សេចក្ដីផ្ដើម

  ព្រះពុទ្ធ​រូប​នាគប្រក់​ គឺ​ជា​ព្រះ​រូប​មួយ​អង្គ ក្នុង​ព្រះ​ពុទ្ធ​រូប​​ជា​ច្រើន​អង្គ​ទៀត​ដែល​ជន​ជាតិ​ខ្មែរ​យើង​តែង​គោរព​បូជា​ ព្រះ​ពុទ្ធ​​រូប​នេះ ទំនង​ជា​ត្រូវ​បាន​សាង​ឡើង​ក្នុង​គោលបំណង​រំលឹក​ ក្នុង​សម័យ​កាល ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​គង់​សមាធិ​នៅ​ក្បែរ​​មុជ្ជ​​លិន​​ស្រះ​។ មាន​ដំណាល​ថា ក្នុង​សម័យ​ថ្ងៃមួយ​ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​យាង​កាត់​ជន​បទ​មួយ​ មាន​បុរស​ម្នាក់​មានសទ្ធា​ជ្រះថ្លា​ បាន​ថ្វាយ​ស្មៅ​ចំបើង​មួយ​បាច់ដល់​ព្រះ​អង្គ​។ ពេល​យាង​ទៅ​ដល់មុជ្ជ​លិន​ស្រះ​ ព្រះ​អង្គ​ទ្រង់​បាន​យក​ស្មៅនោះ​ធ្វើ​ជា​កំរាល​ ហើយ​ទ្រង់​បាន​គង់​សមាធិ​នៅទីនោះ​​។ ស្មៅ​ចំបើង​ក៏​ក្លាយ​ទៅ​​ជា​បល្ល័ង្ក​​​នាគ​ក្បាល​ប្រាំ​ពីរ កើត​មាន​សេចក្ដី​ជ្រះ​ថ្លា ចំពោះ​ព្រះអង្គ​ ពត់ពេន​ខ្លួន​ជា​រាជ​បល្ល័ង្ក យក​ក្បាល​ទាំង​ប្រាំពីរ​ប្រក់​ជា​ដំបូល ដើម្បី​បិទ​បាំង​កំដៅ​ថ្ងៃ​ភ្លៀងខ្យល់​ ​ថ្វាយ​ដល់ព្រះសម្មាសម្ពុទ្ធ។

កេរដំណែលព្រះពុទ្ធរូប​នាគប្រក់

ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧ សោយ​រាជ្យ​សម្បត្តិ នា​សម័យ​មហាន​គរ​ក្នុង​ឆ្នាំ​១១៨១ ដល់ ១២២០ នៅ​រាជ​ធានី​អង្គរ​ធំ ខេត្ត​សៀម​រាប ដោយ​ព្រះ​អង្គ​បាន​ធ្វើ​ពលិកម្ម បរិច្ចាគ​ព្រះ​បញ្ញា​ញាណ ព្រះ​កាយ​ពល ទ្រព្យ​សម្បត្តិ និង​ ដឹក​នាំ​ប្រ​ទេស​ជាតិ អោយ​រីក​ចំរើន​រុង​រឿង ក្លាយ​ជា​ប្រ​ទេស​មហា​អំណាច​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ នៅ​ពេល​នោះ​ព្រះ​អង្គ​បាន​រៀប​ចំ​ផែន​ការ​កសាង​ប្រទេស​ជាតិ ដូច​ជា​កសាង​ប្រាសាទ សាលា​ដំណាក់ មន្ទីរ​ពេទ្យ​ វត្ត​អារាម ជីក​ស្រះ​បារាយណ៍ ប្រព័ន្ធ​ធារា​សាស្ត្រ ដើម្បី​យក​ទឹក​ទៅ​ស្រោច​ស្រព​ដំណាំ​ស្រូវ ដែល​ជា​ប្រភព​កសិ​កម្ម​យ៉ាង​សំខាន់​បំផុត​សំរាប់​ប្រ​ជា​ពល​ខ្មែរ​។ ដោយ​សារ​មាន​ប្រ​ភព​ទឹក​គ្រប់​គ្រាន់​នេះ​ហើយ ធ្វើ​អោយ​របរ​កសិ​កម្ម​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ទទួល​បាន​លទ្ធ​ផល​ខ្ពស់​គួរ​ជា​ទី​ពេញ​ចិត្ដ​។ ក្នុង​វិស័យ​យោធា និង​ការ​ពារ​ជាតិ​ ព្រះ​បាទ​ជ័យ​វរ័្មន​ទី​៧ ទ្រង់​បាន​យក​ចិត្ដ​ទុក​ដាក់​ពង្រឹង​ពង្រីក​វិស័យ​យោ​ធា​អោយ​កាន់​តែ​ខ្លាំង​ក្លា​។ លើស​ពី​នេះ​ទៀត ព្រះ​អង្គ​បាន​ធ្វើ​ការ​ពិចា​រណា​រក​ហេតុ និង​ផល​នៃ​ការ​ឈ្លាន​ពាន​របស់​ពួក​ចាម មក​លើ​អាណា​ចក្រ​អង្គរ ដោយ​ព្រះ​អង្គ​សំរេច​ចិត្ត ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​ការ​គោរព​ព្រហ្មញ្ញ​សាសនា មក​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​វិញ គឺ​គោរព​ចំពោះ​ព្រះ​ពោធិ​សត្វ​ជា​ធំ ក្នុង​នយោ​បាយ​ដឹក​នាំ​របស់​ព្រះ​អង្គ​។

ចំពោះ​សំណង់​ប្រាសាទ​ ដែល​កសាង​ក្នុង​រជ្ជ​កាល​ព្រះ​អង្គ មាន​រចនា​ព្រហ្ម​មុខ​បួន​នៅ​តាម​គោរបុរៈ និង​ប្រាង្គ​នៃ​ប្រាសាទ ជា​ពិ​សេស ប្រាសាទ​បាយ័ន​ដែល​មាន​ប្រាង្គ​មុខ​បួន​តំណាង​អោយ មេត្តា ករុណា ឧបេក្ខា និង​មុទិតា ខ្លះ​ទៀត​ថា ព្រះ​ភ័ក្ត្រ​ញញឹម​បាយ័ន​នេះ​តំណាង​អោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ទៅ​វិញ​។ នៅ​ប្រាសាទ​បាយ័ន គេ​ក៏​ឃើញ​មាន​តំកល់​ព្រះ​ពុទ្ធ​រូប​នាគ​ប្រក់ ទុក​សំរាប់​គោរព​បូជា​ផង​ដែរ ព្រោះ​បដិមា​អង្គ​នេះ​ នៅ​​សម័យ​​មហា​ន​គរ ក្នុង​​រជ្ជ​​កាល​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ផ្សះ​ផ្សារ​ទស្សនៈ​ចិត្ត​គំនិត​របស់​មនុស្ស ដែល​បែក​បាក់​គ្នា​អោយ​មាន​សីល​ធម៌​ខ្ពស់ អោយ​មាន​ការ​រួប​រួម​គ្នា​ស្រលាញ់​សា​មគ្គី​គ្នា ព្រួត​ដៃ​កសាង ការ​ពារ​ទឹក​ដី​អោយ​បាន​រីកចំរើន​រុង​រឿង​ដល់​កំរិត​កំពូល​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​គោរព​ប្រកាន់​ព្រះ​ពោធិ​សត្វ និង​គោរព ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ យ៉ាង​ខ្លាំង​ដោយ​ប្រៀប​ដូច​ទៅ​នឹង​ព្រះ​ពុទ្ធ​រាជ​ទៀត​ផង​។

ការហូរចូលឥទ្ធិលខម និងព្រះពុទ្ធរូប​នាគប្រក់​ទៅ​លពបុរី

ទស្សនាវ​ដី​លោក​លី​ល័ប​ភាសា​ថៃ ខាង​ផ្នែក​ពុទ្ធ​សាសនា បាន​ចុះ​ផ្សាយ​អត្ថ​បទ​មួយ​ស្ដី​អំពី​ព្រះ​ពុទ្ធ​រូប​ប្រក់​នាគ គឺ​ជា​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ដែល​ជន​ជាតិ​ថៃ​សម័យ​លព​បុរី បាន​ចំលង​ចេញ​ពី​រចនា​បទ​ព្រះ​ពុទ្ធ​រូប​នាគ​ប្រក់ របស់​អាណា​ចក្រ​កម្ពុជា (ខម) ហើយ​ត្រូវ​បាន​ជន​ជាតិ​ថៃ​សម័យ​លព​បុរី ​រហូត​បច្ចុប្បន្ន​ធ្វើ​ការ​គោរព​បូជា ចាត់​ទុក​ជា​រចនា​បទ​សិល្បៈ​ដ៍​ឆ្នើម​របស់​ជន​ជាតិ​ថៃ​។

  នៅ​ពេល​តមក​អាណា​ចក្រ​ទ្វា​វតី​ត្រូវ​ដួល​រលំ ពួក​ខម​នៃ​អាណា​ចក្រ​កម្ពុជា បាន​ចូល​មក​រស់​នៅ​តាម​ដង​ទន្លេ​ចៅព្រះ​យ៉ា ក្នុង​តបន់​លព​បុរី នៅ​ទី​នោះ​គេ​បាន​រក​ឃើញ​បូរាណ​វត្ថុ​ជា​ច្រើន ដែល​សិល្បៈរបស់ជន​ជាតិ​ខម​។ ក្នុង​ព.ស ១៨៩៣ ព្រះ​ចៅ​យូថង ឬ​ព្រះ​បាទ​សម្ដេច​រាមា​ធិប​តី​ទី​១ បាន​បោះ​បង់​អាច​ក្រ​លព​បុរី ហើយ​រើ​រាជ​ធានី​មក​តាំង​នៅ​អាណា​ចក្រ​អាយុ​ធ្យា​វិញ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​លព​បុរី​នៅ​តែ​ជា​ក្រុង​ដ៏​សំខាន់​មួយ​របស់​ប្រវតិ​សាស្ដ្រ​ថៃ​ដដែល​។

 សព្វ​ថ្ងៃ លព​បុរី​ជា​អាណា​ខេត្ដ​មួយ​រ មាន​​កា​រីក​ចំរើន​យ៉ាង​ទាន់​សម័​យ​ទំនើប ប្រជា​ជន​ធ្វើ​ការ​រក​ស៊ី​មាន​បាន មាន​វត្ថុ​ប្រើ​ប្រាស់​ទាន់​សម័យ មាន​រថ​យន្ដ​គ្រឿង​ចក្រ​តូច​ធំ​គ្រប់​បែប​យ៉ាង ប្រជា​ជន​នៅ​តាម​ជន​បទ​ប្រកប​របរ​រក​ស៊ី​ធ្វើ​កសិកម្ម​ស្រែ​ចំការ​រស់​នៅ​ដោយ​សុខ​សាន្ដ​គ្រប់​ៗ​គ្នា​។​ ក្នុង​ចំណោម​ប្រជា​ជន​ទាំង​អស់​នៅ​លព​​បុរី គេ​សង្កេត​ឃើញ​នៅ​មាន​ជន​ជាតិ​ខម​ចំនួន​​ប្រ​មាណ ១/៣ រស់​នៅ​លាយ​លំ​គ្នា​នៃ​ប្រជា​ជន​ទាំង​អស់​ផ្សេង​ទៀត​។ ជន​ជាតិ​ខម​ទាំង​អស់​នេះ គឺ​ជា​ពួក​ខម​អំបូរ​ភូមា និយាយ​ភាសា​ខ្មែរ​មន​។

ក្នុង​សម័យ​កាល​​ដ៏​យូរ​លង់​ណាស់​មក​ហើយ អាណា​ចក្រ​កម្ពុជា គ្រប់​គ្រង​ដោយ​ព្រះ​មហា​ក្សត្រ​មួយ​អង្គ មក​ពី​ឥណ្ដៀ​ព្រះ​នាម កម្ពូសវៈ ដែល​ជា​ក្សត្រ​គោរព​បូជា​សាសនា​ហិណ្ឌូ (ព្រហ្មញ្ញ​សាសនា) ឬ​បូជា​ព្រះ សិវៈ ត្សត្រ​អង្គ​នេះ​មាន​រិទ្ធ​អំណាច​ខ្លាំង​ពូណាស់ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ទេវ​រាជ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ដូច្នេះ​ហើយ​សាសនា​ហិណ្ឌូ (ព្រហ្មញ្ញសាសនា) បាន​ជ្រួត​ជ្រាប​ពេញ​អា​ចក្រ​កម្ពុជា គឺ​ជា​សាសនា​មួយ​ដែល​ប្រជា​ជន​កម្ពុ​ជា​គ្រប់​គ្នា គោរព​បូជា​តាំង​ពី ក​កើត​កម្ពុជា​មក​ម៉្លេះ​។ ក្នុង​ការ​កសាង​អាណាចក្រ​កម្ពុជា ក្សត្រ​អង្គ​នេះ បាន​ពង្រីក​វាទ​ទឹក​ដី​គ្រប់​គ្រង​របស់​ខ្លួន​បាន​យ៉ាង​ដ៏ធំ​ធេង រហូត​ពេញ​ក្នុង​ជ្រោយ​ឥណ្ឌូ​ចិន​ទាំង​មូល​តែ​ម្ដង ហើយ​បាន​លើក​ទ័ព​ចូល​មក​វាយ​ជន​ជាតិ​ដើម នា​អណា​ខេត្ដ​ទ្វារ​វតី និង​អាណា​ខេត្ដ​កូត្រ​បូរណ៍ ដាក់​ក្រោយ​ការ​ចំណុះ​គ្រប់​គ្រង​របស់​ខ្លួន​ទៀត​ផង​។

នៅ​ពេល​ដែល​ពួក​ខម វាយ​ឈ្នះ​យក​បាន​កូត្រ​បូរណ៍ ពួក​នេះ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឥទ្ធិ​ពល​របស់​ខ្លួន នៅ​ក្នុង​បរិ​វេណ​ដែន​ដី​នេះ ហើយ​បាន​វាទ​ទី​រហូត​ដល់ ចន្ទបុរី ហួស​ចូល​មក​ដល់​អានា​ខេត្ដ លវូ (លព​បុរី) ហើយ​ឡើង​តាម​ដៃ​ទន្លេ រហូត​ដល់​ពិស្នុ​លោក​សុខោ​ទ័យ សុវណ្ណ​លោក​ទៀត​ផង​។ វឌ្ឍន​ធម៌ និង​ឥទ្ធិ​ពល​សិល្ប​ខម ដែល​បាន​ហូរ​ចូល​មក​កាន់​លពបុរី ទំនង​ជា​ក្នុង​រជ្ជ​កាលក្សត្រ​ខម ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី​១ (ព.ស.១៥៥៣ - ១៥៩៣) សម័យ​ព្រះ​បាទ​សុរិយ​វរ្ម័​ទី​២ (ព.ស ១៦៥៦ ១៦៩៣) ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​១ ហើយ​សំខាន់ គឺ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជាក្សត្រ​ កាន់​ព្រះ​ពុទ្ធ​សាសនា​និកាយ​មហា​យាន (ព.ស. ១៧២៤-១៧៦០) គឺ​ពេល​នោះ​ហើយ​ដែល ឥទ្ធិ​ពល​​របស់​ខម​ បាន​ចូល​មក​រីក​ដុះ​ដាល​ពេញ​អាណ​ខេត្ដ លព​បុរី​របស់តែម្ដង​។ ហេតុ​ដូច​នេះ​ហើយ ទើប​​បូរាណ​វត្ថុ​ដែល​រក​ឃើញ​នៅ​តំបន់​​លព​បុរី សុទ្ធ​សឹង​ជា​វត្ថុ​បូរាណ​នៃ​សិល្ប​ខម​ទាំង​អស់ គឺ​តាំង​ពី​របៀប​របប ​លទ្ធិ​សាសនា មាន​ការ​គោរព​ ព្រះវិស្នុ ឬ​ព្រះ​នរាយ៍ រហូត​ដល់​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា និកាយ​មហា​យាន នៃ​សម័យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ទៀត​ផង​។

អគតិរបស់ជនជាតិថៃ ចំពោះជនជាតិខ្មែរ

ជន​ជាតិ​ថៃ​ម្នាក់​នេះ ក៏​ដូច​ជា​ជន​ជាតិ​ថៃ​ផ្សេង​ទៀត​មួយ​ចំនួន​ដែរ គេ​រៀន​ចេះ​ដឹង​ប្រ​វត្ដិ​សាស្រ្ដ​នៅ​អាស៊ី​ប៉ែក​អគ្នេយ៍ ដឹង​ហេតុ​ផល ដំណើរ​ដើម​នៃ​ការ​រីក​ចំរើន​នៃ​អារ្យ​ធម៌​ខម និង​ការ​ហូរ​ចូល​មក នៃ​ឥទ្ធិ​ពល​ខម​កម្ពុជា មក​កាន់​រាជា​ណា​ចក្រ​ថៃ ​«ដូច​មាន​ការ​សរ​សេរ​អះ​អាង បែប​ប្រ​វត្ដិ​សាស្រ្ដ​ខាង​លើ ឬ​ការ​អធិប្បាយ​ អំពី​ព្រះ​ពុទ្ធ​រូប​ប្រក់​នាគ​នៅ​លព​បុរី ឆ្លង​ពី​ឥទ្ធិ​ពល​ខម នៃ​អា​ណា​ចក្រ​កម្ពុជា​» តែ​ពួក​នេះ​មិន​ព្រម​ទទួល​ស្គាស់​ខម​ជា​ខ្មែរ​ទេ ព្យា​យាម​សរ​សេរ ដោយ​គ្រាន់​តែ​ចង់​រិះ​គន់​បន្តុះ​​បង្អាប់​​ខ្មែរ​​បច្ចុ​​ប្បន្ន​ ដែល​ចុះ​អោន​ថយ អំណាច​របស់​ខ្លួន «ខ្មែរ​មុខ​ខ្មៅ ​គួរ​ស្អប់ ខ្មែរ​បច្ចុ​ប្បន្ន មិន​ទាក់​ទង នឹង​ខម​ជន​ជាតិ​ដើម គ្មាន​អ្វី​ទាក់​ទង​ទេ​រវាង​ជន​ជាតិ​ទាំង​ពីរ ខ្មែរ​មក​ពី​ណា​មិន​ដឹង ហើយ​ពួក​ខម​ក្រោយ​ពី​សាង​ប្រាសាទ​ថ្ម សំដែង​អំណាច​របស់​ស្ដេច​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ​រួចក៏​អស់​កំលាំង​រលីង​ គ្មាន​អំណាច នឹង​តស៊ូ នឹង​ធ្វើ​សឹក​សង្គ្រាម ដែល​ចូល​មក​រុក​កួន​បាន​ អាណា​ចក្រ​កម្ពុ​ជា​ក៏​ត្រូវ​ដួល​រលំ ពួក​ខម​ក៏​រលាយ​បាត់​មុខ​ស្ងាត់​សូន្យ​ឈឹង រលាយ​ទាំង​ស្រុក​រលាយ​ទាំង​ប្រទេស រក​លែង​ឃើញ​ទៀត​។​

ខ្មែរ​ក្រទី​ក្រទា ខ្ចាត់​ព្រាត់​ពី​ទី​ណា​មក​មិន​ដឹង ចូល​មក​គ្រប់​គ្រង​ដែន​ដី​ដើម​របស់​ខម ដែល​ធ្លាប់​តែ​មាន​រិទ្ធ​អំណាច រឿងបញ្ហា​ខម-ខ្មែរ រឺ​ខ្មែរ -ខម​នេះ នៅ​តែ​មាន​ការ​ជជែក​វែក​ញែក ទាស់​ទាញ​ខ្វែង​គំនិត មិន​ត្រូវ​រូវ​គ្នា រវា​ងពួក​អ្នក​ប្រាជ្ញ​ចេះ​ដឹង​ទាំង​ឡាយ​។ កកន ៖ បើ​ខម​មិន​មែន​ខ្មែរ ហើយ​បើ​ខម​ខ្លាំង​ពូកែ​ណាស់ ម្ដេច​ខ្មែរ​ចូល​មក​រុន​រាន យក​ដែន​ដី​ខម​បាន​។ នេះ​ជា​គំនិត និង​ជា​សំដី​ជន​អគតិ អ្នក​ចេះ​ដឹង​របស់​ជន​ជាតិ​ថៃ ដែល​តែង​តែ​សរ​សេរ និយាយ​ប្រាប់​ដល់​កូន​ចៅ​របស់​គេ​តៗ​គ្នា សូម្បី​តែ​ខ្លួន​អែង​បាន​ដឹង​ បាន​យល់​យ៉ាង​ច្បាស់​ទៅ​ហើយ​ថា វប្ប​ធម៌ របស់​ជាតិ​សៀម​ពិត​ជា​ត្រូវ​បាន​ទទួល​ចំលង​ចេញ​ពី​ឥទ្ធពល​វប្ប​ធម៌របស់​ខម គឺ​ខ្មែរ នៅ​ក្នុង​អាណា​ចក្រ​កម្ពុជា​នេះ​ឯង ហើយ​ខ្មែរ មិន​ដែល​នឹក​គិត ចង់​បន្ដុះ​បង្អាប់​ថៃ​ម្ខង​ណា​ទេ គំនិត​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប ជា​និច្ច គឺ​ស្រលាញ់​សន្ដិ​សុខ ស្រលាញ់​សន្ដិ​ភាព វាយ​អោយ​តំលៃ​យ៉ាង​ខ្ពង់​ដល់​ជន​ជាតិ​សៀម គិត​ថា ជា​បង​ជា​ប្អូន «ខ្មែរ​ព្រះ​រាម សៀម​ព្រះ​លក្សណ៍» យ៉ាង​នេះ​ឯង​។

និទានព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រថៃជាបងប្អូន

តាម​ការ​និទាន​រឿង​នៃ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ព្រះ​បាទ​បទុម​សូរ្យ​វង្ស ព្រះ​មហា​ក្សត្រ​ខ្មែរ និង​ព្រះ​ពញា​រោង ដែល​ផ្លាស់​ព្រះ​នាម​ជា ព្រះ​បាទ​ចន្រ្ទា​ធិប​តី សេ្ដច​សៀម​ជា​បង​ប្អូន​បង្កើត​ជា​មួយ​គ្នា​។ រឿងនេះមានដំណាលថា ដូចតទៅ៖

ព្រះ​បាទ​បទុម​វរ​វង្ស ព្រះ​មហា​ក្សត្រ​នៃ​ក្រុង​កម្ពុជា ទ្រង់​គ្រង​រាជ​សម្បត្ដិ នៅ​មហា​នគរ ថ្ងៃ​មួយ​ព្រះ​បាទ​បទុម​វរ​វង្ស​បាន​នាំ​អស់​ពល​រេហ៍ សេនា​មុខ​មន្រ្ដី​តូច​ធំ យាង​ទៅ​ប្រពាត​ព្រៃ​ កំសាន្ដ​នៅ​តាម​ដង​ទន្លេ​ក្នុង​តំបន់​បាសាន ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ ស្រី​សន្ធរ​សព្វ​ថ្ងៃ​។ គ្រា​នោះ ព្រះ​អង្គ​បាន​ជួប​ប្រទះ​នឹង​នាង​នាគ ដែល​ឡើង​ពី​ស្ថាន​ភុជង្គ​នាគ​មក​កំសាន្ដ​លេង នៅ​វាល​មាត់​ឆ្នេរ​ខ្សាច់​នោះ​ដែរ។ គ្រាន់​តែ​ឃើញ​ភ្លាម ព្រះ​បទុម​វរ​វង្ស ចាប់​ចិត្ដ​ប្រតិ​ពត្ដ​ស្នេហា​ទៅ​លើ​នាង​នាគ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​លួង​លោម​សុំ​សេច​ក្ដី​ស្នេហា រហូត​ស្ដី​ដណ្ដឹង ហើយ​បាន​រៀប​អភិ​សេក​នាង​នាគ​ជា​ព្រះ​ទេពី​​អគ្គម​​ហេសី​​។

យូរ​ថ្ងៃ​ខែ​កន្លង​មក ព្រះ​នាង​នាគ​ក៏​ទ្រង់​គភ៌ គំរប់​គ្រប់​១០​ខែ, ព្រះ​នាង​ប្រសូត​បាន​ពង​មួយ​។ ដោយ​​គិត​ជឿ​ថា ជា​រឿង​ឧប​ទ្រព​ចង្រៃ និង​កើត​មាន​​ការ​​អា​មាស់​មុខ អាប់​កិត្ដិ​យស នឹង​​កើត​ចលា​ចលក្នុង​ព្រះ​នគរ ​ព្រះ​មហា​ក្សត្រ និង​ព្រះ​អគ្គ​​មហេសី​​ក៏​សំរេ​ចិត្ដ​យក​ពង​នោះ ទៅ​កប់​ចោល​ក្នុង​ឆ្នេរ​ខ្សាច់​នា​តំបន់​គិរិន្ដ​បូរ គឺ​ស្រុក​បរិ​បូណ៌ ក្នុង​ខេត្ដ​ពោធិ​សាត់​សព្វ​ថ្ងៃ​។

ថ្លែង​ពី​ក្រុម​រទេះ​សៀម​មួយ​ក្រុម មាន​មេ​ក្រុម​ម្នាក់​ឈ្មោះ គង់ ដែល​តែង​បរ​ទេះ​ដឹក​សួយ​សារ​អាករ មក​ថ្វាយព្រះចៅកម្ពុជា គ្រា​នោះ​កាល​នាយ​គង់ បរ​ទេះ​នាំពួកបរិវារ​វិល​ត្រលប់​ទៅ​កាន់​ស្រុក​ទេស​វិញ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​បរិ​បូណ៌​ បាន​ជួប​ប្រទះ​​ដី​ទួល​ខុស​ធម្មតា​មួយ​។ ដោយ​មាន​ការ​សង្ស័យ​ជា​អនេក នាយ​គង់​បញ្ជា​អោយ​ពួក​បរិវារ​ជីក​ដី​ទួល​នោះ​មើល​។ លុះ​ជីក​បាន​​បន្ដិច ពួក​បរិ​វារ​​ទាំង​​នោះ​ក៏​បាន​ជួប​ប្រទះ​ស៊ុត​មួយ​យ៉ាង​ធំ​ ដោយ​ឃើញ​ពង​ធំ​ខុស​ប្លែក​ធម្ម​តា នាយ​គង់​ក៏​បញ្ជា​អោយ​បក្ស​ពួក​ លើកពង​នោះ​ដាក់​លើ​រទេះ​ដឹក​យក​ទៅ​កាន់ស្រុក​ភូមិ​របស់​ខ្លួន​រក្សា​ទុក​យ៉ាង​ល្អ​។​ ពេលវេលាបាន​កន្លផុត​ទៅ ដល់​អាយុ​កាល​គ្រប់​ថ្ងៃ​ខែ ពង​នោះ​ក៏​ញាស់​ចេញ​ជា​ទារក​ប្រុស​មួយ​មាន​រូប​រាង​ស្រស់​ល្អ​ស្អាត នាយ​គង់ ត្រេក​អរ​ណាស់ ថ្នាក់​​ថ្នម​បី​បម​ថែ​រក្សា​​ទុក​ដូច​ជា​កូន​បង្កើត​របស់​ខ្លួន​។ លុះ​ធំ​ពេញ​វ័យ​នាយ​គង់ បាន​កូន​ដឹក​សួយ​សារ​អាករ​ទៅ​ថ្វាយ​ព្រះ​ចៅ​ក្រុង​កម្ពុជា ពួក​បរិ​វារ​​ក៏នាំគ្នា​ហៅ​ថា នាយរង​ៗ រហូត​មក​។

នឹង​ថ្លែង​អំពី​ព្រះ​បាទ​បទុម​វរ​វង្ស និង​ព្រះ​អគ្គ​មហេ​សី​​នាគ ដែល​គង់​​នៅ​ព្រះ​មហា​នគរ។ ​ព្រះអគ្គ​មហេសី​ទ្រង់​ប្រ​សូត្រ​បាន​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ទៀត មាន​ព្រះ​នាមថា ព្រះ​បទុម​សូរ្យ​វង្ស​។ ក្រោយ​ពី​បិតា បាន​ចូល​ទី​វង្គត​ទៅ ព្រះ​បទុម​សូរ្យ​វង្សក៏ឡើង​សោយ​រាជ្យ​រាជ​សម្បត្ដិ​បន្ដ​ពី​ព្រះ​បិតា​។ ព្រះ​អង្គ​មាន​រិទ្ធី​អនុភាព តេជៈ​បារមី​កំលាំង​ កំហែង​ខ្លាំង​ពូកែ​អស្ចារ្យ​។ មិន​តែ​ប៉ុណ្ណោះ ព្រះ​អង្គ​មាន​ព្រះ​នេត្រ​ទិព្វ​ទៀត​ផង​។ គឺ​អាច​មើល​ឃើញ​ដឹង​ យល់​អស់​គ្រប់​កិច្ច​ការ គ្រប់​ព្រឹត្ដិ​ការណ៍​ដែល​កើត​មាន​ ឡើង​នៅ​គ្រប់​ជ្រុង​ជ្រោយ​គ្រប់​ទិស​ទី ក្នុង​នគរ ​ក្រៅ​នគរទៀត​ផង​​។

នាយរង តែង​តែ​ដឹក​សួយ​សារ​អាករ​​គ្រប់​យ៉ាង​មក​​ថ្វាយ​​ព្រះ​មហា​ក្សត្រ​​កម្ពុជា​​ជំនួស​បិតា ក៏​ក្លាយ​ទៅ​ជា​ពញា​រោង​។ ពញា​រោង​ក៏​មាន​រិទ្ធ​អានុ​ភាព អច្ឆរិយៈ អស្ចារ្យ​ដែរ គឺ​ចេះ​បំបិទ​បំបាំង​កាយ​បាន និង​មាន​មាត់​ទិព្វ អាច​បញ្ចា​អ្វី​ៗ​បាន​តាម​ សំដី​​បញ្ជា​របស់​ខ្លួន ថ្ងៃ​មួយ​ពញា​រោង​​បាន​អុំ​ទូក​បញ្ច្រាស​ទឹក​ហូរ​ដោយ​លំបាក នាយ​រាង​ក៏​ស្រែក​បញ្ជា​អោយ​ទឹក​ហូរ​បញ្ច្រាស​ទិស​វិញ​។ ដោយ​មាន​ព្រះ​នេត្រ​ទិព្វ ព្រះ​បាទ​បទុម​សូរ្យ​វង្ស បាន​មើល​ឃើញ​ដឹង មហិទ្ធិ​រិទ្ធ​ទាំង​អស់​របស់​ពញា​រោង ព្រះ​អង្គ​ស្វែង​យល់​ថា នឹង​មិន​ងាយ​ផ្ចាញ់​ផ្ចាល​ចាប់​ពញា​រោង​ឡើយ​។

ថ្ងៃ​មួយ​មន្ដ្រី​តូច​ធំ​ទាំង​ឡាយ ចូល​ប្រជុំ​គ្នា នូវ​ចំពោះ​ភ័ក្ដ្រ​ព្រះ​បទុម​សូរ្យ​វង្ស ដើម្បី​ប្រ​ជុំ​ការ​ងារ​ផ្សេង​ៗ នាយ​រោង បំបាំង​កាយ​របស់​ខ្លួន​ចូល​ទៅ​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ ចំ​​មុខ​ព្រះ​ភ័ក្រ្ត​ព្រះ​បទុម​សូរ្យ​វង្ស ពុំ​មាន​នា​ម៉ឺន​មន្ត្រី​ ពល​សេនា​ណា​ម្នាក់​មើល​ឃើញ​អាកប្ប​កិ​រិយា​ព្រហើន​ ច្រ​លោម​ខាម​នេះ​របស់​នាយ​រោងទេ​ មាន​តែ​ព្រះ​មហា​ក្សត្រ ព្រះ​បទុម​សូរ្យ​វង្ស​មួយ​អង្គ​គត់ ដែល​មើល​ឃើញ ទ្រង់​បាន​ស្រែក​បញ្ជា​អោយ​ចាប់​នាយ​រោង​ភ្លាមៗ​។ ដឹង​ថា​ព្រះ​មហា​ក្សត្រ​ខ្មែរ​មាន​មហិទ្ធិ​រិទ្ធ​ខ្លាំង​ពូកែ​ជាង​ខ្លួន នាយ​រោង​ក៏​គេច​ភៀស​ខ្លួន​រត់​បាត់​ស្រមោល​ទៅ​។

ឧក​ញា​មន្រ្ដី ចៅ​ពញា​តេ​ជោ​ដំឌិន ត្រូវ​នាំ​ពល​សេនា​ចំនួន​ ៣០០​នាក់ ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​សុខោ​ទ័យ​។ កង​ទ័ព​តេជោ​ដំឌិន ដេញ​តាម​ចាប់​ប្រកិត​​ពី​ក្រោយ​ ពញា​រោង​រត់​ទៅ​ដល់​ស្រុក​ពីជិត ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោ​ទ័យ មក​ដល់​ទីនោះ ពញា​រោង​រត់​ចូល​ទៅ​ពួន​លាក់​ខ្លួន​ក្នុង​វត្ដ​ពុទ្ធ​សាសនា​ថៃ សុំ​លោក​ចៅ​អធិការ​សាង​ផ្នួស​បួស​ជា​សាម​ណេរ​។ រសៀល​ថ្ងៃ​មួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោស​សំអាត​ទី​ធ្លា​មុខ​ព្រះ​វិហារ ស្រាប់​តែ​ចៅ​ពញា​តេ​ជោ​ដំឌិន​ជ្រែក​ដី លេច​ចេញ​មក​ពាក់​កណ្ដាល​ខ្លួន​ចំពី​មុខ​តែ​ម្ដង ដោយ​មិន​ស្គាល់​នេន​នេះ​ជា​ពញា​រោង តេ​ជោ​ដំឌិន​ក៏​ទូល​សុំ​សួរ​​រក​ពញា​រោង​។ នេន​រោង​ដឹង​ច្បាស់​ថា គេ​មក​រក​ចាប់​ខ្លួន បាន​មាន​សង្ឃ​ដិការ​ឆ្លើយ​តប​ទៅ​វិញ សូម​ឧបា​សក​រង់​ចាំ​នូវ​ទី​នេះ​សិន​ចុះ​ ចាំ​អាត្មា​ទៅ​រក​ជូន ភ្លាម​នោះ​ដែរ រូប​រាង​កាយ​តេ​ជោ​ដំឌិន ប្រែ​ទៅ​ជា​រឹង​បន្ដិច​ៗ​ម្ដង​​ ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ មេ​ទ័ព​ពល​សេនា នៅ​សល់​ប៉ុន្មាន​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី ដោយ​តេ​ជោ​ដំឌិន​ បាន​នាំ​គ្នា​ដក​ថយត្រលប់​ចូល​នគរ​ ទៅ​រាយ​ការណ៍​ថ្វាយ ព្រះ​រាជា​តាម​ហេតុ​ការណ៍​។ ក្រោយ​ពេល​ដែល​ស្ដេច​សៀម នៅ​សុខោ​ទ័យ​ចូល​ទី​វង្គត នេន​រោង​ដែល​មាន​មហិទ្ធិ​ដ៏​​ខ្លាំង​ពូ​កែ ត្រូវ​បាន​ក្រុម​មន្ដ្រី​រាជការ​ សុំ​អោយ​លា​ចាក​សិក្ខា​បទ ហើយ​អភិ​សេក​អោយ​ឡើង​សោយ​រាជ្យ​ជា​ស្ដេច​ស្រុក​សៀម​តាំង​ពី​ពេល​នោះ​មក​។

ពញា​រោង​បាន​ប្ដូរ​ឈ្មោះ មាន​ព្រះ​បរម​នាម​ជា​ព្រះ​មហា​ក្សត្រ​ថា ព្រះ​បាទ​ចន្រ្ទា​ធិប​តី ស្ដេច​សៀម​ថ្មី​អង្គ​នេះ ដែល​គេ​និយម​ហៅ​ តែ​ពញា​រោង​ៗ បាន​ប៉ុន​ប៉ង​ធ្វើ​គត់ ព្រះ​បទុម​សូរ្យ​វង្ស ព្រះ​មហា​ក្សត្រ​ខ្មែរ ចំនួន​ពីរ​លើក​ទៀត​។

លើកទី១ ពញា​រោង​បាន​ធ្វើ​ដំណើរ​លួច​មក​ស្រុក​ខ្មែរ ដោយ​មាន​នាំ​មក​ជា​មួយ​នូវ​ពល​រេហ៍​ចំណាន​ៗ និង​មាន​លាក់​ដាវ​ពីរ​ដាក់​ជាប់​ក្នុង​ខ្លួន​ផង មក​ដល់​ព្រះ​មហា​នគរ ពញា​រោង​បាន​នាំ​គ្នា​បន្លំ​ខ្លួន ដើរ​សំ​ដៅ​តំរង់​ចូល​ទៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​។ នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី​តូច​​​ធំ​ទាំង​​អស់ កំពុង​ក្រាប​បង្គំ​​គាល់​​ព្រះ​បាទ​បទុម​សូរ្យ​វង្ស ពញា​រោង​បំបាំង​ខ្លួន​ដើរ​ចូល​ទៅ​ដល់​កណ្ដាល​ជំនុំ​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ខ្មែរ​បទុម​សូរ្យ​វង្ស​ទត​ឃើញ​ដោយ​ព្រះ​នេត​ទិព្វ ទ្រង់​មាន​បន្ទូល​ស្រែក​សំលុត​ខ្លាំង​ៗ​ថា ជន​ជាតិ​សៀម​ឯង មាន​ចិត្ដ​ថ្លើម​ធំ ចូល​មក​ដល់​ទី​នេះ​តើ​ឯង​មាន​គោល​បំណង​អ្វី​?​។ ដឹង​ថា ព្រះ​មហា​ក្សត្រ​ខ្មែរ​មើល​ឃើញ​ខ្លួន ពញា​រោង ភ័យ​ស្លន់​ស្លោ​ធ្លាក់​ដាវ​ពី​ដៃ ខំ​ប្រើ​មាត់​ទិព្វ​របស់​ខ្លួន​ តែ​ពុំ​មាន​ប្រសិទ្ធ​ភាព​អាច​ប្រើ​បាន​ឡើយ​។ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទ្រង់​យាង​ចុះ​ពី​រាជ​បល្ល័ង្គ​ដក​ដាវ​រាជ​ បំរុង​ប្រហារ​ជីវិត​ពញា​រោង ដែល​អស់​ច្រក​ចេញ លុត​ជង្គង់​គ្រឹប​ក្រាប​ថ្វាយ​បង្គំ សុំ​ខមា​ទោស​ចំពោះ​ព្រះ​អង្គ​។ ព្រះ​បទុម​សូរ្យ​វង្ស​ដឹង​ច្បាស់​ថា ពញា​រោង​ជា​អនុច​បង្កើត​ជា​មួយ​ព្រះ​អង្គ ព្រះ​អង្គ​ក៏ទន់​ព្រះ​ទ័យ​ព្រម​លើក​លែង​ទោស​អោយ​រួច​ខ្លួន​រស់​​រាន​មាន​ជីវិត ដោយ​​មាន​បន្ទូល​ថា មិន​ពិត​ប្រាកដ​ច្បាស់ថា មហិទ្ធិ​រិទ្ធ​ឯង​ខ្លាំង​ពូកែ​នោះ​ទេ!​។

លើទី២ ពញា​រោង ដែល​អាង​ទៅ​លើ​ហិទ្ធិ​រិទ្ធិ​ខ្លាំង​ពូកែ​របស់​ខ្លួន​ដដែល ជិះ​លើ​ដំរី​សារ​មួយ​យ៉ាង​ធំ បំបាំង​ខ្លួន​ហើយ​បំបោល​ដំរី​នោះ លឿន​ស្លេវ​សំដៅ​ចូល​ទៅ​ក្នុង​វាំង ដើម្បី​ជាន់​​សំលាប់​ព្រះ​មហា​ក្សត្រ នៅ​ចំពោះ​មុខ​ហេតុ​ភេទ​ដូច្នេះ គ្មាន​នាម៉ឺន​មន្រ្ដី​ពល សេនា​ណា​ម្នាក់ មើល​ឃើញ​ពញា​រោង​ឡើយ​។ តែ​ព្រះ​បទុម​សូរ្យ​វង្សដែល​មាន​ភ្នែក​ទិព្វ បាន​ក្រលេក​មើល​ឃើញ​ទាន់​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ ហើយ​ស្រែក​សន្ធាប់​ថា អាសៀម​នេះ វា​ប្រ​មាថ​មាក់​ងាយ​យើង​ជ្រុល​ពេក​ហើយ! វា​គិត​អាង​មហិទ្ធិ​រិទ្ធិ​​របស់​វា​ខ្លាំង​ពូកែ ម្ដង​នេះ​យើង​លែង​អត់​អោន​លើក​ទោស​អោយ​ទៀត​ហើយ​!​។ មក​ដល់​ចំពោះ​មុខ​ព្រះ​អង្គ ដំរី​សារ​នោះ​ទប់​ជើង​ឈប់​ងក់ ហើយ​បែរ​ជា​លុត​ជង្គង់​ថ្វាយ​បង្គំ សំពះ​ព្រះ​អង្គ​ទៅ​វិញ​។ ពញា​រោង​ភ័យ​ណាស់​លោត​ចុះ​ពី​លើ​ខ្នង​ដំរី មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មហា​ក្សត្រ​ខ្មែរ សុំ​អោយ​ព្រះ​អង្គ​លើក​លែង​ទោស​ពៃ អោយ​រួច​រស់​រាន​មាន​ជីវិត​បន្ដ​ទៅ​ទៀត​។

ដូច​លើក​មុន​ៗ​ដែរ ព្រះ​​បទុម​សូរ្យ​វង្ស​ដែល​ដឹង​អំពី​ប្រ​វត្ដិ​ពញា​រោង មាន​ជាប់​សាច់​ឈាម ជា​បង​ប្អូន​បង្កើត​របស់​ព្រះ​អង្គ ព្រះ​អង្គ​នៅ​តែ​មាន​ចិត្ដ​សន្ដោស​ប្រោស​ប្រណី លើក​លែង​ទោស​អោយ​ពញា​រោង​ជា​និច្ច លើក​នេះ​ព្រះ​អង្គ​ថែម​ទាំង​កាត់​ ផ្ដាច់​ទឹក​ដី​មួយ​ចំណែក​ប្រ​គល់​អោយ​ពញា​រោង​គ្រប់​គ្រង​ទៀត​ផង​។

ក្នុង​សម័យ​នោះ ព្រំ​ប្រទល់​ដែន​ទឹក​ដី​ខ្មែរ​នៅ​ទិស​ខាង​លិច ត្រូវ​ថយ​រួញ​មក​នៅ​ត្រឹម បស្ចឹម​បុរី ដែល​សព្វ​ថ្ងៃ​សៀម​ដាក់​ឈ្មោះ​ថា ប្រជិន​បុរី រឺ​ខេត្ដ​ខាង​កើត និង​ខាង​ជើង ត្រឹម​នគរ​រាជ​សីមារ ដែល​សៀម​ក្រលៃ​ប្ដូរ​ឈ្មោះ​ដាក់​ជា កូរ៉ាត ជា​មួយ​គ្ននេះ​ដែរ​ព្រះ​បទុម​សូរ្យ​វង្ស បាន​ដាក់​កំនត់​លក្ខ័ណ អោយ​គ្រប់​ស្ដេច​សៀម ត្រូវ​តែ​នាំ​ផ្កា​មាស មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​ម្ដង បន្ទាប់​មក​ពញា​រោង​ក្រាប​ថ្វាយ​បង្គំ ព្រះ​រាជា​សុំ​អនុញ្ញាតិ​វិល​ត្រលប់​ទៅ​សុខោ​ទ័យ​វិញ​។ ពញា​រោង​បាន​ទស្សទ៍​ទាយ ដាក់​ទំនាយ​ស្រុក​ខ្មែរ​ថា និង​រលត់​រលាយ​វិនាស​ខ្ចាត់​ខ្ចាយ នៅ​ថ្ងៃ​ដែល​រូប​សំនាក​ចៅ​ពញា​តេ​ជោតំឌិន ត្រូវ​បាក់បែក​ខ្ទេច​ខ្ទី​អស់​។

ខម និង ខ្មែរ

ទោះ​ជា​ជន​ជាតិ​ថៃ ខំ​និយាយ​អះ​អាង​យ៉ាង​ណា​នីមួយ​ក៏​ដោយ ហើយ​បើ​ទោះ​បី​ជា ព្រះ​ពុទ្ធ​រូប​ប្រក់​នាគ នៅ​លព​បុរី​ត្រូវ​បាន​សិល្ប​ករ​ជាង​ថៃ កែ​ឆ្នៃលំអ​ជា​ច្រើន​អន្លើ ខុស​ប្លែក​ពី​ព្រះ​ពុទ្ធ​រូប​ប្រក់​នាគ របស់​ខ្មែរ (ដូច​ជា​ទ្រង់​ម្កុដ រឺ​មិន​មាន​ម្កុដ​ជា​ដើម​) ថៃ​ក៏​នៅ​តែ​សរ​សេរ យ៉ាង​ពេញ​តួ​អក្សរ​ថា «ជា​សិប្ប​ក​ម្ម​ឆ្លាក់​រូប ដែល​ចំលង​ចេញ​ពី​សិប្ប​កម្ម​របស់​ខម គឺ​ខ្មែរ​នៅ​កម្ពុជា​នេះឯង​»​។ ជា​រឿង​អគតិ​មួយ​មិន​អាច​ប្រកែក​បាន​ឡើយ ដែល​ថា ខម​ដែល​មាន​អរិយ​ធម៌​ដ៏​ខ្ពង់​ខ្ពស់ ហើយ​រលំ​រលាយ​បាត់​សូន្យ​ឈឹង ពី​អាណា​ចក្រ​កម្ពុជា ហើយ​ស្រាប់​តែ​មាន​ខ្មែរ​ទៅ​វិញ​។ ជន​ជាតិ​សៀម នៅ​តែ​គោរព​បូជា​ព្រះ​ពុទ្ធ​រូប​នាគ​ប្រក់​នេះ ជា​វត្ថុ​ស័ក្ដិ​សិទ្ធ​ខ្លាំង​ពូកែ​មួយ ដែល​មាន​ប្រភ​ពចេញ​ពី​កម្ពុ​ជា​ដែរ​។

ការរកឃើញវិញ និងការគោរពបូជា

តាម​ការ​សិក្សា​ក្នុង​អត្ថ​បទ​មួយ បាន​សរ​សេរ​ទុក​ថា «ព្រះ​ពុទ្ធ បដិ​មា​ប្រក់​នាគ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នាំ ១៩៣៣ នៅ​ក្នុង​អណ្ដូងកណ្ដាល​ប្រាសាទ​បាយ័ន ហើយ​ត្រូវ​បាន​ព្រះ​បាទ​មុនី​វង្ស អោយ​គេ​យក​ទៅ​តំកល់​ទុក​នៅ​ព្រះ​វិហារ​៧​ល្វែង ទុក​សំរាប់​គោរព​បូជា​។ ព្រះ​ពុទ្ធ​ប្រក់​នាគ ដែល​កសាង​តាំង​ពី​សម័យ​មហា​នគរ គេ​ឃើញ​ព្រះ​សង្ឃ​តំកល់​ទុក នៅ​ក្នុង​ព្រះ​វិហារ​វត្ត​រលំ​ជ្រៃ ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយ​មាន​ជ័យ​សំរាប់​គោរព​បូជា ហើយ​មាន​បារមី​ខ្លាំង​ក្លា​ណាស់​។ ពុទ្ធ​បរិ​ស័ទ ចំនុះ​ជើង​វត្ត​រលំជ្រៃ​ បាន​អោយ​ដឹង​ថា ព្រះ​ពុទ្ធ​អង្គ​ប្រក់​នាគ​នេះ បារមី​ខ្លាំង​ណាស់ ហើយ​មាន​ប្រជា​ពល​រដ្ឋ​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​បួង​សួង​សុំ​សេច​ក្តី​សុខ រក​ស៊ី​មាន​ បាន​យស​សក្តិ​ខ្ពង់​ខ្ពស់ បាន​សំរេច​បំណង​ប្រាថ្នា​ជា​ញឹក​ញាប់​។

កន្លង​មក​ពួក​ជន​ទុច្ច​រិត បាន​ព្យា​យាម ទៅ​លួច​អារ​ព្រះ​កេស​ព្រះ​អង្គ ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​ក្រៅ ជា​ច្រើន​លើក ប៉ុន្តែ​ខណៈ​ពេល​កំពុង​អារ​នោះ បារមី​ព្រះ​អង្គ​បាន​ស្រែក​លាន់​ពេញ​ភូមិ ផ្អើល​អស់​អ្នក​ស្រុក​នាំ​គ្នា​មក​ដល់ ហើយ​ចាប់​ពួក​ជន​ទុច្ច​រិតបាន​ថែម​ទៀត​។ ប្រភព​ដដែល​បាន​អះ​អាង​ថា ព្រះ​ពុទ្ធ​អង្គ​នេះ ទោះ​បី​ជា​ជន​ទុច្ច​រិត​ព្យា​យាម​អារ​ផ្តាច់​ព្រះ​កេស យ៉ាង​ណា​ក្តី​ក៏​ពុំ​ដាច់​ដែរ ហើយ​មាន​ស្រក់​ទឹក​ភ្នែក​មក​ទៀត​ផង គួរ​អោយ​ចំលែក​ខ្លាំង​ណាស់​។ ចំនែក​ជន​ទុច្ច​រិត ដែល​រួម​គំនិត​គ្នា លួច​នោះ​គ្មាន​នរ​ណា​ម្នាក់​រត់​រួច​ទេ គឺ​ត្រូវ​ដេក​ដួល​លើ​ដី រក​តែ​ក្រោក​ឡើង​ក៏​ពុំ​រួច​ដែរ ត្រូវ​បារ​មី​ផ្តន្ទា​ទោស​ភ្លាម​ៗ​តែ​ម្តង​។ ដោយ​សារ​តែ​បារមី ព្រះ​អង្គ​ប្រក់​នាគ​បាន​ធ្វើ​អោយ​វត្ត​នេះ មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស ហើយ​មាន​មនុស្ស​ម្នា​ចេញ​ ចូល​ទៅ​ធ្វើ​បុណ្យ​ទាន និង​បួង​សួង​យ៉ាង​ច្រើន​កុះ​ករ ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​នៅ​ថ្ងៃ ​សីល​។