ឧបាសកនិទេ្ទស

   សម្ដែងអំពីនាមថា ឧបាសក និងធម៌របស់ឧបាសកផ្សេងៗ មានសីលជាដើម។ ជនដែលមាននាមបញ្ញតិ្តថា ឧបាសក ឧបាសិកា នោះដោយហេតុដែលបានចូលទៅជិតនូវព្រះរតនត្រ័យជាទីពឹងទីរឭក ដូចពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្ដែងចំពោះនឹង មហានាម សក្យរាជ ថា ម្នាលមហានាម គ្រហស្ថឯណាមួយ បានដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭកហើយ គ្រហស្ថនោះឯង បានឈ្មោះ ថា ឧបាសក បើស្រ្តីហៅថា ឧបាសិកា។

   ម្យ៉ាងទៀតមានបាលីថា រតនត្តយំ ឧបាសតីតិ ឧបាសកោ ប្រែថា ជនឯណាចូលទៅអង្គុយជិតព្រះរតនត្រ័យ ជននោះឈ្មោះថា ឧបាសក។ អធិប្បាយថា ជនដែលចូលទៅអង្គុយជិតព្រះរតនត្រ័យនោះ គឺមិនមែនចូលទៅអង្គុយជិតព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជានិច្ចដោយរូបកាយនោះ ទេ គឺលោកសង្រ្គោះយកនាមកាយជាប្រមាណ សូម្បីអ្នកនោះស្ថិតនៅក្នុងទីឆ្ងាយប៉ុន្មាន តែមានសន្តានចិត្ត ប្រព្រឹត្តជាប់នៅក្នុងគុណព្រះ រតនត្រ័យជានិច្ច ចិត្តនោះឱនទៅតោងយកគុណព្រះរតនត្រ័យជាទីពឹងទីរឭកហើយជននោះឈ្មោះថា បានចូលទៅអង្គុយជិតព្រះរតនត្រ័យ ជានិច្ច បើគ្រាន់តែចូលទៅអង្គុយជិត ព្រះពុទ្ធដោយរូបកាយ តែសន្តានចិត្តនោះស្ថិតនៅក្នុងទីឆ្ងាយអំពីគុណព្រះរតនត្រ័យ មិនមានបង្អោនចិត្ត ទៅក្នុងគុណព្រះរតនត្រ័យឡើយ ជនឈ្មោះថា ស្ថិតនៅក្នុងទីឆ្ងាយអំពីគុណព្រះរតនត្រ័យ មិនមែនជាឧបាសក ឧបាសិកាឡើយ។

សីលនៃឧបាសក

   បពា្ចវិរតិចេតនា គឺចេតនាវៀរចាកវេរា ៥ ឈ្មោះថាជាសីលនៃឧបាសក ដូចពុទ្ធភាសិត ដែលព្រះបរមគ្រូជាម្ចាស់ទ្រង់ត្រាស់សម្ដែង ចំពោះមហានាមសក្យរាជថា ម្នាលមហានាម ឧបាសកឯណាបានវៀរចាកបាណាតិបាតគឺមិនសម្លាប់សត្វ១ វៀរចាកអទិន្នាទាន គឺមិនលួចទ្រព្យ អ្នកដទៃ១ វៀរចាកកាមេសុមិច្ឆាចារ គឺមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ វៀរចាកមុសាវាទ គឺមិននិយាយកុហក១ វៀរចាកសុរាមេរយ គឺ មិនផឹកនូវសុរា និងមេរ័យ១ ឧបាសកនោះឈ្មោះថា ឧបាសកមានសីល។

   កិរិយាលះបង់នូវជំនួញខុស ៥ប្រការ ហើយប្រកបកិច្ចការចិញ្ចឹមជីវិតដោយត្រឹមត្រូវ តាមធម៌ ឈ្មោះថា អាជីវៈនៃឧបាសក ដូចមានពុទ្ធ បញ្ញត្តិដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះនឹងភិក្ខុទាំងឡាយថា បញ្ចិមា ភិក្ខវេ វណិជ្ជា ឧបាសកេន អករណីយា​ ម្នាលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ ៥ ប្រការ ឧបាសកមិនគប្បីធ្វើឡើយ ជំនួញខុសទាំងឡាយ ៥ ប្រការនោះគឺ៖

    • សត្ថវណិជ្ជា ជួញគ្រឿងសស្រ្តាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសស្រ្តាវុធនោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយហើយលក់នូវគ្រឿងសស្រ្តាវុធនោះ។
    • សត្តវណិជ្ជា ជួញដូរមនុស្ស។
    • មំសវណិជ្ជា ជួញសាច់គឺចិញ្ចឹមនូវសត្វទាំងឡាយមានជ្រូកជាដើមលុះដល់សត្វទាំងឡាយនោះ ចម្រើនធំឡើងក៏សម្លាប់យកសាច់
      លក់។
    • មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងណាមួយ ឲ្យកើតឡើងជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមក ហើយលក់នូវទឹក ស្រវឹងនោះ។
    • វិសវណិជ្ជា ជួញថ្នាំពិសគឺចាត់ចែងផ្សំថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណាមួយ ហើយលក់នូវថ្នាំពិសនោះ។

   ឧបាសក កាលបើវៀរចាកជំនួញខុសទាំង ៥ ប្រការនេះ ហើយបានប្រតិបត្តិការចិញ្ចឹមជីវិតដោយធម៌ឈ្មោះថា មានអាជីវធម៌ដោយប្រពៃ។

វិបត្តិនៃឧបាសក

   ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឲ្យវិនាសឈ្មោះថា វិបត្តិ ៗ នោះមាន ៥ យ៉ាងគឺ៖

    • អស្សទ្ធោ ហោតិ ឧបាសកមិនជឿគុណព្រះរតនត្រ័យ។
    • ទុស្សីលោ ហោតិ ឧបាសកទ្រុស្តសីល។
    • កោតុហលមង្គលិកោ ហោតិ ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើល។
    • មង្គលំ បច្ចេតិ នោ កម្មំ ឧបាសកប្រកាន់ជឿថា មង្គលមានឬក្សពារវេលាជាដើមឲ្យផល មិនប្រកាន់ជឿថាកម្មជាកុសល អកុសល ឲ្យផលឡើយ។
    • ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសកសែ្វងរកតែទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈអ្នក ទទួលទានខាងក្រៅ ព្រះពុទ្ធសាសនា ហើយធ្វើនូវទានដល់ទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះ។

   ឧបាសកឯណាប្រកបដោយវិបត្តិ ៥ យ៉ាងនេះ ត្រង់វិបត្តិឯណាមួយ ឧបាសកនោះ ឈ្មោះថា ឧបាសកចណ្ឌាល គឺឧបាសកដូចជាមនុស្សចណ្ឌាលផង ឈ្មោះថា ឧបាសកមលៈ គឺឧបាសកមានធម៌មន្ទិលសៅហ្មងផង ឈ្មោះថា ឧបាសកបដិកិដ្ឋៈ គឺ ឧបាសកដែលអ្នកប្រាជ្ញទាំងឡាយ លោកតិះដៀលផង។

សម្បត្ដិនៃឧបាសក

   ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌ នៃឧបាសកឲ្យបរិបូណ៌ឲ្យបរិសុទ្ធប្រពៃ ឈ្មោះថា​ សម្បត្តិ ៗ នោះមាន ៥ យ៉ាងគឺ

    • ១ -សទ្ធោ ហោតិ ឧបាសកមានសេចក្តីជឿជាក់ច្បាស់ក្នុងគុណព្រះរតនត្រ័យ។
    • ២ - សីលវា ហោតិ ឧបាសកមានសីល។
    • ៣ - ន កោតុហលមង្គលិកោ ហោតិ ឧបាសកមិនប្រកបដោយមង្គលភ្ញាក់ផ្អើល។
    • ៤ - កម្មំ បច្ចេតិ នោ មង្គលំ ឧបាសកប្រកាន់ជឿថា កម្មជាកុសល និងកម្មជាអកុសលឲ្យផល មិនប្រកាន់ជឿមង្គលមានឬក្សពារវេលាជាដើមឲ្យផលឡើយ។
    • ៥ - ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសកមិនសែ្វងរកទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈ អ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាឡើយ ហើយធ្វើទានតែក្នុងទក្ខិណេយ្យបុគ្គលក្នុងព្រះពុទ្ធសាសនានេះ។

   ឧបាសកឯណាប្រកបដោយសម្បត្តិ ៥ យ៉ាងនេះហើយ ឧបាសកនោះឈ្មោះថា ឧបាសករតនៈ គឺឧបាសកដូចជារតនវត្ថុមានកែវជាដើមផង ឈ្មោះថា ឧបាសកបទុមៈ គឺជាឧបាសកដូចជាផ្កាឈូកមានពណ៌សផង។

គុណនៃឧបាសក

   ធម៌សម្រាប់ឧបាសកឧបាសិកាប្រតិបត្តិគ្រប់រូប ដើម្បីនឹងឲ្យកើត ឲ្យចម្រើននូវសម្បត្តិទាំងពួងឈ្មោះថា គុណៗ នេះជារបស់ ឧបាសកឧបាសិកា ហៅថា ឧបាសកគុណ មាន១០យ៉ាងគឺ៖

    • ១ - សង្ឃេន សទ្ធឹ សមានសុខទុក្ខោ ហោតិ ឧបាសកអ្នករួមសេចក្តីសុខ ទុក្ខ មួយអន្លើដោយភិក្ខុសង្ឃ គឺថា បើភិក្ខុសង្ឃមាន
         សេចក្តីសុខក៏ត្រេកអរ បើភិក្ខុសង្ឃមានសេចក្តីទុក្ខព្រួយ ក៏ព្រួយជាមួយផង។
    • ២ - កាយិកវាចសិកពា្ច សុរក្ខិតំ ហោតិ ឧបាសកមានកាយកម្ម​និងវចីកម្មរក្សាហើយដោយប្រពៃ
    • ៣ - ធម្មោ អធិបតេយ្យោ ហោតិ ឧបាសកមានធម៌ជាអធិបតី គឺថាកាលបើប្រព្រឹត្តធ្វើអ្វីៗ រមែងកាន់យកធម៌ជាធំ ជាទីតាំងជាទីអាងមាំ មិនឲ្យខុសមិនឲ្យឃ្លៀងឃ្លាតអំពីធម៌ឡើយ។
    • ៤ - យថា ថាមេន សំវិភាគរតោ វ ហោតិ ឧបាសកជាអ្នកត្រេកអរក្នុងការបរិច្ចាគទានតាមសមគួរដល់ កម្លាំងនៃខ្លួន គឺធ្វើ
         ទានតាមសមគួរដល់ទ្រព្យតិច និងច្រើន បើមានតិចក៏ធ្វើតិច បើមានច្រើនធ្វើច្រើន មិនមានមច្ឆរិយធម៌គ្របសង្កត់    សន្តានចិត្តឡើយ។
    • ៥ - ជិនសាសនំ ជានិតុពា្ច វាយមតិ ឧបាសកឧស្សាហ៍ព្យាយាមដើម្បីនឹងឲ្យដឹងច្បាស់នូវសាសនៈ គឺពាក្យប្រៀនប្រដៅ    ពាក្យបណ្តាំនៃព្រះជិនស្រី។
    • ៦ - សម្មាទិដ្ឋិកោ វ ហោតិ ឧបាសកជាសម្មាទិដ្ឋិ គឺមានប្រាជ្ញាឃើញត្រូវតាមសេចក្តីពិត។
    • ៧ - អបគតោ កោតុហលមង្គលិកោវ ហោតិ ឧបាសកប្រាសចាកមង្គលភ្ញាក់ផ្អើលហើយជាអ្នកមិនប្រកាន់ជឿថា មង្គលមាន
         ឬក្សពារវេលាជាដើមឲ្យផលឡើយ ប្រកាន់ជឿតែកម្មជាកុសល និងអកុសលថាឲ្យផល។
    • ៨ - ជីវិតហេតុបិ អញ្ញំ សត្ថារំ ន ឧទ្ទិសតិ ឧបាសក បើទុកជាមានហេតុគួរដល់នូវសេចក្តីវិនាសជីវិតក្តី ក៏មិនលះបង់ព្រះរតនត្រ័យ
          ហើយត្រឡប់ទៅកាន់យកមនុស្សដទៃជាគ្រូអាចារ្យជាទីពឹងរបស់ខ្លួនថា ប្រសើរជាងព្រះរតនត្រ័យឡើយ។
    • ៩ - សមគ្គារាមោ វ ហោតិ ឧបាសកមានសេចក្តីត្រេកអរក្នុងសាមគ្គីធម៌ គឺសេចក្តីព្រមព្រៀងគ្នា។
    • ១០ - សាសនេ ចរតិ ឧបាសកប្រព្រឹត្តល្អក្នុងព្រះពុទ្ធសាសនា គឺប្រព្រឹត្តតាមតែធម៌ វិន័យជាពុទ្ធសាសនា។ ឧបាសកគុណ ១០ យ៉ាងនេះ ឧបាសកឧបាសិកាគប្បីប្រព្រឹត្តតាមកុំឲ្យឃ្លៀងឃ្លាតឡើយ ព្រោះជាធម៌អាចនឹងធ្វើចិត្តឧបាសក ឧបាសិកាអ្នកប្រព្រឹត្តប្រតិបត្តិឲ្យសុចរិតផូរផង់ក្នុងព្រះពុទ្ធសាសនា ហើយឲ្យបានជាបច្ច័យនៃនិពា្វនសម្បត្តិផង។

ចប់ឧបាសកនិទ្ទេសដោយសង្ខេបប៉ុណ្ណោះ។