រឿងនគរកាយ

   រឿងនគរកាយនេះ ជាគតិធម៌ធៀបគតិលោកដោយចិត្ត ចេតសិក ជានាមធម៌ (ធម្មាធិដ្ឋាន) មកតែងជារូបធម៌(បុគ្គលាធិដ្នាន) សន្មតជា
ស្រុក នគរ ស្តេចមន្រ្តី អាមាត្យ យោធា ទាហាន អោយមានសេចក្តីទាក់ទងគ្នាជារឿងនិទានហូរហែ គឺធ្វើធម៌ជ្រៅអោយរាក់ ធម៌ក្រអោយ
ងាយ។

   រឿងនេះខ្ញុំរៀបរៀងតាមលំអានសាស្រ្តាស្លឹករិតបុរាណដែលឥតមាននាមលោកអ្នកតែង មានសេចក្តីវែងៗអោយ ជានិទានខ្លីៗ ដោយ
សេចក្តីអនុគ្រោះដល់កុលបុត្រ អ្នកសិក្សា សូម្បីជាកុមារក៏អោយអានមើលស្តាប់ឆាប់ចូលចិត្តសេចក្តីបាន។

   ពុទ្ធសាសនិកជន អ្នកបុណ្យ អ្នកទាន គួរតែមានរឿងនគរកាយនេះទុកជាអារ្យទ្រព្យរបស់ខ្លួនសំរាប់មើលផ្ទាល់ខ្លួន ឬ អោយគេអានអោយ
ស្តាប់ ឬក៏និមន្តធម្មកថិក ទេសនាក្នុងថ្ងៃសីល ឬពេលទំនេរ ឬក៏វេលាជរាពាធ។ បើបានចារ ចំលងដាក់ស្លឹករិតសំរាប់និមន្តធម្មកថិកទេសនា ក្នុង ទីប្រជុំបុណ្យទានក៏រិតតែគាប់ប្រសើរណាស់ ជាការតអាយុព្រះពុទ្ធសាសនា ញ៉ាំង បសាទ សង្វេគ សុចរិត ជាហេតុនៃបុណ្យកុសល
ដែលអាចផ្តល់សេចក្តីសុខចំរើនក្នុងលោកនេះ លោក ខាងមុខ និងញ៉ាំងបច្ច័យនៃព្រះនិញ្វនអោយកើតមានដល់ពុទ្ធបរិសទ្ធ ក្នុងអានាគតជា
អនេកតទៅ សូមសិរីសួស្តីកើតមានដល់អស់លោកអ្នកអាន និងអ្នកស្តាប់ទាំងឡាយ!។

ថ្ងៃទី ១មករា ព.ស ២៤៩៤ គ.ស ១៩៥២
ចាប ពិន

   នមត្ថុ រតនត្តយស្ស សូមនមស្ការចំពោះព្រះរតនត្រៃ ហើយសូមសំដែងនូវធម្មកថា គតិធម៌ ធៀប គតិលោកដូចតទៅនេះ។ អេកោ រាជា
ចិត្តំ នាម នគរកាយេ រជ្ជំ ការេសិ។ តស្ស អគ្គម ហេសី អវិជ្ជា ទេវី នាម បិតា មោហោ នាម មាតាលោភ ទេវី នាម។

    សាធុសប្បុរសជនទាំងឡាយ! ក្នុងនិរន្តរកាល មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទចិត្តរាជ បរមក្សត្រ គ្រងរាជសម្បត្តិក្នុងព្រះ
នគរមួយឈ្មោះ នគរកាយ។ ព្រះរាជាអង្គនោះមានព្រះអគ្គមហេសីទ្រង់ព្រះនាមព្រះនាង អវិជ្ជាទេវី ជាទីគាប់ព្រះទ័យជាងស្នំទាំងពួង ព្រះ
បិតា ទ្រង់ព្រះនាម ព្រះបាទមោហរាជ ព្រះមាតាទ្រង់ព្រះនាម លោភ ទេវី។

នគរកាយមានទ្វារ ៩គឺ

  • ចក្ខុទ្វារ (ទ្វារភ្នែក) ២
  • សោតទ្វារ (ទ្វារត្រចៀក)២
  • ឃានទ្វារ (ទ្វារច្រមុះ)២
  • ជីវ្ហាទ្វារ (ទ្វារមាត់)១
  • បស្សាវទ្វារ (ទ្វារតូច)
  • ឧច្ចារទ្វារ (ទ្វារធំ)១។

មានប្រាង្គប្រាសាទ៥គឺ

  • ១ - ចក្ខុប្រាសាទជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់ទតល្បែងរបាំទាំងពួង
  • ២ - សោតប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់សូរស័ព្ទតូរ្យតន្រ្តីទាំងពួង
  • ៣ - ឃានប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់ព្រះសគុន្ធរស
  • ៤ - ជិវ្ហាប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់សោយព្រះសុទ្ធាភោជនាហារដ៏មានអោជារស
  • ៥ - កាយប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់គ្រឿងអលង្ការទាំងពួង មានគ្រឿងបញ្ចកកុដភណ្ឌជាគ្រឿងសំរាប់រាជ្យជាដើម។

   ព្រះបាទចិត្តរាជ ព្រះអង្គមានមហាតលិក ៧នាក់ដែលទ្រង់តាំងទុកក្នុងឋានន្តរសក្តិទីហ្មឺនមានមុខងារផ្សេងៗគ្នា សំរាប់ជារាជបំរើតាមពេល
ដែលទ្រង់ត្រូវការ គឺ៖

  • ១ - ហ្មឺន ផស្សោ ជាអ្នកចាប់កាន់ព្រះអង្គ
  • ២ - ហ្មឺនសញ្ញា ជាអ្នកចាំសំគាល់កិច្ចការទាំងពួង ព្រះរាជាតែងទ្រង់ប្រើអោយ សញ្ញាកត់សំគាល់
  • ៣ - ហ្មឺន វេទនា ជាអ្នកណែនាំព្រះមហាក្សត្រអោយសោយអារម្មណ៍ផ្សេងៗមានសុខជាដើម
  • ៤ - ហ្មីន ចេតនា ជាអ្នកចាំទទួលព្រះរាជអោង្ការក្នុងកាលដែលព្រះរាជាត្រូវការប្រើទៅកាន់ទីណាក៏ទៅ
  • ៥ - ហ្មឺន អេកត្គតា ជាអ្នកស្លូតត្រង់ ព្រះរាជាទ្រង់ទុកព្រះទ័យជឿយកពាក្យ
  • ៦ - ហ្មឺន នសិករោ ជាអ្នកយកចិត្តទុកដាក់នៅកិច្ចការផ្សេងៗ ដែលព្រះរាជាទ្រង់ប្រើ
  • ៧ -ហ្មឺន ជិវតិន្រ្ទីយ ជាអ្នកជួយផ្គត់ផ្គង់ព្រះជន្មព្រះរាជាអោយមានព្រះជីវភាព។

   ព្រះបាទចិត្តរាជ ព្រះអង្គមានបុរោហិត ៣រូប ទ្រង់តាំងទុកក្នុងថានន្ដរស័ក្ដិ ជារាជគ្រូសំរាប់ណែនាំព្រះអង្គក្នុងព្រះរាជពិធីផ្សេងៗ
ដែលត្រូវការគឺ

  • ១ - ព្រះរាជគ្រូវិតក្កោ ជាអ្នកណែនាំព្រះរាជាអោយត្រិះរិះនូវកិច្ចការផ្សេងៗ
  • ២ - ព្រះគ្រូវិចារោ អ្នកណែនាំព្រះរាជាអោយពិចារណានូវកិច្ចការផ្សេងៗ
  • ៣ - ព្រគ្រូអធិមោក្ខោ អ្នកណែនាំព្រះរាជាអោយមានព្រះទ័យតាំងស៊ប់ក្នុងកិច្ចការផ្សេងៗ។

   ព្រះបាទចិត្តរាជ ព្រះអង្គមានព្រះឥសី ៣រូបដ៏ប្រកបដោយអភិញ្ញា និងសមាបត្តិ ព្រះអង្គទ្រង់តាំងទុកក្នុងឋានន្តរសក្តិ។
ជាអ្នកពន្យល់ព្រះអង្គគឺ៖

  • ១ - ព្រះបីតិ ជាអ្នកពន្យល់ព្រះរាជាអោយមានព្រះអំណរដ៏ត្រជាក់ជ្រួតជ្រាបផ្សព្វផ្សាយក្នុងអារម្មណ៍ផ្សេងៗ
  • ២ - ព្រះឆន្ទោ ជាអ្នកពន្យល់ព្រះរាជាអោយមានព្រះទ័យស្រលាញ់នូវកិច្ចការទាំងពួង
  • ៣ - ព្រះ វិរិយោ ជាអ្នកពន្យល់ព្រះរាជាអោយមានព្រះទ័យព្យាយាមកិច្ចការផ្សេងៗ។

មិនតែប៉ុណ្ណោះព្រះបាទចិត្តរាជ ព្រះអង្គមានព្រះភិក្ខុ ៣រូបទ្រង់តាំងទុកក្នុងសមណសក្តិជាព្រះជីតុនសំរាប់ជួយរំលឹកព្រះអង្គគឺ៖

  • ១ - ព្រះអនិច្ចំ ជាអ្នករំលឹកព្រះរាជាអោយនឹកឃើញសេចក្តីមិនទៀងរបស់សង្ខារ
  • ២ - ព្រះទុក្ខំ ជាអ្នករំលឹកព្រះរាជាអោយនឹកឃើញសេចក្តីទុក្ខរបស់សង្ខារ
  • ៣ - ព្រះអនត្តា ជាអ្នករំលឹកព្រះរាជាអោយនឹកឃើញសេចក្តីមិនមានខ្លឹមសាររបស់សង្ខារ។

   ព្រះជីវតុនទាំង ៣រូបនេះតែងតែរំលឹកធម៌អាថិចំពោះព្រះមហាក្សត្រអោយទ្រង់ពិចារណាឃើញតាមពិតក្នុងព្រះ ត្រៃលក្ខណញ្ញាណ មិន
អោយព្រះអង្គធ្វេសប្រហែស ក្នុងកុសលធម៌ទាំងពួង។ ព្រះបាទចិត្តរាជ ព្រះអង្គមានព្រះញា តិវង្ស ១៤អង្គ ជាព្រះញាតិខាងព្រះមាតា បិតា
ជាបាបជន មានយោបស់មិនប្រពៃ ព្រះអង្គទ្រង់តាំងទុកក្នុងឋានន្តរស ក្តិទីឃុនគ្រប់រូបគឺ៖

  • ១ - ឃុន មោហោ ជាអ្នកនាំព្រះរាជាអោយវង្វេង
  • ២ - ឃុន អហិរកំ ជាអ្នកនាំព្រះរាជាមិនអោយខ្មាសបាប
  • ៣ - ឃុន អនោត្តប្បំ ជាអ្នកនាំព្រះរាជាមិនអោយខ្លាចបាប
  • ៤ - ឃុន ឧទ្ធច្ចំ ជាអ្នកនាំព្រះរាជាអោយរាយមាយ
  • ៥ - ឃុន លោភោ ជាអ្នកនាំព្រះរាជាអោយលោភ
  • ៦ - ឃុន ទិដ្ឋិ ជាអ្នកនាំព្រះរាជាអោយយល់ខុស
  • ៧ - ឃុន មានោ ជាអ្នកនាំព្រះរាជាអោយប្រកាន់ព្រះអង្គ
  • ៨ - ឃុន ទោសោ ជាអ្នកនាំព្រះរាជាអោយប្រទូស្តគេ
  • ៩ - ឃុន ឥស្សា ជាអ្នកនាំព្រះរាជាអោយច្រណែន
  • ១០ - មិច្ឆរយំ ជាអ្នកនាំព្រះរាជាអោយកំណាញ់
  • ១១ - កុក្កុច្ចំ ជាអ្នកនាំព្រះរាជាអោយអន្ទះអន្ទែង
  • ១២ - ឃុន ថីនំ ជាអ្នកនាំព្រះរាជាអោយរួញរា
  • ១៣ - ឃុន មិទ្ធំ ជាអ្នកនាំព្រះរាជាអោយងុយងោក
  • ១៤ - ឃុន វិចិកច្ឆា ជាអ្នកនាំព្រះរាជាអោយសង្ស័យ។

   ព្រះញាតិវង្ស ១៤អង្គនេះ ជាអ្នកទុកព្រះទ័យព្រះបាទចិត្តរាជយ៉ាងជិតស្និទ្ធ ព្រះអង្គតែទ្រង់ប្រោសប្រាណ អោយចូល ជិតគាល់បំរើជានិច្ច ជាកាលពុំដែលខានពេលណាមួយឡើយ។ ព្រះរាជាចិត្តរាជ ព្រះអង្គមានអគ្គសេនា ១៩នាក់ជា វរជនមានយោបល់ល្អ ព្រះអង្គតាំងទុកក្នុងឋានន្តរសក្តិ ទីឧកញ៉ាគ្រប់រូបគឺ៖

  • ១ - ឧកញ៉ា សទ្ធា ជាអ្នកនាំព្រះរាជាអោយជឿកម្មផល
  • ២ - ឧកញ៉ា សតិ ជាអ្នកនាំព្រះរាជាអោយមានព្រះស្មារតី
  • ៣ - ឧកញ៉ា ហិរិ ជាអ្នកនាំព្រះរាជាអោយខ្មាសបាប
  • ៤ - ឧកញ៉ា អោត្តប្បំ ជាអ្នកនាំព្រះរាជាអោយខ្លាចបាប
  • ៥ - ឧកញ៉ា អលោភោ ជាអ្នកនាំព្រះរាជាមិនអោយលោភ
  • ៦ - ឧកញ៉ា អទោសោ ជាអ្នកនាំព្រះរាជាមិនអោយប្រទូស្តគេ
  • ៧ - ឧកញ៉ា តត្រមជ្ឈត្តតា ជាអ្នកនាំព្រះរាជាអោយមានព្រះទ័យកណ្តាល
  • ៨ - ឧកញ៉ា កាយបស្សទ្ធិ ជាអ្នកនាំព្រះរាជាអោយមានព្រះនាមកាយរំងាប់
  • ៩ - ឧកញ៉ា ចិត្តបស្សទ្ធិ ជាអ្នកនាំព្រះរាជាអោយមានព្រះទ័យរំងាប់
  • ១០ -ឧកញ៉ាកាយលហុតាជាអ្នកនាំព្រះរាជាអោយមានព្រះនាមកាយស្រាល
  • ១១ - ឧកញ៉ា ចិត្តលហុតា ជាអ្នកនាំព្រះរាជាអោយមានព្រះទ័យស្រាល
  • ១២ - ឧកញ៉ា កាយមុទិតា ជាអ្នកនាំព្រះរាជាអោយមានព្រះកាយទន់ភ្លន់
  • ១៣ - ឧកញ៉ា ចិត្តមុទិតា ជាអ្នកនាំព្រះរាជាអោយព្រះទ័យទន់ភ្លន់
  • ១៤ - ឧកញ៉ាកាយកម្មញ្ញតា ជាអ្នកនាំព្រះរាជាអោយមានព្រះនាមកាយគួរដល់ការងារ
  • ១៥ -ឧកញ៉ាចិត្តកម្មញ្ញតា ជាអ្នកនាំព្រះរាជាអោយមានព្រះទ័យគួរដល់ការងារ
  • ១៦ - ឧកញ៉ា កាយចាគុញ្ញតា ជាអ្នកនាំព្រះរាជាអោយមានព្រះនាមកាយជំនាញ
  • ១៧ - ឧកញ៉ា ចិត្តគុញ្ញតា ជាអ្នកនាំព្រះរាជាអោយមានព្រះទ័យជំនាញ
  • ១៨ - ឧកញ៉ា កាយុជកតា ជាអ្នកនាំព្រះរាជាអោយមានព្រះនាមកាយត្រង់
  • ១៩ - ឧកញ៉ា ចិត្តជុកតា ជាអ្នកនាំព្រះរាជាអោយមានព្រះទ័យត្រង់។

   អគ្គសេនាទាំង ១៩នាក់នេះជាទីទុកព្រះទ័យព្រះរាជាចិត្តរាជ ព្រះអង្គទ្រង់តាំងទុកជាឧត្តមក្រុមប្រឹក្សា សំរាប់ជំនុំការរាជការផែនដីនៃនគរ
កាយតាំងព្រះនេត្រព្រះកាណ៌ព្រះអង្គ។ ព្រះរាជា ចិត្តរាជ ព្រះអង្គគ្រប់គ្រងរាជសម្បត្តិជាសម្បូណាជ្ញាសិទ្ធិរាជ មានព្រះអំណាចដ៏សម្បូណ៌
មហិមា ជាសុខ សប្បាយក្នុងកាយប្រទេសល្បីលឺសុសសាយទូទៅដល់ប្រទេសនានា។

   អេកោ រាជា មច្ចុ នាម មហិទ្ធកោ អហោសិសាធុសប្បុរសជនទាំងឡាយ! ក្នុងទីមិនឆ្ងាយពីនគរកាយនោះ មានព្រះរាជាមួយព្រះអង្គ
ទៀតព្រះនាមព្រះបាទមច្ចុរាជជាព្រះរាជាដ៏មានមហិទ្ធិរិទ្ធិ មានសន្តានអាក្រក់តែងត្រាច់ទៅគ្របសង្កត់សព្វ សត្វក្នុងត្រៃភពតាំងពីមនុស្ស
លោកដល់ព្រហ្មលោកអោយឋិតនៅក្នុងកណ្តាប់ព្រះហស្ថនៃព្រះអង្គ ស្តេចមានចតុរង្គសេនា ៤កងពលធំ សុទ្ធតែជាមេទ័ពដ៏មានប្រតិពល
ក្នុងកលោបាយ (ឧបាយដែលប្រកបដោយកលល្បិចកល និងឧបាយ ឬកលល្បិច ល្បិចក្នុងល្បិច) និងយុទ្ធវិធីគ្រប់ជំពូក មានឥទ្ធិរិទ្ធចេស្តា
មហិមា អាចផ្ចាញ់បច្ចាមិត្រ គ្រប់ទិសានុទិសអោយបរាជ័យឥតបើមាននរណាមួយក្នុងត្រៃលោកតស៊ូបានឡើយ។ ចតុរង្គសេនា ៤កងពល
នោះមានមេទ័ព ៤នាក់គឺ៖

  • ១ - នាយជាតិ ជាមេទ័ពមានសមត្ថភាពខាងស្ថាបនាវត្ថុធាតុផ្សេងៗដែលមិនទាន់កើតអោយកើតឡើង
  • ២ - នាយជរា ជាមេទ័ពមានសមត្ថភាពខាងធ្វើវត្ថុធាតុផ្សេងៗដែលខ្មាំងបង្កើតឡើងហើយ អោយទ្រុឌទ្រោមទៅ។
  • ៣ - នាយព្យាធិ ជាមេទ័ពមានសមត្ថភាពខាងធ្វើខ្មាំងដែលមានកំលាំងរឹងប៉ឹងអោយទុព្វលភាព
  • ៤ - នាយមរណ ជាមេទ័ពមានសមត្ថភាពខាងសំលាប់ខ្មាំងគ្មានគេចរួចម្នាក់។

   មេទ័ពម្នាក់ៗមានបរិវារច្រើន តែងចេញចូលគាល់បំរើរក្សាការពារអង្គព្រះបាទមច្ចុរាជ ជានិច្ចជាកាលព្រះបាទមច្ចុរាជតែងទ្រង់ប្រើទៅ
យាយីសំលាប់ពួកខ្មាំងទាំងពួងក្នុងត្រៃលោក។ កិត្តិស័ព្ទព្រះបាទចិត្តរាជ បានល្បីរន្ទឺលឺសាយទៅដល់ព្រះបាទមច្ចុរាជនោះថា ព្រះនគរមួយ
ឈ្មោះនគរកាយជាស្រុកនិទុក្ខំសុខសប្បាយក្រៃពេក ព្រះរាជាជាអគ្គប្រមុខនគរកាយនោះព្រះនាមព្រះបាទចិត្តរាជ ជាបរមក្សត្រគ្រងសិរី
សម្បត្តិសម្បូណ៌ ដោយព្រះរាជអំណាចមហិមា។

   កាលដំណឹងនោះលឺសាយទៅដល់ព្រះសោតនៃព្រះបាទមច្ចុរាជ ព្រះបាទមច្ចុរាជក៏ទ្រង់វិតក្កយ៉ាងក្រៃលែង ខ្លាចក្រែងព្រះបាទចិត្តរាជ កន្លង
វិស័យនៃព្រះអង្គ ទ្រង់មានព្រះរាជបំណងនឹងប្រើមេទ័ពទាំង៤កង អោយទៅវាយដណ្តើមយកនគរកាយនោះ អោយនូវក្រោមអំណាចព្រះ
អង្គតែមួយរំពេច តែស្តេចទ្រង់ព្រះតំរិះឃើញថា «ព្រះបាទចិត្តរាជជាមហាក្សត្រដ៏មានអានុភាពមហិមា មានសេនា ទាហាន នាហ្មឺន សព្វមុខ
មន្រ្តីកុះករបរិបូណ៌ក្រៃពេកបើអាត្មាអញ លើកកងទ័ពទៅកាច់យកភ្លាមៗ ឃើញថាពុំងាយបានឡើយ ណ្ហើយកុំដូច្នោះ ចាំអាត្មាអញប្រើចារ
ទាហានទៅលួងយកដោយកលោបាយវិញ គឺអាត្មាអញត្រូវបញ្ជូនមេទ័ពដ៏មានសមត្ថភាព អោយទៅក្លែងធ្វើជាខ្ញុំបំរើផ្ទាល់ព្រះបាទចិត្តរាជ
ជាមុនសិន កាលបើចារទាហានអាត្មាអញ ទៅប្រតិបត្តិការបានសំរេចហើយសឹមអាត្មាអញអោយលើកកងទ័ពទៅវាយយកជាក្រោយ បើ
ធ្វើដូច្នេះប្រហែលជាបានងាយ»កាលព្រះបាទមច្ចុរាជទ្រង់ព្រះតំរិះឃើញឧបាយដូច្នេះក៍ទ្រង់ព្រះបញ្ជាអោយហៅមេទ័ពទី១ ឈ្មោះនាយជាតិ
ចូលមកភ្លាម។ លុះនាយជាតិ ចូលមកគាល់ស្តេចទ្រង់ត្រាស់ថា៖

    «នែ នាយជាតិ! ចូរបាទទួលយកអាសាយើងក្នុងគ្រាឥលូវនេះ ចូរបាឯងទៅកាន់នគរកាយជាប្រញ៉ាប់ កាលទៅដល់ចូរបាឯងអែបអបធ្វើ
ខ្លួនអោយជាទីជឿជិតស្និទ្ធស្នាលជាមួយនឹងសេវកាមាត្យ ព្រមទាំងមាតាបិតាវង្សាគណញាតិនៃព្រះបាទចិត្តរាជ បើបាឯងបានជាទីសិ្នទ្ធស្នាល
នឹង គេហើយចូរបាឯងចូលថ្វាយខ្លួនជាខ្ញុំ គាល់បំរើគេជានិច្ច និង ខំធ្វើរាជការគេអោយល្អ អោយគេទុកចិត្តរាប់អានស្រលាញ់បា ដើម្បីនឹង
បានជាសេយ្យសឹកក្នុងស្រុកគេ កាលធ្វើការបានសំរេចហើយ ចូរបាផ្ញើដំណឹងមកយើង»។ លុះត្រាស់ដូច្នោះក៏ទ្រង់បញ្ជូននាយជាតិអោយទៅ
កាន់នគរកាយ ឯនាយជាតិកាលបានទទួលព្រះរាជអោង្ការហើយ ក៏នាំបរិវារធ្វើដំណើរឆ្ពោះទៅកាន់នគរកាយ នោះតាមព្រះរាជបញ្ជា។

   លុះនាយជាតិបានទៅដល់កាលណា ក៏ចូលទៅធ្វើជាមិត្តស្និទ្ធស្នាលជាមួយនឹងហ្មឺនសព្វមុខមន្រ្តីដោយឆ្លៀវឆ្លាសរបស់ខ្លួន ហើយក៏ចូលទៅ
ផ្គាប់ផ្គុនព្រះមាតា បិតាអគ្គមហេសី និងព្រះញាតិវង្សនៃព្រះបាទចិត្តរាជ កាលឃើញថាវរជនទាំងនោះ គេស្រលាញ់ពេញចិត្តអាណិតអាសូរ
ខ្លួនហើយក៏អោយនាំខ្លួនទៅថ្វាយព្រះមហាក្សត្រ។ វរជនទាំងនោះក៏នាំនាយជាតិទៅថ្វាយខ្លួនចំពោះព្រះបាទចិត្តរាជ។ កាលបើមានករណីប្លែក
ដូច្នេះ ព្រះបាទចិត្តរាជទ្រង់មានព្រះរាជអោង្ការអោយ អញ្ជើញរាជគ្រូ វិតក្កោ (សេចក្តីត្រិះរិះ រំពឹងសញ្ជឹងគិត)វិចារោ (ពិចារណ) អធិមោក្ខោ
(ការដឹងច្បាស់ជឿស៊ប់ចិត្ត) ជាបុរោហិតទាំង ៣រូបមក ប្រឹក្សាថា៖ លោកទាំងពួងយល់ឃើញដូចម្តេចក្នុងរឿងនេះ គួរយើងទទួលយកជន
បរទេស នេះទុកក្នុងស្រុកយើងឬពុំគួរ?។

   ឯបុរោហិតទាំង៣រូបនោះ ហេតុតែជាអ្នកមិនឈ្លាសក្នុងកលោបាយផ្សេងៗ ថែមទាំងជាអ្នកលេះលោះផងឃើញអ្នកណាគេផ្គាប់ផ្គុនក៏
ទន់ចិត្តទៅតាមគេមិនគិតត្រិះរិះពិចារណារកហេតុផលអោយល្អិតជាមុនឡើយ។ កាលព្រះរាជាត្រាស់សួដូច្នោះ បុរោហិតក៏ក្រាបបង្គំទូល
ភ្លាមថា៖ «បពិតមហារាជដ៏ទ្រង់នូវព្រះរាជសម្ភារ! បើមានជនបរទេសគេស័្មគ្រចូលថ្វាយខ្លួនជាខ្ញុំបំរើក្រោមល្អងធូលីព្រះបាទព្រះអង្គ ដោយ
ទ្រង់ឥតបង់ខាតអ្វីដូច្នេះ គួរទ្រង់ទទួលយកចុះ»។ ព្រះបាទចិត្តរាជ បរមក្សត្រកាលបានទ្រង់ព្រះសណ្តាប់ដូច្នេះក៏ទ្រង់ព្រះរាជានុមត្តិអោយជប់
លៀងនាយជាតិហើយអោយគេនៅជាខ្ញុំរាជការតទៅ។ នាយជាតិបានឧស្សាហ៍ធ្វើការ ថ្វាយព្រះបាទចិត្តរាជ ហើយទ្រង់ព្រះរាជទានគ្រឹះស្ថាន
អោយនាយជាតិ ព្រមទាំងបរិវារនៅជាសុខសប្បាយ។

   ចាប់ផ្តើមពីនោះមក នាយជាតិ ព្រួតដៃជាមួយមេជាងឈ្មោះតណ្ហាដែលជាជាងធំ នៅក្នុងនគរកាយនោះស្រាប់នាំគ្នាឧស្សាហ៍កសាងនគរ
កាយត្រង់ណាដែលមិនទាន់ស្រេចអោយសំរេចដោយរហ័ស ត្រង់ណាស្រេចហើយអោយចំរើនឡើងសព្វ ទិវារាត្រី ញ៉ាំងព្រះបាទចិត្តរាជ
អោយទុកព្រះទ័យពន់ពេក។ កាលបានអោកាសល្អ នាយជាតិ ជាមេទ័ពទី១ ក៏បញ្ជូនចុតហ្មាយទៅថ្វាយព្រះបាទមច្ចុរាជថា៖

សូមព្រះតេជៈតំកល់លើត្បូង
សូមព្រះរាជទានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិត សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ។ សូមទ្រង់ ព្រះមេត្តា
ប្រោស! ករណីយដែលព្រះអង្គ ប្រើទូលព្រះបង្គំអោយទៅជាចារបុស ធ្វើការឯនគរកាយនោះ ឥលូវនេះទូលព្រះបង្គំ
ធ្វើតាមព្រះរាជបញ្ជបានសំរេចគ្រប់ប្រការហើយ សូមទ្រង់បញ្ជូនមេទ័ពទី២ទៅទៀតដើម្បីប្រតិបត្តិការ ថ្វាយល្អងធូលី
ព្រះបាទអោយបានសំរេចតទៅ។

ហត្ថលេខា
នាយ ជាតិ

   ព្រះបាទមច្ចុរាជធិរាជ កាលទ្រង់អានចុតហ្មាយនោះហើយក៏ទ្រង់ប្រើនាយជរា មេទ័ពទី២ អោយលើកទ័ពចេញទៅទៀតដើម្បីអោយមេទ័ព
នោះ ធ្វើនគរកាយអោយទ្រុឌទ្រោម ហើយនឹងបញ្ជូនមេទ័ពធំៗដទៃទៀតទៅតាមក្រោយ។ នាយជរា ទទួលព្រះរាជអោង្ការហើយ ក៏នាំបរិវារ
មកកាន់នគរកាយដោយសួស្តី លុះដល់ហើយតំរង់ទៅរកនាយជាតិជាពួកខ្លួនដែលមកនៅមុន។ នាយជាតិក៏ទទួលនាយជរាទុកនៅជាមួយគ្នា
ក្នុងនគរកាយនោះដោយសេរី ឥតបើអោយគេនាំទៅថ្វាយព្រះបាទចិត្តរាជដូចមុនឡើយ។ តាំងពីពេលនោះមក នាយជាតិ និងនាយជរាក៏នាំ
បរិវាររៀងខ្លួនត្រាច់រុករានទន្រ្ទាននគរកាយគឺធ្វើរូបកាយយើងគេគ្រប់គ្នាអោយចាស់គ្រាំគ្រា ១ថ្ងៃបន្តិចៗតាមលំដាប់។ ឯព្រះអនិច្ចំ ជាព្រះ
ជីតុន កាលបានជ្រាបក៏ចូលទៅថ្វាយព្រះពររំលឹកព្រះបាទចិត្តរាជថា៖ «បពិតមហារាជដ៏ទ្រង់នូវព្រះរាជសំភារ ឥលូវនេះព្រះនគរកាយរបស់
ព្រះ អង្គគ្រាំគ្រាហើយមិនមាំមួនដូចមុនទេ ដោយមច្ចុរាជអោយសត្រូវពីខាងក្រៅចូលមកបំផ្លាញ សូមព្រះអង្គគិតគូរអោយមែនទែនកុំបី
ធ្វេសប្រហែស»។

   កាលព្រះជីតុនរំលឹកដូច្នោះ ព្រះបាទចិត្តរាជ និងបានព្រឺខ្លាចសូម្បីប៉ុនចុងសក់ក៏ទេ ដោយវង្វេងតាមព្រះនាងអវិជ្ជាទេវីជាព្រះអគ្គមហេសីពុំ
មានអោកាសចេញទៅទត ព្រះនគរកាយបានឡើយ។ ព្រះអនិច្ចំ ជាព្រះជីតុនកាលបានឃើញព្រះបាទចិត្តរាជនៅព្រងើយដូច្នោះទើបចូលទៅ
ថ្វាយព្រះពរតឿនម្ដងទៀតថា៖ «បពិតមហារាជដ៏ទ្រង់នូវព្រះការុញ្ញភាព! ហេតុម្តេចបានជាព្រះអង្គគង់ស្ងៀមដូច្នេះ? មិនសមគួរទេព្រះអង្គ!
ឥលូវព្រះនគរកាយរបស់ព្រះអង្គគ្រាំគ្រាហើយ សូមស្តេចយាងទៅទតខ្លះផង»។

   លុះព្រះជីតុនដាស់តឿនដល់ពីរដង ព្រះបាទចិត្តរាជទ្រាំគង់ស្ងៀមពុំបានក៏ទ្រង់ស្តេចទតបន្តិច ឃើញដូចពាក្យព្រះជីតុនរំលឹកមែនតែគង់នៅ
ស្ងៀមទៅវិញពុំបានគិតដល់ព្រះនគរឡើយ។ ទោសទាំងនេះមកពីទ្រង់វង្វេងដោយព្រះនាងអវិជ្ជាទេវី។ កាលនាយជាតិ និង នាយជរាជាមេទ័ព
ទាំងពីរនាក់ឃើញដូច្នោះក៏បញ្ជូនសារទៅ ថ្វាយព្រះបាទមច្ចុរាជថា៖

   សូមព្រះតេជៈតំកល់លើត្បូង
   សូមព្រះរាជទានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិត សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ។ សូមទ្រង់ព្រះមេត្តា
ប្រោស! អីលូវព្រះបាទចិត្តរាជកំពុងប្រមាទ សូមទ្រង់បញ្ជូនមេទ័ពទី៣ ព្រមទាំងយោធាជាបរិវារទៅទៀតដើម្បីប្រតិបត្តិ
ការអោយបានឆាប់ បានសំរេចទាន់ព្រះរាជហរិទ័យតទៅ។

ហត្ថលេខា
នាយជាតិ ជរា

   លុះព្រះបាទមច្ចុរាជបានទ្រង់ជ្រាបព្រឹត្តការណ៍នោះ ទើបទ្រង់ព្រះរាជបញ្ជាប្រើនាយព្យាធិ ជាមេទ័ពកំណាចទី៣ ព្រមទាំងបរិវារ៩៦នាក់គឺ
ឆន្នវុតិរោគ អោយមកកាន់នគរកាយ។ នាយព្យាធិព្រមទាំងបរិវារក៏នាំគ្នាទៅតាមព្រះរាជបញ្ជា កាលទៅដល់ហើយ នាយព្យាធិព្រមទាំង
បរិវារ៩៦នាក់ បានញាំញីកំទេចនូវទ្វារនគរនិងបន្ទាយ តូចធំព្រមទាំងគ្រឿងប្រដាប់ផ្សេងៗអោយរលំរលាយបាក់បែកគ្រប់អន្លើ អ្នកនគរ
កាយកើតចលាចលរកចេញចូលពុំបាន។ ធ្វើទាំងនេះដោយប្រាថ្នាតែចាប់យកព្រះបាទចិត្តរាជមួយមុខប៉ុណ្ណោះ។

   ឯព្រះទុក្ខំ ជាព្រះជីតុន កាលបានឃើញក៏ចូលទៅថ្វាយព្រះពរព្រះបាទចិត្តរាជថា៖ «បពិតមហារាជដ៏ទ្រង់នូវព្រះតេជានុភាព! ព្រះអង្គពុំទាន់
ជ្រាបទេឬ? ឥលូវព្រះនគរកាយនៃព្រះអង្គវិកលវិការហើយ ដោយនាយជាតិជាមេទ័ពទី១ដែលចូលមកនៅមុនបង្អស់ គេគប់គិតគំនិតជាមួយ
នាយជរាមេទ័ពទី២ និងនាយព្យាធិមេទ័ពទី៣ព្រម ទាំងឆន្នវុតិរោគ ៩៦នាក់ជាបរិវារនាំគ្នាធ្វើអោយវឹកវរ បើព្រះអង្គធ្វើព្រងើយកន្តើយ ព្រះ
នគរកាយមុខជាអន្តរាយពុំខានសូមទ្រង់ជ្រាប»។

   ព្រះបាទចិត្តរាជបរមក្សត្រ កាលបានទ្រង់ព្រះសណ្តាប់ដូច្នោះក៏រសាប់រសល់ក្នុងព្រះទ័យក្រៃពេក ទ្រង់ស្តេចចេញទៅទតសព្វសព៌ាង្គព្រះ
នគរកាយ លុះឃើញច្បាស់ក៏ទ្រង់សោយទុក្ខវេទនា ទ្រង់ព្រះកន្សែងខ្សឹកខ្សួលជាខ្លាំងរកបុគ្គលណាមួយជួយយកអាសារកំចាត់ព្យាធិសេនា
ជាខ្មាំងសត្រូវពុំបាន ដោយមហាជនទាំងពួងសឹងតែខ្លាចអំណាចព្យាធិសេនាទាំងអស់គ្នា។ លុះនាយជាតិ ជរា ព្យាធិ ជាមេទ័ពទាំងបីនាក់ បាន
ឃើញអាការដូច្នេះក៏បញ្ជូនសារទៅថ្វាយព្រះបាទមច្ចុរាជថា៖

សូមព្រះតេជៈតំកល់លើត្បូង
សូមព្រះរាជទានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិត សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ។ សូមទ្រង់ព្រះមេត្តា
ប្រោស! ឥលូវព្រះបាទចិត្តរាជ ខ្សោយកំលាំងណាស់ហើយ សូមទ្រង់បញ្ជូនមេទ័ពទី៤ ទៅទៀតជាប្រញាប់ ដើម្បីព្រួតគ្នា
ចាប់ព្រះបាទ ចិត្តរាជ យកមកថ្វាយ យ៉ាងរួសរាន់។

ហត្ថលេខា
នាយជាតិ ជរា ព្យាធិ

   កាលព្រះបាទមច្ចុរាជបានទ្រង់ជ្រាបព្រឹត្តិហេតុនោះក៏ទ្រង់បញ្ជូនមេទ័ពទី៤ ធំបំផុត ឈ្មោះនាយមរណៈ ដ៏មានអានុភាពមហិមាជាងមេទ័ព
មុនៗ អាចប្រាបប្រាមបច្ចាមិត្តគ្រប់ទិសតំបន់អោយវិនាសអន្តរាយកណ្តាលសមរភូមិ។ សត្តនិករក្នុងត្រៃលោកសឹងកោតខ្លាចអំណាចមេទ័ព
នេះណាស់គ្រាន់តែលឺថាឈ្មោះមរណៈសេនា មកជិតដល់ក៏សឹងតែនាំគ្នារត់ជ្រកយកតែអាយុរៀងខ្លួន តែទោះបីអ្នកណារត់ទៅពួនក្នុងទី
ណាៗក្តីក៏ពុំដែលរួចពីកណ្តាប់ដៃនាយមរណៈនោះបានឡើយ។

   ឯមេទ័ពទី៤ ឈ្មោះនាយមរណៈ កាលបានទទួលព្រះរាជបញ្ជាហើយ ក៏នាំបរិវារទៅកាន់នគរកាយលុះចូលទៅដល់ទៅផ្សំគ្នានឹងមេទ័ពទាំង
បីនាក់ ដែលមកមុននោះហើយ ក៏រុករានទន្រ្ទានបុកបែនញាំញីបិទទ្វារទាំង៩ នៃនរគរកាយអោយងងឹតជុំវិញហើយចូលទៅដេញចាប់តួអង្គ
ព្រះបាទចិត្តរាជបាន ព្រមទាំងនាហ្មឺនសព្វមុខមន្រ្តី និងអាណាប្រជាជនទាំងពួងគ្មានសល់ម្នាក់នាំចេញចាកនគរកាយ។ ឯនគរកាយនោះកាល
បើពុំមានបុគ្គលណាមួយនៅហើយក៏ទ្រុឌទ្រោមទៅ។

   នគរកាយ គឺរាងកាយយើងគេទាំងពួង ព្រះបាទចិត្តរាជគឺចិត្តយើង គេទាំងពួងនិមិត្តតែចិត្តពុំឋិតនៅក្នុងរាងកាយហើយ រាងកាយក៏ពុំអាច
ទប់ទល់នៅបានតែងដល់នូវសភាពជារាងកាយស្អុយរលួយធម្មតាដោយប្រការដូច្នេះ។ សាធុសប្បុសជនទាំងឡាយ! កាលមេទ័ពទាំង៤ នាក់
ព្រមទាំងបរិវារចាប់ព្រះបាទចិត្តរាជបានហើយ ក៏នាំទៅកាន់សំណាក់ព្រះបាទមច្ចុរាជ។ ឯព្រះបាទមច្ចុរាជកាលអោយចាប់ព្រះបាទចិត្តរាជ
បានមកហើយ នឹងយកទុកនៅជាខ្ញុំបំរើក៏ទេ ត្រលប់ជាបណ្តេញទៅវិញថា «ចូរអ្នកឯង ទៅតាមយថាកម្មខ្លួនចុះ!»។ លំដាប់នោះព្រះបាទ
ចិត្តរាជក៏នាំបរិពារទៅរកទីលំនៅ កសាងនគរកាយជាថ្មីដូចមុន។

   ឯព្រះបាទមច្ចុរាជស្តេចកំបាប កាលបានជ្រាបថា ព្រះបាទចិត្តរាជ កសាងនគរកាយជាថ្មី ក៏ទ្រង់ប្រើមេទ័ពទាំង៤អោយទៅតាមបៀតបៀន
ចាប់តួអង្គព្រះបាទ ចិត្តរាជ អោយព្រាត់ចាកនគរកាយថ្មីនោះទៀត និមិត្តតែព្រះបាទចិត្តរាជកសាងនគរកាយវេលាណា ក៏ធ្វើអោយអន្តរាយ
វេលានោះ រាល់គ្រាពុំដែលខានម្តងណាឡើយ។ ព្រះបាទចិត្តរាជក៏ទ្រង់សោយទុក្ខវេទនាគ្មានស្រាកស្រាន្ត។ គ្រាមួយជាវេលាមានជោគ
វាសនាល្អព្រះបាទចិត្តរាជក៏ទ្រង់ព្រះតំរិះថា «អាត្មាអញធ្វើម្តេចនឹងបានរួចពីកណ្តាប់ដៃនៃមច្ចុរាជនេះបានអេះ? អោហ្ន៎! អាត្មាអញនឹងអោយ
ទៅអារាធនា ព្រះភិក្ខុជាព្រះជីតុន និងអីសីចូលមកប្រឹក្សាគ្នា ក្រែងលោកឃើញឧបាយយ៉ាងណាខ្លះ?»។ លុះទ្រង់ព្រះតំរិះហើយទ្រង់ព្រះ
បញ្ជាប្រើមហាតលិក២នាក់គឺ ហ្មឺនចេតនា ជាមហាតលិកស្តាំ ហ្មឺនមនសិករោ ជាមហាតលឹកឆ្វេងថា៖

   «នែបាទាំងឡាយ! ចូរបាយកអាសាយើង ទៅអារាធនាព្រះភិក្ខុជាព្រះជីតុនទាំង៣រូប គឺព្រះអនិច្ចំ ទុក្ខំ អនត្តា និងអីសីទាំងបីរូបគឺព្រះបីតិ
ឆន្ទោ វិរិយោ និងបុរោហិតទាំងបីរូបគឺ ព្រះរាជ គ្រូវិតក្កោ វិចារោ អធិមេក្ខោ ហើយនិងអគ្គសេនាទាំង១៩នាក់មានឧកញ៉ាសទ្ធាជាដើមអោយ
មកកាន់សំណាក់យើងក្នុងខណៈនេះ»។

   មហាតលិកទាំងពីរនាក់ក៏ម្នីម្នាទៅរក វរស្រមណ៍ និងវរជនទាំងនោះតាមព្រះរាជបញ្ជា។ វរស្រមណ៏ និងវរជនទាំងនោះក៏នាំគ្នាទៅកាន់
ព្រះរាជសំណាក់តាមសេចក្តី អារាធនាអញ្ជើញ លុះទៅដល់ក៏ព្រះបាទចិត្តរាជត្រាស់ប្រឹក្សាការផែនដីថា៖

«បពិតព្រះសម្មតិទេវរាជ! ការប្រឹក្សាគ្រានេះជាការធំដុំណាស់ ការនោះដែល នឹងសំរេចដាច់ខាតទៅបាន លុះតែបានសម្តេចព្រះមហាសង្ឃ
រាជទាំងពីរព្រះអង្គ គឺព្រះសមាធិន្រ្ទីយ និងព្រះបញ្ញិន្ទ្រីយមកជាទីប្រឹក្សាផង សូមព្រះអង្គអោយទៅអារាធនាសម្តេចមក»។ ព្រះបាទចិត្តរាជ
ទ្រង់ព្រះសណ្តាប់ទីប្រជុំក៏ទ្រង់ត្រាស់ប្រើហ្មឺនឯកត្គតាជាមហាតលិកដ៏មានចិត្តស្លូតត្រង់ថា៖ «នែហ្មីនឯកត្គតា! ចូរបាទៅអារាធនាសម្តេច
មហាសង្ឃរាជទាំងពីរព្រះអង្គមកជាប្រញាប់»។

   ហ្មឺនឯកត្គតា ក៏នាំព្រះរាជអោង្ការទៅថ្លែងទូលសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គថា៖ «បពិតសម្តេចទ្រង់នូវសីលធម៌បរិសុទ្ធ! ព្រះ
បាទចិត្តរាជត្រាស់ប្រើទូលព្រះបង្គំជាខ្ញុំ អោយមកអារាធនាសម្តេចទាំង២ ព្រះអង្គចូលទៅកាន់ព្រះរាជនិវសេន៍ក្នុងខណៈនេះ»។ សម្តេចព្រះ
មហាសង្ឃរាជទាំងពីរព្រះអង្គ កាលបានទទួលនិមន្តហើយក៏ទ្រង់ស្លៀកស្បង់គ្រងចីពរស្អាតបាត ទ្រង់យាត្រាទៅតាមមាគ៌ាទាំង៤ ជាលោកុត្តរ
មាគ៌ាតាមលំដាប់គឺ សោតៈ សកទាគា អានាគា អរហត្ត ដែលជាមាគ៌ា អាចនាំព្រះបាទចិត្តរាជចេញផុតពីកណ្តាប់ដៃនៃ មច្ចុរាចដោយសួស្តី
បាន។

   លុះសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ និមន្តដោយផ្លូវធំចូលទៅកាន់ព្រះរាជសំណាក់គង់លើអាសនៈដ៏សមគួរហើយព្រះបាទ ចិត្តរាជ
ក៏នមស្ការបូជាគោរព ហើយត្រាស់ពិតថេរដីការថា៖

   «បពិតសម្តេចទាំងពីរព្រះអង្គ! ញោមមានសេចក្តីអផ្សុកខ្លាំងណាស់ បានជាអារាធនាសម្តេចជាអម្ចាស់មក ដើម្បីទ្រង់ជួយដោះទុក្ខញោម
ក្នុងគ្រាឥលូវនេះដ្បិតមច្ចុរាជ ចេះតែមកបៀតបៀនញោមដោយគេប្រើមេទ័ពធំទាំង៤ ព្រមទាំងបរិវារអោយមកធ្វើបាបញោមគ្រប់ពេល
ដែលញោមសាង នគរកាយ ពុំដែលខានពេលណា ប្រាថ្នាអោយញោមនៅក្នុងអំណាចគេ បពិតសម្តេចដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ អោយញោម
បានរួចពីកណ្តាប់ដៃសត្រូវនេះបាន?»។ សម្តេចព្រះមហាសង្ឃរាជទាំងពីរ ព្រះអង្គគឺព្រះសមាធិន្រ្ទីយ និងព្រះបញ្ញិន្រ្ទីយ លុះស្តាប់ព្រះរាជ
អោង្ការហើយក៏ប្រឹក្សាជាមួយនិងព្រះជីតុនទាំង ៣រូប គឺព្រះអនិច្ចំ ទុក្ខំ អនត្តា និងព្រះឥសីទាំង៣រូបគឺព្រះ បីតិ ឆន្ទោ វិរិយោ។

    ខៃសេចក្តីថាកាលសមាធិ និងបញ្ញាកើតឡើងក្នុងចិត្តទើបគិតឃើញព្រះត្រៃលក្ខណ៍ កាលព្រះត្រៃលក្ខណញ្ញាណកើតមានឡើងតែងមាន
បីតិ (អំណរ)ជ្រួតជ្រាបទូទៅក្នុងកុសលធម៌ទាំងពួង មានឆន្ទៈ (ស្រឡាញ់) កុសលកាត់អកុសលចោលបង់ មិនត្រេកអរនិងមាន វិរិយៈ(ព្យា
យាម)ប្រាថ្នាអោយផុតចាកសង្សារវដ្ត។ សម្តេចព្រះមហាសង្ឃរាជក៏ប្រឹក្សានឹងបុរោហិត ៣រូបគឺរាជគ្រូ វិតក្កោ វិចារោ អធិមោក្ខោ ទៅទៀត
ថា «លោក ណាយល់យ៉ាងណាខ្លះ?»។ រាជគ្រូទាំង៣រូបនឹករំពឹងទៅក៏ឃើញទោសរបស់បុគ្គលជាពួកអកុសលហើយពិតថេរដឺ ការថា «ទូល
ព្រះបង្គំជាខ្ញុំទាំងឡាយយល់តាមសម្តេចទាំងអស់»។

   កាលបើដូច្នោះ សម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ ក៏ប្រឹក្សាសួរទៅឧកញ៉ាពញាព្រះហ្លួង ឃុន ហ្មឺន និងមហាតលិកទាំងពួងមាន
ឧកញ៉ា សទ្ធា ជាដើមថា «លោកអ្នកទាំងអស់នេះយល់ឃើញដូចម្តេច?»។ វរជនទាំងនោះកាលប្រឹក្សាយល់ ត្រូវគ្នាក៏ពិតថេរដិកាថា៖
«ទោសទាំងនេះមកតែពីបាបជន ១៤អង្គ មានឃុនមោហោជាដើម ជាព្រះញាតិវង្សព្រះបាទមោហរាជជាព្រះបិតា ព្រះនាងលោភទេវីជាព្រះ
មាតា និងព្រះនាងអវិជ្ជាទេវី ជាព្រះអគ្គមហេសី បានស្ម័គ្រយកមេទ័ពទាំង៤នាក់ របស់មច្ចុរាជមាននាយជាតិជាដើមអោយមកនៅ ក្នុងព្រះ
នគរកាយ បានជាគេនាំគ្នាធ្វើព្រះនគរនេះអោយអន្តរាយអស់»។

   កាលទីប្រឹក្សាបានពិភាក្សាអស់កាលដ៏យូរ យល់ឃើញព្រមគ្នាហើយ ទើបយកសេចក្តីក្រាបបង្គំទូលព្រះបាទ ចិត្តរាជថា៖ «បពិតមហារាជ
ក៏ទ្រង់នូវព្រះរាជសម្ភារ! ហេតុដែលនាំអោយខូចព្រះនគរកាយនេះ ទីប្រឹក្សាបានប្រឹក្សាឃើញមូលមតិគ្នាហើយថា មកពីព្រះអង្គទ្រង់ជឿពាក្យ
ពួកបាបជនទាំង ១៤អង្គ មានឃុនមោហោជាដើម ជាព្រះញាតិព្រះអង្គ ជាសត្រូវក្នុង នាំសត្រូវក្រៅ មកនៅក្នុងព្រះនគរ បានជាព្រះនគរកាយ
កើតអន្តរាយដូច្នេះ មួយទៀតមកពីព្រះបាទមោហរាជ ជាព្រះបិតា ព្រះនាងលោភទេវីជាព្រះមាតា និងព្រះនាងអវិជ្ជាទេវីជាព្រះអគ្គមហេសី
នៃព្រះអង្គបានព្រមព្រៀងជាមួយនិងព្រះញាតិទាំង១៤អង្គ ទទួលយកមេទ័ពព្រះបាទមច្ចុរាជទុកក្នុងព្រះនគរ ទើបពួកបច្ចាមិត្តគេនាំគ្នាធ្វើព្រះ
នគរកាយរបស់ព្រះអង្គអោយអន្តរាយដូច្នេះ រឿងនេះបើព្រះអង្គជឿស្តាប់យើងទាំងឡាយជាទីប្រឹក្សា សូមព្រះអង្គកំចាត់បង់ព្រះញាតិវង្ស
ទាំង១៤អង្គ ព្រះមាតា បិតានិងអគ្គមហេសីចេញ ទើបបច្ចាមិត្តលែងកើតទៀតបាន ហើយយើងទាំងពួងនឹងនាំព្រះអង្គទៅកាន់នគរកែវជា
អមតមហានគរ ជាបរមសុខប្រាសចាកទុក្ខផុតពីកណ្តាប់ដៃនៃមច្ចុរាជតាមព្រះរាជបំណងបាន»។

   កាលព្រះបាទចិត្តរាជ បរមក្សត្របានទ្រង់ព្រះសណ្តាប់ហើយ ដោយទ្រង់មានព្រះរាជបំណងចង់រួចពីកណ្តាប់ដៃនៃមច្ចុរាជ ទ្រង់ក៏ធ្វើតាម
ពាក្យទីប្រឹក្សាទាំងពួងមានសម្តេចព្រះមហាសង្ឃរាជជាដើម ទើបទ្រង់តាំងមហាតលិកម្នាក់ឈ្មោះឯកត្គតា និងអគ្គសេនាម្នាក់ឈ្មោះ
ឧកញ៉ាចិត្តុជុកតា ដែលមានចិត្តស្មោះត្រង់នឹងព្រះអង្គអោយជាចៅក្រមជំនុំជំរះរឿងព្រះញាតិទាំង១៤អង្គ នូវព្រះមាតា បិតា ខាងព្រះអគ្គ
មហេសី ព្រមគ្នានៅទីចំពោះព្រះភក្រ្តព្រះអង្គ។ ក្នុងសេចក្តីជំនុំជំរះនោះចៅក្រមសួរថា៖ «នែព្រះបាទមោហរាជ! ព្រះនាងលោភទេវី! ព្រះនាង
អវិជ្ជាទេវី! លោកទាំង អស់អង្គ សុទ្ធតែជាព្រះមាតាបិតាអគ្គមហេសីនៃព្រះរាជា ទាំងឃុន ១៤អង្គសុទ្ធតែជាព្រះញាតិព្រះរាជាទាំងអស់ព្រះ
រាជាទ្រង់ប្រោសប្រាណតាំងអស់លោក ជានាហ្មឺនគ្រប់គ្នា ហេតុម្តេចបានជាអស់លោកមិនគិត រក្សាព្រះអង្គដោយយុត្តិធម៌ បែរជាទៅក្រាប
ទូលណែនាំការមិនជាប្រយោជន៏ដល់ព្រះអង្គវិញ គឺនាំយកសត្រូវពីក្រៅ អោយចូលមកនៅក្នុងព្រះនគរ ទាស់តែគេធ្វើបាបព្រះអង្គ ធ្វើព្រះ
នគរព្រះអង្គអោយខូចអស់ដូច្នេះ? នែលោកទាំងអស់! ចូរលោកអ្នកប្រាប់យើងជាប្រញាប់ក្នុងពេលនេះ»។ កាលនោះព្រះមាតាក្តី ព្រះបិតា
ក្តី ព្រះអគ្គមហេសីក្តី ព្រះញាតិទាំង១៤អង្គក្តី ពុំអាចឆ្លើយអោយការណ៍កែខ្លួនបានឡើយ សឹងតែទទួលសារភាពថា៖ «យើងខ្ញុំទាំងពួងខុសមែន
មានទោសច្រើនមែន តាមតែទ្រង់ព្រះមេត្តាប្រោសដល់យើងខ្ញុំចុះ។

   ព្រះបាទចិត្តរាជ កាលបានទ្រង់ព្រះសណ្តាប់ដូច្នោះ ទើបទ្រង់ព្រះរាជបញ្ជាប្រើអោយ ឧកញ៉ាសទ្ធាជាអគ្គសេនាអោយតាំងទីកុណ្ឌ (ពិធីដែល
គេធ្វើដោយជីករន្ដៅជំរៅមួយចំអាម ប្រាំធ្នប់ដុតភ្លើងបូជាយញ្ញតាមលទ្ធិព្រាហ្មណ៍) ពិធីឡើង។ គ្រានោះហេតុតែវាសនាបារមីព្រះបាទចិត្ត
រាជចាស់ក្លានិងដោយសាររិទ្ធិព្រះឥសីទាំង ៣រូបគឺ ព្រះបីតិ ឆន្ទោ វិរិយោ លោកសូត្រសែកព្រះវេទមន្តឡើង ព្រះខាន់ជ័យស្រីទាំង៣ក៏កើត
ឡើងកណ្តាលទីកុណ្ឌពិធីនោះ ទើបព្រះឥសីទាំងឡាយថ្វាយព្រះពរថា៖ «កាលនេះជាកាលគួរដែលព្រះអង្គទ្រង់យាងចូលទៅកាន់កុណ្ឌពីធី
ហើយសូមព្រះអង្គទាញយកព្រះខាន់ជ័យស្រីទាំង៣អំពីទីកុណ្ឌពិធីនោះចុះ»។ ព្រះបាទចិត្តរាជ ក៏លូកព្រះហស្តទៅទាញយកព្រះខាន់ជ័យស្រី
ទាំង៣ អំពីគំនរភ្លើងនៃកុណ្ឌពិធី សូម្បីនឹងបានក្តៅព្រះហស្តបន្តិចបន្តួចក៏ទេ។ ឯព្រះខាន់ជ័យទាំង៣នោះឈ្មោះ៖

  • ១ - តទង្កប្បហារ មានដងប្រាក់អាចញាំុញីសត្រូវបានដោយអន្លើ។
  • ២ - វិក្ខម្ភនប្បហារ មានដងមាសអាចសង្កត់សង្កិនសត្រូវដូចថ្មសង្កត់ស្មៅ មិនអោយកំរើកបាន។
  • ៣ - សមុច្ឆេទប្បហារ មានដងវិចិត្រដោយកែវ ៧ប្រការអាចប្រហារសិរសារាជសត្រូវទាំងឡាយអោយដាច់ដូចត្នោតកំបុតក។

ព្រះបាទចិត្តរាជទ្រង់ចាប់ព្រះខាន់ជ័យស្រីទាំងនោះ ព្រះរាជទានទៅអគ្គសេនាឈ្មោះ ឧកញ៉ាចិត្តបស្សិទ្ធិ ដែលមានចិត្តថ្លាដូចកែវអោយជា
តំណាងដោយទ្រង់ព្រះរាជបញ្ជាថា៖ «ចូរអ្នកឯងសំលាប់ព្រះបាទមោហរាជ ជាបិតាយើងដែលនាំអោយយើងវង្វេង ព្រះនាងលោភទេវី
ជាមាតាយើងដែលនាំយើងអោយលោភឥតខ្មាសព្រះនាងអវិជ្ជាទេវីជាអគ្គមហេសីយើងដែលនាំអោយយើងងងឹតមុខជ្រប់ទៅតាមវា
ហើយចូរអ្នកឯងសំលាប់ពួកបាបជនទាំង ១៤នាក់ដែលជាព្រះញាតិវង្សយើង ដ្បិតអ្នកទាំងអស់នេះវាអោយសត្រូវខាងក្រៅចូលមកនៅ
ក្នុងស្រុកយើង អោយសត្រូវធ្វើអោយខូចព្រះនគរយើង យើងត្រូវសំលាប់វាអោយអស់ កុំអោយសល់ម្នាក់។ ឧកញ៉ាចិត្តបស្សិទ្ធិ កាលទទួល
ព្រះរាជបញ្ជាហើយក៏ប្រហារជីវិតជនអំបាលមាន នោះគ្មានសល់ម្នាក់ដោយព្រះខាន់ឈ្មោះសមុច្ឆេទប្បហារ។

   អស់លោកអ្នកអានអ្នកស្តាប់រឿងនេះ សូមកុំយល់ថាព្រះបាទចិត្តរាជ មានរូបជាមនុស្សប្រើគេអោយសំលាប់មាតាបិតាមានរូបជាមនុស្ស
នោះឡើយ មិនមែនដូច្នោះទេ គឺចិត្តសំលាប់ចេតសឹក ដែលទុកដូចជាមាតាបិតា ដោយរឿងនេះលោកលើក យកធម៌ជាធម្មធិដ្ឋានមកតែង
ជាបុគ្គលាធិដ្ឋានជាន័យប្រៀបធៀបដើម្បីអោយអ្នក មានប្រាជ្ញាតិចយល់បានងាយ។ ឯព្រះបាទចិត្តរាជ គឺដួងចិត្តយើងគេទាំងពួងទាំងឡាយ
នគរកាយគឺរូបកាយយើងគេទាំងពួងនេះឯង ទាំងព្រះមាតាព្រះបិតាព្រះអគ្គមហេសី និងព្រះញាតិ ១៤អង្គក៏សុទ្ធតែជាអកុសលចេតសិក
ទាំងអស់។ អត្ថបទប្រៀបធៀប ដែលលោកលើកមកសំដែងនេះ ត្រូវគ្នានិងអត្ថបទប្រៀបធៀប ដែលព្រះសម្ពុទ្ធទ្រង់សំដែងទុកក្នុងគម្ពីរ
ខុទ្ទកនិកាយធម្មបទត្រង់ បកិណ្ណវគ្គថា៖

   មាតរំ បិតរំ ហនត្វា រាជានោ ទ្វេ ច ខត្តិយេ រដ្ឋំ សានុចរំហនត្វា អនីឃោ យាតិ ព្រាហ្មណោ បុគ្គលសំលាប់ តណ្ហាដូចមាតា សំលាប់អស្មិមានៈ
ដូចបិតា សំលាប់ សស្សតទិដ្ឋិ ឧច្ឆេទទិដ្ឋិទាំងពីរដែលដូច ខត្តិយរាជពីរព្រះអង្គ និងសំលាប់អាយតនៈ ដូចដែនព្រមទាំងនន្ទិរាគ ដូចស្មៀនតែង
បានជាព្រាហ្មណ៍ ឥតមានទុក្ខទៅព្រះនិព្វាន។

   កាលឧកញ៉ាចិត្តបស្សិទ្ធិ ប្រហារជីវិតជនទាំងនោះអស់ ហើយសម្តេចព្រះមហាសង្ឃរាជ២ព្រះអង្គ ព្រះជីតុន ៣រូបព្រះឥសី៣រូបបុរោហិត
៣រូប មហាតលិក៧ នាក់ និងអគ្គសេនា ១៩នាក់ក៏ប្រារព្ធនិងសុំយាងព្រះបាទចិត្តរាជចេញចាកនគរកាយ គ្រានោះសម្តេចព្រះមហាសង្ឃរាជ
ថ្វាយព្រះពរថា៖ «បពិតមហារាជដ៏ទ្រង់នូវព្រះបារមី! សូមព្រះអង្គយាងចុះមកអាត្មាភាពទាំងឡាយនឹងនាំព្រះអង្គទៅកាន់នគរកែវជាស្រុក
ព្រះអរិយបុគ្គល អាត្មាភាពជាមគ្គុទ្ទេស ក៏នឹងនាំផ្លូវព្រះអង្គទៅក្នុងកាលឥលូវនេះ»។

    ឯព្រះបាទចិត្តរាជ កាលបើសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ គឺព្រះសមាធិន្រ្ទីយ និងព្រះបញ្ញិន្រ្ទីយបានណែនាំ (ពោលគឺ សមាធិ
និង បញ្ញាបានកើតក្នុងចិត្តក៏ពិចារណឃើញនូវសភាវធម៌ទាំងពួងតាមពិត) ហើយទើបព្រះអង្គទ្រង់តាក់តែងព្រះកាយដោយគ្រឿងទិព្វរតន៍
ភូសា សែសយសង្វារ សូរង កង ព្រះហ៊ូរាក់ ស្នាប់ ព្រះឧរូ ប្រកបដោយកញ្ចក់ពិសេស ពោលគឺព្រះពោធិ បក្ខិយធម៌៣៧ប្រការ គឺ
សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្រ្ទីយ៥ ពល៥ពោជ្ឈង្គ៧ និងអដ្ឋង្គិកមគ្គ៨ ជាគ្រឿងអលង្ការដ៏ល្អៗរុងរឿង ហើយទ្រង់ពាក់នូវព្រះ
ទំរង់គ្រប់ម្រាមព្រះហស្ថទាំងដប់ពោលគឺ សិក្ខាបទ ២២៧ និងទ្រង់នូវក្រោះពេជ្រសំរាប់ព្រះតេជានុភាពពោលគឺ ព្រហ្មវិហារ៤ប្រការគឺមេត្តា
ករុណាមុទិតា ឧបេក្ខា ហើយទ្រង់នូវព្រះខត្តាវុធ ពោលគឺ សមុច្ឆេទប្បហារ ដែលអាចកាប់កាត់កំចាត់បង់សត្រូវទាំងពួងពោលគឺ អកុសល
ទាំងអស់បាន។

   លុះទ្រង់គ្រឿងអលង្ការស្រេចហើយ ទើបទ្រង់យាងឡើងប្រថាប់លើព្រះធម្មរថពោលគឺព្រះសទ្ធម្ម៨៤០០០ព្រះធម្មក្ខន្ធហើយក៏ទ្រង់
និសិទនាការលើរតនបល្ល័ង្គ ជាព្រះទីនាំងដ៏ប្រកបដោយកែវ៩ប្រការ គឺ ព្រះនព្វលោកុត្តរធម៌៩ គឺ មគ្គ៤ ផល៤ និញ្វាន១។

ឯធម្មរថនោះសឹងទឹមដោយសេះ សន្ធវជាតិជាអាជានេយ្យ៤ គឺព្រះចតុប្បារិសុទ្ធិសីលទាំង៤ គឺ បាតិមោក្ខសំវរសីល ឥន្រ្ទីសំវរសីល អជីវ
បារិសុទ្ធសីល និងបច្ចយសន្និស្សិតសីល។ ធម្មអាជានេយ្យទាំង៤នេះក៏ទាញនូវព្រះធម្មរថអោយអណ្តែតត្រសែតឡើងលើនភាល័យ ហើយ
ព្រះបាទចិត្តរាជ បរមក្សត្រព្រះអង្គប្រកបដោយឥទ្ធិរិទ្ធិ៤ប្រការ ពោលគឺ ឆន្ទិទ្ធិបាទ រិទ្ធិសំរេចដោយសេចក្តីប្រាថ្នា វិរិយិទ្ធិបាទ រិទ្ធិសំរេចដោយ
សេចក្តីព្យាយាមចិត្តិទ្ធិបាទ រិទ្ធិសំរេចដោយចិត្តវិមំសិទ្ធិបាទ រិទ្ធិសំរេចដោយបញ្ញា ហើយទ្រង់បានត្រាស់ដឹងនូវព្រះញាណទាំង៤ប្រការគឺ
បុព្វេនិវាសញ្ញាណ វេសារជ្ជញ្ញាណ អនាវរណញ្ញាណនិសព្វញ្ញតញ្ញាណ។

ចប់ដោយបរិបូណ៌

ពន្យល់ពាក្យខ្លះៗ
ចេតនា = គំនិតដែលនាំចិត្តអោយនឹកភ្នក។ មនសិការ = ការធ្វើទុក កំនត់ទុកក្នុងចិត្ត។ បីតិ = ត្រេកអរឆ្អែត ចិត្តកាយ។ ឆន្ទ =សេចក្តី ប្រាថ្នា បំនង គំនិត។ វិរិយ = ព្យាយាមស្រវាស្រទិញ។ ចិត្តបស្សិទ្ធិ = ចិត្តរំងាប់។ សមុច្ឆេន = រលត់រលេះដាច់អស់កិលេសឈឹង