ព្រះពុទ្ធសាសនានៅប្រទេសកម្ពុ​ជា(ត)


ថ្ងៃសៅរ៍ ទី1.មិថុនា 2019.ម៉ោង 8:59

    ផ្នែក​ខាង​ប្រទេស​ភូមា​ នៅ​ក្នុង​ ព.ស.១៥៨៧ ព្រះ​បាទ​អនុ​រុទ្ធ​មហា​រាជ​ ឬ​ អនុ​រ័ទ្ធមង្ជ័រ​បាន​ឡើង​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រ​នៃ​អាណា​ចក្រ​ពុកាម​ ទ្រង់​មាន​អំណាច​ជា​ខ្លាំង​ ហើយ​បាន​លើក​ទ័ព​មក​វាយ​ច្បាំង​ក្រុង​​ស្ថើម​ ឬ​សុធ័ម​វតី​ នៃ​អាណា​ចក្រ​មន​បាន​សំរេច​នៅ​ ព.ស.១៦០០ រួម​ផែន​ដី​ភូមា​ចូល​តែ​មួយ​ ទ្រង់​គោ​រព​ព្រះ​ពុទ្ធសា​សនា​ថេរ​វាទ​បែប​មន​ នៃ​ក្រុង​ស្ថើម​ ហើយ​ទ្រង់​បាន​ពង្រីក​អាណា​ខេត្ត​ចេញ​មក​ពី​ទិស​បូព៌ា​ចូល​មក​គ្រប់​គ្រង​អាណា​ចក្រ​ឡាន​ណា​ រហូត​ចុះ​មក​ដល់​ក្រុង​លុព​បុរី​ និង​ ទ្វារាវ​តី​ (សេច​ក្តី​ដែល​ពោល​មក​នេះ​ ជា​មតិ​របស់​អ្នក​ប្រាជ្ញ​ថៃ​ តែ​អ្នក​ប្រាជ្ញ​លោក​ខាង​លិច​ពោល​ថា​ ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី​១​ បង្ក្រាប​បាន​ក្រុង​លុព​បុរី​ ហើយ​ពង្រីក​អំណាច​ជន​ជាតិ​មន​ ដែល​បាន​ភៀស​ខ្លួន​ថយ​មក​ដល់​អាណា​ខេត្ត​មន​ ក្រុង​ស្ថើម​ក្នុង​ប្រទេស​ភូមា​ ដែល នឹង លុក​លុយ​ចូល​ទៅ​ទៀត​ តែ​ត្រូវ​កង​ទ័ព​របស់​ព្រះ​បាទ​អនុ​រុទ្ធ​មហា​រាជ​វាយ​បំបាក់​ទ័ព​ត្រឡប់​មក​។ ព្រំ​ប្រទល់​ដែន​រវាង​ខ្មែរ​ និង​ ពុកាម​ទើប​បញ្ចប់​នៅ​ត្រឹម​នោះ​ គឺ​លុព​បុរី និង ទ្វារាវ​តី​គង់​នៅ​ជា​របស់​ខ្មែរ​ ដែល​ថា​ជា​របស់​ពុកាម​នោះ​មិន​មែន​ឡើយ​)​ ព្រះ​រាជ​អំណាច​របស់​ព្រះ​បាទ​អនុ​រុទ្ធ​មហា​រាជ​ពង្រីក​ទៅ​ដល់​ណា​ ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​បែប​ពុកាម​ក៏​បាន​ផ្សព្វ​ផ្សាយ​ទៅ​ដល់​នោះ​ដែរ​។

    ក្នុង​រយៈ​នេះ កុល​សម្ព័ន្ធ​ថៃ​បាន​ភៀស​ខ្លួន​មក​ពី​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ចូល​មក​​អាស្រ័យ​នៅ​ឡាន​ណា និង​ ឡាន​ឆាង​ច្រើន​ឡើង​ និង បន្ត​ដំណើរ​ចុះ​មក​ដល់​វាល​រាប​ទន្លេ​ចៅ​ព្រះ​យ៉ា​ ចូល​ទៅ​ប្រជៀត​​ក្នុង​​ចំណោម​ជន​ជាតិ​មន​ ភូមា និង ខ្មែរ ហើយ​ឋិត​នៅ​ក្រោម​អំណាច​របស់​អាណា​ចក្រ​ទាំង​ពីរ​នោះ​ តាម​ស្ថាន​ទី​ដែល​ពួក​គេ​ចូល​ទៅ​តាំង​ទី​លំ​នៅ​។​ ផ្នែក​ខាង​ទិស​ បូព៌ា កុល​សម្ព័ន្ធ​អណ្ណាម​ ដែល​បាន​ទទួល​ឥទ្ធិ​ពល​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ និង វប្ប​ធម៌​​ផ្សេង​ៗ​ ពី​ចិន​ បាន​រំដោះ​ខ្លួន​អោយ​មាន​សេរី​ភាព​សំរេច​ ស្ថាប​នា​អាណា​ចក្រ​ណាម​វៀត​ (បន្ទាប់​មក​ជា​វៀត​ណាម)​ ឡើង​ភាគ​ខាង​ជើង​នៃ​អាណា​ចក្រ​ចម្ប៉ា​ ប្រមាណ ព.ស.១៤៨២ កំពុង​តែ​មាន​អំណាច​រឹង​ប៉ឹង​ខ្លាំង​បាន​ជា​គូរ​សង្រ្គាម​ ជា​មួយ​ប្រទេស​ចម្ប៉ា​ អំណាច​ថ្មី​ទាំ​ងពីរ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ទិស​ភាគ​ខាង​លិច (ថៃ) និង ទិស​ខាង​កើត​ (វៀត​ណាម) មក​ជា​គ្រឿង​បន្ថយ​អំណាច​អាណា​ចក្រ​ខ្មែរ​កាន់​តែ​ខ្សោយ​ទៅ​ៗ​ទៀត​។​

    ត​មក​លុះ​ដល់​ ព.ស.១៦៥៦ ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី២​ ឡើង​គ្រង​រាជ្យ ​ទ្រង់​ព្រះ​នាម​ថា​ជា​ព្រះ​មហា​ក្សត្រ​ ដែល​មាន​អំណាច​ខ្លាំង​ក្លា​រឹង​ប៉ឹង​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ ការ​ដែល​បាន​ដូច្នេះ​ ព្រោះ​ពេល​នោះ​ ផ្នែក​ខាង​ការ​គ្រប់​គ្រង​ក៏​រឹង​ប៉ឹង​ដោយ​អាស្រ័យ​របប​ទេវ​រាជ​ជា​គ្រឿង​បង្រួប​បង្រួម ​និង ​គ្រប់​កំលាំង​ទ័ព​ជើង​ព្រៃ​បាន​ពេញ​ទី​។ ផ្នែក​ខាង​សេដ្ឋ​កិច្ច​ជាតិ​ ក៏​មាន​ភាព​ឧត្តម​សម្បូរ​ដោយ​របប​ធារា​សាស្រ្ត​ ដែល​បាន​ចាត់​ចែង​យ៉ាង​ល្អ​ប្រណិត​។ ព្រះ​អង្គ​ផ្ទាល់​ក៏​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​ ទើប​ទ្រង់​បាន​ពង្រីក​អាណា​ខេត្ត​យ៉ាង​មហា​សាល​ឆ្ពោះ​ទៅ​ទិស​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​ ភាគ​កណ្តាល​ទល់​ នឹង ប្រ​ទេស​ភូមា​ ភាគ​ខាង​ត្បូង​ទល់​ នឹង ឈូង​សមុទ្រ​បាដន (សុរាដ​ធានី)​ ទិស​ខាង​កើត​ទល់​ នឹង មាត់​ទន្លេ​ក្រហម​នៃ​អាណ​ចក្រ​តុង​កឹង​។​ ទ្រង់​បាន​បង្ក្រាប​អាណា​ចក្រ​ចម្ប៉ា ​ហើយ​គ្រប់​គ្រង​បាន​ ៤​ឆ្នាំ ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​នេះ​ទ្រង់​គោរព​សាសនា​ហិណ្ឌូ​និកាយ​វៃស្ណុ​ យ៉ាង​ខ្ជាប់​ខ្ជួន​ ហើយ​ទ្រង់​បាន​ផ្សំ​ផ្គុំ​លទ្ធិ​សៃវៈ​ និង​ លទ្ធិ​វៃស្ណុ​អោយ​ចូល​គ្នា​ រហូត​បាន​ដល់​ហៅ​ថា​ ជា​លទ្ធិ​វិស្ណុ​រាជ​ជំ​នួស​លទ្ធិ​ទេវ​រាជ​, ទ្រង់​បាន​សាង​អង្គរ​វត្ត​ដែល​មាន​ឈ្មោះ​ថា​ ជា​សាសន​ស្ថាន​ដ៏​ធំ​បំផុត​ក្នុង​លោក​ (ប្រាសាទ​ដែល​ត្រូវ​បាន​សាង​ប្រហាក់​ប្រហែល​នេះ​គឺ​ប្រាសាទ​បន្ទាយ​ឆ្មារ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​ នា​ជើង​ភ្នំ​ដង​រែក​នៅ​ខ្មែរ​ និង​ មហា​ចេតីយ៍​បរម​ពុទ្ធោ​នៃ​ប្រទេស​ជ្វា ​(ឥណ្ឌូ​​ណេស៊ី)​ មាន​វិស្ណុ​ទេវា​ល័យ​ដែល​ប្រ​តិស្ឋាន​ទេវ​រូប​មាស​នៃ​វិស្ណុ​ទេព​ទ្រង់​គ្រុឌ​ឋិត​នៅ​ចំកណ្តាល​បរិ​វេណ​ទាំង​អស់​មាន​ផ្ទៃ​ដី​ដល់​ ៨៥០*១០០០ម ព័ទ្ធ​ជុំ​វិញ​ ទទឹង​ដល់​ទៅ​ ២០០​ម។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ចុង​រាជ​កាល​ ទ័ព​ដែល​ព្រះ​អង្គ​បញ្ជូន​ទៅ​ច្បាំង​នៅ​តុង​កឹង​ទទួល​បរា​ជ័យ​យ៉ាង​ខ្លាំង។ ការ​កសាង​ដ៏​មហិមា​ និង នយោ​បាយ​ចម្បាំង​ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ​អង្គ​ ធ្វើ​អោយ​អាណា​ចក្រ​ខ្មែរ​ ពេល​ផុត​ពី​រជ្ជ​កាល​របស់​ព្រះអង្គ​ហើយ​ ត្រូវ​ធ្លាក់​នៅ​ក្នុង​អន្ទាក់​នៃ​សេច​ក្តី​ទុក្ខ​លំបាក​អស់​រយៈ​កាល​ជា​យូរ​។ ចំណែក​ឯ​ព្រះ​អង្គ​ផ្ទាល់​ ពេល​ដែល​សោយ​ទិវង្គត​ទៅ​ហើយ​ បាន​ទទួល​កិត្តិ​នាម​ជា​ព្រះ​បរម​វិស្ណុ​លោក​​។

    អាណា​ចក្រ​ខ្មែរ​រុង​រឿង​ម្តង​ទៀត​ជា​លើក​ចុង​ក្រោយ​ ក្នុង​សម័យ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​នេះ​ ទ្រង់​ជា​ពុទ្ធ​សាស​និក​នៃ​និកាយ​មហា​យាន​ ប្រកប​ដោយ​សទ្ធា​យ៉ាង​មុះ​មុត​។ ទ្រង់​មាន​សិទ្ធិ​ឡើង​គ្រង​រាជ្យ​ស្នង​ព្រះ​រាជ​បិតា តាំង​តែ​ពី ព.ស.១៧០៣ ប៉ុន្តែ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ្យ​ជា​មុន​ ក្នុង​ឋានៈ​ជា​ពុទ្ធសាស​និក​ជន​ ទើប​ទ្រង់​មិន​មាន​បំណង​ធ្វើ​អោយ​សង្គ្រាម​កើត​ឡើង​កណ្តាល​ផ្ទៃ​ក្នុង​ ដែល​នាំ​អោយ​មាន​ភាព​ក្តៅ​ក្រហាយ​ដល់​ប្រជា​ជន​ ទើប​ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ទៅ​សំណាក់​អាស្រ័យ​នៅ​ប្រទេស​ចម្ប៉ា​ ត​មក​នៅ​ក្នុង ព.ស.១៧២០ ព្រះ​មហា​ក្សត្រ​នៃ​នគរ​ចម្ប៉ា​បាន​លើក​ទ័ព​ជើង​ទឹក​មក​វាយ​ប្រហារ​ប្រទេស​ខ្មែរ​ ដោយ​មិន​អោយ​ដឹង​ខ្លួន​មុន​ ដណ្តើម​បាន​ទី​ក្រុង​ ហើយ​បំផ្លិច​បំផ្លាញ​អង្គរ​វត្ត​។​ ព្រះ​មហា​ក្សត្រ​ខ្មែរ​សោយ​ទិវង្គត​ក្នុង​ឧបទ្ទ​វ​ហេតុ​នេះ​ ប្រទេស​ជាតិ​កើត​ចលា​ចល​ជ្រួល​ច្របល​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទ្រង់​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ វាយ​កង​ទ័ព​ចាម​អោយ​បែក​ខ្ញែក​ប្រឡប់​ទៅ​ស្រុក​វិញ​។ ទ្រង់​បាន​រៀប​ចំ​ប្រទេស​ជាតិ​អោយ​មាន​របៀប​រៀប​រយ​ ហើយ​បាន​ឡើង​គ្រង​រាជ្យ​នៅ​ ព.ស.១៧២៤​។ ពេល​បង្រ្កាប​សឹក​ផ្ទៃ​ក្នុង​រួច​ហើយ​ ក៏​ទ្រង់​បាន​ទៅ​វាយ​បង្រ្កាប​អាណា​ចក្រ​ចម្ប៉ា​បាន​មក​ជា​ប្រទេស​ចំណុះ​របស់​ព្រះ​អង្គ ក្រៅ​ពី​នេះ ព្រះ​អង្គ​ទ្រង់​នៅ​បាន​ពង្រីក​អាណា​ចក្រ​ចេញ​ទៅ​ទៀត​ទល់​ទិស​ខាង​ជើង​ និង ទិស​ផ្សេង​ៗ​ទៀត​ រហូត​ដល់​អាណា​ចក្រ​ខ្មែរ​សម័យ​នោះ​ មាន​ផ្ទៃ​ដី​ធំធេង​ជាង​សម័យ​របស់​ព្រះ​បាទ​សុរិយ​វរ្ម័ន្ត​ទី​២​។

    ផ្នែក​ខាង​សាសនា​ ព្រះ​អង្គ​ទ្រង់​បាន​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​រហូត​ដល់​បាន​ចំរើន​រុង​រឿង​យ៉ាង​ទូលំ​ទូលាយ​ ធ្វើ​អោយ​ការ​បូជា​ព្រះ​សិវៈ​ និង ព្រះ​វិស្ណុ​ចុះ​ខ្សោយ​ទៅ​ៗ​ ទ្រង់​បាន​តាំង​លទ្ធិ​ពុទ្ធ​រាជ​ឡើង​ជំនួស​លទ្ធិ​ទេវ​រាជ​ ហើយ​ទ្រង់​សាង​នគរធំ​ (មហា​នគរ)​ ឡើង​ជា​រាជ​ធានី​ដោយ​មាន​ពុទ្ធ​វិហារ​បាយ័ន​ (ប្រាសាទ​​បាយ័ន)​ប្រតិស្ឋាន​ព្រះ​ពុទ្ធ​រូប​ធំ​បំផុត​ (ពុទ្ធ​រាជ) ឋិត​នៅ​ចំកណ្តាល​កំពូល​ព្រះ​វិហារ​ ឬ​ប្រាសាទ​បាយ័ន​ ជា​​មាន​ប្រាង្គ​ជា​មាស​ មាន​ព្រះ​កេស​ព្រះ​ពោធិ​សត្វ​ (ព្រះ​ពោធិ​សត្វ​អវ​លោកិ​តេស្វារៈ)​ ៤​ ព្រះ​ភក្រ្ត​កំពុង​ញញឹម​សំឡឹង​ទៅ​ទិស​ទាំង​ ៤ ដូច​ជា​ព្រះ​ព្រហ្ម។​ រូប​ និង​ ព្រះ​ភក្រ្ត​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ និង ព្រះ​ពោធិ​សត្វ​គឺ​ជា​រូប​ និង ​ព្រះ​ភក្រ្ត​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​នោះ​ឯង​ ព្រោះ​ព្រះ​ពុទ្ធ​រាជ​គឺ​រាជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ឬ​ព្រះ​បាទ​ជ័យ​វរ្ម័ន​បាន​ទាំង​ជា​ព្រះ​រាជា ​និង​ ទាំង​ជា​ព្រះ​ជា​ម្ចាស់​។​ ហេតុ​បាន​ជា​យ៉ាង​នេះ​ អា​ស្រ័យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ ទ្រង់​មាន​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្លៀវ​ក្លា ​រហូត​ដល់​មាន​អារម្មណ៍​ថា ​ព្រះ​អង្គ​ទ្រង់​ជា​ព្រះ​ពុទ្ធ​ ដែល​ទ្រង់​គង់​ជា​ធរ​មាន​នៅ​ឡើយ បើក​ព្រះ​នេត្រ​ត្រួត​ត្រា​ប្រជា​និករ​ ផ្សព្វ​ផ្សាយ​ព្រះ​មេត្តា​ករុណា​ចេញ​ទៅ​ឃុំ​គ្រង​គ្រប់​ទិសា​នុទិស​នៃ​ផែន​ដី​របស់​ព្រះ​អង្គ​។​ នៅ​បរិ​វេណ​ប្រាសាទ​ (វិហារ​បាយ័ន)​ នោះ​មាន​ព្រះ​កេស​ ៤​ ព្រះ​ភក្រ្ត​ដូច​នេះ​ដែរ​​តែ​មាន​ខ្នាត​តូច​ជាង​ នៅ​លើ​កំពូល​ព័ទ្ធ​ជុំ​ទ្វារ​ និង​ ប្រាង្គ​ទាំង​ឡាយ​រាយ​គ្រប់​ជាន់​ទាំង​ខាង​ក្នុង​ និង​ ខាង​ក្រៅ​រួម​ប្រមាណ ៥០​ព្រះ​កេស​។​ គូ​ព័ទ្ធ​ជុំ​ក្រុង​វាស់​មាន​ប្រវែង​ប្រមាណ​ ១២​គីឡូ​ម៉ែត្រ​។​

    ក្រៅ​ពី​ប្រាសាទ​អង្គរ​ធំ ​និង ប្រា​សាទ​បាយ័ន​នេះ​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ទ្រង់​ថែម​ទាំង​បាន​សាង​វិហារ​ប្រាសាទ​ជា​ច្រើន​ទៀត​ ដូច​ជា​ប្រាសាទ​តា​ព្រហ្ម (ឧទ្ទិស​ចំពោះ​រាជ​មាតា ​ចាត់​ជា​វិហារ​សំរាប់​ស្នាក់​អាស្រ័យ​ និង​ ជា​ស្ថាន​ទី​សំរាប់​ព្រះ​សង្ឃ)​ ប្រា​សាទ​ជ័យ​សិរី​ ឬ ប្រាសាទ​ព្រះ ​ខ័ន្ធ (ឧទ្ទិស​ជា​ស្ថាន​ទី​ប្រតិស្ឋាន​រូប​រាជ​បិតា​) ជា​ដើម​។ ទ្រង់​សាង​ព្រះ​ពុទ្ធ​រូប​ជា​សិរី​មង្គល​ដល់​ព្រះ​រាជា​ណា​ចក្រ​ព្រះ​ នាម​ថា​ “ព្រះ​ពុទ្ធ​ជ័យ​មហា​នាថ​”​ ប្រ​តិស្ឋាន​ទុក​នៅ​ក្នុង​ទី​ផ្សេង​ៗ​ ទូ​ទាំង​ប្រទេស​ (នៅ​ក្នុង​ប្រទេស​ថៃ​ នា​ពេល​បច្ចុប្បន្ន​មាន​នៅ​ឯ​ខេត្ត​លុព​បុរី​ សោភ័ណ​បុរី​ រាជ​បុរី​ ពេជ្រ​បុរី​ សីង្ហ​បុរី​ ជា​ដើម​)ហើយ​ដង្ហែ​មក​បំពេញ​ពីធី​កក់​ស្រង់​ព្រះ​អង្គ​នៅ​ប្រាសាទ​ព្រះ​ខ័ន្ធ​ជ័យ​សិរី​ក្នុង​ខែ​ស្រាពណ៍​ជារៀង​រាល់​ឆ្នាំ​។​ ក្រៅ​ពី​នេះ​ទ្រង់​បាន​សាង​មហា​វិថី​ជា​ច្រើន​ មាន​វីថី​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​នៃ​អាណា​ចក្រ​ចម្ប៉ា​ និង​ ក្រុង​ភី​ម៉ាយ​ (ខេត្ត​នគរ​រាជ​សីមា​ប្រទេស​ថៃ​បច្ចុប្បន្ន) ជា​ដើម​។ រវាង​មហា​វិថី​ទាំង​នេះ​ទ្រង់​បាន​សាង​អគិ្គ​សាលា (សាលា​​សំណាក់​) ជា​ទី​អាស្រ័យ​របស់​អ្នក​ដំណើរ​ ១២១​កន្លែង​ មន្ទីរ​ពេទ្យ​ ១០២​កន្លែង​ ព្រម​ជា​មួយ​ឱសថ​ គិលា​​នុបដ្ឋា​យិកា​ អ្នក​រៀប​ចំ​អាហារ​ ចំណែក​ឯ​ត្រពាំង​ និង ស្រះ​ទឹក​ ទ្រង់​បាន​ពង្រីក​របប​ធា​រា​សាស្រ្ត​ អោយ​បាន​ទូលំ​ទូលាយ​ត​ទៅ​ទៀត​។ ការ​កសាង​វត្ត (វិហារ) និង គ្រឿង​សាធារ​ណូ​បភោគ​ ទាំង​នេះ​សន្និដ្ឋាន​បាន​ថា​ ទ្រង់​គង់​បាន​ដំណើរ​តាម​ព្រះ​រាជ​ចរិយា​វត្ត​របស់​ព្រះបាទ​ ធម្មា​សោក​មហា​រាជ​។​

    មាន​ហេតុ​ការណ៍​សំខាន់​ម្យ៉ាង​ទៀត​ក្នុង​រាជ្ជ​កាល​​នេះ​ ធ្វើ​អោយ​មាន​ការ​កើត​ការ​ផ្លាស់​ប្តូរ​ផ្នែក​ខាង​សាសនា​ក្នុង​ប្រទេស​កម្ពុជា​សម័យ​ត​ៗ​មក​ គឺ​នៅ​ខាង​ដើម​រាជ្ជ​កាល​នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ នេះ​ ត្រូវ​នឹង​រាជ្ជ​កាល​បរស់​ព្រះ​បាទ​ប្រា​ក្រម​ពាហុ​មហា​រាជ​នៃ​ប្រទេស​សិរី​លង្កា​ ពេល​នោះ​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​នៅ​ប្រ​ទេស​សិរី​លង្កា​បាន​ទទួល​ការ​ស្តារ​ឡើង​វិញ​ និង​ ទំនុក​បំរុង​អោយ​ចំរើន​រុង​រឿង​ទាំង​ផ្នែក​ខាង​ការ​សិក្សា​ និង ការ​បដិ​បត្តិ​យ៉ាង​ល្បី​ល្បាញ​គ្រប់​ទិស​ទី​។ មាន​ភិក្ខុ​សាម​ណេរ​ និមន្ត​ពី​ប្រទេស​ផ្សេង​ៗ ដើម្បី​បំពេញ​ការ​សិក្សា​រៀន​សូត្រ​ រហូត​ដល់​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ ដ៏​ធំ​ក្នុង​វិស័យ​ពុទ្ធិក​សិក្សា​។​

    នៅ​ក្នុង ព.ស.១៧៣៣ ព្រះ​សង្ឃ​ជន​ជាតិ​មន​មួយ​អង្គ​ព្រះ​នាម​ឆព្វត ដែល​និមន្ត​មក​ពី​ប្រទេស​ភូមា​ រួម​​ដំណើរ​តាម​ព្រះ​មហា​ថេរ​មន​មួយ​អង្គ​ទៅ​​ប្រទេស​សិរី​លង្កា​ តាំង​តែ​ពី​គ្រា​នៅ​ជា​សាម​ណេរ​ បាន​សិក្សា​អស់​រយៈ​កាល ១០​ឆ្មាំ​ ហើយ​បំពេញ​ឧប​សម្បទា​រួច​ និមន្ត​ត្រឡប់​មក​ប្រទេស​ភូមា​ ដំណើរ​ការ​អប់រំ​ និង ​ផ្តល់​ការ​ឧប​សម្បទា​តាម​បែប​សិរី​លង្កា​ ធ្វើ​អោយ​ពុទ្ធ​សាស​និក​ភូមា​មាន​ការ​ភ្ញាក់​រលឹក​ក្នុង​ការ​សិក្សា​បដិ​បត្តិ​ឡើង​វិញ​ទៀត​ផង​ ព្រម​ទាំង​ធ្វើ​អោយ​ព្រះ​សង្ឃ​ភូមា​មាន​ការ​បែក​បាក់​ចេញ​ជា​និកាយ​ថែម​ផង​ដែរ​។​ ក្នុង​ការ​និមន្ត​ត្រឡប់​មក​នោះ​ ព្រះ​ភិក្ខុ​ឆព្វត​ បាន​នាំ​ព្រះ​សង្ឃ​ជន​ជាតិ​ដទៃ​ ៤​អង្គ​រួម​ដំណើរ​មក​ជា​មួយ​ផង​ដែរ​,​ ក្នុង​ចំនួន​នោះ​ មាន​មួយ​អង្គ​ព្រះ​នាម​តាម​លិន្ទ​ ជា​អង្គ​ដែល​អ្នក​ប្រវត្តិ​សាស្រ្ត​សន្និ​ដ្ឋាន​ថា​ ជា​ព្រះ​រាជ​បុត្ត​មួយ​អង្គ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​។ ព្រះ​តាម​លិន្ទ​ និមន្ត​មក​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា​ ឬ អត់​ក៏​ដោយ​ ប៉ុន្តែ​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​បែប​សិរី​លង្កា​ ដែល​មក​ថ្មី​ៗ​​នេះ ក៏​បាន​ទទួល​ការ​ពេញ​និយម​ពី​ប្រ​ជាជន​ ហើយ​ផ្សាយ​ចេញ​ទៅ​ទៀត​ទូ​ទាំង​ឈូង​សមុទ្រ​ឥណ្ឌូ​ចិន​ផ្នែក​កណ្តាល​ និង ​រួម​ទាំង​អាណា​ចក្រ​ខ្មែរ​ទាំង​ស្រុង​នៅ​ទី​បំផុត​។

    ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ សោយ​ទិវង្គត​ប្រមាណ​ ព.ស.១៧៦១ និង​ បាន​ទទួល​ព្រះ​រាជ​កិត្តិ​នាម​ថា​ “ព្រះ​មហា​បរម​សៅ​គត”​ (ស្មើ​នឹង​មហា​បរ​ម​សុគត​ ដែល​មាន​មក​ពី​ព្រះ​នាម​របស់​របស់​ព្រះ​ពុទ្ធ​ព្រះ​នាម​ព្រះ​សុគត)​ តាំង​ពី​ពេល​នោះ​មក​ អាណា​ចក្រ​ខ្មែរ​ក៏​ចុះ​ខ្សោយ​ទ្រុឌ​ទ្រោម​ជា​លំដាប់​ ទោះ​មាន​ការ​ស្ទុះ​ស្ទារ​ឡើង​មួយ​ដង​មួយ​គ្រា​ តែ​មិន​បាន​ស្ទុះ​ទៅ​រក​ឋានៈ​ ដ៏​ធំ​ធេង​នោះ​ទៀត​បាន​ឡើយ​។ ដែល​បាន​ជា​ដូច្នេះ​ ព្រោះ​មាន​ហេតុ​ ២​ប្រការ​គឺ​សង្រ្គាម​ពង្រីក​អំណាច​ និង ការ​កសាង​ហួស​ពី​ខ្នាត​បង្គួរ​។ អ្នក​ប្រាជ្ញ​តែង​ចោទ​ប្រកាន់​ថា​ ក្សត្រ​ទាំង​ពីរ​ព្រះ​អង្គ​គឺ​ ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី​២​ និង ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ថា​ “ការ​ស្រេក​ឃ្លាន​អំណាច​ និង​ ភាព​ខ្លាំង​ក្លា​របស់​ព្រះ​អង្គ​ ញ៉ាំង​អោយ​ទ្រង់​ក សង្រ្គាម​លុក​លុយ​ធំ​ធេង​ ​និង ធ្វើ​ការ​កសាង​ដ៏​ខ្ជះ​ខ្ជាយ​ហួស​ប្រមាណ”​។ ហេតុ​ទាំង​ពីរ​យ៉ាង​នេះ​ ធ្វើ​អោយ​ការ​ប្រមូល​ពន្ធ​ដារ​កាន់​តែ​ថ្លៃ​ កេណ្ឌ​កម្លាំង​កម្មករ​កាន់​តែ​ច្រើន​ ប្រមូល​មនុស្ស​មក​ថែ​រក្សា​ និង បំរុង​បំរើ​ក្នុង​ប្រាសាទ​រាជ​ស្ថាន​ខ្ជះ​ខ្ជាយ​ទាំង​កំលាំង​មនុស្ស​ កំលាំង​ទ្រព្យ​ ប្រជា​ជន​ក៏​ល្ហិត​ល្ហៃ​គ្មាន​កំលាំង​ ហើយ​សន្សឹម​ៗ​ ភ្ជាប់​មក​ជា​មួយ​ការ​មិន​ពេញ​ចិត្ត​ក្នុង​សភាព​ការណ៍​របស់​ប្រទេស​ជាតិ​កើន​ឡើង​ជា​រឿយ​ៗ​ រហូត​ដល់​មាន​ភាព​តឹង​តែង​ សម​ពេល​ទៅ​ នឹង ​នយោ​បាយ​ប្រទេស​ជាតិ​ថៃ​ មាន​ភាព​រឹង​ប៉ឹង​ឡើង​មក​សន្សឹម​ៗ​ ចូល​មក​ក្រញ៉ាំ​ជា​រឿយ​ៗ​ រហូត​ដល់​ទន់​ខ្សោយ​រើស​បម្រះ​មិន​បាន​។​

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ប្រាជ្ញ​ក៏​មាន​ភាព​អស្ចារ្យ​ក្នុង​ចិត្ត​ក្នុង​ការ​កសាង​អង្គរ​វត្ត​ អង្គរ​ធំ​របស់​ខ្មែរ​ថា​ “សមិទ្ធិ​ផល​ដ៏​ធំ​មហិមា​លើស​លប់​បែប​នេះ​ កើត​ឡើង​បាន​យ៉ាង​ណា​”​។ អាស្រ័យ​ការ​ស្រាវ​ជ្រាវ​ ញ៉ាំង​អោយ​មាន​ការ​យល់​ឃើញ​ថា​ “ដោយ​មាន​ភាព​សន្តិ​សុខ​ខាង​ផ្នែក​សេដ្ឋ​កិច្ច​ជា​មូល​ដ្ឋាន​ ពោល​គឺ​របប​ធារា​សាស្រ្ត​ដ៏​ល្អ​លើស​លប់​ ដែល​បាន​បន្ត​វេន​មក​ពី​សម័យ​ហ្វូ​ណន​ រាប់​បាន​ថា​ជា​មត៌ក​របស់​ជាតិ​ផង​ខ្លួន​ មិន​មែន​ទទួល​អរិយ​ធម៌​ពី​ឥណ្ឌា​នោះ​ទេ​។

    ដោយ​របប​ធារា​សាស្រ្ត​នេះ​ ប្រជា​ជន​ខ្មែរ​អាច​ប្រើ​ប្រាស់​ប្រយោជន៍​ទឹក​យ៉ាង​ពេញ​ទី​ មិន​អោយ​មាន​បញ្ហា​កង្វះ​ខាត​ទឹក​ទេ​ និង បញ្ហា​ទឹក​ច្រើន​ហួស​ប្រមាណ​ មាន​ទំនប់​ទឹក​ខ្នាត​ធំ​ ដូច​ជា​ទំនប់​ទឹក​កន្លែង​មួយ​ចំណុះ​ទឹក​ដល់​ទៅ​ ៣០​លាន​ម៉ែត្រ​កីប​ មាន​ប្រឡាយ​ ទ្វារ​បង្ហូរ​ទឹក​បញ្ចូល​ស្រែ​ចំការ​ ភូមិ​ស្រុក​ប្រជា​ជន​អោយ​ប្រើ​បាន​គ្រប់​ពេល​តាម​សេច​ក្តី​ត្រូវ​ការ​ ធ្វើ​ស្រែ​បាន​ ៣-៤ រដូវ​ក្នុង​មួយ​ឆ្នាំ​។ រូប​ភាព​ដែល​បាន​ថត​ពី​លើ​អាកាស​ ធ្វើ​អោយ​ឃើញ​នូវ​របប​ធារា​សាស្រ្ត​បែប​នេះ​ធំ​ល្វឹង​ល្វើយ​ មាន​ផ្ទៃ​ដីដ​ល់​ទៅ​ ៣២.២៩ លាន​រ៉ៃ​។

    ព្រះ​មហា​ក្សត្រ​ខ្មែរ​មាន​ព្រះ​រាជ​ភារ​កិច្ច​សំខាន់​ ប្រការ​ដំបូង​គឺ​ ព្រះ​អង្គ​ទ្រង់​ចាំ​បាច់​បំ​ពេញ​រាជ​ករណី​យ​កិច្ច​ដើម្បី​ប្រយោជន៍​ដល់​ប្រជា​រាស្រ្ត​ ជា​ពិសេស​ គឺ​ការ​ងារ​ធារា​សាស្ត្រ​ អោយ​មាន​សមិទ្ធិ​ផល​ល្អ​ប្រសើរ​ មុន​ នឹង ទ្រង់​ផ្តើម​ការ​កសាង​ប្រាសាទ​ស័ក្តិ​សិទ្ធិ​របស់​ព្រះ​អង្គ​។ ​អាស្រ័យ​សេដ្ឋ​កិច្ច​ដែល​មាន​ស្ថេរ​ភាព​ជា​គ្រឹះ​។ លទ្ធិ​ទេវ​រាជ​ (លទ្ធិ​វិស្ណុ​រាជ​ ឬ​ លទ្ធិ​ពុទ្ធ​រាជ​ក៏​ដោយ​ក៏​មាន​ប្រយោជន៍​ដូច​គ្នា​) ទើប​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បំពេញ​នាទី​ជា​ឧប​ករណ៍​សំរាប់​ចាត់​ចែង​ និង​ ប្រមូល​កំលាំង​រាស្រ្ត​អោយ​បាន​ផល​ពេញ​ទី​ ជំនួយ​អោយ​កើត​កម្លាំង​រឹង​ប៉ឹង​បរិបូណ៌​។​

    ដោយ​ន័យ​នេះ ព្រះ​មហា​ក្សត្រ​ទើប​ទ្រង់​និមិត្ត​សញ្ញា​ទាំង​ជា​អង្គ​ជំនួស​អំណាច​របស់​ព្រះ​ជា​ម្ចាស់​ ជា​មជ្ឈ​ដ្ឋាន​របស់​ចក្រ​វាឡ​ និង ទ្រង់​ជា​និមិត្ត​រូប​នៃ​ការ​ស្ថាបនា​ បណ្តាល​អោយ​មាន​ភាព​រុង​រឿង ឧត្តម​សម្បូរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លទ្ធិ​ទេវ​រាជ​ (រួម​ទាំង​វិស្ណុ​រាជ​ និង​ ពុទ្ធ​រាជ​) អាង​ទៅ​លើ​សាសនា​ហិណ្ឌូ​ និង​ ពុទ្ធ​សាសនា​មហា​យាន​ ដែល​មាន​នៅ​ក្នុង​ថ្នាក់​មូល​ដ្ឋាន​ (ប្រជា​ជន​ធម្មតា)​ ពេល​ពុទ្ធ​សាសនា​ថេរ​វាទ​ចូល​មក​ដល់​ ទើប​លទ្ធិ​នេះ​បាន​សាប​សូន្យ​ទៅ​យ៉ាង​ឆាប់​រហ័ស​។​

    ផ្នែក​ខាង​សាសនា​ដោយ​ត្រង់​ ខណៈ​ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ សោយ​ទិវង្គត​ហើយ​ ពួក​សៃវៈ​សំដែង​បដិ​កិ​រិយា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​យក​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​ប្រតិស្ឋាន​នៅ​ក្នុង​ពុទ្ធ​វិហារ​បាយ័ន​ចោល​ទៅ​ក្នុង​រណ្តៅ​ ហើយ​ក៏​នាំយក​សិវ​លិង្គ​ទៅ​ប្រ​តិស្ឋាន​ជំនួស​វិញ​។ សូម្បី​តែ​នៅ​កន្លែង​ផ្សេង​ៗ​ ក៏​មាន​ការ​បំ​ផ្លិច​បំផ្លាញ​វត្ត​ និង ​ព្រះ​ពុទ្ធ​រូប​ច្រើន​កន្លែង​យក​សិវ​លិង្គ​ដាក់​តាំង​ជំនួស​ព្រះ​ពោធិ​សត្វ​អវ​លោកិ​តេ​ស្វារ​ទាំង​អស់​។​ ចំណែក​ឯ​ព្រះ​ពុទ្ធ​រូប​ព្រះ​ពោធិ​សត្វ​អវ​លោកិ​តេ​ស្វារ​៤​ព្រះ​ភក្រ្ត​ លើ​ប្រាង្គ​ព័ទ​ជុំ​ទ្វារ​នៃ​ប្រាសាទ​នគរ​ធំ​ ពួក​សៃវៈ​ក៏​ប្តូរ​ជំនឿ​ថា​ជា​រូប​ប្រសិវៈ​ លាង​ជំរះ​លទ្ធិ​ពុទ្ធ​រាជ​អោយ​អស់​ យ៉ាង​ណា​ក៏​ដោយ​ មិន​ថា​សាសនា​ទាំង​នេះ​ (សៃវៈ​ វៃស្ណុ​ និង​ មហា​យាន​) ដណ្តើម​គារវ​ភាព​គា្ន​ក្នុង​រូប​ភាព​បែប​ណា​ក៏​ដោយ​ អាវ​សាន​នៃ​លទ្ធិ​ទាំង​៣​នេះ​ កំពុង​តែ​ នឹង ជិត​ឈាន​ចូល​មក​ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​បាន​រីក​សាយ​ភាយ​ និង មាន​កម្លាំង​កាន់​ខ្លាំង​ជា​លំដាប់​។ សាសនា​ដើម​ទាំង​ ៣​លទ្ធិ​នោះ​រីក​ចំរើន​ក្នុង​អាណា​ចក្រ​ខ្មែរ​ច្រើន​សត​វត្សរ៍​ហើយ​ក៏​ដោយ​ តែ​ក៏​គ្រាន់​តែ​ជា​សាសនា​នៃរាជ​សំណាក់​ នាហ្មឺន​មន្ត្រី​ និង​ អភិជន​តែ​ប៉ុណ្ណោះ​ មាន​ភាព​ជាប់​ជំពាក់​ជា​មួយ​ នឹង ឋានន្តរ​ស័ក្តិ​ និង ពិធី​កម្ម​ខ្ជះ​ខ្ជាយ​ឥត​ប្រ​យោជន៍​ មាន​នាទី​សំខាន់​គឺ​ រ៉ាប់​រង​លើក​តម្កើង​ទេវ​ឋានៈ​របស់​ព្រះ​មហា​ក្សត្រ​ មេ​ដឹក​នាំ​ដោយ​ការ​ប្រកប​ពិធី​កម្ម​ផ្សេង​ៗ​ជា​ដើម​។ រួម​ទាំង​ការ​ប្រកប​ពិធី​កម្ម​ដោយ​កំណត់​តម្លៃ​តប​ស្នង​ខ្ពស់​ ចាត់​បាន​ថា​ជា​ការ​កំណត់​ខ្លួន​នៅ​ក្នុង​រង្វង់​ចង្អៀត​ សូម្បី​តែ​ទាក់​ទង​ទៅ​ នឹង ប្រជា​ជន​ ក៏​គឺ​ជា​រូប​បែប​ដែល​ហៅ​ថា​អំណាច​ពី​ជាន់​លើ​ (ព្រះ​ជា​ម្ចាស់​)​ មិន​ជ្រាប​ចូល​ដល់​ប្រជា​ជន​ដោយ​ពិត​ប្រាកដ​ មិន​ជ្រៀត​ចូល​ក្នុង​អារម្មណ៍​ និង​ វិថី​ជីវិត​ប្រចាំ​ថ្ថៃ​របស់​ប្រជា​ជន​ ថែម​ទាំង​បែង​ចែក​រវាង​ចៅ​ហ្វាយ​នាយ​ និង​ ប្រជា​ជន​អោយ​ដាច់​ពី​គ្នាទៀត​ផង​។​

    សំរាប់​ប្រជា​ជន​សាមញ្ញ​ សាសនា​របស់​ពួក​គេ​គឺ​ទាក់​ទង​ទៅ​នឹង ខ្មោច អារក្ស​អ្នក​តា និង ការ​បូជា​បុព្វ​បុរស​ ព្រម​ជា​មួយ​នេះ​ដែរ​ ក៏​គង់​នឹង​មាន​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ ដែល​មាន​ត​ៗ​មក​តាំង​ពី​បុរាណ​បង្កប់​នៅ​ផង​​ដែរ​ រាប់​បាន​ថា​ជា​ចន្លោះ​យ៉ាង​ធំ​ធេង​តាំង​ពី​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​បែប​សិរី​លង្កា​ ដែល​បាន​ដុះ​ខាត់​ថ្មី​អោយ​កាន់​តែ​ភ្លឺ​ច្បាស់​ និង​ មាន​ ថា​មពល​រឹង​ប៉ឹង​ក្លៀវ​ក្លា​ផ្សព្វ​ផ្សាយ​ចូល​មក​ ប្រជា​ជន​ខ្មែរ​ក៏​ព្រម​ទទួល​គោរព​ជា​ទូ​ទៅ​យ៉ាង​លឿន​។​

    លក្ខណៈ​សំខាន់​របស់​ថេរ​វាទ​ដែល​ចូល​ដល់​ប្រជា​ជន​បាន​យ៉ាង​ល្អ​ក្នុង​គ្រា​នោះ​ មាន​អ្នក​សរ​សេរ​សរុប​ថា​ ជា​សាសនា​បែប​ងាយ​ៗ​ សាមញ្ញ​​ធម្មតា មិន​ចាំ​បាច់​មាន​ក្រុម​អ្នក​បួស​ដើម្បី​រក្សា​សាសនា​ស្ថាន​ដែល​មាន​តម្លៃ​ ដ៏​ហ៊ឺហា​ ឬ​ដើម្បី​ប្រកប​ពិធី​កម្ម​ដ៏​មហោ​ឡា​រឹក​។ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ គឺ​ជា​ព្រះ​សង្ឃ​ទ្រង់​វិន័យ​ខ្ជាប់​ខ្ជួន​ ទ្រ​ទ្រង់​ជីវិត​តាម​​បែប​ធម្មតា​ៗ​ ចូល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ បំពេញ​សមា​ធិ​ភាវនា​ បរិច្ឆាគ​លះ​បង់​ គ្នាន​ទ្រព្យ​សម្បត្តិ ​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​ប្រជា​ជន​ជិត​ស្និទ្ធ​ អប់​រំ​​ប្រដៅ​ប្រជា​ជន​ដោយ​ផ្ទាល់​ ប្រកប​​ដោយ​មេត្តា​ករុណា​ មិន​មាន​ការ​កេណ្ឌ​កម្លាំង​មក​សាង​សាសនា​ ស្ថាន​ដែល​ធំ​ដុំ​ ក្រៅ​ពី​នេះ​ ពួក​ក្មេង​យុវ​ជន​ (វ័យ​ជំទង់​) ក៏​ត្រូវ​សិក្សា​រៀន​សូត្រ​ មក​ជ្រក​អាស្រ័យ​ជា​មួយ​ព្រះ​សង្ឃ​ក្នុង​វត្ត​រយៈ​ពេល​មួយ​ (បណ្តោះ ​អាសន្ន​) ​ផេ្សង​ពី​ពួក​រាជ​ការ​ ឬ សាសនា​ដើម​ដែល​មិន​មាន​សាលា​រៀន​ បង្រៀន​ដើម្បី​អប់​រំ​ឡើយ​។ ដោយ​ហេតុ​ព្រះ​ពុទ្ធ​សាស​នា​ថេរ​វាទ​ទើប​ ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដោយ​ល្បឿន​យ៉ាង​រហ័ស​ ខណៈ​ពេល​ដែល​ ប្រជា​ជន​ចំនួន​ច្រើន​បាន​គោរព​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​នេះ​ហើយ​ ជំនឿ​ក្នុង​ភាព​ស័ក្តិ​សិទ្ធ​តាម​បែប​សាសនា​ហិណ្ឌូ​និកាយ​សៃវៈ​ក្តី​ និកាយ​វៃស្ណុព​ក្តី​ ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ក្តី​ក៏​បាន​សាប​សូន្យ​ទៅ​ឯង​។ ភាព​ជា​ទេវ​រាជ​ដែល​ព្រះ​មហា​ក្សត្រ​ជា​ព្រះ​ជា​ម្ចាស់​ ឬ ព្រះ​ពុទ្ធ​ចុះ​មក​បដិ​សន្ធិ​ក៏​បាន​ឈាន​ដល់​អាវ​សាន​ត្រឹម​នេះ​ឯង​។ កម្លាំង​ទាក់​ទាញ​ដែល​បណ្តាល​ចិត្ត​អោយ​ប្រជា​ជន​មក​រួម​កម្លាំង​ធ្វើ​ការ​ងារ​ធំ​ដុំ​ តួ​យ៉ាង​ដូច​ជា​ការ​សាង​ប្រា​សាទ​ថ្ម​ ក៏​មិន​មាន​គ្រឹះ​ស្ថាន​តាំង​មាំ ពួក​ព្រាហ្មណ៍​ក៏​សាប​សូន្យ​អំណាច​ពី​រាជ​សំណាក់​ និង​ មាន​ចំនួន​តិច​ទៅ ​ៗ​ រាជ​ពិធី​ដែល​ព្រាហ្មណ៍​ប្រកប​ក៏​បាន​ក្លាយ​ជា​កម្ម​វិធី​គ្រាន់​តែ​ធ្វើ​ៗ​ទៅ​មិន​មាន​ន័យ​ប៉ុន្មាន​ទេ​។​

    ចំណែក​ព្រាហ្មណ៍​ ខណះ​ពេល​ដែល​ចាក​ចេញ​ពី​រាជ​វាំង​ ឬ​ទេវា​ល័យ​របស់​ខ្លួន​ហើយ​ ក៏​មិន​មាន​ឋានៈ​ឋិត​នៅ​ក្នុង​ចំណោម​ប្រជា​ជន​ ព្រម​ទាំង​របប​វណ្ណៈ​ដែល​និយម​បែប​ឥណ្ឌា​ក៏​​មិន​​មាន​។ សាសនា​ដើម​ទើប​អស់​ទៅ​ យ៉ាង​លឿន​ ដល់​ថ្នាក់​សូន្យ​តែ​ម្តង​ សូម្បី​តែ​មាន​ឥទ្ធិ​ពល​ ចំពោះ​ប្រពៃ​ណី​ ការ​គ្រប់​គ្រង និង​ រាជ​ពិធី​ផ្សេង​ៗ​ ក្នុង​រាជ​សំណាក់​ថៃ​សម័យ​អយុធ្យា​មិន​តិច​ឡើយ​ តែ​ប្រជា​ជន​ទូ​ទៅ​ក៏​មិន​មាន​អារម្មណ៍​ថា​ ជាប់​ទាក់​ទង​ជា​មួយ​ខ្លួន​។​

    ក្រៅ​ពី​នេះ​ សភាព​ការណ៍​ ក៏​អាច​មាន​ផល​ចំពោះ​ការ​ធ្វើ​សង្រ្គាម​ជា​មួយ​ប្រទេស​ថៃ​ផង​ ពោល​គឺ​ ប្រជា​ជន​កម្ពុជា​សម័យ​នោះ​ប្រហែល​ជា​មិន​សូវ​ក្លា​ហាន​ក្នុង​ការ​ប្រឆាំង​ ជា​មួយ​សត្រូវ​ ព្រោះ​ជ័យ​ជំនះ​របស់​ថៃ​ដែល​ជា​ពុទ្ធសាស​និក​ បែប​ថេរ​វាទ​ រមែង​អំណោយ​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​ ជា​ហេតុ​នាំ​អោយ​មិន​មាន​ការ​កេណ្ឌ​កម្លាំង​ពល​កម្ម​ប្រាកដ​ឡើង​ ផ្ទុយ​ទៅ​វិញ​បាន​រំដោះ​ខ្លួន​ និង​ មាន​ឱកាស​ទទួល​ការ​សិក្សា​បន្ថែម​ មាន​ភ័ស្តុ​តាង​បញ្ជាក់​ថា​ ព្រះ​មហា​ក្សត្រ​ដែល​ទ្រង់​​រាជ្យ​នៅ ​ព.ស.១៨៣៩ ព្រះ​រាជ​ទាន​ដី​ កសាង​វត្ត​ពុទ្ធ​សាសនា​ថេរ​វាទ​ សិលា​ចារឹក​ក្នុង​សម័យ​នេះ​ ក៏​ផ្លាស់​ទៅ​ជា​ភាសា​បាលី​ ហើយ​ត​មក​ទៀត​ ទេវ​ស្ថាន​ផ្សេង​ៗ​ របស់​ហិណ្ឌូ​ក៏​ក្លាយ​មក​ជា​វត្ត​ពុទ្ធ​សាស​នា​។​

    ពេល​ដែល​ជីវតា​ក្វាន​ធ្វើ​ដំណើរ​មក​ជា​មួយ​គណៈ​ទូត​ចិន​ ដល់​ក្រុង​អង្គរ​ក្នុង​ ព.ស. ១៨៣៩ គាត់​បាន​សរ​សេរ​ថា​ ប្រជា​ជន​គ្រប់​គ្នា​បូជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ហើយ​ពោល​ដល់​ចៅ​កូ (គឺ​ចៅ​កូ​មាន​ន័យ​ថា​ភិក្ខុ​សង្ឃ​ថេរ​វាទ​)​ ព្រម​ទាំង​ពណ៌​នា​ដល់​លក្ខណៈ​គ្រង​ជីពរ​ ការ​ដំណើរ​ជីវិ​ត និង​ សភាព​ការណ៍​នៃ​វត្ត​អា​រាម​ គាត់​ពោល​ថា​ ពួក​មេ​ដឹក​នាំ​ចូល​ចិត្ត​មក​ប្រឹក្សា​ជា​មួយ​ព្រះ​សង្ឃ​ក្នុង​រឿង​ផ្សេង​ៗ​។ ភ័ស្តុ​តាង​ផ្សេង​ៗ​សែ្តង​ថា​ ពេល​នោះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​បាន​ក្លាយ​ទៅ​ជាសាស​នា​សំខាន់​ របស់​អាណា​ចក្រ​ខ្មែរ​ទៅ​ហើយ​ រួច​មក​ដល់​ ព.ស.១៨៨០ ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រម​ទាំង​សមា​ជិក​ក្នុង​រាជ​សំណាក់ ទាំង​អស់​បាន​ក្លាយ​ជា​ពុទ្ធ​សាស​និក​ថេរ​វាទ​ ព្រោះ​មាន​ភ័ស្តុ​តាង​ប្រាកដ​ដល់​ថ្នាក់​ថា​ ទ្រង់​ជា​ម្ចាស់​ការ​មាន​នាទី​ នឹង អោយ​ព្រះ​មហា​ក្សត្រ​លាវ​ដែល​ភៀស​​ខ្លួន​នៅ​ស្រុក​ខ្មែរ​ (ចៅ​ភា​ង៉ុម​) ជា​ពុទ្ធសាស​និក​ដ៏​ល្អ​។​

    ត្រឡប់​ទៅ​វិញ​និយាយ​អំពី​នយោ​បាយ​បន្ទាប់​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ សោយ​ទិវង្គត​ទៅ​ហើយ​ លុះ​មក​ដល់ ​ព.ស.១៧៦៣ កង​ទ័ព​ខ្មែរ​បាន​ដក​ថយ​ពី​ប្រទេស​ចម្ប៉ា​ត្រឡប់​មក​វិញ​។​ ពួក​ចាម​ក៏​មាន​សេរី​ភាព​ឡើង​វិញ​ ព្រម​ជា​មួយ​នេះ​ដែរ​ ភ័ស្តុ​តាង​កន្លែង​ខ្លះ​បាន​ពោល​ថា​ អាណា​ចក្រ​តាម​ពន​លិង្គ​ ក៏​បាន​តាំង​ខ្លួន​ជា​ឥស្សរៈ​ ព្រម​ជា​មួយ​នេះ​ ជន​ជាតិ​ថៃ​ ក៏​មាន​អំណាច​រឹង​ប៉ឹង​ឡើង​ ព.ស.១៨០០ ក៏​បាន​តាំង​ជា​អាណា​ចក្រ​សុខោ​ទ័យ​ សម្រេច​ជា​អាណា​ចក្រ​ឯក​រាជ្យ​ពី​អាណា​ចក្រ​ខ្មែរ​។​ ទិង​ខាង​ជើង​ទៅ​ទៀត​មាន​អាណា​ ចក្រ​ឡាន​ណា​ថៃ​ ក៏​បាន​ឯក​រាជ្យ​ភាព​ព្រម​គ្នា​ រី​ឯ​ប្រទេស​ភូមា​ អាណា​ចក្រ​ពុកាម​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ក៏​បាន​ជួប​ប្រទះ​បញ្ហា​ពី​ពួក​ម៉ុង​ហ្គោ​លី​ ដែល​កំពុង​តែ​ពង្រីក​អំណាច​ចុះ​មក​ រហូត​ដល់​បាត់​បង់​នូវ​ឯក​រាជ្យ​ភាព​ អោយ​យុង​យ៉ី​ខាន​ ក្នុង​ ព.ស.១៨៣០ រវាង​នេះ​អាណា​ចក្រ​ថៃ​ក៏​រុង​រឿង​ឡើង​ជា​លំដាប់​។ ចំណែក​ឯ​អាណា​ចក្រ​ចម្ប៉ា​ គូ​សង្រ្គាម​ដើម​របស់​ខ្មែរ​ ក៏​កំពុង​តែ​តាំង​ខ្លួន​ឡើង​សារ​ជា​ថ្មី ​ហើយ​ត្រូវ​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​ខាង​វៀត​ណាម​គូសឹក​ ម្ខាង​ទៀត​ ដែល​កំពុង​តែ​ពង្រីក​អំណាច​ចុះ​មក​ពី​ទិស​ខាង​ជើង​ ទើប​ក្លាយ​ជា​ការ​បើក​ឱកាស​ជួយ​អោយ​កម្ពុជា​នៅ​ស្ងប់​ ក្នុង​ ​ខណៈ​ពេល​ដែល​កំពុង​តែ​មាន​កម្លាំង​អន់​ខ្សោយ​ទៅ​។ ពេល​ដែល​ចាំ​បាច់​ នឹង មាន​​ថា​ម​ពល​អំណាច​ ចំកាត់​ថយ​ចុះ​ ដូច្នេះ​ កម្ពុជា​ក៏​មិន​មាន​សមត្ថ​ភាព​ប្រមូល​កម្លាំង​ក្នុង​ការ​កសាង​ប្រាសាទ​ថ្ម​ធំ​ៗ​ និង​ ការ​ធ្វើ​សង្រ្គាម​ពង្រីក​អាណា​ចក្រ​ ទើប​បែរ​មក​ចាប់​អា​រម្មណ៍​ឧបត្ថម្ភ​ គាំ​ទ្រ​ផ្នែក​វិជ្ជា​ការ​ ធ្វើ​អោយ​ការ​សិក្សា​មាន​សន្ទុះ​កើន​ឡើង​មួយ​រយៈ​ អ្នក​ពេញ​ចិត្ត​ការ​សិក្សា​បាន​ទទួល​ការ​លើក​តម្កើង​ អោយ​មាន​កិត្តិ​យស​ខ្ពង់​ខ្ពស់​ អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត្យ​ មាន​អំណាច​កើន​ឡើង​យ៉ាង​ច្រើន​ និង​ បាន​ជា​អ្នក​មាន​អំណាច​ គ្រប់​គ្រង​កិច្ច​ការ​របស់​ប្រទេស​ជាតិ​។​

    បន្ទាប់​​មក​​អាណា​​ចក្រ​​ថៃ​​នៅ​អយុធ្យា​ ក៏​មាន​អំណាច​កើន​ឡើង​ បាន​លើក​ទ័ព​មក​វាយ​ប្រទេស​កម្ពុជា​ រឹប​អូស​អង្គរ​ធំ​បាន​ច្រើន​គ្រា​ គឺ​នៅ ព.ស.១៨៩៦ (អ្នក​ប្រាជ្ញ​លោក​ខាង​លិច​យល់​ថា​ ព.ស.១៩១២) គ្រប់​គ្រង​បាន ៦​ឆ្នាំ ព.ស.១៩៣២ គ្រប់​គ្រង​បាន​រយៈ​ពេល​ខ្លី​។ ឆ្នាំ​អាវ​សាន​នៅ ព.ស.១៩៧៥​។

    ការ​បរាជ័យ​លើក​ក្រោយ​នេះ​ ធ្វើ​អោយ​ប្រទេស​កម្ពុ​ជា​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ ព្រោះ​កើត​រឿង​ជ្រួល​ច្របល​ផ្ទៃ​ក្នុង​ ដណ្តើម​រាជ្យ​សម្បត្តិ​គ្នា​ ក្លាយ​ទៅ​ជា​ការ​កើត​សង្រ្គាម​ផ្ទៃ​ក្នុង​ មាន​ប្រជា​ជន​ស្លាប់​ជា​ច្រើន​។ ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​ថ្មី​បាន​បោះ​បង់​ចោល​នូវ​រាជ​ធានី​អង្គរ​ធំ​ ទៅ​បង្កើត​រាជ​ធានី​ថ្មី​នៅ​សិរី​សន្ធរ​(រាជ​ធានី​សិរី​សន្ធរ​)​ ហើយ​ប្តូរ​ទៅ​ក្រុង​ ភ្នំ​ពេញ​ជា​ទី​អវ​សាន​នៃ​សម័យ​អង្គរ​។ បន្ទាប់​ពី​អង្គរ​វត្ត​ អង្គរ​ធំ​ត្រូវ​បោះ​បង់​ចោល​ ដើម​ឈើ ​វល្លិ៍​ព្រៃ​ទាំង​ឡាយ​ដុះ​រុំ​ព័ទ្ធ​ណែន​ណាន់​តាន់​តាប់​ចូល​មក​ រហូត​ដល់​ក្លាយ​ជា​រាជ​ធានី​អាថ៍​កំបាំង​ឋិត​នៅ​កណ្តាល​ព្រៃ​។ រហូត​ដល់ ព.ស.២៤០៤ ទើប​មាន​ជន​ជាតិ​បារាំង​សេស​ត្រាច់​ចរ​ទៅ​រក​ឃើញ​ ហើយ ផ្តល់​អោយ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​រុក​រក​រហូត​ដល់​មាន​ការ​កាប់​ឆ្ការ​បំរុង​រក្សា​តាម​វិធី​សិល្បៈ ​បុរាណ​វិទ្យា​ជា​រៀង​ត​មក​។​