ធម្មាធិបតេយ្យ
ថ្ងៃសៅរ៍ ទី28.មិថុនា 2014.ម៉ោង 10:18

    ព្រះពុទ្ធសាសនា ជាសាសនា បង្រៀអោយប្រកាន់យកធម្ម គឺភាពត្រឹមត្រូវតាមហេតុផលជាប្រមាណដែលហៅថាធម្មាធិតេយ្យ។ មិន​បង្រៀន​អោយ​ប្រកាន់​យក​ខ្លួន​ឯង​ជា​ធំ​។ គំនោលបង្រៀនក្នុងចំនុចថា អ្នកណាឃើញធម្ម អ្នកនោះឈ្មោះថាព្រះសម្មាសម្ពុទ្ធ​។ គំនោល​បង្រៀន​រឿង​អា​មិស​បូជា​ និង បត្ដិ​បត្ដិ​បូជា​ និង​ការ​តែង​តាំង​ធម្ម​វិន័យ​ទុក​ជា​គ្រូ​អាចារ្យ ឬ​បរម​សាស្ថ្រា​ចារ្យ ជំនួស​អង្ក​ព្រះ​សម្មា​សម្ពុទ្ធ​ ជា​​ទំវើង្រៀន​បែប​ធម្មា​ធិប​តេយ្យ​។

អធិបតេយ្យ៣

១ -អត្ដាធិបតេយ្យ

    ប្រកាន់​ខ្លួន​ជា​ធំ ប្រារព្ធ​ខ្លួន ឬ​ប្រ​យោជន៍​ខ្លួន​ជា​គោល​ដៅ​។ កាល​គេ​មាន​គំនិត​នេះ​កើត​ឡើង​ហើយ គេ​​ខំ​ធ្វើ​ទំវើ​​ល្អ​​អោយ​ល្អ​​ជាង​​មនុស្ស​ដទៃ គេ​​មិន​​ធ្វើ​សេច​ក្ដី​ល្អ​ដើម្បី​សេច​ក្ដី​ល្អ​ឡើយ​។ បុគ្គល​ប្រ​ភេទ​នេះ បើ​នឹង​ធ្វើ​ទំវើ​ល្អ​ទាំង​ឡាយ​ណា​មួយ ទោះ​ជា​បរិ​ចាគ​ទ្រព្រ​សម្បត្ដិ​ ឬ កំលាំង​វា​ចា​​ចិត្ដ​​ក្ដី គេ​ត្រូវ​ការ​អោយ​ចុះ​បញ្ជី ឬ​ប្រកាសផ្សាយដំណឹងឈ្មោះរបស់គេអោយអ្នកដទៃបានដឹង​ បាន​លឺ​ដើម្បី​មាន​កិត្ដិ​​យស​​ដល់​ខ្លួន​គេ​ ទើប​គេ​ធ្វើ​​។ ជន​ខ្លះ​បើ​នឹង​ធ្វើ​បុណ្យ​អ្វី សង្គ្រោះ​អ្វី គេ​ធ្វើ​លេខ​មើល​កំរៃ​មុន ឃើញគ្មានចំណេញគេមិនធ្វើទេ​ ឃើញ​មាន​ចំ​ណេញ​ទើប​គេ​ធ្វើ។

២ -លោកាធិបតេយ្យ

    ប្រកាន់យកលោកជាធំ គេធ្វើយ៉ាងណាក៏ធ្វើតាមគេយ៉ាងនោះ​ទៅ។ ទំវើប្រពៃណីជួនកាលវាបង្កើតជាសេចក្ដីក្ដៅក្រហាយយ៉ាង​ខ្លាំង​ ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​សង្គម​ដូច​គ្នា ដូចជាគ្រួសារណាមួយមានមនុស្សមនុស្សស្លាប់។ តាមប្រពៃណីត្រូវ​តំកល់សពសូត្រមន្ដ​ទេសន៍​ឆាន់​យ៉ាង​តិច​ណាស់​ ៣ថ្ងៃ ៣យប់។ បន្ទាប់ត្រូវធ្វើក្នុង​ថ្ងៃគំរប់​ ៧ ឬគំរប់ ១០០ថ្ងៃ។ ពិធីកម្មនេះ មានិមន្ដព្រះសង្ឃឆាន់ មានលៀងភ្ញៀវជាមហោ​ឡា​រិក​។ ទំវើ​នេះ​សំរាប់​អ្នក​មាន​ទ្រព្យ​ច្រើន វា​គ្មាន​បញ្ហា​អ្វី​ទេ តែ​សំរាប់​អ្នកទ័លក្រ វាចោទជាបញ្ហាធំខ្លាំងណាស់រហូតសាមីកម្មពីធីខ្ចី ឬ​ចង​ការ​ប្រាក់​គេ​មក​បំពេញ​កង្វះ​ លុះ​ត្រា​ជំពាក់​បំ​ណុល​គេសងមិនរួច ខ្លះលក់ដីធ្លីផ្ទះសំបែងសងគេ ខ្លះធ្លាក់ចុះរហូតដល់យកខ្លួនទៅ​បំរើ​បំណុល​គេ​។ ប្រ​ពៃណី​លោក​នេះ​ វា​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា​ណាស់ អ្នកក្រមិនហ៊ានដុតខ្មោចឳពុកម្ដាយ ឬស្វាមីប្រពន្ធកូនខ្លួនដោយអុសមួយបាច់ ធូបមួយបំពង់ ទៀន​មួយ​ដើម​ដែល​ខ្លួន​មាន​ ហើយ​ខ្ចប់​​ឆ្អឹង​ដោយ​កំណាត់​ចាស់ ដោយគ្មានខ្ចីបុលអ្នកណាទុកជាការស្រេចទេ ព្រោះខ្លាចសង្គមមនុស្ស គេ​ថា​គ្មាន​ធម៌កតញ្ញូ​កត​វេទី​។ ខ្លាំង​ជាង​នេះ​ទៅ​ទៀត ខ្មោចគ្រួសារអ្នកមានស្ដុកស្ដម្ភដាច់ខ្យល់ស្នើរមិនទាន់ មានជំនួយសង្គ្រោះ រឺសង្គមកិច្ច​ពី​មនុស្ស​គ្នា​ឯង​ក្នុង​ស្រុក​វាល់​ម៉ឺន​វាល់​សែន​វាល់់លាន​រៀល។ ចំណែកខ្មោចគ្រួសារអ្នក​ក្រខ្សត់ស្លាប់ស្អុយនៅលើផ្ទះ គ្មានបានទទួលជំនួយពី​អ្នក​ណា​ទេ​ បើ​មាន​ខ្លះ​តែ​ពី​គ្រួ​សារ​អ្នក​ក្រ​ខ្សត់​ដូច​គ្នា​ ទៀន៥ ធូប៥ អង្ករមួយចានហ្នឹងហើយ។ រីឯអ្នកមានស្ដុកស្ដម្ភគ្មានឃើញអើតក្បាល​ធ្វើ​ជំនួយ​ទេ​ បើ​បែរ​ជា​មាន​ មាន​ជំនួយ​ពាក្យ​មួយម៉ាត់ថា អឺ! អាណិតដែរឯងធ្លាប់ប្រើអោយគ្នាជួតឡាន(រថយន្ដ)។​

    ប្រពៃណីដុតខ្មោច ប្រពៃណីមង្គលការ ព្រពៃណីបួសកូនចៅ ដែលគេចាយប្រាក់ច្រើនៗ ប្រពៃណីធ្វើបុណ្យមាននេះមាននោះ​ ដែល​មិន​ដឹង​ជា​មាន​ដៃ​គម្គីរ​ណា​៘ ប្រ​ពៃ​ណី​ទាំងឡាយនេះ ជាប្រពៃណីសំរាប់លោក (លោកាធិបតេយ្យ)។ ឯធម្មាធិបតេយ្យ​ ឬ ពុទ្ធសាសនាលោក​ថា​ ដុត​ខ្មោច​យ៉ាង​ម៉េច​​ក៏​ដុត​ទៅ​ អោយ​តែ​ឆេះ​អស់ ការកូនចៅយ៉ាងម៉េចក៏ធ្វើទៅ អោយតែបានគ្នាជាប្ដីប្រពន្ធ បំបួសយ៉ាងម៉េច​ ក៏​បំបួស​ទៅ​ អោយ​តែ​កើត​ជា​ភិក្ខុ​សាមណេរ ធ្វើ​បុណ្យ​យ៉ាងម៉េចក៏ធ្វើទៅ អោយតែត្រូវ (គឺជ្រើសមើលទៅបុណ្យទាំង ១០ បុណ្យណាមួយ​ដែល​ខ្លួន​អាច​ធ្វើ​បាន​)​។ ប្រសិន​បើ​បុណ្យ​កឋិន​ទាន​វិញ អោយតែមានទេយ្យវត្ថុ ត្រឹមតែស្បង់មួយក៏ធ្វើបានហើយ ប្រសិនបើសង្ឃលោកមាន​សេចក្ដី​មេត្ដា​ទទួល​។ តែ​បើសង្ឃ​លោក​មិន​ព្រម​ទទួល​ ទាយកនៃកឋិនទាន ក៏​ឈ្មោះថាបានធ្វើកឋិនទានស្រេចហើយ បានផលក៏ជាកឋិនទាន​ហើយ​ ព្រោះ​យើង​បំ​ពេញ​​ករណីយ​កិច្ច​តាម​ពុទ្ធា​នុញ្ញាត​ហើយ​ ប៉ុន្ដែធ្វើយ៉ាងម៉េចបើសង្ឃលោកគ្មានចិត្ដអនុគ្រោះ។ ដូចគ្នានឹងនាងផ្កាននោងព្រៃ និង​មដ្ឋ​កុណ្ឌលី​កុមារ​ដែល​មាន​ផ្កា​ននោង​ព្រៃ (មានចិត្ដជ្រះថ្លានមានតែផ្កាននោងគ្មានធូបទៀន ​ទៅ​បូជា​ព្រះ)​ ហើយគោជល់ស្លាប់ទៅ មិនទាន់ទៅដល់​កន្លែង​បូជា មាន​​ចិត្ដ​ជ្រះ​ថ្លា​ចំពោះ​ព្រះ​រតន​ត្រៃ​ហើយ​ តែគ្មានទៀនធូបថ្វាយ បុរស​ស្ដ្រី​ទាំង​ពីរ​នាក់ បាន​ធ្វើ​ទេព និង​ទេព​ធីតា​នឹង​គេ​ដែរ​៘ ប្រ​ពៃណី​លោក​ឬ​លោ​កា​ធិប​តេយ្យ​ មិន​ត្រឹម​តែ​មាន​អំ​ណាច​លើ​ធម្ម នៃ​ពុទ្ធ​សាសនា ឬ​បង្វិល​បំបែរ​ធម្ម​ទាំង​ឡាយ​អោយ​ឃ្លាត​ចាគ​បន្ទាត់​​នៃ​សេច​ក្ដី​ពិត​ និង​ឧត្តម​គតិ​របស់​​ព្រះ​សម្មា​សម្ពុទ្ធ​ប៉ុណ្ណឹង​ទេ​។ ទន្ទឹម​គ្នា​នេះ​ទៀត វា​បាន​ប្រ​ទាញ​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ អោយ​ខ្ទាត​ចេញ​ពី​ផ្លូវ​ដែក​នៃ​លទ្ធិ​នេះ​ក្នុង​​ចំនុច​​ថា​ អំណាច​ធិប​តេយ្យ​ទាំង​អស់​របស់​រដ្ឋ​ ឬ​របស់​ប្រ​ទេស​ចេញ​មក​ពី​ប្រ​ជា​ពល​រដ្ឋ របស់​ប្រ​ជា​ពល​រដ្ឋ (អំណាច​របស់​​រដ្ឋ​មាន​​៣ គឺ​​អំណាច​​បង្កើត​​ច្បាប់​ ឬ​ចង​ច្បាប់​ អំ​ណាច​ប្រត្ដិ​បត្ដិ​​ច្បាប់​ ឬ​អនុវត្ដ​ច្បាប់ អំណាច​​ថ្លឹង​ទោស​ដែល​ដែល​កើត​អំពី​បទ​ល្មើស វិនិច្ឆ័យ​កំហុស​នៅ​ក្រប​​ខ័ណ្ឌ​នៃ​យុត្ដិ​ធម៌​របស់​ច្បាប់​) អំណាច​នេះ​បាន​​ធ្លាក់​ទៅ​ក្នុង​ដៃ​ស្ដេច (រាជ​ធិប​តេយ្យ)​ ធ្លាក់​ទៅ​លើ​ដៃ​អ្នក​ផ្តាច់​ការ (អែកា​ធិប​តេយ្យ)​​។ ធ្លាក់​ទៅ​ក្នុង​​ដៃ​អ្នក​ធំ​ៗ​ (អភិ​ជនា​ធិប​តេយ្យ​) ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​តិច​ (អប្ប​ជនា​ធិប​តេយ្យ)​។​

    អំណាចនៃប្រពៃណីលោក វាបានកំទេចពន្លឺគំនិតរបស់មនុស្ស ហើយវាបានច្រានសេចក្ដីយល់ឃើញរបស់មនុស្សអោយ​ធ្លាក់ចុះទៅ​ក្នុង​អណ្ដូង​កំឡៅ​យ៉ាង​ជ្រៅ​កោដិ​ជ្រៅ​។ លុះត្រាមនុស្សខ្លះយល់ឃើញថា ស្ដេចជាកូនរបស់ឋានសួគ៌ ស្ដេចចង់ធ្វើអ្វីធ្វើទៅចុះ ព្រោះ​ស្ដេច​ជា​ប្រតិ​ភូ​របស់​ឋាន​សួគ៌​ ឬ​ជា​កូន​របស់​អាទិទេព​ទៅ​ហើយ។

    លោកប្រពៃណីក្នុងចំនុចនេះ បានត្រូវព្រះសម្មាសម្ពុទ្ធរបស់យើង វាយកំទេចអស់ពីកំលាំងព្រះហត្ថដោយអន្លូង គឺទស​ពិធ​រាជ​ធម៌​ ១០​ដែល​ពុទ្ធ​សាសនិក​ធ្លាប់ស្គាល់​ធម៌​នេះ​គ្រប់ៗគ្នា​ហើយ​។ ក្នុងន័យថា ព្រះសម្មាសម្ពុទ្ធបានលុបបំបាត់ស្ដេចក្នុងផ្លូវអមដោយទសពិធ​រាជ​ធម៌​ផង​ ដោយ​ព្រហ្ម​វិហារ​ធម៌​ផង​។ ជា​មួយ​គ្នា​នេះ​បានលុប​បំបាត់ដោយត្រង់ ដោយសាធារណធម៌ផង ដោយសិទ្ធិមនុស្សផង ដោយរាជអភ័យផង​៘ ដែល​មនុស្ស​ម្នាក់​ត្រូវ​បាន​ប្រកាស​ជា​អោ​ឡា​រិក​ថា គ្មានមុខតំណែងណា មុខការងារណា មុខសិទ្ធិណា៘ ដែលមនុស្សម្នាក់​ត្រូវ​បាន​ហើយ​ មនុស្ស​ដទៃ​ទៀត​មិន​ត្រូវ​បាន​ទេ​។ អ្នកណាចង់ធ្វើស្ដេច ត្រូវបំពេញធម៌ជាករណីរបស់ស្ដេច (ធម៌១០) អ្នកណាចង់ធ្វើទេវតា ត្រូវបំពេញធម៌ ៥ អ្នក​ណា​ចង់​ធ្វើ​រូប​ព្រហ្ម​ ត្រូវ​បំ​ពេញ​រូបជ្ឈាន ៤ អ្នកណាចង់ធ្វើអរូបព្រហ្ម ត្រូវបំពេញអរូបជ្ឈាន ៤ អ្នកណាចង់ធ្វើព្រះពុទ្ធភូមិ ត្រូវបំពេញ​ពុទ្ធ​ការ​ក​ធម៌​១៨​៘​ ចំពោះ​រឿង​ធ្វើ​ស្ដេច​ គេឃើញគ្មានមុខស្ដេចណាបំពេញធម៌ ១០នេះបានទេ។ ដូចនេះស្ដេចត្រូវព្រះសម្មាសម្ពុទ្ធលុប​ចោល​ហើយ​អ្នក​ណា​ចង់​អោយ​មាន​ស្ដេច​ ដោយ​គ្មានធម៌ ១០ អ្នក​នោះ​ឈ្មោះថា បានចេញមុខប្រឆាំងនឹងព្រះសម្មាសម្ពុទ្ធពេញទីតែម្ដង។

    បើគេហានប្រឆាំងនឹងព្រះសម្មាសម្ពុទ្ធ ក្នុងរឿងយកធម៌ ១០មកលុបបំបាត់ស្ដេច គេក៏ជាមនុស្សប្រឆាំងពេញទីនឹងទំវើរបស់​ព្រះ​សម្មា​សម្ពុទ្ធ​ក្នុង​​រឿង​មួយ​ទៀត គឺ​ប្រជា​ធិប​តេយ្យជាគូនឹងធម្មាធិបតេយ្យ ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបង្កើតឡើង ដើម្បីលុបចោល​នូវ​លោកា​ធិប​តេយ្យ​ ដែល​ជា​ធាតុ​គេ​បង្កើត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​គិត​ប្រយោជន៍ផ្ទាល់ខ្លួន និងទំវើជិះជាន់​មនុស្សដទៃ ជាពិសេស គឺលុបបំបាត់នូវ​សេរី​ភាព​នៃ​ប្រ​ជា​ពល​រដ្ឋហ្នឹង​ឯង​។ ព្រះ​សម្មា​សម្ពុទ្ធ​ ព្រះ​អង្គ​មិន​និយម​ស្ដេចទេ កាលសោយព្រះជាតិជាតេមិយៈ ក៏ព្រះអង្គមិនធ្វើស្ដេច នន្ទនិង​រាហុល ដែល​ជា​ប្អូន​បង្កើត​​ ក៏​ព្រះ​អង្គ​មិន​យល់ព្រម​ធ្វើ​ស្ដេច​៘ ក្នុងបច្ឆឹមជាតិ (សិទ្ធត្ថ) ក៏ព្រះអង្គលះបង់តំណែងស្ដេចចេញបួស។ ដូចនេះ ព្រោះអ្វី? ព្រោះ​ទំវើ​​ស្ដេច​វា​ផ្ទុយ​នឹង​ប្រ​យោជន៍​សាធារ​ណ ដោយធម្មទាំងឡាយ ដែលព្រះអង្គរៀបចំ បានសំដែងទាំងប៉ុន្មាន សុទ្ធតែជាធម្មនិយម​ប្រ​យោជន៍​សង្ឃ​ ឬប្រ​យោជន៍​សាធា​រណ​ គ្មាន​និយម​ប្រយោជន៍គណ ឬបុគ្គលឡើយ។

៣ -ធម្មាធិបតេយ្យ

    ប្រកាន់យកធម៌ជាធំ ប្ររព្ធដល់ភាពត្រឹមត្រូវ អនុវត្ដគោលគំនិតមានហេតុផល ដែលអាចនិយាយបានម្យ៉ាងទៀតថា ជាទំវើល្អ ជា​គំហើញ​ល្អ​ ព្រោះ​ឃើញ​ប្រ​យោជន៍​សង្គម​ធំ​ជាង​ប្រយោជន៍​ឯក​ជន។ ទំវើនេះអ្នកស្រាវ​ជ្រាវ មានយោបល់ស្របគ្នាថា ល្អហើយត្រឹមត្រូវ​ហើយ​។ អ្នក​ណា​ឃើញ​ថា​មិន​ត្រឹម​ត្រូវ​ មិន​ល្អ ស្រេច​តែគេចុះ ព្រោះការសំដែងមតិអោយគេស្របតាមទាំងអស់ជាទំវើមួយមិនត្រឹម​តែ​ហួស​វិស័យ​មនុស្ស​ធម្ម​តា​ គឺ​វា​ហួសវិស័យ​ពុទ្ធ​ភូមិ​ទាំង​ឡាយ​ផងដែរ។

    អ្នកនិយមធម្មាធិបតេយ្យ គេធ្វើបុណ្យអ្វី រឺធ្វើទំវើល្អទាំងឡាយ ចង់អ្នកណាដឹងក្ដី(1)​ មិន​ដឹង​ក្ដី ឃើញ​ក្ដី​មិន​ឃើញ​ក្ដី ផ្សាយ​​ឈ្មោះ​​ក្ដី​មិន​ផ្សាយ​ឈ្មោះ​ក្ដី​ អោយ​ពរ​ក្ដី​មិន​អោយ​​ក្ដី​ ទទួល​អំណរ​គុណ​​ក្ដី មិន​ទទួល​ក្ដី​៘ គេ​គ្មាន​ខ្ចីរវល់​ទេ ព្រោះ​គេ​ធ្វើ​​បុណ្យ​ដើម្បី​បុណ្យ គឺ​ធ្វើ​អោយ​​ចិត្ដ​គេ​ស្អាត​បរិ​សុទ្ធ​។​ គេ​គ្មាន​ចង់​ធ្វើ​​ទេព​ឥន្ទ្រ​ព្រហ្ម​ស្ដេច​អា​មាត្យ​មន្ដ្រី​សេដ្ឋី​កុដុម្ពី​អ្វី​ទេ។ ​បំណង​របស់​គេ​គឺ​ចង់​ធ្វើ​អោយ​មនុស្ស​ស្អាត​បរិ​សុទ្ធ​ត្រឹម​​ត្រូវ​ ជា​​មនុស្ស​គ្មាន​អំពើ​ពុក​រលួយ​ មាន​តែ​ទំវើ​​យុត្ដិ​ធម៌​៘ ខ្ពស់​ជាង​នេះ គឺ​ចង់​អោយ​ធម្មា​ធិប​តេយ្យ​បាន​ឋិត​នៅ​ជា​មូល​ដ្ឋាន​នៃ​ប្រជា​ធិប​តេយ្យ​ ដើម្បី​​ប្រ​ជា​ធិប​តេយ្យ​មាន​លក្ខណ​ជា​ប្រ​ជា​ធិប​តេយ្យ​​ពេញ​ទី គឺ​ធាតុ​អ្វីៗ​សុទ្ធ​តែ​ជា​ប្រជា​ធិប​តេយ្យ​ទាំង​អស់ ដូច​ជា​រដ្ឋា​ភិបាល​របស់​ជាតិ់​​ ដើម្បី​ប្រ​ជា​ជាតិ ដោយ​​ប្រ​ជា​ជាតិ​ គឺ​អំ​ណាច​អធិប​​តេយ្យ​​អ្វី​ៗ​ទាំង​អស់ ជា​របស់​ប្រ​ជា​ពល​រដ្ឋ​ពិត​ៗ​មែន​ៗ​។ កុំ​អោយ​ទៅ​ជា​ប្រ​ជា​ធិប​តេយ្យ​បោក​ប្រាស់ ប្រ​ជា​ធិប​តេយ្យ​ក្លែង​ក្លាយ​ ប្រ​ជា​ធិប​តេយ្យ​មាន់​ស្ងោរ​ស្រា​បាយ ឬ​ប្រជា​ធិប​តេយ្យ​ពាក់​មុខ​យក្ស​មុខ​ហនុ​មាន​។ ព្រោះ​ប្រ​ជា​ធិប​តេយ្យ​មិន​មែន​​កើត​ឡើង​ដោយ​គំនិត​មនុស្ស​ស្រវឹង​ប្រ​យោជន៍​ ស្រ​វឹង​បុណ្យ​​សក្ដិ​​ទេ​៘ គឺ​តើត​ឡើង​ដោយ​អាស្រ័យ​គំនិត​មនុស្ស​គ្មាន​លោភ​លន់ មាន​គំនិត​ព្រហ្ម​វិហារ​៘​​​ អ្នក​បង្កើត​ទ្រឹស្ដី​លទ្ធិ​ប្រ​ជា​​ធិប​តេយ្យ​មុន​គេ​គឺ ព្រះ​ពុទ្ធ​បរម​គ្រូ​នៃ​យើង​ហ្នឹង​តែ​ម្ដង ព្រោះ​អ្វី​? ព្រោះ​អ្នក​ស្រាវ​ជ្រាវ​ខាង​ផ្នែក​​សាស​នា​បាន​ឃើញ​គំនោល​ធម្ម​របស់​ព្រះ​អង្គ​ជា​ធាតុ​ផ្ដល់​សេរី​ភាព សម​ភាព​ភាត​រភាព​៘ អោយ​មនុស្ស​គ្រប់​វណ្ណៈ ត្រកូល​អំបូ​ជាតិ​សាសន៍​៘​ រហូត​ដល់​សត្វ​តិរច្ឆាន​ដើម​ឈើ​​៘ គឺ​ព្រះ​សម្មា​សម្ពុទ្ធ​បាន​ផ្ដល់​សេរី​ភាព​អោយ​ដែរ ខាង​ផ្នែក​ទ្រឹស្ដី (អ្នក​អាន​​ចង់​​ដឹង​​សេច​​ក្ដី​​ពិស្ដារ​ក្នុង​រឿង​នេះ​ សូម​ត្រលប់​ទៅ​មើល​បទទី​១៣​ និង​សៀវ​ភៅ​ប្រជា​ធិប​តេយ្យ​ចាស់​ទុំ​របស់​ខ្ញុំ​ប្រកប​ផង​ចុះ)​។ នៅ​ក្នុង​របប​ធម្មា​​ធិប​តេយ្យ​ពុទ្ធ​សាស​នា​​បាន​​ធ្វើ​​សេច​ក្ដី​បំ​ភ្លឺ​ថា នយោ​បាយ​គ្រប់​គ្រង ទោះ​ជា​គ្រប់​គ្រង​គ្រួសារ​ក្ដី ទូក​ក្ដី នាវា​ក្ដី យន្ដ​ហោះ​ក្ដី ប្រ​ទេស​ក្ដី​រដ្ឋ​ក្ដី​៘ គេ​​ត្រូវ​ប្រើ​ធម្ម​ជា​អំ​ណាច​ និង​ប្រើ​អំណាច​ជា​ធម្ម​។ អ្នក​ប្រើ​ធម្ម​ជា​អំណាច​ និង​ប្រើ​អំណាច​ជា​ធម្ម ចំនុច​ខុស​គ្នា​នៅ​ត្រង់​នេះ គឺ​អ្នក​ប្រើ​ធម្ម​ជា​​អំណាច​ គេ​អនុ​វត្ដ​​នូវ​ទំវើ​​អ្វី​ៗ​ ទាំង​អស់​តាម​ច្បាប់​ ឬ​តាម​​ធម៌​ដែល​នៅ​ជា​ធរមាន​។ ចំណែក​អ្នក​ប្រើ​អំណាច​ជា​ធម៌ គេ​អនុ​វត្ដ​នូវ​អ្វីៗ​ទាំង​អស់ ដោយ​​ទាញ​​ច្បាប់​យក​ធម៌​នៅ​ក្នុង​​ក្រប​​ខ័ណ្ឌ​​នៃ​គំនិត​បោក​ប្រាស់​ថា ទំវើ​របស់​ខ្ញុំ​នេះ ធ្វើ​ឡើង​ដោយ​ត្រូវ​តាម​ច្បាប់ តាម​ធម៌​ជា​ធរមាន​ហើយ តែ​កុហក​​សោះ​។​​

    បុគ្គលដែលប្រើធម្មជាអំណាច ដោយគ្មានអត្ដាអំណាច និងលោកាអំណាចនោះបានដល់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ដើម​ ដូច​មាន​ចែង​ក្នុង​គម្ពីរ​ព្រះ​វិន័យថា៖

    ថ្ងៃមួយជាថ្ងៃបវារណាកម្ម ព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្ដបុព្វារាម មានព្រះអហន្ដសាវកចំនួនប្រមាណ ៥០០អង្គ រស់នៅជា​មួយ​។ ក្នុង​ពេល​នោះ​ព្រះ​សម្មា​សម្ពុទ្ធ​ ត្រូវ​បាន​បវារ​ណាមុន​គេ​ ព្រះអង្គបានបើកឱកាសអោយសង្ឃចោទប្រកាន់នូវទំវើមិនល្អរបស់ព្រះ​អង្គ​ ទោះ​ដោយ​ឃើញ​ក្ដី​ លឺ​ក្ដី​ សង្ស័យ​ក្ដី។ ព្រះ​សារី​បុត្ដ​បាន​បវារ​ណា​ជា​បន្ទាប់ លោកបានពោលសរសើរព្រះសម្មាសម្ពុទ្ធ ក្នុងចំនុចដែលព្រះអង្គរស់នៅ​ក្រោម​បន្ទាត់​នៃ​ធម្ម​វិន័យ​យ៉ាង​ទៀង​ទាត់​ ហើយ​លោក​បាន​បវារណា​ជាលំដាប់ទី២។ នេះបញ្ជាក់អោយឃើញថា ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ប្រកាន់​យក​ធម្ម​ជា​ធំ​ (​ធម្មា​ធិប​តេយ្យ​។ ដោយ​អា​ស្រ័យ​ព្រះ​ទំវើ​នៃ​ព្រះសម្មាសម្ពុទ្ធនេះ ទើបសកលពុទ្ធសាសនិកអនុវត្ដទំវើគ្រប់យ៉ាង ជាធម្មាធិប​តេយ្យ​ រឺ​មាន​ធម្មា​ធិប​តេយ្យ​ជា​បន្ទាត់​នៃ​ការ​អនុវត្ដ​៘ និង​៘

    កាលណាគេចូលចិត្ដគំនោលធម្មាធិបតេយ្យជ្រៅជ្រះហើយ គេនឹងមានការចេះដឹងភ្លាមថា អ្វីៗទាំងអស់ក្នុងពិភពលោក ទោះ​ជា​ធាតុ​នយោ​បាយ​គ្រប់​គ្រង​ក្ដី​ សេដ្ឋ​កិច្ច​ជាតិ​ក្ដី​ សង្គម​កិច្ច​រដ្ឋ​ក្ដី​ វប្បធម៌ប្រទេសក្ដី៘ ដែលមានយុត្ដិធម៌ ដែលត្រឹមត្រូវ ដែលជាកុសល៘ សុទ្ធ​តែ​មាន​កំណើត​​ មាន​មូល​ដ្ឋាន​អំពី​ធម្មា​ធិប​តេយ្យ​ទាំង​អស់​ ជាពិសេស គឺលទ្ធិប្រជាធិបតេយ្យហ្នឹងតែម្ដង។

    ខ្ញុំសូមទាញអារម្មណ៍មិត្ដអ្នកអានថា យើងជឿគម្ពីរដែលថា ធ្វើបុណ្យច្រើនបានទៅកើតជាទេវតា ចុះពីទេវតាមកកើតជា​ស្ដេច​ តែ​យើង​មិន​ជឿ​ជើង​គម្ពីរ​ខ្លះ​ទៀត​ដែល​ថា​ ស្ដេច​ទុច​រិត​បៀត​បៀន​ជិះជាន់រាស្ដ្រជាសត្វតិរច្ឆាន (មនុស្សតិរច្ឆាននោ) ឬស្ដេចជាភ័យ ជាធាតុ​កំលាច​ (រាជ​ភ័យ​)​ របស់​សត្វ​លោក​​។ យើង​ជឿ​ថា​ ស្ដេច​ជាកូនឋានសួគ៌ តែយើងមិនជឿថា ឋានសួគ៌គ្មានទំវើក្បត់សិទ្ធមនុស្សទេ ប្រសិនបើ​ឋាន​សួគ៌​មែន​ទែន​។​ យើង​ស្រលាញ់​យុត្ដិ​ធម៌​ តែ​យើង​គ្មានគោរព​ គ្មានស្ដាប់​ គ្មានជឿព្រះពុទ្ធភាសិត​ក្នុងចំនុចថា កុំស្រលាញ់រាប់អាន កុំរស់នៅជាមួយ​មនុស្ស​អយុត្ដិ​ធម៌​ (មនុស្ស​ពាល​)​ យើង​ស្រលាញ់​រាជា​ណា​ចក្រ តែ​យើង​មិន​ដឹង​ថា ពុទ្ធ​សាសនាបាន​ទាត់​ចោល​រាជ​អាណា​ចក្រ​ ក្នុង​គំ​នោល​ធម្ម​ថា​​​ មនុស្សមិនត្រូវប្រកាន់យកនូវរបស់ទាំងឡាយ ទោះជាទឹកដីក្ដី តំណែងក្ដី​ បុណ្យ​សក្ដិ​ក្ដី​៘​ ថា​ជា​របស់​ខ្លួន​ម្នាក់ៗ​ទេ​ ព្រោះ​អ្វី​?​ ព្រោះ​របស់ទាំងនេះជារបស់សាធារណសំរាប់មនុស្សទាំងអស់។ គឺស្រេចហើយ​តែ​មនុស្ស​ណា​មាន​ចំ​ណេះ​វិជ្ជា​ មាន​គុណ​វុឌ្ឍិ​មាន​សមត្ថ​ភាព​ ឬ​ជាពល​រដ្ឋ​របស់ប្រទេស៘ មនុស្សនោះមានសិទ្ធបានទទួល ត្រូវបានតែងតាំង ទោះជា​ដោយ​ចំណាត់​ការ​ប្រ​ឡង​ប្រ​ជែង​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​រដ្ឋ​ក្ដី ទោះជាទំវើជ្រើសរើសដោយវិធីបោះឆ្នោតសំងាត់ ឬចំហរជាសកល រឺ​អស​កល​ក្ដី​ ដែល​ធ្វើ​ដោយ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ប្រ​ទេស​ទាំង​មូល​ ឬ​តាម​ភូមិភាគក្ដី​។ ទំវើនេះមិនត្រឹមតែជាធាតុមានយុត្ដិធម៌ក្នុងសង្គមប៉ុណ្ណឹងទេ គឺ​ជា​ទំវើ​បង្កើត​គំនិត​រួម​រស់​ផង ជា​ចំណង​នៃ​គំនិត​រួម​រស់ផង។

    ដូចនេះ ទំវើបំបាត់ស្ដេច លុបបំបាត់ជនផ្ដាច់ការ អ្នកណាបានធ្វើ អ្នកនោះឈ្មោះថា បានគោរពបូជាព្រះពុទ្ធ ព្រះធម៌ ព្រះ​សង្ឃ ដល់​ថ្នាក់​ខ្ពស់​បំផុត​​ ព្រោះ​ទំវើ​គេ​នេះ​ ជា​ទំវើ​អនុវត្ដ​ មិន​មែន​ជា​ទំវើ​ទ្រឹស្ដីឬទំវើប្រាជ្ញព្រោក បង់ខាតទឹកមាត់ឥតប្រយោជន៍។ អ្នកថ្វាយបង្គំព្រះពុទ្ធ​កោដិ​ដង​ តែ​គ្មាន​ទំវើ​ធ្វើ​អោយ​មនុស្ស​សុខ​ មាន​សេរី​ភាព​ សមភាព ភាតរភាព វឌ្ឍនភាព សុភមង្គល យុត្ដិធម៌នៃសង្គម ស៊ូមនុស្សលុបរបប​ស្ដេច​ របប​ផ្ដាច់​ការ​ពុំ​បាន​ឡើយ​។

    ព្រះសម្មាសម្ពុទ្ធបានទេសន៍ហើយទេសន៍ទៀត បង្រៀនហើយបង្រៀនទៀតថា មនុស្សទាំងឡាយកុំបណ្ដោយខ្លួនអោយ​ល្ងង់​។ ព្រះ​អង្គ​យល់​ថា​ ភាព​ល្ងង់​នេះ​ វា​ធ្វើ​អោយ​​បាត់​បង់សេរី​ភាព​ សមភាព៘ អស់រលីង។ ព្រោះពំនោលដាស់តឿននេះ វាត្រូវកោដិត្រូវតែម្ដង​ហើយ​ ព្រោះ​អ្វី​?​ ព្រោះ​មនុស្ស​ខ្លះ​​​ ឃើញ​ស្ដេច​អង្គុយ​លើ​ច្បាប់​ (ធម្មា​ធិបតេយ្យ) ៘ គេសប្បាយ គេរាំច្រៀង គេស៊ីផឹកអាហារថ្នាក់ខ្ពស់​ គេ​មាន​នារី​ក្មេង​ៗ​ចោម​រោម​ គេ​មានប្រពន្ធ​ច្រើន​៘ និង ៘ គេយកលុយកាក់រាស្ដ្រចែករាស្ដ្រ គេយកដីរាស្ដ្រចែកអោយរាស្ត្រ គេគ្មានខ្ចី​រវល់​ដល់​សេច​ក្ដី​សុខ​ទុក្ខ​មាន​ក្រ​របស់​រាស្ដ្រ៘ ទំវើ​ប្រ​កប​អា​ជីវកម្មរបស់រាស្ដ្រ ដូចជាស្រែចំការនេសាទចិញ្ចឹមសត្វ សប្បិយកម្ម ពាណិជ្ជកម្ម ឧស្សា​ហកម្ម​៘​ និង​ ៘ កើត​ក្ដី​មិន​កើត​ក្ដី​ បាន​ក្ដី​មិន​បាន​ក្ដី​ គេគ្មានឈឺក្បាលទេ ទោះបីជាគេមានគំនិតពាលយង់ឃ្នង កាចសាហាវកាប់សំលាប់​ ក្បត់​ជាតិ​ក្បត់ប្រទេស​ យក​ដី​ដូរស្រី​ យក​ជាតិ​ដូរ​រាជ​បល្ល័ង​ អស់​ទឹកអស់ដីអស់មនុស្ស ៩៥ភាគរយទៅហើយ (ក្នុងប្រទេសខ្មែរយើង)។ គំនិត​កំលៅ​របស់​យើង​នៅ​តែ​ប្រ​កាន់​យក​ថា​ ស្ដេច​ល្អ​​ ត្រង់ព្រះតំរាស់របស់ព្រះសម្មាសម្ពុទ្ធក្នុងចំនុចថា ស្ដេចពាល ស្ដេចគ្មានទសពិធរាជធម៌​ មិន​ល្អ​ទេ​ មិន​ត្រូវ​សេព​គប់​ទេ​ មិន​ត្រូវ​រស់នៅ​ជាមួយ​ទេ​ ឋានសួគ៌គ្មានបានចាត់មនុស្សអោយមកធ្វើស្ដេចទេ៘ យើងគ្មានខ្ចីស្ដាប់​ខ្ចី​តាម​ព្រះ​អង្គ​ឡើយ។ ​​

1/ ព្រះសម្មាសម្ពុទ្ធ គ្មានគំនោលថាបុណ្យបាបកើតពីអ្នកដទៃបានឃើញ បានដឹងទេ គឺកើតពីអ្នកធ្វើបុណ្យបាបបានឃើញ បានដឹងដោយខ្លួនឯង។