សេដ្ឋកិច្ចនឹងខ្លួនមនុស្ស
ថ្ងៃសៅរ៍ ទី7.មិថុនា 2014.ម៉ោង 7:10

    ព្រះពុទ្ធសាសនា ជាសាសនាមួយដែលបង្រៀនអោយស្រាយបញ្ហាសាបសូន្យតំលៃសីលធម៌ តែពុំបានមើល​ហួស​រំលង​សេដ្ឋ​កិច្ច​។ បង្រៀន​អោយ​ស្រាយ​សេច​ក្ដី​អា​ក្រក់​ដោយ​សេច​ក្ដី​ល្អ​។ ព្រមគ្នានេះបង្រៀនអោយស្រាយបញ្ហាដែលមានចោតលើ​ខ្លួន​ឯង​ជា​មុន កុំ​រស់​នៅ​ក្នុង​គំនិត​យឺត គំនិត​បណ្តែត​បណ្ដោយ ទុក​ពេល​អោយមនុស្សក្នុងពិភពលោក គេធ្វើសេចក្ដីល្អមុនខ្លួន ហើយខ្លួនសំរេ​ច​ចិត្ដ​ធ្វើ​ទង្វើ​ល្អ​ជា​ចុង​ក្រោយ​បំផុត​។ សូម្បី​បង្រៀន​អោយ​មាន​មេត្ដា​ចិត្ដ ក៏អោយហ្វឹកហាត់ផ្សាយមេត្ដាដល់ខ្លួនឯងមុន ដើម្បីជាសក្ខីភាពថា អាត្មា​អញ​ស្រ​លាញ់​សុខ​ស្អប់​ទុក្ខ​យ៉ាង​ណា ជន​ដទៃ​ក៏​គេ​ស្រ​លាញ់​សុខស្អប់ទុក្ខយ៉ាងនោះដែរ។ ដើម្បីងាយស្រួលដល់ការពិចារណារបស់​អ្នក​អាន​ក្នុង​រឿង​នេះ ខ្ញុំ​សូម​ញែក​សេច​ក្ដី ក្នុង​បទ​នេះ​ចេញ​ជា​៣ ​ចំនុច​គឺ៖  

១ - បង្រៀនមិនអោយមើលហួសឬរំលងបញ្ហាសេដ្ឋកិច្ច,
២- ស្រាយចំណងអាក្រក់ដោយចំណងល្អ,
៣ - កុំមើលហួស ឬរំលងខ្លួនក្នុងការដោះស្រាយបញ្ហាសីលធម៌។

    នេះគឺជាគោលការសំខាន់ក្នុងបទនេះ សំរាប់ជនអ្នកស្រាយបញ្ហាជីវិត ដែលពុទ្ធសាសនារបស់យើង បានផ្ដល់គំនិត​និង​គំរោង​អោយ​បុគ្គល​អ្នក​មាន​ចិត្ដ​ចង់​ធ្វើ ចង់​អនុ​វត្ដ បាន​ជួប​ប្រទះ​នូវ​ភាពងាយស្រួល បើមិនច្រើនក៏តិច តាមកំពស់និងទំនាបនៃគំនិតនៃឧប​និស្ស័យ​របស់​ខ្លួន​នៃ​មនុស្ស​ម្នាក់​ៗ ដែល​អ្នក​ស្រាវ​ជ្រាវ ផ្នែកនេះមានគំហើញថា ព្រះពុទ្ធបរមគ្រូ ពិតជាមានព្រះមហាករុណាទិគុណដល់​សត្វ​លោក​គ្មាន​អ្នក​ណា អាច​បដិ​សេធ​បាន​ឡើយ​។

១ -បង្រៀនមិនអោយមើលហួសឬរំលងបញ្ហាសេដ្ឋកិច្ច

    ក្នុងបញ្ហាទាំងឡាយដែលមានចោទជីវិតមនុស្ស បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាចោទមុន ចោទរឿយៗ ចោទ​ខ្លាំង​ៗ ហើយ​ជា​បញ្ហា​សំខាន់​ជាង​បញ្ហា​ដទៃ​ទៀត​ផង​។ ព្រោះ​អ្វី​? ព្រោះ​មនុស្សយើងទាំងអស់គ្នាត្រូវចោទដោយបញ្ហានេះ មិនត្រឹមតែក្នុងពេលសំរាល​ចាក​ផ្ទៃ​ម្ដាយ​ហើយ​ទេ​។ កាល​រស់​នៅ​ក្នុង​ពោះ​ម្ដាយ​ ក៏​ត្រូវ​ចោទ​ដោយ​បញ្ហា​នេះ​ដែរ តែយើងមិនទាន់ចេះដឹង មិនទាន់ចេះដោះស្រាយ, អ្នក​មាន​គុណ​របស់​យើង​ដោះ​ស្រា យ​ជំនួស​។ ចំណោទ​ទាំង​ឡាយ​មាន​ភាព​រស់ ភាពលំបាក លំនៅឋាន ស្បៀងអាហារ គ្រឿងស្លៀកពាក់គ្រឿ ងឱសថ គ្រឿង​ឧប​ករណ៍​នៃ​ការ​ងារ​ របស់​កណ្ដាល​គឺ មាស​ប្រាក់​កែវ​កង សំរាប់ចាយវាយ សំរាប់ប្រដាប់តុបតែងខ្លួនប្រាណ សំរាប់បំពេញសេចក្ដីត្រូវ​ការ​បំបាត់​កង្វះ​កំហាត​៘​

    បើអ្នកអានបានមើលតំរាសេដ្ឋកិច្ច របស់អ្នកប្រាជ្ញផ្នែកសេដ្ឋកិច្ចក្នុងបច្ចឹមប្រទេសច្រើនៗ អ្នកអាននឹងមានមនោ​សញ្ចេត​នា​ត្រូវ​ក្នុង​ចំនុច​មួយ​ថា វត្ថុ​បំណង​របស់​សេដ្ឋ​កិច្ច​នោះ​បាន ដល់កំហំបំបាត់ ឬស្នងសេចក្ដីត្រូវការរបស់មនុស្ស (To try to, Stify human wants)​។ ពុទ្ធ​សាសនា​បាន​ស្នើ​គំនោល​សីល​ធម៌ ដែល​ជាប់​ទាក់​ទង​ដល់​គំនោល​សេដ្ឋ​កិច្ច​មាន​ពីរ​ស្ថាន​គឺ៖

  • - ជាន់ទាបជាគំនោលស្នង (To satisfy)
  • - ជាន់ខ្ពស់គឺជាគំនោលបំបាត់(To subdue)

    គំនោលស្នង ដៅដល់ការបង្រៀនមនុស្សអោយខំប្រឹង តាំងខ្លួនពង្រឹងជំហរអោយមាំមួន រឹងប៉ឹងក្នុងថានៈ សេដ្ឋកិច្ច ព្យា​យាម​លើ​ឋានៈ​របស់​ខ្លួន​អោយ​រស់​នៅ​ក្នុង​កំរិត​ខ្ពស់ ប្រ​កប​ដោយកំហំនិងសំនូយ៉ាងមោះមុត ជាមួយនិងការបង្រៀនអោយស្គាល់ការកំចាត់​បង់ ឬ​បន្ថយ​សេច​ក្ដី​ត្រូវ​ការ​ ដែល​មាន​កំលាំង​ខ្លាំង​ក្លា​ពេក ដែល​អាចក្លាយទៅជាតណ្ហាទូលំទូលាយ គ្មានកំណត់ព្រំដែន ត្រលប់ផ្ដល់អោយនូវសេច​ក្ដី​ទុក្ខ​វិញ គឺ​ថា​បើ​មនុស្ស​យើង​ចេះ​តែ​ពុល ចេះ​តែ​ស្រ​វឹង​សេច​ក្ដី​សប្បាយ ហើយខំស្ទុះស្ទារស្វែងរករបស់ស្នងរបស់ត្រូវការ យកមក បំរើចំណង់​​ខ្លួន​ម្នាក់​ៗ ដោយ​​គ្មាន​ខ្ចី​រវល់​ដល់​សេ​ក្ដី​ទុក្ខ​ព្រួយ​ខ្វះ​ខាត​របស់​អ្នក​ដទៃ គ្មាន​គំនិត​ព្រហ្ម​វិហារ គ្មាន​សម្ប​ជញ្ញៈ​នៃ​មនុស្ស​ជាតិ​នោះ​។ ចំណង់​របស់​គេ​វា​​រិត​តែ​គ្មាន​​ចេះ​​ចប់​ គ្មាន​ចេះ​ល្មម ទី​បំផុត​អ្នក​បំរើ​សេច​ក្ដី​សប្បាយ (តណ្ហា) របស់​ខ្លួន វា​មិន​ត្រឹម​តែ​សប្បាយ​ខ្លួន​ឯង​ភ្លេច​ទុក្ខ​ព្រួយ​អ្នក​ដទៃ​​ប៉ុណ្ណឹង​ទេ​គឺ​វា​​បញ្ជា​អោយ​ប្រ​ព្រឹត្ដ​នូវ​ទង្វើ​ជិះ​ជាន់​បៀត​បៀន​អ្នក​ដទៃ ដើម្បី​សេច​ក្ដី​សប្បាយ​របស់​ខ្លួន​។ លោក​អោយ​ន័យ​ថា តណ្ហា បើ​គេ​កាន់​តែ​ធ្វើ​ខ្ញុំ​បំរើ​វា​​កាន់​​តែ​​ច្រើន​ វា​ក៏​កាន់​តែ​មាន​កំលាំង​ខ្លាំង​ឡើង​ៗ​ដូច​គ្នា​នឹង​ភ្លើង បើ​គេ​ចេះ​តែ​បន្ថែម​អុស បន្ថែម​ប្រេង​គ្មាន​ឈប់ វា​កាន់​តែ​​ឆេះ​​ខ្លាំង​ឡើង​ៗ គ្មាន​​ពេល​​រលត់​​សោះ​​ឡើយ​។ ឬ​ពុំ​នោះ​​សោត​ក៏​ដូច​គ្នា​នឹង​មហា​សមុទ្រ​ដែល​គ្មាន​ទឹក​ពេញ​ប្រៀប​ឡើង​ច្រាំង​ដោយ​ចំណាក់​​នៃ​​ទឹក ស្ទឹង​ទន្លេ ឬ​ចំណាក់​នៃ​ទឹក​ភ្លៀង​ដែល​មាន​ប្រ​ក្រតី​ ខួប​ប្រាំង​ខួប​វស្សា​។ ព្រោះ​ហេតុ​នេះ​ទើប​ត្រូវ​មាន​គំនោ លុប​បំបាត់​បន្ដិច​ម្ដង​ៗ ឬ​បន្ធូ​​បន្ថយ​​តណ្ហា​ខ្លះ កុំ​ចេះ​តែ​​បណ្ដោយ​អោយ​ទៅ​ៗ​គ្មាន​ទំនប់ គ្មាន​កំណត់​ព្រំ​ដែន​ ដែល​អាច​ដូរ​សុខ​ទៅ​ទុក្ខ​វិញ​ក្នុង​ពេល​ណា​មួយ​មិន​ខាន​ឡើយ​។

បង្រៀនអំពីសេដ្ឋកិច្ចជាន់ទាប

    គំនោល ឬ គំរោងបង្រៀននៃព្រះពុទ្ធសាសនា ដែលគេបានឃើញថាមានការទាក់ទងជាមួយនឹងសេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ ឬ​គ្រួសា​រ​ជា​ទូ​ទៅ​គឺ៖​

1 ទដ្ឋធម្មិកត្ថ : ប្រយោជន៍បច្ចុប្បន្ន បានដល់ការបង្រៀនអោយតាំងខ្លួននៅឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤​ប្រកា​រ​គឺ៖​
ក-ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូបទាំងគ្មានរូប
ខ-ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្ដិ ឬចេះសន្សំ ចេះសំចៃគ-ការចេះសេពគប់និងមិត្ដសំលាញ់មាន​ចរិយា​ថ្លៃ​ថ្នូរ ឬ​ចេះ​ឆ្នៃ​មិត្ដ​អា​ក្រក់​អោយ​បាន​ជា​មិត្ដ​ល្អ…,
ឃ-ការចេះចាយវាយអោយសមគួរដល់ឋានៈនៃទ្រព្យសម្បត្ដិ ឬចេះរៀនរស់ក្នុងភាពសន្ដោស ឬភាពល្មមគ្រប់គ្រាន់ជានិច្ច…។
2 ការវៀរចាកអបាយមុខ (ហេតុនាំអោយសូនទ្រព្យ) មាន៤ប្រការគឺ៖
ក- ជាអ្នកប្រព្រឹត្ដល្បែងបុរស ស្រ្ដី,
ខ- ជាអ្នកប្រព្រឹត្ដល្បែងផឹកសុរា,
គ- ជាអ្នកប្រព្រឹត្ដល្បែងស៊ីសង,
ឃ- ជាអ្នកគប់មនុស្សអាក្រក់ ដោយគ្មានកែគ្មានឆ្នៃអោយល្អសិនជាមិត្ដ

    អ្នកអានគប្បីធ្វើការកត់សំគាល់ថា អបាយមុខដែលគេគួរវៀរចាកទាំង៤ប្រការនេះ លោកសំដៅយកពាក្យ​លេង ឬ មាន​លក្ខណៈ​លេង​ជា​ធំ គឺ​អ្នក​ប្រ​ព្រឹត្ដ​មាន​គំនិត​ជា​លេង រហូតដល់មានទំលាប់ប្រកបកម្ម នោះរឿយៗ ជានិច្ចជាប្រក្រតី លុះត្រាញៀនលែង​មិន​រួច ឈប់​មិន​កើត​។ ក្នុង​ទីបំផុត​ត្រូវ​គេ​អោយ​ឈ្មោះ​ថា អ្នកស្រ្ដី នាងប្រុស អ្នកប្រមឹក អ្នកបាំងផ្លិត អ្នកពួកម៉ាក។

សុខរបស់គ្រហស្ថមាន៤ ប្រការគឺ៖
សុខកើតមកអំពីការមានទ្រព្យ (ដោយកំលាំងធ្វើការរបស់ខ្លួន),
សុខកើតអំពីការចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន,
សុខកើតអំពីការគ្មានជំពាក់បំណុលគេ,
សុខកើតអំពីប្រកបអាជីវកម្មដោយគ្មានទោស។

    ក្នុងចំណុចនេះ បញ្ជាក់អោយឃើញនូវសេចក្ដីសំខាន់ នៃធាតុសេដ្ឋកិច្ចត្រង់ថា មានទ្រព្យដោយកំលាំងខ្លួន, ចាយវាយ​ទ្រព្យ​សម្បត្ដិ​ផ្ទាល់​ខ្លួន,​ គ្មាន​ជំពាក់​បំណុល​គេ ធ្វើ​ការ​អា​ជីវ​កម្ម​ត្រឹម​ត្រូវតាមក្បួនសេដ្ឋកិច្ច គ្មានល្មើសច្បាប់រដ្ន គ្មានជិះជាន់កំលាំងអ្នកដទៃ។

ត្រកូលស្ដុកស្ដម្ភ មាំមួននឹងតាំងនៅយូរមិនបានព្រោះហេតុ៤ ប្រការគឺ ៖
- របស់បាត់ទៅរកមកវិញ,
- របស់ណាទ្រុឌទ្រោមដាច់ដាច មិនជួសជុលថ្មី,
- គ្មានចេះដឹង ស្គាស់ប្រមាណក្នុងការប្រើប្រាស់ទ្រព្យ,
-ប្រគល់មុខងាធំដុំគ្រួសារអោយស្រ្ដី ឬបុរសគ្មានសីល គ្មានវិន័យទុកដាក់ទ្រព្យ។

    គំនោលទាំងនេះបញ្ជាក់អោយឃើញថា ត្រកូលមួយៗ ទោះជាមានភាពស្ដុកស្ដម្ភមាំមួន នៅក្នុងកំរិតខ្លួន យ៉ាងណាក៏ដោយ បើ​ខ្វះ​ចំណេះ​ខ្វះ​ដំណឹង​ក្នុង​គំនោល​សេដ្ឋ​កិច្ច និងសីលធម៌ ដែលត្រូវស្គាស់ ត្រូវប្រព្រឹ ត្ដប្រតិបត្ដិ ឬត្រូវអនុវត្ដដូចធ្លាប់ មានមកក្នុងលោក​នេះ​ហើយ​ក៏​ស្ទុះ​មិន​រួច​ពី​ធ្លាក់​ចុះ​ដុន​ដាប​ក្នុង​ទី​បំផុត​ឡើ យ​។
    ខ្ញុំសូមបញ្ជាក់ថា គំនោលនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ពុទ្ធសាសនាទី១គឺ កំហំ​ក្នុង​ការ​ប្រកប​អាជីវ​កម្ម​អោយ​កើត អោយ​មាន​ទ្រព្យ​សម្បត្ដិ​នោះ ត្រូវ​គ្នា​នឹង​គំនោល​ការណ៍​សេដ្ឋកិច្ចជាបឋមគឺ Produc- tion ផលិតកម្ម ដូច​បាន​ណាត់​និយាយ​គ្នា​ទុក​ជា​មុន ព្រោះ​​វិជ្ជា​​សេដ្ឋ​​កិច្ច​ទើប​តែនឹង​កើត​ខាង​ក្រោយ​ពុទ្ធ​សាសនា​តាម​ស្មាន ប្រហែលជាងមួយពាន់ឆ្នាំ។
    ចំណែកគំនោល​ទី​២ គឺ​ការ​ចេះ​ដឹង​ ស្គាស់​របៀប​ទុក​ទ្រព្យ​សម្បត្ដិ​ដែល​គេ​រក​បាន​មក​ហើយ ត្រូវគ្នានឹងគំនោលសន្សំ ឬ​​សំចៃ​​ទ្រព្យ​សម្បត្ដិ​ (Saving)​។
    គំនោល​ទី​៣ គឺ​ការ​គប់​មិត្ដ មាន​ចិត្ដ​ទៀង​ត្រង់ មាន​សេចក្ដី​វ័យ​ឆ្លាត មាន​គំនិតជួយគ្នាទៅវិញទៅមក គំនោលនេះ ប្រៀប​បាន​នឹង​អង្គ​ការ​សមាគម ក្នុង​​ឋានៈ​​ជា​ក្រុម​អភិបាល​ឬ​គណ​កម្មការ​នា​យក នៅក្នុងក្រប​ខ័ណ្ឌ​នៃ​ការ​អភវឌ្ឍន៍ជីវភាពរបស់សមាជិក ដោយ​ប្រ​កាន់​យក​ប្រ​យោជន៍​រួម​ជា​ធំ​។

    ចំណែកគំនោលចុងក្រោយបង្អស់ គឺការប្រើប្រាស់ចាយវាយទ្រព្យសម្បត្ដិអោយនៅក្នុងកំរិតល្មមសម គួរដល់​ឋានៈ​របស់​ខ្លួន ឬ​ត្រឹម​តែ​រស់​នោះ ក្នុង​សេដ្ឋ​កិច្ច​គេ​ប្រើ​ពាក្យ House hole, budget ប្រែថា ថវិ​ការ​ប្រចាំ​គ្រសារ នេះជាផ្លូវឯកជន។ បើជាផ្លូវរដ្ឋ​គេ​ហៅ​ថា The nation boudget ប្រែ​ថា ថវិ​ការ​សេដ្ឋ​កិច្ច​នៃ​ជាតិ​។ និយាយខ្លី, បានដល់ការពិនិត្យ ត្បិតត្បៀតចំណូលចំណាយមានតុល្យភាពស្មើគ្នា ត្រូវ​នឹង​ពាក្យ​ពុទ្ធ​សាសនា​ថា សមជី​វតា ដែល​មាន​ចែង​ក្នុង​ទដ្ឋធម្មិកត្ថៈ ប្រយោជន៍បច្ចុប្បន្ននេះឯង។

    ចំណែកខាងគំនោលបង្រៀនដទៃទៀត ដូចជារៀនចាកភាពខាតបង់ទ្រព្យសម្បត្ដិ(អបាយមុខ)គ្រប់ប្រភេទ ការ​ស្គាល់​ថា​អ្វី​ជា​សេច​ក្ដី​សុខ​របស់​គ្រហស្ថ ការ​ធ្វើ​អោយ​ត្រ​កូល​មានស្ថេរភាពអស់រយៈកាលយូរអង្វែ ង ទាំងនេះជាសេដ្ឋកិច្ចមួយទៀត ដែលត្រូវជា​គូ​ជា​មួយ​នឹង​សីល​ធម៌​។ ក្នុង​ចំណុច​នេះ​បញ្ជាក់​អោយ​ដឹង​ថា ពុទ្ធសាសនាបានមើលឃើញយ៉ាងច្បាស់ ហើយជាសីលធម៌របស់មនុស្សលំបាកនឹងមាន​ណាស់ បើ​សេដ្ឋ​កិច្ច​ផ្លាស់​ប្ដូរ​នៃ​មនុស្ស​ម្នាក់​ៗ ពុំ​មាន​វឌ្ឍភាព ឬពុំបានប្រព្រឹត្ដទៅក្នុងភាពល្អថ្លៃថ្នូរ ដោយអាស្រ័យហេតុនេះ ទើប ព្រះសម្មាសម្ពុទ្ធ​បង្រៀន​សង្កត់​ធ្ងន់​ទៅ​លើ​សេដ្ឋ​កិច្ច​រដ្ឋ និង​សេដ្ឋកិច្ចគ្រួសារ នៅក្នុងក្របខ័ណ្ឌសាង ជំហរ គឺធ្វើអោយរដ្ឋនិងឯកជន មានសេដ្ឋកិច្ចស្ថិតនៅ​ក្នុង​កំរិត​ខ្ពស់ ឬ​មធម្យ​តាម​ដែល​អាច​ធ្វើ​ទៅ​កើត​។

    ដើម្បីងាយយល់ អ្នកអានគប្បីពិនិត្យមើលឡើងវិញនូវរឿងមួយមានក្នុងគម្ពីពុទ្ធសាសនា របស់យើងដែលមាន​ដំណាល​ថា ថ្ងៃ​មួយ​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​បាន​ណែ​នាំ​កូដ​ទន្ដ​ព្រាហ្មណ៍ ដែលគាត់បានធ្វើសំនួរចំពោះព្រះអង្គ អំពីបញ្ហាបូជាយញ្ញ ព្រះសម្មាសម្ពុទ្ធ​ពុំ​បាន​អោយ​ចំលើយ​ចំណុច​បញ្ហា​នេះ​ទេ តែ​ព្រះ​អង្គ​ឆ្លៀត​អោ​កាស​បំភ្លឺព្រាហ្មណ៍នោះក្បែរៗសំនួរគាត់ថា ខ្លួនអ្នកជាបុគ្គលមានមុខងារគ្រប់គ្រង​រក្សា​ពូជ​ព្រា​ហ្មណ៍ ក្នុង​ស្រុក​មាន​ភូមិ មាន​សង្កាត់​ជា​ច្រើន​ អ្នកជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ទទួលស្គាល់ ទទួលស្ដាប់ អោវាទដំបូន្មាន។ អ្នក​ត្រូវ​ចាត់​ការ​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​នេះ​អាយ​បាន​ត្រឹម​ត្រូវ, មានវឌ្ឍភាពខ្ពស់មានស្ថេរភាពនឹងន នៅក្នុងកំរិតល្អប្រសើរ មុននឹងខ្លួនអ្នកនឹងត្រូវធ្វើ​អ្វី​ៗ​ទៀត​។ ម្នាល​ ព្រា​ហ្មណ៍​! កម្ម​វិធី​បំរាប​ចោរ​កម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្ម នានារហូតដល់កាប់សំលាប់ទេ ព្រោះទង្វើទាំង​អស់​នេះ​វា​គ្មាន​ប្រ​សិទ្ធិ​ភាព​ គឺ​វា​មិន​អស់​មនុស្ស​ប្រ​ព្រឹត្ត​ចោរ​កម្ម​ទេ​។ ព្រោះអ្វី? ព្រោះមានមនុស្សទុចរិតផ្សេងទៀត មកជំនួស មក​ប្រព្រឹត្ដចោរកម្មជា​ថ្មី​ទៀត តែ​បើ​គេ​ចាត់​ការ​សេដ្ឋ​កិច្ច​ល្អ អោយ​មនុស្ស​មាន​ការ​ងារ​ធ្វើ​តាម​គួរដល់សមត្ថភាព ដល់សេចក្ដីចេះដឹងរបស់គេ ជាមួយគ្នានេះ គេត្រូវ​មាន​ផែន​ការ​ជួយ​ទំនុក​បំរុង​​កសិករ​, ពាណិជ្ជ​ករ ភ្នាក់​ងាររដ្ឋការអោយរស់នៅក្នុងករណី ក្នុងអាជីវកម្មរបស់ខ្លួនអោយបានស្រួលនោះ ស្រុក​ទេស​របស់​អ្នក​នឹង​បាន​ស្ថិត​នៅ​ក្នុង​ភាព​សុខ​សាន្ដ​ចំរុង​ចំរើន​ជា​មិន​ខាន​ឡើយ​។

    ដោយអាស្រ័យដោយលក្ខឋាន, ដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនទាក់ទងដល់សេដ្ឋកិច្ច និងសីលធម៌ដូចពោល​មក​នេះ​។ យើង​អាច​ឆ្លើយ​បញ្ហា​ដែល​ចោទ​ថា ព្រះ​ពុទ្ធ​សាសនា​បង្រៀន​មនុស្សអោយខ្ជិល អោយរស់នូវដោយអាស្រ័យជំនួយទេវតា, អោយដេកផ្សងព្រេង​៘ ដែល​ព្រះ​ពុទ្ធ​សាសនា​គ្មាន​បាន​បង្រៀន​យ៉ាង​នេះ​សូម្បី​ត្រឹម​តែ​មួយ​មាត់ក៏គ្មានផង ក្រៃលែងជាងនេះទៀត ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះ​អង្គ​ទ្រង់​បាន​សំដែង​អំពី​សម្បត្ដិ​ ក្នុង​ការ​ប្រកប​អាជី​វកម្ម​ប្រភេទខ្លះដូចការលក់ដូរ ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកលក់​ដូរ​ប្រសិន​បើ​ខ្លួន​គេ​បាន​ប្រកប​ដោយ​សម្ប​ត្ដិ​៣​ប្រ​ការ គេ​មុខ​ជា​មាន​កំ​រៃ​យ៉ាង​ខ្ពស់​ជា​មិនខាន។ ធម្មសម្បត្ដិ ៣ប្រការគឺ។

    គេជាបុគ្គលមានភ្នែកល្អ ឬភ្នែកភ្លឺ ដោយយកសេចក្ដីចេះដឹងប៉ិនប្រសប់ក្នុងមុខរបរជំនួញ ស្គាល់ដើមទុន ស្គាល់កំរៃ ជា​ពិសេស​គេ​ចេះ​ក្បួន​សេដ្ឋ​កិច្ច​និង​ពាណិជ្ជ​កម្ម​។

    គេជាបុគ្គលមានសេចក្ដីព្យាយាមយ៉ាងមោះមុត ដោយកំហំយ៉ាងទូលំទូលាយ ចេះស្ទង់ ចេះពិចារ ណា, ចេះពិនិត្យកាលៈ​ទេសៈ​។ មាន​គំនិត​បច្ចេក​ទេស មាន​សេច​ក្ដី​វៃ​ឆ្លាត​ក្រៅ​តំរា ដឹងកិច្ច ដឹងក ល ដូចជាដឹងថា ទៅទិញរបស់នៅកន្លែងណាមានតំលៃថោក យក​ទៅ​លក់​ផ្សារ​ណា​មាន​តំលៃ​ខ្ពស់ ជា​ពិសេស​បើ​បាន​ចំណេញ​ច្រើនគេមិនភ្លេចស្មារតី ខាតដើមទុន គេមិនសុខចិត្ដ លះបង់ចោល ឬរាងចាល។

    គេជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សម្បូរណ៍មិត្ដសំលាញ់ស្គាល់ របៀបធ្វើខ្លួនអោយមនុស្សគ្រប់មជ្ឈដ្ឋាន​ទូ​ទៅ​បាក់​ចិត្ដ​និយម​ មាន​ជំនឿ មាន​សេច​ក្ដី​ទុក​ចិត្ដ​ទុក​ថ្លើម​។