ដើម្បី​បញ្ជៀស​ឧប​ទ្រព​ចង្រៃ រោគា​ទុក្ខ​ភ័យ​ទាំង​ឡាយ ពុទ្ធ​សានិក​និមន្ដ​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ដ ឬ​លើក​រាសី ចំរើន​សេរី​សួស្ដី​ជា​ដើម មិន​មែន​តែ​ក្នុង​ពិធី​បុណ្យ​ធំ​ៗ​ទេ សូម្បី​តែ​ក្នុង​ពិធី​រៀប​ការ ខួប​កំណើត​ជា​ដើម ក៏​ពុទ្ធ​សាស​និក​​និមន្ដ​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ដ​ដែរ ពុទ្ធ​បរិ​សទ្ធ​ជឿ​ថា ទឹក​មន្ដ​មាន​រិទ្ធ​ខ្លាំង​ពូកែ ផ្ដល់​សិរី​សួស្ដី អាច​ជួយ​ធ្វើ​អោយ​ជា​ស្បះ​ស្បើយ​រោគា​បាន​បាន​ ទើប​យក​ទឹក​មន្ដ​មក​ផឹក មក​លុប​មុខ​លាង​ខ្លួន រហូត​ដល់​មាន​ការ​និមន្ដ​លោក​អោយ​ស្រោច​ទឹក សូត្រ​រំដោះ​គ្រោះ​លើក​រាសី​ទៀង​ផង​​។

ដូច​ករណី​ក្នុង​រតន​សូត្រ​នេះ​ហើយ ទើប​បណ្ដាល​អោយ​មាន​តំកល់​ទឹក​មន្ដ​ក្នុង​​ពេល​ចំរើន​ព្រះ​បរិត្ដ​ក្នុង​​កន្លែង​​នានា លុះ​ចប់​ពិធី​ចំរើន​​ព្រះ​បរិត្ដ​ហើយ​គេ​និមន្ដ​ព្រះ​សង្ឃ​​ត្ថេរ អោយ​​ប្រស់​ព្រំ​ទឹក​​មន្ដ​ដល់​គ្រួសារ​ទាំង​អស់​ផង​ដល់​គេ​ហដ្ឋាន​របស់​គេ​ផង ដើម្បី​ជោគ​ជ័យ​​សិរី​​មង្គល​ និង​ដើម្បី​កំ​ចាត់​គ្រោះ​កាច​ចង្រៃ​​។​ ទំលាប់​ប្រស់​ព្រំ​ទឹក​មន្ដ​នេះ ក្រោយ​មក​បាន​ក្លាយ​មក​ជា​ការ​បាច​ទឹក​មន្ដ​ទៅ​វិញ​ ប៉ុណ្ណោះ​ហើយ​នៅ​តែ​មិន​ទាន់​​ល្មម​ដល់ចិត្ដ​របស់​មនុស្ស​ គេ​ក៏​និមន្ដ​ព្រះ​សង្ឃ​ស្រោច​ទឹក​ត្រង់​ៗ​​តែ​ម្ដង​​ទៅ​​។

ការ​សូត្រ​ព្រះ​បរិត្ដ រឺការសូត្រមន្ដ​ ជា​រឿយៗ ​ព្រះ​សង្ឃ​តែង​លើក​សូត្រ​អំពី​មង្គល​សូត្រ បរាភវ​សូត្រ (សូត្រ​អំពី​សេច​ក្ដី​នាស​) មក​ចែក​ជូន​អោយ​ពុទ្ធ​បរិ​សទ្ធ​បាន​ស្ដាប់​អំពី​ហេតុ​ផល​នៃ​សេ​ច​ក្ដី​កើត​សេរី​មង្គ ឬ​ពី​ហេតុ​ផល​នៃ​សេច​ក្ដី​វិនាស​ ហើយ​ក៏​​​ដូចជា​យើង​គ្រប់​ៗ គ្នា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា នៅ​ក្នុង​សូត្រ​ទាំង​អស់​នេះ ព្រះ​ពុទ្ធ​សាសនា​មិន​បាន​បង្រៀន​អោយ​មនុស្ស​ដេក​ចាំ​ទទួល​សេច​ក្ដី​សុខ​ដែល​ផ្ដល់​អោយ​ដោយ​ធម្ម​ជាតិ ឬ​ដោយ​អាទិ​ទេព ឬ​រង់​ចាំ​ជោគ​វាសនា ដែល​រិក្ស​យាម ថ្ងៃខែ​ឆ្នាំ​ល្អ ផ្ដល់​អោយ​ឡើយ​។ ពុទ្ធ​សាសនា​គ្មាន​បង្រៀន​មនុស្ស​អោយ​ផ្ញើ​ជោគ​វាសនា​របស់​ខ្លួន​លើ​​ទេព​ ឬ​នរ​ណា​ក្រៅ​ពី​ខ្លួន​អែង​ឡើយ ខ្លួន​ទី​ពឹង​ខ្លួន វៀរ​ចាគ​អំពើ​បាប​ទាំង​ឡាយ ដោយ​អោយ​ខំ​ប្រព្រឹត្ដ​នូវ​អំពើ​បុណ្យ ព្រោះ​ថា បុណ្យ​ឬ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​យ៉ាង​ណា នឹង​ បាន​ទទួល​ផល​យ៉ាង​នោះ​​។ រូប​រាង​កាយ​របស់​សត្វ​លោក​គ្រាន់​តែ​ជា​រូប រមែង​បែក​ធ្លាយ​ទៅ​តាម​ធម្ម​ជាតិ ជា​អនិច្ចំ ទុក្ខំ អនត្ដា មិន​ទៀង​ស្ថិត​ស្ថេរ ប្រែ​ប្រួល​ទៅ​តាម​កាល​វេលា កើត​ចាស់​ឈឺ​ស្លាប់​ជា​ធម៌​ទៀង ជា​ធម៌​ពិត ​សំរាប់​សត្វ​លោក​គ្រប់​រូប​គ្រប់​កាយ ឥត​មាន​ខ្មោច​ព្រាយ​បិសាច​ឯណា មក​កាច់​មក​ធ្វើ​អោយ​ឈឺ​អោយ​ជា​នោះ​ទេ​។

ព្រះពុទ្ធសាសនា បង្រៀនអោយមនុស្សស្វែងរក ប្រយោជន៍ ស្វែងរកសុភមង្គល ស្វែង​រក​សុខសេរីសួស្ដី ដូច​មាន​ក្នុង​មង្គល​សូត្រ​​​ដូច​​តទៅ​នេះ​៖

មង្គល​សូត្រ

ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​។​ អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​អោយ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា៖

ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ ទេវតា​និង​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំង​ឡាយ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម (ព្រះដ៏មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំ​ដែងតប​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភា​សិត​ជា​គា​ថា​យ៉ាង​នេះ​ថា)

អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ទាំង​ឡាយ​១ កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ​១ កិរិយា​បូជា​ដល់​បុគ្គល ដែល​គួរ​បូជា​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អគ្គសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ​១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ ទុក​ហើយ​ក្នុង​កាល​មុន​១ កិរិយា​ដំកល់​ខ្លួ​ន​ដោយ​ប្រពៃ១​ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។

ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ ភាវៈ​នៃ​បុគ្គល​បាន​ស្តាប់ បាន​រៀន​ហើយ​ដោយ​ច្រើន​១ សិល្ប៍​សាស្ត្រ​គឺ​សេចក្តី​ឆ្លៀវ​ឆ្លាស់​ក្នុង​ហត្ថកម្ម​ របស់​អ្នក​បួស​និង​គ្រហស្ថ១​ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ​១​វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ​១ ទាំង​៤នេះ​ ជា​មង្គល​ដ៏​ឧត្តម។

មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ កិរិយា​បំរើ​នូវ​មាតា​១ កិរិយា​បំរើនូវ​បិតា​១ សេចក្តី​សង្រ្គោះ​ដល់​បុត្រ​និង​ភរិយា​១ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​។

ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ កិរិយា​បរិច្ចាគទាន​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌១ សេចក្តី​សង្រ្គោះ ដល់​ញាតិ​ទាំង​ឡាយ១​ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស​១ ទាំង​៤នេះ ជា​មង្គល​ដ៏​ឧត្តម។

អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ កិរិយា​មិន​ត្រេក​អ​​រក្នុង​បាប និង​កិរិយា​វៀរ​ចាក​បាប​១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង​១ សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ​។

គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ សេចក្តី​គោរព​ចំពោះ​បុគ្គល ដែល​គួរគោរព​១ កិរិយា​ប្រព្រឹត្ត​បន្ទាប​នូវ​ខ្លួន​១ សេចក្តី​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន​១ ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន១ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​១ ទាំង​៥​នេះ ជា​មង្គល​ដ៏​ឧត្តម។

ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ សេចក្តី​អត់​ធន់​១ ភាវៈ​នៃ​បុគ្គល​ដែល គេ​ប្រដៅ​បាន​ដោយ​ងាយ​១ កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ​១ ធម្មសាកច្ឆា​គឺ​កិរិយា សន្ទនា​ទៅ​វិញ​ទៅ​មក នូវធម៌​តាម​កាល​១ ទាំង​៤​នេះ ជា​មង្គ​ល​ដ៏​ឧត្តម។

តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​១ កិរិយា​ឃើញ​នូវ​អរិយសច្ចៈ​ទាំង​ឡាយ១​ កិរិយា​ធ្វើ​អោយ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ ចិត្ត​នៃ​បុគ្គល​ឯ​ណា ដែល​លោក​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ មិ​ន​រំភើប​ញាប់​ញ័រ​១ មិន​មាន​សេចក្តី​សោក​១ មាន​ធុលី​គឺ​រាគៈ​ទៅ​ប្រោស​ហើយ​១ ជា​ចិត្ត​ក្សេម​ក្សាន្ត​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។

ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ ទេវតា​និង​មនុស្ស​ទាំង​ឡាយ ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាល​ចាញ់​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សេរី​សួស្តី​ក្នុង​ទី​ទាំង​ពួង (ម្នាល​ទេវ​តា ចូរ​អ្នក​ប្រ​កាន់​ជឿ​ថា) មង្គល​ទាំង​៣៨​ប្រការ មាន​កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ជា​ដើម​នោះ របស់​ទេវតា​និង​មនុស្ស ទាំង​អម្បាល​ណោះ​ ជា​មង្គល​ដ៏​ឧត្តម​ ។(ចប់)

បរាភវសូត្រ (បទបឋ្យាវត្ត)

បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ។ យើង​ខ្ញុំ​ទាំង​ឡាយ មក​សូម​ទូល​សួរ នូវ​ហេតុ​ដែល​គួរ ចម្រើន​វិនាស ប្រុស​ស្រី​ក្នុង​លោ ក​សន្និវាស ដែល​នឹង​វិនាស សាប​សូន្យ​ចាក​គុណ។ ឆ្ពោះ​ព្រះ​គោត្ដម ព្រះ​អង្គ​មាន​បុណ្យ មេត្តា​និមន្ត សម្តែង​អោយ​ទាន ធម្មជាតិ​ដូច​ម្តេច ដែល​ជា​ប្រធាន នាំ​សត្វ​…អោយ​មាន… សេចក្តី​វិនាស។

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី… បរាភវោ។ អ្នក​ដែល​ចម្រើន គេ​អាច​ស្គាល់​ងាយ អ្នក​ដែល​អន្តរាយ គេ​អាច​ស្គាល់​ពិត អ្នក​ប្រាថ្នា​ធម៌ ល្អិត​ល្អ​ក្នុង​ចិត្ត ហើយ​ខំ​ប្រព្រឹត្ត នឹង​បាន​ចម្រើន។ អ្នក​ដែល​ទ្រូស្តធម៌ ស្អប់​ធម៌​ឥត​កើន ឥត​កើន…​ចម្រើន… វិនាស​ទៅ​មុខ។

ឥតិ ហេ…តំ… វិជានាម បឋមោ សោ…បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ…បរា…ភវតោ មុខំ។ បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​២ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្មរោចេតិ តំ… បរា…ភវតោ មុខំ។ អ្នក​ដែល​ស្រឡាញ់ ពេញ​ចិត្ត​សេ្នហា តែ​នឹង​មនុស្ស​ណា អ​សប្បុរស តែង​មិន​ស្រឡាញ់ ពេញ​ចិត្ត​ទាំង​អស់ នឹង​អ្នក​សប្បរស មក​ធ្វើ​ជា​មិត្រ។ សេចក្តី​ស្រឡាញ់ ពេញ​ចិត្ត​គំនិត ហើយ​ទៅ​គប់​មិត្រ អ​សប្បុរស គាប់​ចិត្ត​ក្នុង​ធម៌ ឬ​មួយ​របស់ ហេតុ​នោះ​ទាំង​​អស់ នាំ​អោយ​វិនាស។

ឥតិ ហេ…តំ… វិជានាម ទុតិយោ សោ… បរាភវោ តតិយំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។ បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៣ អ្វី​ជា​ប្រធាន នាំ​សត្វ​…អោយ​មាន (សេចក្តី​វិនាស)។

អ្នក​​ដេក​​ច្រើន​១ និយាយ​ច្រើន​១ និង​អ្នក​ឥត​ព្រួយ ឥត​គិត​ប្រឹង​ប្រែង អ្នក​ខ្ជិល​ច្រអូស មិន​មាន​ខ្នះ​ខ្នែង ខឹង​ច្រើន​សម្តែង អោយ​គេ​ឃើញ​បាន។ ហេតុធម៌​ទាំង​នោះ មិន​ជា​កល្យាណ នាំ​អោយ​ខក​ខាន ខាត​ខូច​ប្រយោជន៍ មាន​ជា​ប្រធាន តិច​ច្រើន​ដោយ​ហោច នាំ​បង់​ប្រយោជន៍ ហើយ​អោយ​វិនាស។
បពិត្រ​ព្រះ​អង្គ ព្រះនាមភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៤ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។
នរ​ជន​ណា មាន​ទ្រព្យ​ធន​ធាន ហើយ​ខ្លួន​មិន​បាន ចិញ្ចឹម​រក្សា មាតា​បិតា ដែល​ចាស់​ជរា ហេតុ​នោះ​ទៅ​ជា នាំ​អោយ​វិនាស។
បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៥ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។
ជន​បញ្ឆោត​ព្រាហ្មណ៍ ឬ​ពួក​សមណៈ ពួក​ស្មូម ឬ​អ្នក​ដទៃ ដោយ​មុសាវាទ ឃ្លាត​ពាក្យ​ប្រពៃ នោះ​ប្រធាន​នៃ សេចក្តី​វិនាស។
បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៦ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។
បុរស​អ្នក​មាន ទ្រព្យ​ធន​ធាន​ច្រើន មាស​ប្រាក់​ចម្រើន និង​គ្រឿង​អាហារ លប​លាក់​របស់ ដែល​ឆ្ងាញ់​ពិសា ស៊ី​ម្នាក់…​ឯង​ជា ប្រធាន​វិនាស។
បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៧ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។
អ្នក​ដែល​ប្រកាន់ ជាតិ​ទ្រព្យ​ត្រកូល ហើយ​មិន​ប្រមូល សាច់​ញាតិ​សន្តាន មើល​ងាយ​ញតិ​ខ្លួន ដោយ​អាង​ខ្លួន​មាន នោះ​ជា​ប្រធាន សេចក្តី​វិនាស។
បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៨ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។
ជន​អ្នក​ប្រព្រឹត្ត ល្បែង​បី​ប្រការ ល្បែង​ស្រី​ល្បែង​ស្រា ល្បែង​ភ្នាល់​ទាំង​ឡាយ ធ្វើ​ទ្រព្យ​ខ្លួន​មាន អោយ​អន្តរាយ ការ​ល្បែង​ទាំង​ឡាយ នោះ​នាំ​វិនាស។
បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​៩ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ…បរា…ភវតោ មុខំ។ ប្រុស​មិន​ត្រេក​អរ នឹង​ប្រពន្ធ​ខ្លួន ហើយ​ទៅ​ជាប់​ជួន នឹង​ស្រី​ពេស្យា ទ្រុស្ត​នឹង​ប្រពន្ធ កូន​ជន​នា​នា ហេតុ​នោះ​ទៅ​ជា នាំ​អោយ​វិនាស។

ឥតិ ហេ…តំ… វិជានាម នវមោ សោ… បរាភវោ ទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។ បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​១០ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។

អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ តស្សា ឥស្សា ន សុបតិ តំ… បរា…ភវតោ មុខំ។ បុរស​មាន​វ័យ ដែល​ចាស់​ហួស​ពេក ហើយ​មាន​តម្រេក ដោយ​ក្តី​តណ្ហា នាំ​យក​ស្រី​ក្មេង មក​ធ្វើ​ភរិយា ហេតុ​នោះ​ទៅ​ជា នាំ​អោយ​វិនាស។

ឥតិ ហេតំ… វិជានាម ទសមោ សោ… បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។ បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​១១ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។

ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ… បរា…ភវតោ មុខំ។ បុរស​តាំង​ស្រី អ្នក​លេង​ខ្ជះ​ខ្ជាយ ឬ​ស្រី​ទាំង​ឡាយ តាំង​បុរស​នោះ ដែល​ជា​អ្នក​លេង ខ្ជះ​ខ្ជាយ​ដូច្នោះ អំពើ​ទាំង​នោះ នាំ​អោយ​វិនាស។

ឥតិ ហេតំ… វិជានាម ឯកាទសមោ សោ… បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។ បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​អោយ​ទាន វិនាស​ទី​១២ អ្វី​ជា​ប្រធាន នាំ​សត្វ​អោយ​មាន សេចក្តី​វិនាស។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ សោ ច រជ្ជំ បត្ថយតិ តំ… បរា…ភវតោ មុខំ។ ជន​ណា​កើត​ក្នុង ត្រកូល​ជា​ក្សត្រ អ្នក​ក្សត់​សម្បតិ្ត ហើយ​ប្រាថ្នា​ធំ ចង់​បាន​ជា​ស្តេច សោយ​រាជ្យ​ស្តុក​ស្តម្ភ ហេតុ​នោះ​នឹង​នាំ អោយ​ដល់​វិនាស។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សនសម្បន្នោ ស លោកំ… ភជតេ សិវំ៕ ជន​ជា​បណ្ឌិត គំនិត​ប្រសើរ បាន​ឃើញ​ដំណើរ នៃ​ហេតុ​វិនាស ដល់​សត្វ​ក្នុង​លោ- ក​សន្និវាស គេច​ពី​វិនាស គប់​រក​ចម្រើន៕ បរាភវសុត្តំ និដ្ឋិតំ (បរាភវសូត្រ ចប់)