មិនមើលហួសខ្លួនឯងក្នុងតំណែងនៃបញ្ហាសីលធម៌
ថ្ងៃសុក្រ ទី30.ឧសភា 2014.ម៉ោង 18:48

    តាមធម្មតា មនុស្សតែងទាមទាររកសីលធម៌ កាលបើខ្លួនបានជួបប្រទះនូវទង្វើជិះជាន់ពីអ្នកដទៃ ដូចជា​ត្រូវ​គេ​បៀត​បៀន លួច​ប្លន់​បោក​ប្រាស​គៃ​បន្លំ​៘ ហេតុ​ការណ៍​ដូច​នេះ​កើត​ឡើង​ក្នុងពេលណា ការអំពាវនាវស្រែកហៅរកយុត្ដិធម៌ សីលធម៌ មនុស្សធម៌ ក៏​គេ​ធ្វើ​ឡើង​ព្រម​គ្នា​ក្នុង​ពេល​នេះ​ដែរ ទោះ​ជា​ខ្លួន​គេ​មិន​ធ្លាប់​ឃើញតំលៃ ឬការចាំបាច់នៃសីលធម៌ នៃយុត្ដិធម៌ នៃមនុស្សធម៌ ក្នុងកាលមុនៗមកក៏ដោយ។

    ក្នុងសម័យមានសង្គ្រាម គេធ្លាប់បានលឺសំលេងរអ៊ូរទាំទៅគ្រប់ទិសគ្រប់ទីថា សីលធម៌សាបសូន្យបាត់អស់​ហើយ សំលេង​ប៉បាច់​ប៉ប៉ោច​នេះ​ វា​បាន​រសាត់​អណែ្ដត​ត្រ​សែត​ទៅ​កាន់ទីដែល​មាន​មនុស្ស ដូច​ជា​រាន​លក់​កា​ហ្វេ គុយ​ទាវ បបរ​បាយ តាម​ផ្លូវ​ថ្នល់​៘ បញ្ហា​​វិបត្ដិ​នៃ​សីល​ធម៌​ទើប​ ត្រូវ​គេ​លើក​មក​ដោះ​ស្រាយ​រួម​គ្នា​ទៅ​តាម​សមត្ថ​កិច្ច​ដែល​គេ​រក​ឃើញ

    បើយើង​ពិនិត្យមើល​ដល់​គោល​គំនិត​មួយ​អន្លើ និង​គោល​ការ​នៃ​ព្រះ​ពុទ្ធ​សាសនា​របស់​យើង​ៗ នឹង​ឃើញ​ថា ពុទ្ធ​សាសនា​​បង្រៀន​​មិន​អោយ​យើង​ភ្លេច​ខ្លួន មិន​អោយ​យើង​មើល​ហួស​ខ្លួន​​ឯង​ដល់​ម្ដង​ណា​ឡើយ ការ​ពិត ពុទ្ធ​សាសនា​បង្រៀន​អោយ​យើង​មាន​ស្មា​រតី​​ចង​ចាំ​ជា​និច្ច អោយ​យើង​ចាត់​ការ​ខ្លួន​ឯង​មុន​អោយ​យើង​រៀប​ចំ​ក្រប​ខ័ណ្ឌ​ល្អ​សំរាប់​ខ្លួន​ឆាប់​រហ័ស កុំ​អោយ​ពេល​វេលា​ដើរ​ចោល​យើង គឺ​កុំ​បង្អង់​​ចាំ​នេះ ចាំ​នោះ លុះ​ត្រា​មនុស្ស​ទូ​ទៅ​ ទាំង​ពិភព​លោក​គេ​ចាត់​ការណ៍​អោយ​ខ្លួន​គេ​ធ្វើ​នូវ​ទង្វើ​ល្អ​អស់​ហើយ ទើប​យើង​ចាប់​ចាត់​ការ​ខ្លួន​យើង​ជា​​ចុង​​ក្រោយ​​បង្អស់​​៘​

    ព្រោះហេតុនេះហើយ បានជាពុទ្ធសាសនាបង្រៀនមនុស្សអោយចេះហ្វឹកហាត់អប់រំចិត្ដ អោយប្រកបដោយ​មេត្ដា​ករុណា​…. ដែល​ស្គាល់​ជា​ទូទៅ​ថា ផ្សាយ​ព្រហ្ម​វិហារ​ធម៌​អោយ ប្រ​ព្រឹត្ដ​ទៅ​តាម​លំដាប់លំដោយមាន ៤យ៉ាងគឺ៖
១- ផ្សាយមេត្ដាធម៌ដល់ខ្លួនឯងជាមុន ដើម្បីដឹងថាខ្លួនឯងមានចិត្ដល្រលាញ់សុខ ស្អប់ទុក្ខយ៉ាងណា អ្នកដទៃគេ​ស្រលាញ់​សុខ ស្អប់​ទុក្ខ​យ៉ាង​នោះ​ដែរ​។
២- លុះហាត់ផ្សាយមេត្ដាដល់ខ្លួនឯង បានដល់ភាពថ្នឹកស្ទាត់មែនទែនហើយត្រូវហាត់ ផ្សាយមេត្ដាដល់បុគ្គលជាទី​ស្រ​លាញ់​ទាំង​ឡាយ​មាន​មាតា​បិតា​បុត្ដ​ភរិយា​ស្វាមី បុគ្គល​ជា​ញាតិ​មិត្ដ​ជា​បន្ដប​ន្ទាប់​ទៅ​។
៣- ក្រោយពីបានផ្សាយមេត្ដាដល់បុគ្គលជាទីស្រលាញ់ទីគោរពរាប់អានបានហើយ ត្រូវផ្សាយមេត្ដាដល់បុគ្គល​ពួក​កណ្ដាល គឺ​មនុស្ស​ដែល​ខ្លួន​មិន​ទាន់​ស្រលាញ់​មិន​ទាន់​ស្អប់​ឬ​មិន​សូវ​យក​ចិត្ដ​ទុក្ខ​ដាក់​មិន​សូវ​គិត​គូរ​ដល់។
៤- ក្នុងទីបំផុត ត្រូវហាត់ផ្សាយមេត្ដាដល់មនុស្សដែលធ្លាប់មានពុំនៀរឬដែលធ្លាប់ជាសត្រូវនឹងខ្លួន។

    ក្នុងសង្គមមនុស្សលោក គេគិតធ្វើយ៉ាងណាអោយមនុស្ស ឬសត្វដែលជាសត្រូវរបស់គេដល់នូវសេចក្ដីវិនាសដូចនេះ ការ​ហាត់​ផ្សាយ​មេត្ដា​ដាក់​ខ្លួន ដល់​មនុស្ស​ជា​ទី​ស្រ​ឡាញ់​របស់​ខ្លួន និងមនុស្សកណ្ដាលដែលខ្លួនមិនទាន់ស្រលាញ់មិនទាន់ស្អប់ ទាំង​៣​ប្រ​ភេទ​នេះ​គ្មាន​ការ​លំបាក​ទេ​។ គឺ​មាន​តែ​បុគ្គល​ប្រ​ភេទ​ទី​៤ ប៉ុណ្ណោះ​ដែល​មានសេក្ដីលំបាកយ៉ាងខ្លាំង ដល់បុគ្គលអ្នកហាត់ផ្សាយមេត្ដា ប្រហាក់ប្រហែល​គ្នា​នឹង​បុគ្គល​អ្នក​ស្វែង​រក​ដុំ​មាស ក្នុង​កនែ្លង​ដែល​មិន​ទាន់មានអណ្ឌូងទឹកមាសនៅឡើយ ទោះជាដូចនេះក្ដី ក៏ពុទ្ធសាសនា ខំប្រឹងបង្រៀន​អោយ​មនុស្ស​យើង​មាន​ចិត្ដ​ខ្ពស់ មាន​សេច​ក្ដី​ត្រា​ប្រណី ចេះ​មាន​ចិត្ដ​ក្លាហានអត់អោនមិនចាប់កំហុស មិនប្រកាន់ទោសមនុស្សជាសត្រូវ រហូត​ដល់​ថ្នាក់​ដូរ​ចិត្ដ​ដូរ​គំនិត​យក​សត្រូវ​ធ្វើ​ជា​មិត្ដ​បាន នេះ​ជា​ឧប​ករណ៍​ជាន់​ខ្ពស់របស់ពុទ្ធសាសនានៃយើងដែលបានបង្ហាញមនុស្សធម៌ សន្ដិសុខនៃជីវិត​ និង​សន្ដិ​ភាព​របស់​ពិភព​លោក​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ព្រហ្ម​វិហារ​ធម៌ ប្រកបដោយប្រាកដនិយមយ៉ាងមានប្រសិទ្ធភាព ប្រសិនបើមនុស្សលោក​ចាប់​អារម្មណ៍​ហើយ​អនុ​វត្ដ​តាម​។

    សេចក្ដីសរុប ដើម្បីវឌ្ឍនភាពនៃជីវិត មនុស្សត្រូវតែខំប្រឹងស្ថាបនាសេដ្ឋកិច្ចសំរាប់លោកនេះ ត្រូវបង្កើតផលគ្រប់យ៉ាង សំរាប់​លោក​ខាង​មុខ​ត្រូវ​ខំ​បង្កើត​បុណ្យ​គ្រប់​ប្រ​ភេទ សំរាប់​ទី​បំផុត​នៃលោក បង្កើតអរិយសច្ចៈ ជាមួយគ្នានេះ មនុស្សត្រូវមានគំនិតថា ពៀរ​ក្ដី ជំលោះ​ក្ដី គំរោធ​ក្ដី ​កំណាញ់​ក្ដី សំអប់​ក្ដី​៘ ត្រូវ​បាន​ចប់​ដោយ​គ្មាន​ចំណង គ្មានចំលើយ គ្មានតំណប មតិថាសង្រ្គាមត្រូវបញ្ចប់ដោយ​សង្រ្គាម មតិ​ពុទ្ធសាសនា​ពុំ​បាន​យល់​ស្រប​ទេ ព្រោះ​អ្វី​? ព្រោះ​ពុទ្ធ​ពំនោល​ក្នុង​អរិសច្ចៈ​ថា ទុក្ខទាំងឡាយជាផលរបស់ហេតុគឺ តណ្ហា តណ្ហាជាធាតុ​ច្រាន​មនុស្ស​អោយ​ធ្វើ​សង្រ្គាម ឬ​សង្រ្គាម​ជា​ចំហេះ​របស់​តណ្ហា បើ​មនុស្ស​លោក​នៅ​តែមានគំនិតចចេសប្រកាន់យកសង្រ្គាម បំបាត់សង្រ្គាម​នោះ ខ្ញុំ​យល់​ថា​គំនិត​នេះ​ ពុំ​បាន​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​ពិត​ទេ​។

    អ្នក​អានប្រសិនណាចង់ពិសោធរកសេចក្ដីពិតក្នុងរឿងនេះ សូមមេត្ដានឹកថយក្រោយទៅវិញ តាមផ្លួវប្រវត្ដិសាស្រ្ដក្ដី តាម​ផ្លូវ​ស្រាវ​ជ្រាវ​ក្ដី ផែ្នក​មនុស្ស​ជាតិ​ខាង​សាសនា​ក្ដី ធាតុ​ទាំងអស់នេះនឹងបង្ហាញអោយយើងឃើញថា គតិ​ដែលយកសង្គ្រាមបញ្ចប់​សង្រ្គាម វា​មិន​មែន​បាន​ចប់​រហូត​ទេ​ គឺ​វា​បាន​ចប់​មួយ​សំនើរ​ៗ ដែល​ភាសា​អ្នក​ប្រាជ្ញ​ប្រវត្ដិសាស្រ្ដលោកថា ចប់ដើម្បីកើត កើតដើម្បីចប់ហើយ​កំណើត​នៃ​សង្គ្រាម​ថ្មី​ៗ​ទៀត វា​កាន់​តែ​រីក​ធំ​ឡើង​ៗ តាម​ទំហំ​នៃ​តណ្ហា​របស់មនុស្សដែលចេះតែកើនឡើងៗ គ្រប់ពេលវេលា។

    ព្រិត្ដិការណ៍​នៃ​ពិភព​លោក​រហូត​សព្វ​ថ្ងៃនេះសង្រ្គាមទាំងតូចទាំងធំមានចំនួនច្រើនស្ទើរតែគ្មានលេខដាក់ទៅហើយ សង្រ្គាម​ឧប្បត្ដិ​ម្ខង​ៗ មនុស្ស​ត្រូវ​រង​គ្រោះ​បាត់​បង់​ជីវិត ពិការ​រូបកាយ ហិនហោចសំភារៈ ទ្រព្យសម្បត្ដិកាន់តែធ្ងន់ឡើងៗ រកកលធ្វើលេខ​លែង​ត្រូវ ចុះ​បញ្ញី​លែង​កើត​ គឺ​វា​កាន់​តែ​រង​គ្រោះ​ធំតាម​លំដាប់ ឧបមា​ថា បើ​មាន​សង្គ្រាមលោកលើកទី៣ កើតឡើងក្នុងពេលឆាប់ៗនេះក្ដី យូរ​បន្ដិច​នេះ​ក្ដី ខ្ញុំ​មាន​គំហើញ​ថា ​អរិយ​ធម៌​របស់​មនុស្ស​នឹង​ត្រូវ​បាន​ចប់ត្រឹមហ្នឹងឯងហើយ រីឯជ័យជំនះ និងចំណាញ់ សង្គ្រាមនេះទៀតសោត ក៏វាទៅជាធាតុ​គ្មាន​ន័យ អ្នក​ឈ្នះ​ក៏​ដូច​ជា​អ្នក​ចាញ់ ចាញ់​ក៏​ដូច​ជា​អ្នក​ឈ្នះ ព្រោះ វាត្រូវរងគ្រោះវិនាសហិនហោចខ្លោចផ្សាដូចគ្នា ឬវាអាចទៅដល់ថ្នាក់គ្មាន​នរ​ណា​រស់​នៅ ចាំ​ទទួល​យក ឈ្នះ​យក​ចាញ់​ដូច​សង្គ្រាម​មុន​ៗ​ផង​ក៏​មិន​ដឹង! ប្រសិនបើសង្រ្គាមនេះ គេលេងគ្នាដោយគ្រាប់​បែក​បរមាណូ ដែល​បាញ់​ចេញ​ដោយ​កំជ្រួច​អន្ដរ​ទ្វីប​។

    សព្វថ្ងៃនេះគំនិតបញ្ចប់សង្រ្គាមដោយសង្គ្រាម ហាក់ដូចមាន ល្បឿនថយចុះខ្លះហើយ ព្រោះគេបានបើកសន្និសិទបន្ថយ​សព្វាវុធ ដែល​មាន​គ្រាប់​បែក​បរិ​មាណូ​នៅ​ក្នុង​នោះ​ផង​ដែរ ចំណែកគំនិតពុទ្ធសាសនាក្នុងគំនិតថា ពៀរត្រូវចប់ដោយគ្មានចំណងឬសង្គ្រាម​ត្រូវ​ចប់​ដោយ​គ្មាន​សង្គ្រាម​ឆ្លើយ​តប​ក៏​ត្រូវ​បាន​ប្រ​ទេស​ជប៉ុន និងសហរដ្នអាមេរិកអនុវត្ដហើយដែរ ព្រោះអ្វី? ព្រោះប្រទេសទាំងពីរនេះ ក្នុង​ពេល​ចប់​សង្គ្រាម​ពិភព​លោក​​លើក​ទី​២ បាន​ដាក់​ផ្លែ​ផ្កា​ដល់​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក តាមផ្លូវពាក្យសំដីគ្រប់ពេលវេលា ជប៉ុនថា គ្រាប់បែកបរមាណូអាមេ​រិក​កាំង​នៅ​កោះ​អូគី​ណា​វា ជា​អនុស្សាវ​រីយ៍​នៃ​សេចក្ដី​ឈឺ​ចាប់​មួយ ដែលពុំអាចអោយប្រជាជាតិជប៉ុនបំភ្លេចចោលបានទេ អាមេរិកកាំងថា គ្រាប់​បែក​របស់​ជប៉ុន​នៅ​កំពុង​ផែ​ចម្បាំង ហូនូ​លូលូ​នៃ​កោះ​ហា​វ៉ៃ ជាអនុស្សាវរីយ៍យ៉ាងជូរចត់ខ្លោចផ្សា ដែលពុំអាចអោយអាមេរិកកាំងភ្លេច​ចោល​បាន​ឡើយ ក្រោយ​ពេល​លេង​ពាក្យ​សំដី​ដល់​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក មិនយូរប៉ុន្មានស្រាប់តែប្រទេសទាំងពីរនេះបានចាប់ដៃគ្នាជាមិត្ដ បាន​ធ្វើ​សន្ធិ​សញ្ញា​ការ​ពារ​សន្ដិ​សុខ​រួម ជា​មួយ​គ្នា​នេះ​ បាន​ព្រម​ព្រៀង​គ្នា​លើកធ្វើសង្គ្រាមរវាងគ្នានឹងគ្នា គំនិតពុទ្ធសាសនាត្រង់ថា សង្គ្រាម​គេ​មិន​អាច​បញ្ចប់ ដោយ​សង្គ្រាម ឬ​ពៀរ​មិន​អាច​រំងាប់​ដោយ​ចំណង គឺ​ជា​ធាតុ​សច្ចៈ​ដល់​កំរិត​មួយ​រយ​ភាគ​រយ គ្មានអ្នកណាអាចបដិសេធ បានឡើយ។