ព្រះពុទ្ធសាសនានៅប្រទេសកម្ពុ​ជា

ថ្ងៃសៅរ៍ ទី25.ឧសភា 2019.ម៉ោង 10:34

    ដែន​ដី​ជា​ទី​តាំង​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ឬ ហៅ​ជា​ភាសា​សា​មញ្ញ​ថា ប្រទស​ខ្មែរ​​នាបច្ចុប្បន្ន​។ ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ​ ជា​​ចំណែក​មួយ​នៃ​ទឹក​ដី​ជន​ជាតិ​ខ្មែរ​-​មន​នៅ​អា​ស្រ័យ​។ ជន​ជាតិ​ខ្មែរ​-​មន​នោះ ​តាម​អ្នក​ប្រ​វត្តិ​សាស្រ្ត​សន្និដ្ឋាន​ថា បាន​ភៀស​ខ្លួន​មក​ពី​ឥណ្ឌា​ ឆ្លង​ចូល​មក​ទិស​ឥសាន​នៃ​សមុទ្រ​ឥណ្ឌូ​ចិន​ ឬ មក​ទិស​ខាង​កើត​នៃ​ឈូង​សមុទ្រ​ឥណ្ឌូ​ចិន​ដោយ​វិធី​ណា​មួយ​ ហើយ​បាន​បែក​រលែក​ក្រចាត់​ក្រចាយ​អាស្រ័យ​នៅ​ពាស​ពេញ​ និង​ បាន​ផ្សំ​ផ្គុំ​ជា​មួយ​អំបូរ​ជន​ជាតិ​ដើម​នៅ​ទី​នោះ​ ៗ​ ហើយ​បន្ទាប់​មក​ក៏​មាន​អំណាច​គ្រប់​គ្រង​ដែន​ដី​ឈូង​សមុទ្រ​ឥណ្ឌូ​ចិន​ទាំង​ស្រុង​។ ពេល​ដែល​ជន​ជាតិ​ក្រុម​ដទៃ​បាន​ភៀស​ខ្លួន​ចូល​មក​ដល់​ដែន​ដី​នេះ​ទៀត​ ជន​ជាតិ​ខ្មែរ​-​មន​ក៏​បាន​ផ្សំ​ផ្គុំ​ជា​មួយ​​ជន​ជាតិ​ទាំង​នោះ​ ទាំង​ផ្នែក​ខាង​ជាតិ​អំបូរ​ និង​ វប្ប​ធម៌​ មាន​វឌ្ឈន​ភាព​ រីក​​ចំរើន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ត​មក​ទៀត​ប្រមាណ​ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ​ហើយ​ មាន​អ្នក​ផ្សង​ព្រេង​ និង ពាណិជ្ជ​ករ​ជា​ជន​ជម្ពូ​ទ្វីប​ ធ្វើ​ដំណើរ​មក​ស្វែង​រក​ជោគ​ និង​ ប្រកប​របរ​លក់​ដូរ​នៅ​ក្នុង​ដែន​ដី​ភាគ​នេះ​។ ជន​ជាតិ​ឥណ្ឌា​ទាំង​នេះ​បាន​នាំ​នូវ​វប្ប​ធម៌​-អរិយ​ធម៌​របស់​ខ្លួន​មក​ផ្សព្វ​ផ្សាយ​ជា​មួយ​ ព្រម​ទាំង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​ជន​ជាតិ​ដើម​ (ម្ចាស់​ស្រុក​) ផង​ ធ្វើ​អោយ​មាន​ការ​វិវឌ្ឍន៍​ផ្នែក​ខាង​ប្រវត្តិ​សាស្រ្ត ​ចាត់​បាន​ថា​ ជា​ការ​រីក​ចំរើន​មួយ​ផ្នែក​ផ្សេង​ទៀត​។​

    នៅ​ក្នុង​ដំណាក់​កាល​ក្បែរ​ ៗ​ ​នេះ​ដែរ​​ ព្រះ​បាទ​ធម្មា​សោក​មហា​រាជ​​ទ្រង់​បាន​បញ្ជូន​សមណ​ទូត​​​ មាន​ព្រះ​សោ​ណត្ថេរ​​ និង ឧត្តរ​ត្ថេរ​ជា​ប្រធាន​មក​ផ្សាព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ដែន​ដី​សុវណ្ណ​ភូមិ​នេះ​​។ សម័យ​នោះ​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​ ក៏​គង់​បាន​ផ្សព្វ​ផ្សាយ​ សាយ​ភាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​ប្រជា​ជន​ជា​លំដាប់​ ទន្ទឹម​ទៅ​នឹង​​ការ​រីក​ចំរើន​របស់​ប្រេទេស​ជាតិ​ដែល​កើត​ពី​ការ​រួម​ផ្សំ​ផ្គុំ​ផ្នែក​ខាង​ពាណិជ្ជ​កម្ម​ និង វប្ប​ធម៌ ​អរិយ​ធម៌​ ការ​រីក​ចំរើន​របស់​ប្រទេស​ជាតិ​ដែល​ពោល​មក​នោះ​ ក៏​គឺ​ការ​បង្ករ​បង្កើត​ជា​អាណា​ចក្រ​ធំ ​ៗ ឡើង​ដែល​មាន​ឥទ្ធិ​ពល​ជា​បន្ត​បន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន​។

       ចំពោះ​ដែន​ដី​ដែល​ជា​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏​មាន​ប្រវត្តិ​ជាប់​ពាក់​ព័ន្ធ​ជា​លំដាប់​ទៅ​តាម​សម័យ​កាល​ ដែល​ចែក​ចេញ​ជា ៤​យុគ​ គឺ​ យុគ​ហ្វូ​ណន​ យុគ​ ចេនឡា​ យុគ​មហា​នគរ​ និង​ យុគ​ក្រោយ​មហា​នគរ​។​ នឹង​ពណ៌​នា​ឆ្ពោះ ហេតុ​ការណ៍​សំខាន់​ដែល​ជាប់​ពាក់​ព័ន្ធ​ នឹង ព្រះ​ពុទ្ធ​សាសនា​ដូច​ត​ទៅ ​។

១.យុគហ្វូណន (Funon ឬ Funan) យុគ​អាណា​ចក្រ​ភ្នំ​​ ឬ​ យុគ​មុន​អាណា​ចក្រ​ខ្មែរ​ (គ្រឹស្ត​សត​វត្សរ៍​ទី១​ ដល់​ទី​៦ ត្រូវ​នឹង​ប្រមាណ​ ព.ស.​ ៦០០ ដល់ ១១០០)

    ហ្វូន​ណន​ ឬ​ហ្វូ​ណាន​ ជា​ពាក្យ​ចិន​ អ្នក​ប្រាជ្ញ​សន្និ​ដ្ឋាន​ថា​ ហ្វូ​ណន​ក្លាយ​មក​ពី​ពាក្យ​ខ្មែរ​ថា​ “ភ្នំ”​តាម​តម្រា​ថា​ ព្រាហ្មណ៍​ជាតិ​ជម្ពូ​ទ្វីប​ឈ្មោះ​ថា “កៅ​ឌិណ្យ” (ស័ព្ទ​សំស្រ្កឹត​ត្រូវ​ត្រង់​ ភាសា​បាលី​ថា “​កោណ្ឌិញ្ញ”)​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយក្ស​ត្រីយ៍​ ឬ​ស្រ្តី​ជា​ប្រមុខ​ជា​ជាតិ​ដើម​នៃ​ដែន​ដី​នេះ​ (សិលា​ចារឹក​ពោល​ថា​ រៀប​ការ​ជា​មួយ​នាង​នាគ​ឈ្មោះ​ សោមា​ (ឬ​លីវ​យ៉ី​)​ ជា​ធីតា​នៃ​ស្តេច​ពុជ្ឈង្គ​នាគ​) ជា​បឋម​វង្ស​នៃ​ក្សត្រ​ហ្វូណន​នោះ​ ហើយ​ទ្រង់​បាន​កសាង​រាជ​ធានី​នៅ​វ្យា​ធ​បុរះ​។ ទ្រង់​បាន​ពង្រីក​អំណាច​យ៉ាង​ធំ​ធេង​ មាន​អាណា​ខេត្ត​គ្រប​ដណ្តប់​ដល់​ភាគ​ខាង​ត្បូង​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា​បច្ចុប្បន្ន​ និង​ ដែន​ដី​ កូចីន​ស៊ីន​ (បាន​ដល់​ដែន​ដី​ភាគ​ខាង​ក្រោម​បំផុត​ប្រមាណ​មួយ​ភាគ​បួន​នៃ​ប្រទេស​វៀត​ណាម​ មាន​ទី​ក្រុង​ព្រៃ​នគរ​ជា​មជ្ឈ​មណ្ឌល​ វៀត​ណាម​ហៅ​ថា​ ទី​ក្រុង​ហ៊ូ​​ជី​ម៉ីញ)​ ទាំង​មូល​ និង​ ទ្រង់​បាន​គ្រប់​គ្រង​អាណា​ចក្រ​ចេន​ឡា ​មាន​អាណា​ខេត្ត​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ នៃ​ប្រទេស​កម្ពុជា​ និង​ ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លាវ​នា​ពេល​បច្ចុប្បន្ន​។ អាណា​ចក្រ​ដែល​រីក​ចំរើន​រួម​សម័យ​ជា​មួយនឹង​ហ្វូណ​ន​គឺ​អាណា​ចក្រ​ចម្ប៉ា ​(ប្រទេស​ចាម​) ដែល​ឋិត​នៅ​ទិស​ខាង​កើត​ និង​ ទិស​ខាង​ជើង​នៃ​ហ្វូណន​ (ត្រូវ​ត្រង់​ភូមិ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀត​ណាម​)​។​

    ជន​ជាតិ​ដើម​នៃ​អាណា​ចក្រ​ហ្វូ​ណន​ជា​ជន​ជាតិ​មាឡា​យ៉ូ​ គោរព​ធម្ម​ជាតិ​ ខ្មោច បិសាច អារក្ស អ្នក​តា ពេល​ព្រះ​ពុទ្ធ​សាសនា​ចូល​​មក​ដល់​សុវណ្ណា​ភូមិ​ហើយ​ ក៏​គង់​បាន​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ក្រុម​ប្រជា​ជន​ហ្វូណន​យ៉ាង​ទូលំ​ទូលាយ​ទៅ​ទៀត​ជា​លំដាប់​។ រី​ឯ​ព្រះ​រាជ​សំណាក់​ និង​ មន្រ្តី​ជាន់​ខ្ពស់​ ប្រាកដ​ថា​ គោរព​សាសនា​ហិណ្ឌូ​និកាយ​សៃវៈ​ (គោរព​ព្រះ​ឥសូរ)​ ជា​គោល ហើយ​អាច​ នឹង គោរព​ព្រះ​ពុទ្ធ​សាសនា​លាយ​លំ​ផង​ដែរ​។ ជន​ជាតិ​ឥណ្ឌា​បាន​នាំ​បែប​ផែន​នៃ​ការ​គ្រប់​គ្រង​ សិល្បះ ​វិចិត្រ​កម្ម​ ព្រម​ជា​មួយ​នឹង វិជ្ជា​ការ​ផ្សេង​ៗ ចូល​មក​សាង​ភាព​រីក​ចំរើន​អោយ​ហ្វូណន​ ជា​ហេតុ​ញ៉ាំង​អោយ​ហ្វូណន​មាន​អរិយ​ធម៌​ស្រដៀង​ទៅ​នឹង​ឥណ្ឌា​សម័យ​នោះ​​។​

    នៅ​ចុង​យុគ ហាក់​បី​ដូច​ជា​ព្រះ​មហា​ក្សត្រ​បែរ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​ ដូច​ជា​ឯក​សារ​ចិន​ក្នុង​រាជ​វង្ស​ជីភាគ​ខាង​ត្បូង​ (ព.ស​វ.​១១​) ថា​ព្រះ​មហា​ក្សត្រ​ហ្វូណន​ព្រះ​នាម​ កៅ​ណ្ឌិណ្យ​ជ័យ​វរ្ម័ន​ (សោយ​ទិវង្គត​ ព.ស.១០៥៧) ដើម​ឡើយ​ទ្រង់​គោរព​ព្រហ្មញ្ញ​សាសនា​ បន្ទាប់​មក​ទ្រង់​គោរព​ព្រះ​ពុទ្ធ​សាសនា​។ នៅ​ក្នុង​រាជ​កាល​នេះ​ដែរ​ មាន​ព្រះ​សង្ឃ​ឥណ្ឌា​មួយ​អង្គ​ព្រះ​នាម​នាគ​សេន​និមន្ត​ទៅ​ប្រទេស​ចិន​បាន​ឆៀង​ចូល​មក​កាន់​ហ្វូណន​មុន​ ហើយ​បាន​ចូល​ទៅ​គាល់​ទូល​ព្រះ​បាទ​ក្រុង​ចិន​ថា​ ប្រទេស​ហ្វូណន​គោរព​សាសនា​ហិណ្ឌូ​និកាយ​សៃវៈ ​តែ​ព្រះ​ពុទ្ធ​សាសនា​ក៏​រីក​ចំរើន​រុង​រឿង​ មាន​ព្រះ​ភិក្ខុ​សាម​ណេរ​ជា​ច្រើន​អង្គ​ សំខាន់​ជាង​នេះ​​ទៅ​ទៀត ក្នុង​រជ្ជ​កាល​នេះ​មាន​ព្រះ​សង្ឃ​ជន​ជាតិ​ហ្វូណន​មួយ​អង្គ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​ លក្ខណ​អន្តរ​ជាតិ​ទុក​ក្នុង​ប្រវត្តិ​សាស្រ្ត​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​ហ្វូណន​ ពោល​គឺ​ព្រះ​ភិក្ខុ​ជាតិ​ហ្វូណន​ អង្គ​នោះ​នាម​ថា​ “សង្ឃ​បា​លោ” ហៅ​តាម​សំណៀង​ចិន​ថា​ “សេង​បោ​លោ”​ ជា​ភាសា​ ជប៉ុន​ថា “សោ​យោ ឬ​ សោ​កុយ​” (កើត​ប្រមាណ​ ព.ស.១០០២​សុគតិ​ ព.ស.១០៦៧) ព្រះ​អង្គ​ស្ទាត់​ជំនាញ​ព្រះ​អភិធម្ម​ បាន​និមន្ត​ទៅ​កាន់​ខេត្ត​ក្វាង​តុង​ (ប្រទេស​ចិន​)​ ​ហើយ​ព្រះ​អង្គ​បាន​សិក្សា​បន្ថែម​ពី​ព្រះ​សង្ឃ​ឥណ្ឌា​នាម​គុណ​ភ័ទ្រ​ មាន​ចំណេះ​ដឹង​ឈ្លាស​វៃ​ក្នុង​ព្រះ​ធម៌​ វិន័យ និង​ ភាសា​ផ្សេង​ ព្រម​ទាំង​មាន​ចរិយា​វត្ត​ដ៏​ល្អ​ប្រពៃ​ ជា​ទី​ជ្រះ​ថ្លា​នៃ​ស្តេច​ចក្រ​ពត្តិ​ ប៉ូតី​ (គ្រង​រាជ្យ ​ព.ស.១០៤៦-១០៩២) ទ្រង់​ប្រ​គេន​ស្ថាន​ទី​ ៥​ ខ្នង​ជា​ទី​សំណាក់​អាស្រ័យ​ ហើយ​ទ្រង់​អារាធ​នា​ព្រះ​អង្គ​អោយ​ប្រែ​គម្ពីរ​ពុទ្ធ​សាសនា​ចំនួន​ច្រើន​ជា​ភាសា​ចិន​ សមិទ្ធិ​ផល​ដែល​កើត​ចេញ​ពី​ការ​បក​ប្រែ​របស់​ព្រះ​អង្គ​ មាន​ភាព​ពីរោះ​ក្បោះ​ក្បាយ​ខ្លាំង​ និង​ ត្រឹម​ត្រូវ​ល្អ​ណាស់​។ ក្នុង​បណ្តា​គម្ពីរ​ដែល​ព្រះ​អង្គ​បក​ប្រែ​នោះ​ មាន​គម្ពីរ​សំខាន់​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រាជ្ញ​ភាសា​បាលី​ជា​ច្រើន​គឺ “គម្ពីរ​វិមុត្តិ​មគ្គ​”​ (គម្ពីរ​រចនា​ដោយ​ព្រះ​ឧប​តិស្សត្ថេរ​មាន​អត្ថ​ន័យ​ស្រដៀង​គ្នា​បំផុត​ ប្រៀប​ នឹង គម្ពីរ​វិសុទ្ធិ​មគ្គ​ តែ​ជា​គម្ពីរ​តែង​មុន​ និង​ សង្ខេប​ជាង​ ឥឡូវ​នេះ​បាន​ប្រែ​ជា​ជា​ភាសា​អង់​គ្លេស​រួច​ហើយ​ ព្រម​ទាំង​ភាសា​ថៃ​ទៀត​ផង​)​ តាម​តម្រា​ពោល​ត​ទៅ​ទៀត​ថា​ ព្រះ​អង្គ​បាន​ទទួល​កិត្តិ​យស​ពី​ព្រះ​ស្តេច​ចក្រ​ពត្តិ​ប៉ូតី​ជា​អង្គ​បង្រៀន​ព្រះ​ធម៌​ប្រចាំ​ព្រះ​រាជ​វាំង​។ ព្រះ​អង្គ​បាន​ផ្លាស់​ប្តូរ​ទំនៀម​ទម្លាប់​ ប្រ​ពៃណី​ប្រជា​ជន​ចិន​ច្រើន​យ៉ាង​ ព្រោះ​តែ​ព្រះ​អង្គ​មាន​ជីវិត​បែប​សាមញ្ញ​ មិន​សន្សែ​សន្សំ​ ហើយ​ព្រះ​អង្គ​បាន​នាំ​យក​នូវ​បច្ច័យ​អ្នក​មាន​សទ្ធា​ប្រគេន​ទៅ​កសាង​វត្ត​ “អារាធ​វិរិយា​រាម​” ព្រះ​អង្គ​បាន​ទទួល​អនិច្ច​ធម្ម​ក្នុង​ព្រះ​​ជន្មាយុ​ ៦៥​ឆ្នាំ​។ ក្រៅ​ពី​ព្រះ​អង្គ​សង្ឃ​បាល​នេះ​ នៅ​មាន​ព្រះ​ថេរះ​ហ្វូ​ណន​មួយ​ព្រះ​អង្គ​ទៀត​បាន​និមន្ត​ទៅ​ប្រទេស​ចិន​ក្នុង​វេលា​ក្បែរ​នេះ​ដែរ​ គឺ​ព្រះ​អង្គ​មណ្ឌារៈ​ បាន​ទទួល​ការ​អារាធ​នា​អោយ​បក​ប្រែ​គម្ពីរ​មួយ​ចំនួន​ រួម​ជា​មួយ​ព្រះ​អង្គ​សង្ឃ​បាល​ផង តែ​ព្រះ​អង្គ​មិន​សូវ​មាន​ភាព​ជំនាញ​ភាសា​ចិន​គ្រប់​គ្រាន់​ ដូច្នោះ​ហើយ​ស្នា​ដៃរ​បស់​ព្រះ​អង្គ​មិន​សូវ​មាន​ភាព​ល្បី​ល្បាញ និង​ ការ​ទទួល​ការ​លើក​ដម្កើង​ឡើយ​។​

    ក្នុង ព.ស.១០៥៧ ព្រះ​បាទ​រុទ្រ្ទ​វរ្ម័ន​ឡើង​សោយ​រាជ្យ​ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ ក្នុង​ព្រះ​ពុទ្ធ​សាស​នា​យ៉ាង​ខ្លាំង​ ហើយ​ព្រះ​អង្គ​ទ្រង់​បាន​ប្រកាស​ថ្វាយ​ខ្លួន​ព្រះ​អង្គ​ជា​ឧបាសក​។ ព្រះ​អង្គ​មាន​ព្រះ​កេស​ធាតុ​មួយ​ទង​ទុក​សំរាប់​ធ្វើ​សក្ការះ​បូជា​។​ ព្រះ​បាទ​រុទ្រ្ទ​វរ្ម័ន​ជា​ក្សត្រ​អង្គ​ចុង​ក្រោយ​បំផុត​ដែល​ប្រកដ​ព្រះ​នាម​របស់​ហ្វូណន​ ក្នុង​រយៈ​វេលា​នេះ​ អាណា​ចក្រ​ចេន​ឡា​ដែល​ជា​ប្រ​ទេស​អាណា​និគម​របស់​ហ្វូណន​មាន​អំណាច​ខ្លាំង​ឡើង​ បាន​តាំង​ខ្លួន​ជា​ប្រទេស​ឯក​រាជ្យ​ ត​មក​ទៀត ​ព.ស.១១៧០ ក៏​បាន​លើក​ទ័ព​មក​វាយ​បង្រួប​បង្រួម​ហ្វូណន​បញ្ចូល​ជា​អាណា​ចក្រ​ចេនឡា​។​

    អ្នក​ប្រាជ្ញ​មួយ​ចំនួន​យល់​ថា​ ភស្តុ​តាង​ផ្សេង​ ៗ ដូច​មាន​បាន​ស​អោយ​ឃើញ​ថា​ ព្រះ​ពុទ្ធ​សាសនា​ដែល​គេ​គោរព​ក្នុង​សម័យ​ហ្វូណន​នោះ​ គឺ​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​​។ ដូច​ជា​សិលា​ចារឹក​ផ្សេង​ៗ​ មាន​អត្ថ​ន័យ​ជា​លក្ខណៈ​ថេរ​វាទ​ គម្ពីរ​វិមុត្តិ​មគ្គ​ដែល​ព្រះ​​អង្គ​សង្ឃ​បាល​បក​ប្រែ​នោះ​ជា​របស់​ថេរ​វាទ​ ហើយ​ពេល​នោះ​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​នៅ​មិន​ទាន់​ចូល​មក​ផ្សព្វ​ផ្សាយ​នៅ​ហ្វូណន​នៅ​ឡើយ​ទេ​ បើ​សិន​ជា​ទស្សន​នេះ​ ជា​ទស្សន​ត្រឹម​ត្រូវ​មែន​នោះ​ ក៏​គង់​ នឹង ត្រូវ​សរុប​ប្រវត្តិ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​អាណា​ចក្រ​ហ្វូណន​ថា​ ដំបូង​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​មាន​ភាព​រីក​ចំ​រើន​លូត​លាស់​មុន​ បន្ទាប់​មក​សាសនា​ហិណ្ឌូ​និកាយ​សៃវៈ​បាន​ហូរ​ចូល​មក​ដល់​តាម​រយៈ​អ្នក​ដឹក​នាំ​ជា​ជន​ជាតិ​ឥណ្ឌា ​ និង ជន​ជាតិ​ឥណ្ឌា​ដែល​មក​ប្រា​ស្រាយ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដឹក​នាំជាន់​ខ្ពស់​ ធ្វើ​អោយ​សាសនា​ហិណ្ឌូ​មាន​ឱកាស​ស្តារ​ឡើង​វិញ​ក្នុង​ព្រះ​រាជ​ដំណាក់​នា​រយៈ​កាល​ដំបូង​ បន្ទាប់​មក​ក៏​សាប​រលាប​ទៅ​បន្តិច​ម្តង​ៗ ទើប​បែរ​មក​ចាប់​អារម្មណ៍​នឹង​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​មាន​មក​តាំង​តែ​ពីដំបូង​​។ សាសនា​ហិណ្ឌូ និង​ ព្រះ​ពុទ្ធ​សាសនា​ក៏​មាន​ការ​រីក​ចំរើន​រុងរឿង​ទន្ទឹម​គ្នា​រហូត​ដល់​ទី​អាវ​សាន​នៃ​យុគ​នេះ​។​

២.យុគចេនឡា (chenlA) (ពាក់កណ្តាល គ.សវ. ៦ ដល់ ៨០២ ឬ ព.សវ. ១១-ព.ស.១៣៤៥)

    អាណា​ចក្រ​ចេនឡា​ឋិត​នៅ​បន្ទាប់​ពី​អាណា​ចក្រ​ហ្វូណន​ឡើង​ទៅ​ទិស​ខាង​ជើង​ និង ទិស​និរតី​ (ខាង​លិច​ឆៀង​ខាង​ត្បូង)​ នៃ​អាណា​ចម្ប៉ា ​ត្រង់​ នឹង ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លាវ​ និង​ ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុ​ជា​បច្ចុប្បន្ន​ មាន​សិលា​ចារឹក​បញ្ជាក់​សេច​ក្តី​ថា​ រាជ​វង្ស​របស់​ចេន​ឡា​មាន​ការ​ជាប់​បន្ត​សែ​ស្រឡាយ​មក​ពី​ឥសី​ កម្ពុ​សវ​យម្ភូ​វៈ​ ផ្សំ​ផ្គុំជា​មួយ​ទេព​ធីតា​ មេរា​ ទើប​បាន​ទទួល​នាម​ថា​ “កម្ពុជា” (កម្ពុ+ជ = អ្នក​កើត​ពី​កម្ពូ)​ ទើប​ជឿ​ថា​យុគ​នៃ​កម្ពុជា​ ឬ​ខ្មែរ​ បាន​ចាប់​ផ្តើម​យ៉ាង​ពិត​ប្រាកដ​ក្នុង​សម័យ​ចេនឡា​។ ចេន​ឡា​ជា​ប្រទេស​ចំណុះ​របស់​ហ្វូណន​មក​ពី​ដំបូង​រហូត​ដល់​ពាក់​កណ្តាល​ពុទ្ធ​សត​វត្សរ៍​ទី​ ១១​ ទើប​មាន​កម្លាំង​រឹង​ប៉ឹង​ឡើង​ ផ្តើម​តាំង​ខ្លួន​អោយ​បាន​ប្រទេស​ឯក​រាជ្យ​ ដោយ​បញ្ឈប់​ថ្វាយ​គ្រឿង​បណ្ណា​ការ​ចំពោះ​ក្សត្រ​ ហ្វូណន​ និង​ នៅ​ទី​បំផុត​បាន​​ច្បាំង​ឈ្នះ​ពួក​ហ្វូណន​ ដែល​បាន​លើក​ទ័ព​មក​វាយ​ច្បាំង​នៅ​នគរ​ចម្ប៉ា​ស័ក្តិ​ អញ្ចឹង​ទើប​ជឿ​បាន​ថា​ជា​ការ​ចាប់​ផ្តើម​យុគ​អាណា​ចក្រ​ចេនឡា​។​

    ព្រះ​បាទ​ភវវរ្ម័ន​បាន​ឡើង​គ្រង​រាជ្យ​ជា​បឋ​មក្សត្រ​ប្រមាណ​ ព.ស.១០៩៣​។ ព្រះ​ម​ហាក្សត្រ​ចេន​ឡា​ក្នុង​រយៈ​ ដំបូង​ក៏​គង់​គោរព​សាសនា​ហិណ្ឌូ​និកាយ​សៃវៈ​ជា​សំខាន់​ ព្រោះ​ប្រាកដ​ថា​ ព្រះ​បាទ​ភវ​វរ្ម័ន​ទ្រង់​បាន​សាង​ទេវា​ល័យ​ឧទ្ទិស​ថ្វាយ​ព្រះ​សេវ​ភ័ទ្រ្ទេ​ស្វារៈ​ ហើយ​ទ្រង់​បាន​ប្រតិស្ឋាន​សិវ​លិង្គ​មួយ​អង្គ​នៅ​ចុង​រជ្ជ​កាល​នេះ​ ហើយ​ព្រះ​មហា​ក្ស​ត្រ​អង្គ​ទីពីរ​ (ព្រះ​បាទ​មហេន្រ្ទ​វ​រ្ម័ន​ ព្រះ​នាម​ដើម​ចៅ​ជ័យ​ចិត្រ​សេន​) ខណះ​ដែល​ពិជិត​សឹក​ហ្វូណន​បាន​សំរេច​ហើយ​ ក៏​ទ្រង់​បាន​ប្រតិស្ឋាន​សិវ​លិង្គ​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​ឥសូរ​ដើម្បី​សម្ពោធ​ជ័យ​ជំនៈ​។ ព្រះ​មហា​ក្សត្រ​អង្គ​ទី​ ៣ នៃ​ចេន​ឡា​ព្រះ​នាម​ថា​ឥសាន​វរ្ម័ន​ទី​១ ទ្រង់​មាន​អំណាច​ខ្លាំង​ក្លា​ណាស់​ ទ្រង់​បាន​បង្រ្កាប​អាណា​ចក្រ​ហ្វូណន​ រឹប​អូស​បញ្ចូល​ជា​ដែន​ដី​អាណា​ចក្រ​ចេន​ឡា​ទាំង​ស្រុង​ក្នុង ព.ស​. ១១៧០ ហើយ​ពង្រីក​អាណា​ខេត្ត​ចេញ​ទៅ​ស្ទើរ​គ្រប់​ទិស​ ជា​ពិសេស​ទិស​ខាង​លេច​លាត​សន្ទឹង​ទៅ​ដល់​ខេត្ត​ច័ន្ទ​បុរី​។​ តម្រា​មួយ​ចំនួន​ពោល​ថា​ សាសនា​ហិណ្ឌូ​លទ្ធិ​ហរិហរៈ​កើត​ឡើង​ក្នុង​រជ្ជ​កាល​នេះ​ ហើយ​ក៍​បាន​បៀត​បៀន​ព្រះ​ពុទ្ធសាស​នា​យ៉ាង​ខ្លាំង​រហូត​ដល់​ស្ទើរ​តែ​សាប​សូន្យ​​។​

    បន្ទាប់​មក​ ខាង​ដើម​នែ​ព.ស.វ. ទី ១៣ មាន​ព្រះ​មហា​ក្សត្រ​អង់​អាច​ក្លា​ហាន​មួយ​ព្រះ​អង្គ​ទៀត​ ព្រះ​នាម​ជ័យ​វរ្ម័ន​ទី ​១ (គ្រង​រាជ្យ​ប្រមាណ ​ព.ស.១១៩៣​-​១២៥៦) ទ្រង់​បាន​ពង្រីក​អាណា​ខេត្ត​ទៅ​ដល់​អាណា​ចក្រ​ណាន​ចៅ​។ ក្នុង​រាជ្ជ​កាល​នេះ​មាន​ភ័ស្តុ​តាង​ស្តែង​ អោយ​ដឹង​ថា​ ព្រះ​ពុទ្ធ​សាសនា​នៅ​មាន​ការ​រីក​ចំរើន​រុង​រឿង​នៅ​ឡើយ​ (ឬ​អាច​រុង​រឿង​ឡើង​វិញ​)​ គឺ​មាន​សិលាចា​រឹក​វត្ត​ព្រៃ​ល្វា​ក្បែរ​រាជ​ធានី​វ្យា​ធ​បុរៈ​ប្រមាណ ​ព.ស.១២០៧ ពោល​ថា​ ក្សត្រ​ពីរ​ព្រះ​អង្គ​ជា​បង​ប្អូន​នាម​ថា​ រតន​ភានុ​ និង រតនា​សីហៈ ​ទ្រង់​ចេញ​បាន​សាង​ព្រះ​ផ្នួស​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ​១ ទ្រង់​បាន​បញ្ជា​អោយ​គេ​កសាង​វត្ត​ប្រគេន​ និង​ រក្សា​វត្ត​ នោះ​អោយ​គង់​វង់​យូរ​អង្វែង​។ ចំពោះ​រឿង​នេះ ប្រជា​ជន​បាន​និយាយ​ត​ៗ​ គ្នា​មក​ ហើយ​បាន​ប្រកាន់​យក​ ប្រ​ពៃណី​ដែល​អនុ​វត្តន៍​តាម​ព្រះ​រាជ​បញ្ជា​អោយ​រក្សា​វត្ត​នោះ​។

    ម្យ៉ាង​ទៀត​ព្រះ​សង្ឃ​ចិន​នាម​អ៊ី​ចីង​ បាន​និ​មន្ត​ចារិក​ទៅ​ប្រទេស​ឥណ្ឌា​ដោយ​បាន​ ឆ្លង​កាត់​សមុទ្រ​ខាង​ត្បូង​ (ចេញ​ដំណើរ​ចារិក​រហូត​ដល់​ត្រឡប់​ដល់​ចិន​ ព.ស.១២១៤-១២៣៨) បាន​សរ​សេរ​កំណត់​ហេតុ​ថា​ ក្នុង​ប្រ​ទេស​ហ្វូណន​ (ចំណុច​នេះ​និយាយ​ដល់​ចេន​ឡា​នោះ​ឯង​)​។ ព្រះ​ពុទ្ធ​សាសនា​រុង​រឿន​ណាស់​ មាន​វត្ត​គ្រប់​ទិស​ទី​ មាន​បូជ​ណី​យដ្ឋាន​សក្តិ​សិទ្ធិ​របស់​សាសនា​ព្រាហ្មណ៍​នៅ​ក្បែរ​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​។ សាសនា​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា​យ៉ាង​ស្ងប់​សុខ​សាន្ត​ ប្រជា​ជន​ទូ​ទៅ​និយម​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ សូម្បី​តែ​មន្រ្តី​ជាន់​ខ្ពស់​ឬ​រាជ​វង្ស​ក៏​មាន​សទ្ធា​ចូល​មក​សាង​ផ្នួស​ដូច​គ្នា​។

    បន្ទាប់​មក​ ក្រោយ​ពី​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ មិន​យូរ​ប៉ុន្មាន​ អាណា​ចក្រ​ចេនឡា​ ក៏​ត្រូវ​បាន​បំបែក​ជា​ពីរ​ចំណែក​ គឺ​ក្លាយ​ជា​ចេនឡា​ដី​គោក​ ឬ​ចេន​ឡា​ភាគ​ខាង​ជើង​ និង ចេនឡា​ទឹក ឬ​ចេន​ឡា​ភាគ​ខាង​ត្បូង​​។ នៅ​ខាង​ចុង​យុគ​នេះ​ ចេន​ឡា​ទឹក​ឋិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​ជ្វា​ បន្ទាប់​ពី​បំបែក​ខ្លួន​ចេញ​មក​បាន​ប្រហែល​ជា​មួយ​សតវត្សរ៍​។​ យុគ​ចេនឡា​ក៏​​បាន​បញ្ចប់​ត្រឹម​នេះ ដោយ​សារ​ហេតុ​វិវាទ​ជា​មួយ​អាណា​ចក្រ​ជ្វា​។

    ពោល​គឺ​នៅ​ពាក់​កណ្តាល​ពុទ្ធ​សត​វត្សរ៍​ទី ១៤​ រាជ​វង្ស​សៃ​លេន្ទ្រ​របស់​ជ្វា​បាន​លើក​ទ័ព​ជើង​ទឹក​មក​វាយ​ប្រទេស​ចេន​ឡា ចាប់​ព្រះ​បាទ​មហិ​បតី​វរ្ម័ន​ នៃ​ចេនឡា​ទឹក​កាត់​ព្រះ​កេស​ ចំណែក​ព្រះ​បាទ​ជ័យ​វរ្ម័ន្ត​ទី​២​ ដែល​ឡើង​គ្រង​រាជ្យ​បន្ទាប់​មក​ ក៏​បាន​ប្តូរ​រាជ​ធានី​ទៅ​តាំង​អាណា​ចក្រ​ថ្មី​នៅ​ទី​ផ្សេង​ យុគ​ចេនឡា​ក៏​បាន​ដល់​ទី​អាវ​សាន​ត្រឹម​នេះ​​។​

    មាន​អ្នក​ផ្តល់​ការ​សង្កេត​ថា​​ តាម​ភស្តុ​តាង​ខាង​បុរាណ​វិទ្យា​ មាន​រូប​បដិមា​ករ​នៃ​ព្រះ​ពោធិ​សត្វ​ផ្សង​ៗ​ ជា​ដើម​ មាន​ន័យ​ថា​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ គង់​បាន​ផ្សព្វ​ផ្សាយ​ចូល​ មក​ក្នុង​ដំបន់​អាស៊ី​អាគ្នេយ៍​ ក្នុង​រយៈ​កាល​ក្បែរ​ ៗ​ ព.សវ.១៤នេះ​ឯង ដោយ​ឥទ្ធិ​ពល​ពី​អាណា​ចក្រ​សិរី​វិជ័យ​​។ ពេល​ចូល​មក​ដល់​ហើយ​ ក៏​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​​ឆាប់​​រហ័ស​ ព្រោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជា​មួយ​​ នឹង ព្រហ្មញ្ញ​សាសនា​ និង​ ព្រោះ​ដោយ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះ​មហា​ក្សត្រ​ដូច​ នឹង បាន​ឃើញ​ក្នុង​យុគ​ត​ទៅ ​ក្រៅ​ពី​នេះ ទោះ​បី​ពុទ្ធសាសនា​លទ្ធិ​​ត័ន្ត្រៈ​បាន​ហូរ​ចូល​មក​ផង​ក៏​ដោយ​ ពេល​បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​ជា​ប្រភព​មួយ​នៃ​ប្រពៃ​ណី​របស់​ប្រទេស​ ប៉ុន្តែ​មិន​សូវ​មាន​ឥទ្ធិ​ពល​ទូលំ​​ទូលាយ​ណាស់​ណ៎ា​ទេ​​។​

៣.យុគអង្គរ ឬ យុគមហានគរ (angkor)(ព.ស.១៣៤៥-១៩៧៥)

    យុគ​អង្គរ​បាន​ដល់​យុគ​អង្គរ​វត្ត​អង្គ​ធំ​ (ស្ថិត​នៅ​ក្បែរ​ទន្លេ​សាប​ និង ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​សៀម​រាប​)​ ជា​រាជ​ធានី​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​សម័យ​មហា​អាណា​ចក្រ​ខ្មែរ​ ជា​សម័យ​មួយ​ដែល​មាន​អរិយ​ធម៌​រុងរឿង​ជា​ទី​បំផុត​ ជា​មហា​អាណា​ចក្រ​ដ៏​ធំ​ទូលំ​ទូលាយ​ មាន​សិល្បះ​​ ជា​ពិសេស​ស្ថា​ប័ត្យ​កម្ម​ជា​និមិត្ត​រូ​។

    នៅ​ក្នុង​សម័យ​នេះ​ ព្រះ​ពុទ្ធ​សាសនា​មហា​យាន​មាន​ភាព​ចំរើន​រុង​រឿង​ទន្ទឹម​ នឹង សាសនា​ហិណ្ឌូ​រួម​ផ្សំ​ផ្គុំ​គ្នា​។​ ប្រាសាទ​រាជ​ស្ថាន​ផ្សេង​ៗ ​សុទ្ធ​សឹង​តែ​សាង​ឡើង​ដើម្បី​ឧទ្ទិស​ ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ និង ​សាស​នា​ហិណ្ឌូ​។ សេច​ក្តី​ក្នុង​សិលាចា​រឹក​បាន​រក​ឃើញ ​ និង បាន​បង្ហាញ​អោយ​ដឹង​អំពី​ឥទ្ធិ​ពល​នៃ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​យ៉ាង​ច្បាស់​ក្រឡែត​ ហើយ​មាន​គតិ​នៃ​សាសនា​ហិណ្ឌូ​បង្កប់​នៅ​ជា​មួយ​ផង​ដែរ​។​ ចំណែក​ឯ​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ អាច​បាន​ជា​ទី​គោរព ​នៅ​ក្នុង​ចំណោម​​បណ្តា​ប្រជា​ជន​ទូ​ទៅ​ ដែល​មិន​មាន​ការ​លើក​ស្ទួយ​ពី​ព្រះ​រាជ​សំណាក់​ និយាយ​ខ្លី​ថា​ ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​នៅ​ជា​មួយ​ប្រជា​ជន​​ ព្រះ​ពុទ្ធសាសនា​មហា​យាន​ និង​ ហិណ្ឌូ​នៅ​ជា​មួយ​រាជ​សំណាក់​ តែ​លទ្ធិ​ទាំង​ ៣​នេះ​នៅ​រួម​គ្នា​ដោយ​សន្តិ​។

    យុគ​ព្រះ​នគ​របាន​ចាប់​បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ​ជ្វា​បាន​លើក​ទ័ព​មក​វាយ​ប្រទេស​ចេន​ឡា ចាប់​ព្រះ​បាទ​មហិ​បតី​កាត់​ព្រះ​កេស​ រួច​ហើយ​ព្រះ​រាជ​ឱរស​បាន​យាង​ទៅ​សំណាក់​នៅ​ប្រទេស​ជ្វា​ អាច​ នឹង ត្រូវ​បាន​នាំ​ខ្លួន​សំដែង​ការ​គោរព​ ឬ ដោយ​ហេតុ​ដទៃ​ទៀត​ក៏​ដោយ​ តែ​ក្រោយ​មក​ព្រះ​អង្គ​បាន​យាង​ត្រឡប់​មក​គ្រង​រាជ្យ​នៅ​​ ព.ស.១៣៤៥ ជា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​២​។​ ព្រះ​អង្គ​បាន​ប្តូរ​ទី​ក្រុង​ទៅ​ទី​តាំង​នៅ​ជិត​បរិ​វេណ​អង្គរ​វត្ត​ ប្រកាស​ឯក​រាជ្យ​ភាព​ពី​ប្រទេស​ជ្វា​ វាយ​បង្រួប​បង្រួម​ចេន​ឡា​ ទាំង​ពីរ​ភាគ​អោយ​រួម​ជា​ចូល​ធ្លុង​មួយ​។ ព្រះ​អង្គ​ទ្រង់​បាន​គោរព​សាសនា​ហិណ្ឌូ​លទ្ធិ ហរិ​ហរៈ​ គឺ​គោរព​ព្រះ​នរាយ​ និង ព្រះ​ឥសូរ​រួម​គ្នា និង ទ្រង់​ផ្តើម​បង្កើត​លទ្ធិ​ទេវ​រាជ​ (អា​ច​រៀប​ចំ​តាម​គំនិត​របស់​ជ្វា)​​ ប្រកប​ពិធី​បូជា​ ប្រកាស​ដល់​ហេតុ​ដែល​ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​អំណាច​ពី​ព្រះ​ជា​ម្ចាស់​ ដោយ​មាន​សិវ​លិង្គ​ជា​និមិត្ត​សញ្ញា​ ជា​ទី​គោរព​បូជា​ បង្កើត​អោយ​បាន​ជា​ទំនៀម​ទម្លាប់​របស់​ព្រះ​មហា​ក្សត្រ​ខ្មែ​រ ពី​បុរាណ​បាន​ប្រព្រឹត្ត​បន្ត​បន្ទាប់​មក​។​ ក្រៅ​ពី​នេះ​អ្នក​ប្រាជ្ញ​មួយ​ចំនួន​បាន​ពោល​ថា​ សម័យ​នេះ​មាន​ហេតុ​មួយ​ធ្វើ​អោយ​ពុទ្ធ​សាសនា​មហា​យាន​ និង​ សាសនា​ហិណ្ឌូ​ផ្សំ​ផ្គុំ​គ្នា​យ៉ាង​ស្អិត​រមួត​នោះ​ គឺ​ការ​ដែល​កើត​មាន​ទំនៀម​គោរព​សាសនា​ម្នាក់​ម្យ៉ាង​ ជា​គូ​បន្លាស់​គ្នា​រវាង​ព្រះ​រាជា​ និង រាជ​បុរោ​ហិត ពោល​​ ​គឺ ប្រសិន​បើ​ព្រះ​រាជា​ (ឬ​រាជ​ការ​)​ គោរព​ពុទ្ធ​សាសនា​ បុរោ​ហិត​ គោរព​ព្រហ្មញ្ញ​សាសនា​ ព្រះ​រាជា​ (ឬ​រាជ​ការ)​ គោរព​ព្រហ្មញ្ញ​សាសនា​ បុរោ​ហិត​គោរព​ពុទ្ធ​សាសនា​ ជា​ប្រពៃណី​ ត​ៗ​មក​រាប់​រយ​ឆ្នាំ​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទំនៀម​ទម្លាប់​បែប​នេះ​​ នៅ​ពុំ​ទាន់​បាន​រក​ឃើញ​នូវ​ ភ័ស្តុ​តាង​ដើម្បី​បញ្ជាក់​អោយ​ច្បាស់​គ្រប់​គ្រាន់​នៅ​ឡើយ​ ដែល​គួរ​ នឹង មាន​ភ័ស្តុ​តាង​ច្បាស់​ជាង​នេះ​ គឺ​លទ្ធិ​ទេវ​រាជ​បាន​កើត​ឡើង​ព្រម​ជា​មួយ​ការ​កើត​ឡើង​ នៃ​តំណែង​ព្រាហ្មណ៍​ដែល​មាន​ព្រះ​ជា​ម្ចាស់​ប្រចាំ​ព្រះ​រាជ​សំណាក់ (ព្រះ​រាជ​គ្រូ) ដែល​បាន​បន្តតាម​រយៈ​ ត្រកូល​ បាន​ដល់​ត្រកូល​ “សិវ​កៃ​វ័ល្យ​”​។ សិវ​កៃ​វ័ល្យ​ គឺ ជា​ព្រាហ្មណ៍​ប្រចាំ​ព្រះ​រាជ​សំណាក់​ ជ័យ​វរ្ម័ន​ទី​២​ ទ្រង់​បាន​ប្រតិស្ឋាន​ជា​ម្ចាស់​ពិធី​កម្ម​ ប្រចំា​លទ្ធិ​ទេវ​រាជ​ជា​អ្នក​ដំបូង​ ដំណែង​ព្រាហ្មណ៍​នេះ​មាន​នាទី​ជា​ទេវ​រាជ​ និង ប្រកប​រាជ​ពិធី​រាជា​ភិសេក​ជា​ដើម​។​

    នៅ​សម័យ​ត​មក​ប្រាកដ​ថា​ ពួក​ត្រកូល​សិវ​កៃ​វ័ល្យ​នេះ ​មាន​ទ្រព្យ​សម្បត្តិ​ អំណាច កិត្តិ​យស និង ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ក្លា មាន​សមត្ថ​ភាព​កសាង​រាជ​ធានី​ ឬ​សាសនា​របស់​ខ្លួន ហើយ​មាន​សមត្ថ​ភាព​កេណ្ឌ​កម្លាំង​ពល​កម្ម​ប្រជា​ជន​ទៀត​ផង​ សន្និ​ដ្ឋាន​បាន​ថា​ធំ​ធេង​ណាស់​ បន្ទាប់​អំពី​អង្គ​មហា​ក្សត្រ​តែ​ប៉ុណ្ណោះ។ ភាព​រុង​រឿង​នៃ​សាសនា​ហិណ្ឌូ​បែប​នេះ​សន្និ​ដ្ឋាន​បាន​ថា​ ជា​ការ​ផ្តាច់​ការ​មួយ​បែប​ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏​មាន​ផល​វិបត្តិ​ជា​ហេតុ​ នាំ​អោយ​មាន​ការ​បែង​ចែក​សាសនា​ហិណ្ឌូ​ពី​ប្រជា​ជន និង កំណត់​ខ្លួន​ឯង​អោយ​កាន់​តែ​ចង្អៀត​ចង្អល់​ទៀត​។​

    សិវ​លិង្គ​ជា​និមិត្ត​រូប​នៃ​លទ្ធិ​ទេវ​រាជ​នោះ​ បាន​ប្រតិស្ឋាន​នៅ​ទេវា​ល័យ​ដែល​សាង​ឡើង​នៅ​លើ​កំពូល​ភ្នំ ​(បាក់​ខែង)​ ចំ​កណ្តាល​ព្រះ​នគរ​ ជា​និមិត្ត​រូប​ដំណាង​អោយ​ព្រះ​ជា​ម្ចាស់​ ស្ថិត​នៅ​លើ​ភ្នំ​ព្រះ​សុមេរុ​ ដែល​ជា​មជ្ឈ​ដ្ឋាន​នៃ​ចក្រ​វាឡ​ និង ព្រះ​មហា​ក្សត្រ​ក៏​ជា​ព្រះ​ជា​ម្ចាស់​ដែល​សំដែង​នូវ​តួ​អង្គ​ក្នុង​លោក​នេះ​។​ អញ្ចឹង​ហើយ​ទើប​ព្រះ​មហា​ក្សត្រ​ទ្រង់​បាន​ដើរ​តួ​នាទី​ជា​ព្រះ​មហា​ក្សត្រ​ផង​ និង ជា​ព្រះ​ជា​ម្ចាស់​ផង​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​។ ខណៈ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​នៅ​ឡើយ​ ព្រះ​អង្គ​ក៏​បាន​គង់​ក្នុង​ប្រាសាទ​ឈើ ​តែ​នៅ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត​ ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​នាំ​ទៅ​ដំកល់​នៅ​​ក្នុង​ប្រាសាទ​ទេវា​ល័យ ប្រៀប​បាន​ដូច​ជា​ព្រះ​អង្គ​បាន​សម្រេច​នូវ​សភាវៈ​ស្មើ​នឹង​សភាវៈ​នៃ​ព្រះ​ជា​ម្ចាស់​ ។

    ត​មក​ទៀត​មាន​ការ​កសាង​នគរ​វត្ត​ (ប្រាសាទ​អង្គរ) និង ប្រសាទ​នគរ​ធំ ​(ប្រាសាទ​បាយ័ន) រចនា​សម្ព័ន្ធ​មាន​រូប​រាង​តាម​បែប​ចំលង​មជ្ឈ​ដ្ឋាន​នៃ​ចក្រ​វាឡ​ដោយ​សម្បូរ​ថែម​ទៀត​ គឺ​មាន​ទេវា​ល័យ​ ប្រតិស្ឋាន​សិវ​លិង្គ​នៅ​ចំកណ្តាល​ សាង​ឡើង​នៅ​ទី​ខ្ពស់​ តម្រៀប​ឡើង​ជា​ជាន់​ៗ​ (តាម​បែប​ភីរា​មីត) មាន​ន័យ​ស្មើ​នឹង​ឋិត​នៅ​លើ​ភ្នំ​ ចំណែក​ខាង​ក្រៅ​ក៏​មាន​កំពែង​ក្រុង​ធំ​មហា​សាល​ព័ទ្ធ​ជុំ​វិញ​ភ្នំ​នោះ​ទៀត​ ប្រៀប​ដូច​ជា​សមុទ្រ​ព័ទ្ធ​ជុំ​វិញ​ភ្នំ​ព្រះ​សុមេរុ​ ហើយ​មាន​កំពែង​ធំ​ព័ទ្ធ​ជុំ​វិញ​ទី​ក្រុង​ប្រៀប​ដូច​ដង​ភ្នំ​ធំ​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ព័ទ្ធ​ភ្នំ​នោះ​។ ប្រសិន​បើ​ព្រះ​មហា​ក្សត្រ​ជា​ស្ថាប​និក​គោរព​ព្រះ​វិស្ណុ​ ក៏​ប្រតិស្ឋាន​បដិមា​ព្រះ​វិស្ណុ​ជំនួស​សិវ​លិង្គ​នោះ​វិញ​ ប្រសិន​បើ​គោរព​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ក៏​ប្រតិស្ឋាន​ព្រះ​ពុទ្ធ​បដិមា​ ឬ បដិមា​នៃ​ព្រះ​ពោធិ​សត្វ (បាន​ដល់​ព្រះ​អវ​លោ​កិ​តេ​ស្វារ​) ជំនួស​វិញ​ និង រូប​ព្រះ​ភក្រ្ត​ព្រះ​ជា​ម្ចាស់​ក្តី ​ព្រះ​ពុទ្ធ​ក្តី​ ព្រះ​ពោធិ​សត្វ​ក៏​ដោយ​តែង​តែ​ស្រដៀង​ទៅ​ នឹង ព្រះ​ភក្ត្រ​របស់​ព្រះ​មហា​ក្សត្រ​ជា​ស្ថាប​និក​នោះ​។ ព្រោះ​ព្រះ​ជា​ម្ចាស់​ ឬ ព្រះ​ពោធិ​សត្វ​គឺ​ជា​ព្រះ​មហា​ក្សត្រ​អង្គ​នោះ​ឯង​។

    នៅ​ក្នុង​រយៈ​ពីរ​សត​វត្សរ៍​ដំបូង​នៃ​សម័យ​អង្គរ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទោះ​បី​ព្រះ​អង្គ​ទ្រង់​ គ្រប់​គ្រង​ទំនុក​បំរុង​លទ្ធិ​សាសនា​ទាំង​ ៣​គឺ​សាសនា​ហិណ្ឌូ​និកាយ​សៃវៈ​ និកាយ​វៃស្ណុ​ និង​ ព្រះ​ពុទ្ធ​សាសនា​និកាយ​មហា​យាន​ តែ​ព្រះ​អង្គ​ទ្រង់​តាំង​សទ្ធា​យ៉ាង​ខ្លាំង​ក្នុង​លទ្ធិ​សៃវៈ​ ភស្តុ​តាង​នេះ​បង្ហាញ​អោយ​ឃើញ​ដល់​ការ​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​រវាង​នោះ​ដែរ​ មាន​ច្រើន​ទៀត​ដូច​ជា​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១​ (ព.ស.១៤៣២-​១៤៥១) ទ្រង់​បាន​សាង “សោគ​តា​ស្រម​ (សំណាក់​សង្ឃ)​ ទុក​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ជា​គូរ នឹង ព្រហ្មញ្ញា ស្រម (សំណាក់​ព្រហ្មណ៍)​” សំរាប់​ពួក​សម​ណ​ព្រាហ្មណ៍ ​ព្រះ​សង្ឃ​ដែល​មាន​ភាព​ស្ទាត់​ជំនាញ​ឈ្លាស​វៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ក៏​ត្រូវ​​បាន​លើក​ស្ទួយ​ ទោះ​បី​ជា​មាន​ឋានៈ​ជា​អាចារ្យ​រង​ក្នុង​សាសនា​ព្រាហ្មណ៍​ខ្លះ​ក៏​ដោយ​ ។

    ត​មក​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៥ (ព.ស. ១៥១១-​១៥៤៤) បុរោ​ហិត​ឈ្មោះ​កីរតិ​បណ្ឌិត​ ដែល​ធ្លាប់​គោរព​ព្រះ​សិវ​មក​ពី​មុន​ បាន​បែរ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​ និង​ បាន​ព្យា​យាម​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសានា​យ៉ាង​សកម្ម​។​ លោក​បាន​នាំ​យក​គម្ពីរ​ពុទ្ធ​សាសនា​ពី​បរទេស​ចូល​មក​ប្រទេស​ជា​ច្រើន​ ក្នុង​ថ្ងៃ​សំខាន់​ៗ​ លោក​​នាំ​យក​ព្រះ​ពុទ្ធ​រូប​មក​ស្រង់​ទឹក​ជា​ពិធី​យ៉ាង​មហោ​ឡា​ឫក​ លុះ​មក​ដល់​រជ្ជ​កាល​ព្រះ​បាទ​សុរយ​វរ្ម័ន​ទី​១ (ព.ស. ១៥៤៥ -​១៥៩៣) សទ្ធា​ជ្រះ​ថ្លា​ក៏​បាន​ប្រែ​មក​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​ ព្រះ​បាទ​សុរយ​វរ្ម័ន​ទី​១ ជា​ព្រះ​ឱរស​របស់​ព្រះ​បាទ​ស្រី​ធម្មរាជ​ ព្រះ​មហា​ក្សត្រ​នៃ​តាម​ពន​លិង្គ​ ដែល​មាន​រាជ​ធានី​តាំង​នៅ​ បរ​វេណ​នគរ​សិរី​ធម្ម​រាជ​ ឬ​ជៃ​យា​ និង ជា​មជ្ឍ​មណ្ឌល​នៃ​ព្រះ​ពុទ្ធ​សាសនា​។​ ព្រះ​អង្គ​មាន​ អំបូរ​រាជ​វង្ស​កម្ពុជា​ ដោយ​ខាង​ព្រះ​រាជ​មាតា​ជា​ព្រះ​រាជ​ធីតា​ខ្មែរ​ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ចាស់​​ក្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ ទើប​ទ្រង់​បែរ​មក​ឧបត្ថម្ភ​និកាយ​នេះ​ខ្លាំង​ឡើង​។

    នៅ​ក្នុង​រាជ​កាល​នេះ​ អាណា​ចក្រ​ខ្មែរ​បាន​លាត​សន្ធឹង​អាណា​ខេត្ត​ ពី​ខេត្ត​ច័ន្ធ​បុរី​ ចេញ​ទៅ​ទិស​ខាង​លិច​ រហូត​ទៅ​ដល់​វាល​រាប​នៃ​ទន្លេ​ចៅ​ព្រះ​យ៉ា ទល់​ នឹង ព្រំ​ប្រទល់​នៃ​ប្រទេស​ភូមា​ ជា​ហេតុ​ធ្វើ​អោយ​អាណា​ចក្រ​ទ្វារា​វតី​មាន​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ជា​មជ្ឈ​ដ្ឋាន​ដែល​ធ្លាប់​ ឋិត​នៅ​ក្រោម​អំណាច​របស់​អាណា​ចក្រ​ហ្វូណន​ និង បាន​ឯក​រាជ្យ​ភាព​ ខណៈ​ដែល​អាណា​ចក្រ​ហ្វូ​ណន​ដួល​រលំ​ (ពាក់​កណ្តាល​ ព.សវ.១១) ត្រូវ​បាត់​បង់​នូវ​សេរី​ភាព​ម្តង​ទៀត​ (មាន​សិលា​ចារឹក​ដែល​អ្នក​ប្រវត្តិ​សាស្រ្ត​មិន​សូវ​ជា​មាន​ជំនឿ​ ពោល​ថា​ ទ្វារាវ​តី​បាន​ធ្លាក់​នៅ​ក្រោម​អំណាច​អាណា​ចក្រ​ខ្មែរ​តាំង​តែ​ពី​រជ្ជកាល​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ពាក់​កណ្តាល​ ព.សវ.១៥) ហើយ​ចុះ​ទៅ​ដល់​អាណា​ចក្រ​​តាម​ពន​លិង្គ​ ផ្នែក​ខាង​ជើង​ទល់​ នឹង វាល​រាប​ទន្លេ​មេ​គង់​ ភ័ស្តុ​តាង​កន្លែង​ខ្លះ​ថា លាត​សន្ធឹង​ទៅ​ដល់​ទី​ក្រុង​ជៀង​សែន​ តែ​អ្នក​ប្រវត្តិ​សាស្រ្ត​ជឿ​ថា​ លាត​សន្ធឹង​ក្រុង​លួង​ព្រះ​បាង​។ សិលា​ចារឹក​ក្នុង​ ព.ស.១៥៦៥ នៅ​ក្នុង​រជ្ជ​កាល​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​លុព​បុរី​មាន​សេច​ក្តី​ថា​ មាន​ភិក្ខុ​សង្ឃ​ទាំង​ផ្នែក​មហា​យាន​ និង ​ថេរ​វាទ​រស់​នៅ​រួម​គ្នា​យ៉ាង​សុខ​ស្ងប់​ គ្រា​ដែល​ផុត​ពី​រជ្ជ​កាល​ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី​១​ ហើយ​ព្រះ​មហា​ក្សត្រ​ដែល​ជា​រាជ​ឱរស​​របស់​ព្រះ​អង្គ​ បែរ​ជា​មាន​បដិ​បក្ខ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ សទ្ធា​ជ្រះ​ថ្លា ​និង ​ការ​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​ពង្វាង​ទៅ​ខាង​សាសនា​ហិណ្ឌូ​ទៀត​ តែ​វេលា​បន្ទាប់​ម​កទៀត​ ខ្មែរ​បាន​កើត​ចលា​ចល​ ដោយ​ភាព​មិន​ស្ងប់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​ ។

តទៅលេខ ២