីន​ ជា​អាណា​ចក្រ​មួយ ក្នុង​ចំណោម​អាណា​ចក្រ​ចិន​ទាំង​ ១៦​រដ្ឋ​ និង ​បាន​ទទួល​ការ​ឧបត្ថម្ភ​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​រដ្ឋ​ផ្សេង​ៗ​។

    គ្រា​មួយ​អាណា​ចក្រ​កោ​គុរិ​អូ (ហៅ​ម្យ៉ាង​ទៀត​ថា​ កូម៉ា​) គង់​មាន​សង្ឃឹម​ថា​ ពង្រឹង​សម្ព័ន្ធ​មេត្រី​នោះ​ឲ្យ​មាន​ភាព​រឹង​មាំ​ឡើង​ថែម​ទៀត​ ទើប​បាន​បញ្ជូន​រាជ​ទូត​ទៅ​កាន់​ រាជ​សំណាក់​ចៀន​ចិន​ ក្រាប​ទូល​សូម​អារា​ធនា​ព្រះ​ភិក្ខុ​សង្ឃ​ ទៅ​ប្រោស​សត្វ​នៅ​អាណា​ចក្រ​កោគុ​រិ​អូ​។​ ព្រះ​តេជ​គុណ​សា​សន​ទុន​ស៊ុន​តៅ​ បាន​និមន្ត​មក​ផ្សព្វ​ផ្សាយ​ពុទ្ធ​ធម៌​ នៅ​ដែន​ដី​ដែល​ក្នុង​បច្ចុប្បន្ន​ហៅ​ថា​ កូរ៉េ​ ព្រម​ជា​មួយ​ព្រះ​គម្ពីរ​ និង​ ព្រះ​ពុទ្ធ​រូប​ជា​ដើម​ ដែល​ជា​សក្ការៈ​វត្ថុ​ដ៏​សំខាន់​នៃ​ព្រះ​ពុទ្ធ​សាសនា​។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពុទ្ធ​ស័ក​រាជ​ កន្លង​ទៅ​បាន​ ៩១៥​ឆ្នាំ ចាត់​បាន​ថា​ ជា​​ចំណុច​ចាប់​ផ្តើម​នៃ​ប្រវត្តិ​សាស្រ្ត​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​ប្រ​ទេស​កូរ៉េ​។

    ពុទ្ធ​ធម៌​ដែល​ព្រះ​សាសន​ទូត​បាន​នាំ​ចូល​មក​ផ្សព្វ​ផ្សាយ​ បាន​រីក​សាយ​ភាយ​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កូរ៉េ​ ​និង​ បាន​ទទួល​សេច​ក្តី​គោរព​យ៉ាង​លឿន​ ក្នុង​រយៈ​វេលា​ត្រឹម​តែ​ ២០​ឆ្នាំ​ ក៏​បាន​ឃើញ​ផល​ច្បាស់​ប្រាកដ​ នៃ​ការ​ប្រតិស្ឋាន​ភាព​សន្តិ​សុខ​របស់​ព្រះ​ពុទ្ធ​សាសនា​ ដោយ​សម្តែង​ឲ្យ​ឃើញ​ក្នុង​រូប​ភាព​នៃ​វត្ថុ​ ត្រឹម​តែ​ក្នុង​រដ្ឋ​ធានី​មួយ​កន្លែង​ មាន​វត្ត​ពុទ្ធ​សាសនា​ដល់​ទៅ​ ៩​វត្ត​។​

    នៅ​ពេល​ដែល​ព្រះ​ពុទ្ធ​សាសនា ​ផ្សាយ​ចូល​មក​កាន់​អាណា​ចក្រ​កោ​គុរិ​អូ​បាន​ប្រមាណ ​១៣​ឆ្នាំ​ហើយ​ ផ្នែក​ខាង​អាណា​ចក្រ​ប៉ីកៈ​ជេ​ (ហៅ​ម្យ៉ាង​ទៀត​ថា កុដារា)​ ក៏​បាន​ស្វា​គមន៍​ទទួល​ព្រះ​ជន​ជាតិ​ឥណ្ឌា​នាម​ថា​ មរនន្ទៈ​ ចូល​ទៅ​ផ្សព្វ​ផ្សាយ​ពុទ្ធ​ធម៌​ក្នុង​ដែន​ដី​របស់​ខ្លួន​​ខ្លះ​។ ព្រះ​ពុទ្ធ​សាសនា​ក្នុង​អាណា​ចក្រ​នេះ​ បាន​ចំរើន​រុង​រឿង​ឡើង​យ៉ាង​ច្រើន​ រហូត​ដល់​បាន​ក្លាយ​ជា​សាសនា​ប្រចាំ​ជាតិ​ ​និង ​បាន​បញ្ជូន​សាសន​ទូត​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ប្រទេស​ជប៉ុន​ តែ​វេលា​បន្ទាប់​មក​ គោល​ធម៌​ប្រៀន​ប្រដៅ​ ​និង ​ការ​បដិ​បត្តិ បាន​វៀច​វេ​ក្លាយ​ទៅ​ជា​លទ្ធិ​បែប​ពិធី​កម្ម​ផ្សេង​ៗ , យក​ចិត្ត​ទុក​ដាក់​ត្រឹម​តែ​ការ​កសាង​ ​និង​ ការ​ផ្សព្វ​ផ្សាយ​ ក្នុង​ដែន​ដី​ដទៃ​ រហូត​ដល់​អាណា​ចក្រ​អន់​ថយ​សាប​សូន្យ​ នៅ​ពេល​បន្ទាប់​មក​ ក៏​គង់​នៅ​សេស​សល់​ត្រឹម​តែ​សិល្បៈ​វត្ថុ​ ដូ​ច​ជា​ព្រះ​ពុទ្ធ​រូប​ ចេតិយ ​និង វត្ត​វា​អារាម​ជា​សក្ការៈ​ជា​​ដើម​។​

    ផ្នែក​ខាង​អាណា​ចក្រ​សិល្លា​ (ហៅ​ម្យ៉ាង​ទៀត​ថា​ ជិរាគិ)​ មេ​ដឹក​នាំ​ព្រះ​ពុទ្ធ​សាសនា​ចូល​ទៅ​ មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ប្រទេស​ជាតិ​ដូច​ជា​អាណា​ចក្រ​ទាំង​ពីរ​ខាង​ដើម​នោះ​ទេ​ គ្រាន់​តែ​កើត​ចេញ​ពី​ជំនឿ​របស់​ប្រជា​ជន​ ដែល​ផ្សាយ​ចេញ​ទៅ​ជា​ហេតុ​ជម្រុញ​។ តាម​តម្រា​ពេល​ថា​ ព្រះ​សង្ឃ​ចិន​ព្រះ​​នាម​ថា​ អាតៅ​ បាន​និមន្ត​មក​កាន់​អាណា​ចក្រ​កោ​គុ​រិអូ​ ហើយ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ដល់​ប្រជា​ជន​។​ ដំបូង​អ្នក​មាន​សទ្ធា​ត្រូវ​រា​រាំង​ និង គា​ប​សង្កត់​យ៉ាង​ខ្លាំង​ តែ​ទី​បំផុត​ការ​ប្រើ​អំណាច​ ក៏​ត្រូវ​បាន​បរា​ជ័យ​ចំពោះ​សទ្ធា​ ដ៏​រឹង​មាំ​របស់​ប្រជា​ជន​ ព្រះ​មហា​ក្សត្រ​ ក៏​បាន​សម្រេច​ព្រះ​ទ័យ​បែរ​មក​ឧបត្ថម្ភ​ គាំ​ទ្រ​ព្រះ​ពុទ្ធ​សាសនា​ រហូត​ដល់​ចាត់​ជា​សាសនា​ប្រចាំ​ជាតិ​ ដោយ​សម្លឹង​មើល​ឃើញ​នូវ​ប្រយោជន៍​ជា​នយោ​បាយ​នៃ​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ ដើម្បី​សាង​នូវ​ភាព​រួប​រួម​រឹង​មាំ​ ​និង​ ភាព​ចំរើន​រុង​រឿង​ដល់​ប្រជា​ជាតិ​ ព្រោះ​ពាក្យ​ប្រៀន​ប្រដៅ​ផ្នែក​ខាង​ព្រះ​ពុទ្ធ​សាសនា​ ជា​គ្រឿង​ផ្តល់​ការ​សិក្សា​ដល់​ប្រជា​ជន​ ​និង​ ជា​គ្រឿង​លើក​ស្ទួយ​ចិត្ត​គំនិត​ប្រជា​ជន​ សាង​ភាព​សាមគ្គី​ព្រម​ព្រៀង​ឡើង​នៃ​ជាតិ​ ។

    កាល​បន្ទាប់​មក​ ពុទ្ធ​ស័ក​រាជ​កន្លង​ទៅ​ ១២០០​ឆ្នាំ អាណា​ចក្រ​សិល្លា​ បាន​ទទួល​ជ័យ​ជំនះ​ បង្រួប​បង្រួម​អាណា​ចក្រ​ទាំង​៣​ ចូល​តែ​មួយ​។ ខ​នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​ការ​ចំបាច់​ដែល​ នឹង​ត្រូវ​សាង​មូល​ដ្ឋាន​ ដែល​នឹង​ទ្រ​ទ្រង់​នូវ​ឯក​ភាព​គ្នា​ដើម្បី​សន្តិ​សុខ​របស់​ប្រទេស​ជាតិ​ ដោយ​ឲ្យ​មាន​ភាសា​និយាយ​តែ​មួយ​ ​និង​ មាន​សាសនា​សំរាប់​ជា​គោល​សទ្ធា​ ​និង ទស្សន​គតិ​តែ​មួយ​ ទោះ​បី​ភារៈ​កិច្ច​ទាំង​នេះ​ ក៏​ត្រូវ​អាស្រ័យ​ព្រះ​ភិក្ខុ​សង្ឃ​ជា​អ្នក​ដំណើរ​ទៅ​ទស្សនា​សំណាក់​ ​និង​ វត្ត​សំខាន់​ៗ ទូ​ទាំង​ ៣​អាណា​ចក្រ​ខាង​ដើម​ បាន​រួប​រួម​នាំ​យក​គម្ពីរ​ និង​ តម្រា​ផ្សេង​ៗ​ មក​ចាត់​ទម្រង់​រូប​បែប​សា​ជា​ថ្មី​ ឲ្យ​សម្ព័ន្ធ​ចូល​ជា​របប​បែប​ផែន​តែ​មួយ​​។​

    នៅ​ពេល​ដែល​ប្រទេស​ជាតិ​រួម​ជា​បែប​ផែន​តែ​មួយ​រួច​ហើយ​ ព្រះ​ពុទ្ធ​សាសនា​ ​និង​ សិល្បៈ​វប្ប​ធម៌​ ក៏​រុង​រឿង​កាន់​តែ​ខ្លាំង​ឡើង​​។ ការ​សិក្សា​គោល​ធម៌​ក៏​បាន​រីក​សាយ​ភាយ​ចេញ​ទៅ​គ្រប់​ទិស​ ពុទ្ធ​សាស​និក​ជន​ក្នុង​ក្រុម​ តំបន់​នីមួយ​ៗ នាំ​គ្នា​សិក្សា​ព្រះ​ធម៌​ពី​តាម​អធ្យា​ស្រ័យ​ផ្សេង​គ្នា​។ ការ​សិក្សា​ ផ្តោត​សំខាន់​ក្នុង​ផ្នែក​ណា​ ក៏​ត្រូវ​ផ្តោត​សំខាន់​ការ​យល់​ដឹង​ក្នុង​ផ្នែក​នោះ​ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បំបែក​និកាយ​ផ្សេង​​ៗ​ ជា​ច្រើន​ ដោយ​សំខាន់​មាន​ ៥​និកាយ​ ដូច​ជា​ និកាយ​ដែល​សិក្សា​ជា​ពិសេស​ក្នុង​រឿង​ខ្លឹម​សារ​នៃ​និព្វាន​ ក៏​បាន​បែក​ចេញ​ជា​និកាយ​មួយ​ដែរ​​។ អ្នក​សិក្សា​ដែល​ផ្តោត​សំខាន់​ផ្នែក​ខាង​ព្រះ វិន័យ ក៏​បំបែក​ជា​និកាយ​វិន័យ​ជា​ដើម​។

    សិល្ប​កម្ម​ ​និង​ ស្ថា​បត្យ​កម្ម​ផ្សេង​ៗ ក៏​ចំរើន​រុង​រឿង​កើន​ឡើង​ ព្រះ​ភិក្ខុ​សង្ឃ មាន​ការ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ប្រទេស​ជាតិ​ ដោយ​ជួយ​ទំនុក​បំរុង​ឲ្យ​មាន​ភាព​រួប​រួម​ឲ្យ​រឹង​ប៉ឹង​ ផ្នែក​ខាង​ប្រទេស​​ជាតិ​ ក៏​បាន​ថ្វាយ​ការ​ឧបត្ថម្ភ​ដល់​ភិក្ខុ​សង្ឃ ដូច​ជា​ការ​រចនា​គម្ពីរ​សាសនា​ជា​ចំនួន​ច្រើន​ជាង​ ៥ម៉ឺន​ក្បាល​ជា​ដើម​។ ទោះ​បី​ការ​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ ១៦០០០​ទំព័រ​ ដោយ​ការ​ចារឹក​នៅ​លើ​ផ្ទាំង​ឈើ​ ជា​របស់​ថ្មី​នៃ​ប្រវត្តិ​សាស្រ្ត​ ក៏​សម្រេច​បាន​ដោយ​ព្រះរាជឧបត្ថម្ភ​។ ភាព​ចំរើន​រុង​រឿង​របស់​ព្រះ​ពុទ្ធ​សាសនា​បាន​ប្រ​ព្រឹត្តិ​ទៅ​ដោយ​ល្អ​ រាប់​ចាប់​តាំង​ពី​ដែន​ដី​ដែល​បាន​បែង​ចែក​ជា​៣ អាណា​ចក្រ​ រហូត​ដល់​រួម​គ្នា​បាន​ក្នុង​អាណា​ចក្រ​សិល្លា​។

    តមក​ក្នុង ព.ស. ១៤៧៨ អាណា​ចក្រ​សិល្លា បរាជ័យ​ចំពោះ​ វាំង កន អ្នក​បង្កើត​រាជ​វង្ស​ នៅ​សង្គោ (បច្ចុប្បន្ន កី សង ) និង ​ស្ថាប​នា​ដែន​ដី​កូរ៉េ​ ក្នុង​នាម​ថ្មី​ថា អាណា​ចក្រ​កូរិ​អូ (Koryo) ដែល​ជា​កំណើត​នែ​ពាក្យ​ថា កូរ៉េ (Korea) បច្ចុប្បន្ន​រហូត​ដល់​រាជ​វង្ស​នេះ​។ ផែន​ដី​នេះ មិន​សូវ​មាន​ភាព​សុខ​ស្ងប់ ​និង​ ភាព​ចំរើន​រុង​រឿង​ប៉ុន្មាន​ទេ​ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​ ព្រះ​ពុទ្ធ​សាសនា​ក៏​ឋិត​នៅ​យ៉ាង​គង់​វង់​អស់​រយៈ​កាល​ ៤៥៧​ឆ្នាំ​។

    នៅ​ពុទ្ធ​សក​រាជ​កន្លង​ទៅ​ហើយ​បាន​ ១៩៣៥​ឆ្នាំ ផែន​ដី​កូរ៉េ​បាន​ប្តូរ​រាជ​វង្ស​ថ្មី​ មួយ​វារៈ​ទៀត​ រាជ​វង្ស​សោសន​ប្រាថ្មា​ នឹង​ស្តារ​លទ្ធិ​ ខុងជឺ ឲ្យ​ទៅ​ជា​សាសនា​ប្រចាំ​ជាតិ​ ទើប​គាប​សង្កត់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ រហូត​ដល់​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ ចាំ​បាច់​ត្រូវ​គេច​ខ្លួន​នៅ​ស្ងប់​ស្ងៀម​តាម​ជន​បទ​ និង ព្រៃ​ភ្នំ​ ក្នុង​រយៈ​វេលា​យ៉ាង​យូរ​រហូត​ដល់​ទៅ​ ៥១៨​ឆ្នាំ​ នៃ​រាជ​វង្ស​នេះ​, មាន​ការ​ឈ្លាន​ពាន​ពី​បរ​ទេស​ គឺ ជន​ជាតិ​ចិន​ និង​ ជប៉ុន​ បើ​ទោះ​បី​ព្រះ​សង្ឃ​មាន​តួ​នាទី​ ក្នុង​ការ​ពារ​ប្រទេស​ជាតិ​ ដល់​ថ្នាក់​ ចេញ​ជួយ​ប្រយុទ្ធ​ ​និង​ ឋិត​នៅ​ក្នុង​យាម​ស្ងប់​ នឹង បាន​ជួយ​សង្រ្គោះ​សង្គម​ផ្សេង​ៗ​ ជា​ការ​ជួយ​ប្រទេស​ជាតិ​យ៉ាង​ច្រើន​ ប៉ុន្តែ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​រាជ​វង្ស​បែរ​មក​ទ្រង​ទ្រង់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ពិត​ប្រាកដ​នោះ​ឡើយ​ រហូត​ដល់​រាជ​វង្ស​នេះ​មាន​ព្រះ​មហា​ក្សត្រ​ត្រឹម​តែ​ពីរ​ព្រះ​អង្គ គឺ ព្រះ​បាទ សេ​សង​ អង្គ​បង្កើត​អក្សរ​កូរ៉េ​ និង ព្រះ​បាទ​សេចូ​ ប៉ុណ្ណោះ​ ដែល​បាន​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​ការ​ចាត់​ឲ្យ​មាន​ការ​ប្រែ​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ ពី​ភាសា​ចិន​មក​ជា​ភាសា​កូរ៉េ​។​ ព្រះ​មហា​ក្សត្រ​ដទៃ​ក្រៅ​ពី​នេះ​ ទាំង​មុន​ និង ក្រោយ​ ទ្រង់​សុទ្ធ​សឹង​តែ​គាប​សង្កត់​ព្រះ​ពុទ្ធ​សាសនា​ទាំង​អស់​។ ព្រះ​ភិក្ខុ​សង្ឃ​ ទើប​គ្រាន់​តែ​បំពេញ​តួ​នាទី​រក្សា​ពុទ្ធ​វចនៈ​ និង​ សិល្បៈ វប្ប​ធម៌​ ទុក​​ឲ្យ​បាន​ជា​កេរ្តិ៍​មត៌ក​បន្សល់​ទុក​ដល់​ជន​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ​។

    ក្នុង ព.ស. ២៤៥៣ ដែន​ដី​កូរ៉េ​បាន​ធ្លាក់​ទៅ​ជា​ចំណែក​មួយ​នៃ​ប្រទេស​ជប៉ុន​ រាជ​វង្ស​កូរ៉េ​ក៏​បាត់​បង់​​អស់​អំណាច​ទាំង​ស្រុង​។ ជប៉ុន​ក៏​បាន​ចេញ​ច្បាប់​បង្គាប់​បញ្ជា​គ្រប់​គ្រង​វត្ត​អារាម ​និង​ បាន​ព្យា​យាម​ក​សាង​ភាព​ទ្រុឌ​ទ្រោម​ឲ្យ​កើត​ឡើង​ដល់​គណៈ​សង្ឃ​ ដូច​ជា​ទំនុក​បំរុង​ព្រះ​សង្ឃ​ឲ្យ​មាន​គ្រួសារ​ ​និង​ ទ្រទ្រង់​ជីវិត​តាម​បែប​គ្រហស្ថ​ ទាំង​នេះ​ដើម្បី​ នឹង ទំលាយ​ស្មារតី​ជាតិ​និយម​ ដែល​វត្ត​ជួយ​រក្សា​នោះ​ឲ្យ​រលាយ​ទៅ​​ជា​នយោ​បាយ​លេប​ត្របាក់​ម្យ៉ាង​។​

    នៅ​​អាវ​សាន​នៃ​សង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​សូវៀត ​និង កង​ទ័ព​សហ​រដ្ឋ​អាមេ​រិក​ បាន​ចលនា​រុក​រាន​ចូល​មក​ក្នុង​ដែន​ដី​កូរ៉េ ​ក្នុង​ ព.ស.២៤៨៨​។ សូវៀត​បាន​ចូល​មក​ភាគ​ខាង​ជើង​ សហ​រដ្ឋ ចូល​ភាគ​ត្បូង​ ការ​គ្រប់​គ្រង​របស់​ប្រទេស​ជប៉ុន​បាន​បញ្ចប់​ ហើយ​ដែន​ដី​កូរ៉េ ក៏​ត្រូវ​បាន​បែង​ចែក​ចេញ​ជា ២​ចំណែក​គឺ​ កូរ៉េ​ខាង​ជើង​ និង កូ​រ៉េ​ខាង​ត្បូង​តាំង​ពី​ពេល​នោះ​មក​។

    ផ្នែក​ខាង​កូរ៉េ​ភាគ​ខាង​ត្បូង​ ភ្លាម​ៗ​ នោះ​ក៏​បាន​ទទួល​ឯក​រាជ្យ​ ពុទ្ធ​សាស​និក​ជា​ពិសេស​ព្រះ​ភិក្ខុ​សង្ឃ​ ក៏​បាន​ចាប់​ផ្តើម​ចលនា​ក្នុង​ការ​ជួយ​ជំរះ​កិច្ច​ការ​គណៈ​សង្ឃ​ឲ្យ​បាន​បរិសុទ្ធ​។ ភិក្ខុ និង ភិក្ខុនី (ហៅ​តាម​ប្រជា​ជន​កូរ៉េ​ហៅ​ឯង​)​ រាប់​ពាន់​អង្គ​បាន​ណាត់​ប្រជុំ​ធំ ​និង​ បាន​សម្រេច​ជា​ឯក្ក​ច្ឆន្ទ​នៅ​ខ​សំខាន់​ៗ គឺ ឲ្យ​បញ្ឈប់​ខ​បង្គាប់​បញ្ជា​ផ្សេង​ៗ​ ដែល​ទំនាស់​ដល់​ព្រះ​ពុទ្ធ​សាសនា​ ពង្រាង​ឡើង​ក្នុង​សម័យ​ជប៉ុន​គ្រប់​គ្រង​ទាំង​ស្រុង​ ឲ្យ​លើក​លែង​តំណែង​គ្រប់​គ្រង​គណៈ​សង្ឃ​ រួម​ទាំង​តំណែង​ខ្ពស់​ បំផុត​ដែល​ជាប់​ ត​មក​តាំង​តែ​សម័យ​ជប៉ុន​គ្រប់​គ្រង​ ឲ្យ​អ្នក​កាន់​តំណែង​ទាំង​នោះ​លា​លែង​ទាំង​អស់​ ឲ្យ​គណៈ​សង្ឃ​មាន​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ ​និង​ មាន​ការិយា​ល័យ​ឋិត​នៅ​រដ្ឋ​ធានី​ ក្នុង​ខេត្ត​ផ្សេង​ៗ​ បង្កើត​អោយ​សភា​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ ដោយ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​បង្គាប់​បញ្ជា​របស់​ការិ​យា​ល័យ​មជ្ឈឹម​ក្នុង​រដ្ឋ​ធានី​មួយ​ដំណរ​ទៀត​។ ការិ​យាល័យ​មជ្ឈិម​នេះ​ បាន​ចាត់​មហា​សន្និ​បាត​ម្តង​ទៀត​នៅ​ ព.ស.២៤៨៩ និង​ បាន​ពង្រាង​រដ្ឋ​ធម្ម​នុញ្ញ​គ្រប់​គ្រង​គណៈ​សង្ឃ​ច្បាប់​ថ្មី​ឡើង​ សំរាប់​ជា​គោល​ការណ៍​គ្រប់​គ្រង​គណៈ​សង្ឃ​ទាំង​ស្រុង​។ ការ​ជំរះ​គណៈ​សង្ឃ​ឲ្យ​បរិ​សុទ្ធិ​នោះ​ បាន​ប្រ​ព្រឹត្តិ​យ៉ាង​សកម្ម​ ទម្រាំ​ធ្វើ​ឲ្យ​គណៈ​សង្ឃ​កូរ៉េ​ជា​គណៈ​សង្ឃ​ដែល​បរិ​សុទ្ធិ​ ព្រះ​សង្ឃ​ប្រព្រឹត្តិ​ព្រហ្ម​ចារី​ មិន​មាន​គ្រួសារ​បាន​ ក៏​ត្រូវ​មាន​ការ​តស៊ូ​គ្នា​ រហូត​ដល់​ធ្លាក់​ខ្លួន​ស្លាប់​ក៏​មាន​។​ ការ​ជំរះ​គណៈ​សង្ឃ​ឲ្យ​បរិ​សុទ្ធិ​នេះ​ បាន​ចំណាយ​ពេល​យូរ​ ​និង​ សម្រេច​ជា​ស្ថាពរ​នៅ​ខែ​ មេសា​ ព.ស.​ ២៥០៥​​។​

    បច្ចុប្បន្ន គណៈ​សង្ឃ​កូរ៉េ​ជា​គណៈ​សង្ឃ​ដែល​ឈាន​មុខ​ទាន់​ហេតុ​ការណ៍​ ភ្ញាក់​រលឹក​គ្រប់​​ហេតុ​ការណ៍​ ព្រម​ នឹង កែ​ទម្រង់​ខ្លួន​ដើម្បី​សេច​ក្តី​ចំរើន​គង់​វង់​នៃ​សាសនា​។​ កិច្ច​ការ​ដែល​ព្រះ​សង្ឃ​កូរ៉េ​ចាប់​អារម្មណ៍​ និង​ បំពេញ​យ៉ាង​សកម្ម​បំផុត​នោះ​ មិន​មាន​ផ្នែក​ណា​ច្រើន​ជាង​ការ​សិក្សា​ ដែល​ជា​ការ​សម​ស្រប​ជា​មួយ​ភាគី​ជាតិ​​។ ការ​សិក្សា​ផ្នែក​វិជ្ជា​បង្គាប់​ក្នុង​ប្រទេស​កូរ៉េ​ទើប​មាន​ក្នុង​ ព.ស. ១៤៩២ តែ​ក្នុង​ ព.ស. ២៥១១ មាន​ស្ថិតិ​អ្នក​អាន​ ​និង សរ​សេរ​សៀវ​ភៅ​បាន​ដល់​ទៅ​ ៩៥%​ មាន​សាកល​វិទ្យា​ល័យ​ ដែល​ប្រកប​ដោយ​មហា​វិទ្យា​ល័យ​ ៦​គណៈ​ឡើង​ទៅ​រួម​ ២០​សាកល​វិទ្យា​ល័យ​។ មាន​វិទ្យា​ល័យ​ឯក​ជន​ផ្សេង​ៗ ៤៨​កន្លែង​ ដូច​ដែល​ប្រទេស​កូរ៉េ​មាន​ដែន​ដី​ត្រឹម​តែ​ ១៤​ខេត្ត​មាន​ប្រជា​ពល​រដ្ឋ​ដែល​ជំរឿន​នៅ​ ព.ស. ២៥០០ ប្រហែល ២២,៥០០,០០០ អ្នក​។​

មាន​តារាង​ស្ថិតិ​ទាក់​ទង​ នឹង ចំនួន​វត្ត ព្រះ​សង្ឃ និង ពុទ្ធ​សា​និក​ជន​ក្នុង​ប្រទេស​កូរ៉េ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដូច​ត​ទៅ​នេះ ​៖​
វត្តភិក្ខុសង្ឃប្រមាណ ១៤០០ វត្ត
វត្តភិក្ខុនីប្រមាណ ៣០០ វត្ត
រួមប្រមាណ ១៧០០ វត្ត
ភិក្ខុ និង សាមណេរ ៨៩២៥ អង្គ
ភិក្ខុនី និង សាមណេរី ៣៣២៦ អង្គ
រួមទាំងអស់ ១២២៥១ អង្គ
ឧបាសក ២,៦៥៨,៥៨២ នាក់
ឧបាសិកា ១,២២៧,៩១០ នាក់
រួមទាំងអស់ ៣,៨៨៦,៤៩២ នាក់

    ក្នុង​ចំនួន​ប្រជា​ពល​រដ្ឋ​កូរ៉េ​ ២២​លាន ៥​សែន​នាក់​នោះ ភាគ​ច្រើន​គោរព​ព្រះ​ពុទ្ធ​សាសនា​ ហើយ​បណ្តា​ពុទ្ធ​សាស​និក​ជន​ទាំង​នេះ​ បុគ្គល​ជា​ឧបាសក​ ឧបា​សិកា​ បាន​ដល់​ពុទ្ធ​សាស​និក​ដែល​មាន​សទ្ធា​មុះ​មុត​ ជា​សមាជិក​នៃ​អង្គ​ការ​ព្រះ​ពុទ្ធ​សាសានា​ទៀត​ផង​។ ការ​គ្រប់​គ្រង​គណៈ​សង្ឃ​នៃ​ប្រទេស​កូរ៉េ​ មាន​ព្រះ​សង្ឃ​រាជ​ជា​ប្រមុខ​ ​និង មាន​ប្រពន្ធ​ការ​ងារ​ប្រកប​ដោយ​ សមា​គម​សង្ឃ​ដែល​មាន​សមា​ជិក​ជា​តំណាង​ព្រះ​សង្ឃ ៥០​អង្គ​ ម្យ៉ាង​ទៀត​ គណៈ​កម្មា​ធិការ​សើប​អង្កេត​រក្សា​របៀប​វិន័យ​ ​និង​ ភាព​ស្ងប់​រៀប​រយ​មួយ​ក្រុម​ ​និង​ ព្រះ​ភិក្ខុ​សង្ឃ​ជា​អ្នក​គ្រប់​គ្រង​កិច្ច​ការ​ទូ​ទៅ​នៃ​ព្រះ​ពុទ្ធ​សាសនា​ ដែល​មាន​ព្រះ​ថេរៈ​ជា​អង្គ​ទ្រង់​តំណែង​ ប្រៀប​បាន​ជា​មួយ​ នឹង សង្ឃ​នា​យក​ ជា​ប្រធាន​មួយ​គណៈ​ទៀត​​។

    ក្នុង​ការ​គ្រប់​គ្រង​ព្រះ​ពុទ្ធ​សាសនា​ទាំង​ពួង​នេះ គណៈ​សង្ឃ​មាន​វត្ត​ជា​ការិ​យា​ល័យ​មជ្ឈិម​រួម​តែ​មួយ​កន្លែង​ គឺ វត្ត​ជោ​គេសា​។ ព្រះសង្ឃ​​ទ្រង់​តំណែង​គ្រប់​គ្រង​ ដើម​ឡើយ​គង់​នៅ​វត្ត​ណា​ក៏​ដោយ​ តែ​នៅ​ពេល​ដែល​បាន​ជា​ព្រះ​សង្ឃ​នាយក​ និង​ សង្ឃ​មន្ត្រី​ហើយ​ នឹង​ត្រូ​វផ្លាស់​ប្តូរ​មក​គង់​នៅ​ប្រចាំ​ការិយា​ល័យ​នា​វត្ត​ជោ​គេសា​នេះ​ទាំង​អស់​។ តំណែង​សម្តេច​ព្រះ​សង្ឃ​រាជ​ ចាត់​ជា​ដំណែង​ពិសេស​ ជា​ប្រមុខ​ដែល​គោរព​បូជា​របស់​ពុទ្ធ​សាស​និក​ មិន​មាន​នាទី​គ្រប់​គ្រង​ការ​ងារ​ដោយ​ត្រង់​ មាន​សិទ្ធិ​ពិសេស​ គឺ​នឹង គង់​នៅ​នា​វត្ត​ណា​ក៏​ដោយ​ និង ត្រូវ​ប្តូរ​ទៅ​គង់​នៅ​នា​វត្ត​ណា​មួយ​ក៏​ដោយ​តាម​ក្តី​ប្រាថ្នា​ មិន​បាន​ចាត់​ថា​ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ណាមួយ​ នៅ ព.ស. ២៥១១ សម្តេច​ព្រះ​សង្ឃ​រាជ​លីជុងដ័ម​ គង់​នៅ​នា​វត្ត​ទោ​ស៊ើន​ នៅ​លើ​ភ្នំ​ក្នុង​ក្រុង​ ស៊ីអូល​ មាន​ផ្លូវ​ពី​ជើង​ភ្នំ​ឡើង​ទៅ​ដល់​វត្ត​ប្រវែង​ប្រមាណ ២​គីឡូ​ម៉ែត្រ​។

    តំណែង​គ្រប់​គ្រង​ភិក្ខុនី​ វត្ត​នីមួយ​ៗ មាន​ភិក្ខុនី​ចៅ​អាវាស​ និង ចៅ​អាវាស​​គ្រប់​វត្ត​ ចំណុះ​ចំពោះ​អង្គការ​គ្រប់​គ្រង​របស់​គណៈ​សង្ឃ​ទាំង​អស់​ ដោយ​ន័យ​នេះ ការ​គ្រប់​គ្រង​ទាំង​ភាគី​ភិក្ខុ ​និង ភិក្ខុនី​ ទើប​រួម​ចូល​តែ​មួយ​។​ ក្នុង​ភ្នែក​ខាង​ការ​សិក្សា ក្រៅ​ពី​មាន​សាលា​រៀន​បរិយត្តិ​ធម៌​សំរាប់​បង្រៀន​ភិក្ខុ​ ភិក្ខុនី​ សាម​ណេរ និង សាម​ណេរី​ហើយ​ គណៈ​សង្ឃ​កូរ៉េ​ នៅ​មាន​ស្ថាន​ទី​សិក្សា​ផ្នែក​សាមញ្ញ​កំរិត​ផ្សេង​ៗ ដែល​បើក​ទទួល​អ្នក​រៀន​ប្រុស​ស្រី​ជា​ទូ​ទៅ​ផង​។ ស្ថាន​ប័ន​ទាំង​នេះ​ មាន​គ្រហស្ថ​ជា​អ្នក​គ្រប់​គ្រង​ ឋិត​តែ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ថែ​រក្សា​របស់​គណៈ​កម្មា​ធិការ​ផ្នែក​ខាង​ការ​សិក្សា​របស់​គណៈ​សង្ឃ​ ក្នុង​ព.ស. ២៥១១ ។ ស្ថា​ប័ន​សិក្សា​ទាំង​នេះ ចែក​ចេញ​ជា​ប្រភេទ​បាន​ដូច​ត​ទៅ​នេះ ​៖

សកលវិទ្យាល័យ និង វិទ្យាល័យ ៣ កន្លែង
សាលារៀនមធ្យមសិក្សា ១១ កន្លែង
សាលារៀនអនុវិទ្យាល័យ ១៦ កន្លែង
សាលារៀនបឋមសិក្សា ៣ កន្លែង
សាលារៀនមត្តេយ្យ ៧ កន្លែង

    សកលវិទ្យា​ល័យ​ពុទ្ធ​សាសនា​ ដ៏​ចាស់​បំផុត​របស់​ប្រទេស​កូរ៉េ​ មាន​នាម​ថា “ដុងកុក” បង្កើត​ឡើង​ នៅ ព.ស. ២៤៤៩ ។ បច្ចុប្បន្ន​មាន​អ្នក​សិក្សា​ប្រុស​ស្រី​ប្រមាណ ៦០០០ នាក់ មាន​ភិក្ខុ​សាម​ណេរ​សិក្សា​ (ដោយ​ឆ្ពោះ​ក្នុង​សកល​វិទ្យា​ល័យ​ព្រះ​ពុទ្ធ​សាសនា)​ ប្រមាណ ៦០​អង្គ ភិក្ខុនី ៧​អង្គ​។ មហា​វិទ្យា​ល័យ​ដុង​កុក​ ប្រកប​ដោយ​វិទ្យាល័យ​ផ្សេង​ៗ​ ៦ វិទ្យា​ល័យ ​និង​ មាន​សាខា​វិជ្ជា​ ២៧​សាខា ។

   នៅ ព.ស. ២៥០៧ គណៈ​សង្ឃ​កូរ៉េ​បាន​ចាប់​ផ្តើម​បង្កើត​គ្រោង​ការ​ប្រែ និង ចាត់​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ច្បាប់​ភាសា​កូរ៉េ​ ហៅ​ថា “មជ្ឈ​មណ្ឌល​ប្រែ​ព្រះ​ត្រៃ​បិដក​កូរ៉េ” ឋិត​ក្នុង​បរិ​វេណ​មហា​វិទ្យា​ល័យ​ដុង​កុក​ មាន​គណៈ​កម្មការ​ប្រែ ៦៥​នាក់​។ តាម​គ្រោង​​ការ​នេះ នឹង ​ចាត់​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ប្រែ​ជា​សៀវ​ភៅ ចេញ​   ក្នុង​មួយ​ខែ​មួយ​ក្បាល​ រួម​ទាំង ២៤០​ក្បាល​ ក្នុង​ពេល​ទាំង​អស់​ប្រមាណ ៤៥​ឆ្នាំ​។ បច្ចុប្បន្ន ព្រះពុទ្ធ​សាសនា​ក្នុង​ប្រទេស​កូរ៉េ​ ជា​បែប​និកាយ​សេន​ លាយ​លំ​ដោយ​សទ្ធា​ក្នុង​ព្រះ​អមិតាភៈ​ពុទ្ធ​ផង​ ព្រះ​មេត្តេយ្យ​ពោធិ​សត្វ​ផង​។

ព្រះពុទ្ធសាសនានៅប្រទេសចិន

    តាម​ប្រវត្តិ​សាស្រ្ត​ប្រទេស​ចិន​បាន​ពោល​ទុក​ថា​ ព្រះ​ពុទ្ធ​សាសនា​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​ប្រទេស​ចិន​តាំង​តែ​ពី​ ២១៧ ឆ្នាំ​មុន​គ្រឹស្ត​សករាជ​ (គឺ​ប្រហែល​ជា​ ព.ស. ៣២៦) ប៉ុន្តែ​ដោយ​ពិត​ទៅ​ភ័ស្តុ​តាង​ជា​ផ្លូវ​ការ​បាន​រក​ឃើញ​ថា​នៅ គ.ស. ៦៥ (ព.ស. ៦០៨) ស្តេច​ចក្រ​ពត្តិ​ ម៉ិង​តី​ នៃ​រាជ​វង្ស​ហ័ន​ ទ្រង់​បាន​បញ្ជូន​គណៈ​ទូត​ ១៨ ​នាក់​ទៅ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ នា​ប្រទេស​ខោ​តាន​ (បច្ចុប្បន្ន​ឋិត​នៅ​ភាគ​និរតី​ក្នុង​មណ្ឌល​ស៊ីន​កៀង នៃ​ប្រទេស​ចិន​ ក្នុង​សម័យ​បុរាណ​ ខោតាន ធ្លាប់​ជា​ដែន​ដី​ចំណែក​មួយ​របស់​ឥណ្ឌា​ ហើយ​ព្រះ​ពុទ្ធ​សាសនា​បាន​ចូល​មក​កាន់​ខោតាន​តាំង​តែ​ពី ២១៧ ឆ្នាំ មុន​គ្រឹស្ត​សក​រាជ)​ ក្រោយ​ពី​នោះ ២​ឆ្នាំ គណៈ​ទូត​ក៏​បាន​ត្រឡប់​មក​កាន់​ប្រទេស​ចិន​ ព្រម​ជា​មួយ​ព្រះ​ភិក្ខុ ២​អង្គ​ គឺ ភិក្ខុ​កាស្យ​បមា​តង្គៈ​ ជា​មួយ ភិក្ខុ ធម្ម​រក្សៈ​ និង​ គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​មួយ​ចំនួន​។ ព្រះ​ភិក្ខុ​ទាំង​ពីរ​អង្គ​ បាន​មក​គង់​នៅ​នា​វត្ត​ម៉ាខាវ​ (សេះ​ស) នៃ​ទី​ក្រុង​លោ​យ៉ាង (លុក​អៀង) និង បាន​ប្រែ​គម្ពីរ​ជា​ភាសា​ចិន​ជា​ច្រើន​គម្ពីរ​។

    ក្នុង​សម័យ​រាជ​វង្ស​ហ័ន​ ចាប់​ពី​ពេល​នោះ​មក (គ.ស. ៥៦-២២០) សូម្បី​ព្រះ​ពុទ្ធ​សាសនា​ នឹង បាន​ទទួល​សេច​ក្តី​គោរព​ សទ្ធា និង​ ការ​ឧបត្ថម្ភ​ទំនុក​បំរុង​ ប៉ុន្តែ​ក៏​នៅ​ចាញ់​ប្រៀប និង ត្រូវ​បាន​ជំទាស់​ពី​ឥទ្ធិ​ពល​នៃ​លទ្ធិ​សាសនា​ដើម​របស់​ចិន (គឺ ខុង​ចឺ និង តៅ) រហូត​ដល់​ចុង​រាជ​វង្ស​នេះ​ ទើប​មាន​អ្នក​ប្រាជ្ញ​ប្រកប​ដោយ​សមត្ថ​ភាព​ដូច​ជា​ ម៉ូវ​ចឺ សម្តែង​គោល​ធម៌​របស់​ព្រះ​ពុទ្ធ​សាសនា​ ឲ្យ​ឃើញ​នូវ​បរមត្ថ​សច្ច​ ថា​លទ្ធិ​ដើម​នៅ​តាម​មូល​ដ្ឋាន​ បាន​អាស្រ័យ​ការ​ប្រព្រឹត្តិ​ដ៏​បរិ​សុទ្ធិ​របស់​ព្រះ​សង្ឃ​ ជា​គ្រឿង​តំម្កើង​សទ្ធា​។ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ទទួល​ការ​គោរព​ និង មាន​សទ្ធា​ជ្រះ​ថ្លា​ជាង​លទ្ធិ​សាសនា​ផ្សេង​ៗ​ រហូត​ដល់​សម័យ​រាជ​វង្ស​វ៉េ​ (ឬ​វ៉ុយ​កុក​ក្នុង​សម័យ​សាម​កុក​)​។ ក្នុង​គ្រឹស្ត​សត​វត្សរ៍​ទី​៤ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ជា​សាសនា​ប្រចាំ​ជាតិ​របស់​ចិន​ តាំង​តែ​រជ្ជ​កាល​នៃ​ស្តេច​ចក្រ​ពត្តិ​ ព្រះ​អង្គ​ដំបូង​ ក្នុង​រវាង​គ្រឹស្ត​សត​វត្សរ៍​ទី​៤ និង ទី​៥ នេះ​ឯង​។ ព្រះ​ភិក្ខុ​ទ្រង់​កិត្តិ​គុណ​ជា​អង្គ​ប្រាជ្ញ​ច្រើន​អង្គ​ ដូច​ជា​ព្រះ​អង្គ កុមារ​ជីព​ ជា​ដើម​ បាន​និមន្ត​ចូល​មក​ពី​អាស៊ី​កណ្តាល​ និង ឥណ្ឌា ជួយ​ប្រែ​គម្ពីរ​ រចនា​អដ្ឋក​ថា ​ និង​ ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​ដល់​ប្រជា​ជន​យ៉ាង​ទូលំ​ទូលាយ​។ លទ្ធិ​អមិតាភៈ​ក៏​បាន​ចូល​មក​ផ្សព្វ​ផ្សាយ​ក្នុង​សម័យ​នេះ​ផង​ដែរ​។

    ហេតុ​ការណ៍​សំខាន់​មួយ​គ្រា​ទៀត ព្រះ​ពោធិ​ធម៌​បាន​នាំ​ព្រះ​ពុទ្ធ​សាសនា​និកាយ​សេន​ (បាលី​ថា​ ឈាន, សំស្រ្កឹត​ថា ធ្យាន,ជប៉ុន​ថា សេន) ចូល​មក​ផ្សព្វ​ផ្សាយ​នៅ​ប្រមាណ គ.ស. ៥២៦ ។
ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​ចិន​បាន​ចំរើន​លូត​លាស់​យ៉ាង​ខ្លាំង​ ដោយ​បាន​ទទួល​ ការ​ព្រះ​បរម​រាជ​ឧបត្ថម្ភ​ពី​ព្រះ​រាជ​វង្ស​ថាំង និង​ រាជ​វង្ស​ត​ៗ មក​ជា​លំដាប់​ ប៉ុន្តែ​ក្នុង​គ្រឹស្ត​សត​វត្សរ៍​ទី​១៣ មាន​អ្នក​នាំ​លទ្ធិ​លាមៈ (ព្រះ​ពុទ្ធ​សាសនា​និកាយ​មួយ​ក្នុង​ប្រទេស​ទីបេ​) បាន​ចូល​មក​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​ចិន​ភាគ​ខាង​ជើង​ ហើយ​ផ្នែក​ខាង​អាណា​ចក្រ​ ក៏​បាន​ទំនុក​បំរុង​លទ្ធិ​នោះ​។ បន្ទាប់​ពីនោះ​មក​ ពិធី​កម្ម​ផ្សេង​ៗ ក៏​ចំរើន​លូត​លាស់​ ​និង លេច​មុខ​លេច​មាត់​ ចំណែក​សាសន​ធម៌​ដ៏​ពិត​ប្រាកដ​ក៏​សន្សឹម​ៗ ប្រាស់​ការ​ចាប់​អារម្មណ៍​។

តទៅលេខ 5