ភាវេតព្វកិច្ច ចំរើនភាវនា

   ឧបាសកឧបាសិកាបានទទួលសមាទាននូវឧបោសថសីល ក្នុងថៃ្ងឧបោសថកាលនោះរួចហើយ បើចង់ឲ្យមានផលានិសង្សច្រើន ក្នុងថៃ្ងនោះ យប់នោះ ត្រូវសង្រួមកាយវាចា ឲ្យបានសមគួររៀបរយតាមពុទ្ធានុញ្ញាតទុកមក។

   ឯការសង្រួមកាយឲ្យបានសមគួរនោះ គឺត្រូវលះបង់នូវការងារទាំងឡាយមាន ភ្ជួរសែ្រកាប់ចំការជាដើមដែលជាការសៅហ្មង ដល់ ព្រហ្មចារីសីល ដែលខ្លួនបានទទួលសមាទានហើយក្នុងថៃ្ងនោះយប់នោះ សង្រួមវាចាឲ្យបានសមគួរនោះ គឺត្រូវលះបង់នូវតិរច្ឆានកថាទាំង ៣២យ៉ាង មាននិយាយ អំពីបាយ ស្រូវអង្ករ ថាអាក្រក់ល្អ អំពីទឹក ឬ អំពីដី ថាក្នុងទីនេះទីនោះ មានទឹកថ្លា ទឹកអាក្រក់ ដីល្អ ដីអាក្រក់ អំពីគ្រឿង ស្លៀកពាក់ ថាល្អអាក្រក់ អំពីញាតិរបស់ខ្លួន ថាល្អ ថាចំរើនដោយសេចក្តីសុខ អំពីរូបស្រី ប្រុសថាអាក្រក់ ថាល្អជាដើម ហើយគួរប្រកប ពោលនូវពាក្យជាទីសប្បាយ ១០ប្រការ មានពោលអំពីសីល៥ សីល៨ និងអានិសង្សនៃសីល៥ សីល៨ អំពីសមាធិកម្មដ្ឋានទាំ៤០ អំពី វិបស្សនាបញ្ញាជាដើម។

   បើបានសង្រួមកាយវាចាសមគួរហើយ ក្នុងថៃ្ងនោះយប់នោះ ត្រូវស្តាប់ធម៌ទេសនា ឬធ្វើនូវធម្មសាកច្ឆាគឺសាកសួរអំពីធម៌ បើមិនបាន ស្តាប់ធម៌នោះទេ ត្រូវសង្រួមចិត្ត តាំងចំរើននូវកម្មដ្ឋាន ក្នុងសមថកម្មដ្ឋានទាំង៤០ ប្រការ ត្រង់កម្មដ្ឋានណាមួយក៏បាន ឯកម្មដ្ឋានទាំង៤០ នោះមានសេចក្តីពិស្តារ នៅក្នុងគម្ពីរវិសុទ្ធិមគ្គបាលី ឬសម្រាយ ត្រង់សមាធិនិទ្ទេស ជានិទ្ទេសទីពីរ ក្នុងទីនេះ មិនបានសំដែងអំពីកម្មដ្ឋាន ទាំងនោះដោយសព្វគ្រប់ទេ គ្រាន់តែប្រាប់របៀប និង ធម៌ដែលត្រូវចំរើននោះខ្លះប៉ុណ្ណោះ។ ពុទ្ធភាសិតសំដែងថា អ្នកនឹងចំរើនមូលកម្មដ្ឋាន គឺពុទ្ធានុស្សតិកម្មដ្ឋានជាមុនសិន ហើយទើបឲ្យចំរើន នូវកម្មដ្ឋានឯទៀតតទៅ តាមគួរដល់អធ្យាស្រ័យ។

   វិធីដែលនឹងចំរើននោះដូច្នេះ ឧបាសកឧបាសិកាមុនដែលនឹងចំរើនកម្មដ្ឋាននោះ ត្រូវពិចារណានូវទោសនៃកាមគុណឲ្យឃើញច្បាស់ថា រូប សំលេង ក្លិន រស សម្ផស្ស ទាំង៥នេះ រមែងកើតទោសទុក្ខផ្សេងៗ ឬនឹងពិចារណានូវខន្ធ៥ ឲ្យឃើញថាជា អនិច្ចំ ទុក្ខំ អនត្តា គឺឲ្យឃើញថា រូបក្ខន្ធនេះមិនទៀង តែងវិនាសទៅដោយហេតុផ្សេងៗ មានវិនាសដោយចំហាយក្តៅ ត្រជាក់ជាដើម រូបនេះរមែងនាំមកនូវសេចក្តីទុក្ខ ព្រួយ រូបនេះរមែងបែកធ្លាយជាធម្មតា រកខ្លឹមសារគ្មានសោះឡើយ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ សោតក៏ជាអនិច្ចំ ទុក្ខំ អនត្តាដូចគ្នា នឹង រូបក្ខន្ធនោះដែរ។

   ម្យ៉ាងទៀត គប្បីពិចារណាធម៌ដែលជាទីសង្វេគនោះថា ជនទាំងឡាយ​ ដែលកើតមកក្នុងលោកនេះ រកទីពឹងពុំនាក់ឲ្យមាំមួននោះពុំមាន សុទ្ធតែជាអ្នកកំព្រាម្នាក់ឯង មាន មាតា បិតា ស្វាមី ភរិយា កូនប្រុស ស្រី មិត្តសំលាញ់ មានទ្រព្យសម្បត្តិ ក៏ទុកដូចជាគ្មាន ព្រោះថា ជនទាំងឡាយមានមាតាបិតាជាដើមនោះ មិនអាចនឹងបែងចែក នូវសេចក្តីសុខ ទុក្ខ ឲ្យដល់គ្នាបានឡើយ មិនអាចនឹងជួយការពារ ឬជូន ដំណើរគ្នាទៅ ក្នុងកាលដែលមរណសង្រ្គាម មកដល់ចំពោះរូបនីមួយៗនោះបានឡើយ ពេលដែលមរណសង្រ្គាមមកដល់ខ្លួនសត្វទាំងអស់ ក៏ជាអ្នកឥតមានគ្នីគ្នាឡើយ បើប្រទះបានសេចក្តីទុក្ខ ដែលកើតអំពីអកុសលកម្មដែលខ្លួនធ្វើហើយ ក្នុងកាលមុនស្លាប់នោះ ក៏ត្រូវតែទទួល យកនូវសេចក្តីទុក្ខនោះដោយឆាប់រហ័ស ឬបើប្រទះបានសេចក្តីសុខដែលជាផលនៃកុសលកម្ម ដែលខ្លួនបានកសាងមកហើយក្នុងពេលមុន ស្លាប់នោះក៏ត្រូវទទួលសោយសុខដោយបរិបូណ៌ ចំពោះតែខ្លួនមួយប៉ុណ្ណោះ ទោះខ្លួនមានទ្រព្យសម្បត្តិក្នុងលោកនេះតិចច្រើនប៉ុន្មានៗក្តី ក៏មិនអាចយកទៅផងបានឡើយ។

   កាលបើឧបាសកឧបាសិកា បានពិចារណាដូច្នេះហើយ ក៏នឹងឃើញថា សព្វមនុស្សប្រុសស្រីទាំងអស់ នឹងរកគ្នីគ្នាមកជាទីពឹងពុំនាក់ ឲ្យបាន មាំមួននោះពុំមានឡើយ ឃើញតែគុណទាំងឡាយ មានគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង ទានសីល ភាវនា ជាដើមនេះឯង ទើបជាទីពឹង ដ៏វិសេស អាចនឹងជួយឧបត្ថម្ភ គាំពារទំនុកបម្រុង ក្នុងកាលដែលមច្ចុសង្រ្គាមមកដល់ ផ្តាច់ផ្តិលនូវជីវិតិន្រ្ទិយរបស់សត្វទាំងពួងនោះ ឲ្យសុខ បានស្រួលរៀងដរាបទៅដល់លោកខាងមុខទៀតបាន។

   ឧបាសកឧបាសិកា កាលបើពិចារណាឃើញសេចក្តីយ៉ាងនេះហើយ ក៏នឹងមានចិត្តឱនទៅកាន់ពុទ្ធគុណ ធម្មគុណ សង្ឃគុណ បើឃើញ ថា ចិត្តរបស់ខ្លួនឱនទៅកាន់គុណព្រះរតនត្រ័យហើយ គប្បីពិចារណានូវព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទាំង១០ព្រះនាម មានអរហំ ជាដើម ឲ្យបានកើតសេចក្តីជ្រះថ្លាក្នុងព្រះនាមទាំងនោះ ហើយគប្បីលើកឡើងនូវព្រះនាមទាំងនោះមកភាវនា គឺថាយកគុណទាំងនោះមក នឹករំពឹងតែក្នុងចិត្តម្យ៉ាង មិនបានបពោ្ចញវាចាឲ្យលន់ឮឡើយ។

   ឯកិច្ចដែលនឹងអង្គុយចម្រើនភាវនានោះ ក្នុងបាលីដែលជាពុទ្ធភាសិតបង្គាប់ថាអង្គុយពែនជើង ហើយធ្វើកាយឲ្យត្រង់ល្មមស្រួល បែរមុខ ឲ្យចំទៅមុខ តំកល់ស្មារតីឲ្យនឹង នៅក្នុងអារម្មណ៍ដែលខ្លួនបម្រុង នឹងលើកឡើងមកកាន់វិធីភាវនានោះ។

វិធីដែលនឹងភាវនានោះ មាន ៣ យ៉ាងគឺ

   ១ - ឲ្យរំពឹងថា ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោក វិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ ភគវាតិ។ ហើយត្រឡប់មកតាំងរំពឹងពីខាងដើមទៅទៀត។ រំពឹងយ៉ាងនេះទោះ ១០០ចប់ ឬ ១០០០ចប់ ក៏បានតាមកម្លាំងសទ្ធា។

   ២ - នឹងរំពឹងថា សោ ភគវា ឥតិបិ អរហំ សោ ភគវា ឥតិបិ សម្មាសម្ពុទ្ធោ សោ ភគវា អិតិបិ វិជ្ជាចរណសម្បន្នោ ។ល។ សោ ភគវា ឥតិបិ ភគវា ហើយត្រឡប់មកតាំងនឹករំពឹងខាងដើមទៅទៀត យ៉ាងនេះបាន ១រយចប់ ឬ ១ពាន់ចប់ ក៏បាន។

   ៣ - នឹងនឹករំពឹងតែមួយបទៗ ដូចរំពឹងថា អរហំៗ.. ឬថា សម្មាសម្ពុទ្ធោៗពុទ្ធោ ៗ ឬថា ភគវាៗ ដូច្នេះ ក៏បាន នឹករំពឹងយ៉ាងនេះក្នុង ១បទៗ ទោះបាន ១រយចប់ក្តី ១ពាន់ចប់ក្តី តាមពេញចិត្តរបស់ខ្លួន ត្រូវនឹករំពឹងដោយដឹងសេចក្តីផង ដូចមានបែបប្រែក្នុងត្រៃប្រណាម ខាងដើមនោះស្រាប់ហើយ។

   ឯទីសេនាសនៈដែលឧបាសកឧបាសិកា នឹងអង្គុយចម្រើននោះ គប្បីរកទីឲ្យស្ងាត់ ទាំងពេលសោត ក៏ត្រូវរកឲ្យស្ងាត់ ចាកសូរសព្ទ សំឡេងទាំងពួង កុំអោយលាន់ឮគឹកកង ដើម្បីនឹងធ្វើអារម្មណ៏ឲ្យតាំងនៅនឹងល្អ។

   កាលបើឧបាសកឧបាសិកាបានតាំងភាវនារំពឹងដល់ពុទ្ធគុណដូច្នេះហើយ ក៍នឹងឲ្យបានកើតបានតែត្រឹមបីតិ៥ យ៉ាងគឺ៖

  • ១ -ខុទ្ទកា បីតិ សេចក្តីត្រេកអរព្រឺរោមព្រឺសែ្បក។
  • ២ -ខណិកា បីតិ សេចក្តីត្រេកអរប្រាកដដូចជាផ្លេកបន្ទោរ។
  • ៣ - ឱក្កន្តិកា បីតិ សេចក្តីត្រេកអរមានអាការដូចជារលកទឹកបោកខ្ទប់មកត្រូវ។
  • ៤ -ឧព្វេង្គា បីតិ សេចក្តីត្រេកអរខ្លាំងអាចញ៉ាំងកាយឲ្យអណែ្តតឡើង ។
  • ៥ - ផរណាបីតិ សេចក្តីត្រេកអរ ធ្វើឲ្យត្រជាក់ជ្រួតជ្រាបទួទៅក្នុងកាយ។

   បីតិ៥ប្រការនេះ ត្រង់បីតិណាមួយ រមែងកើតឡើងដោយអំណាចភាវនា រំពឹងដល់ពុទ្ធគុណដែលជាមូលកម្មដ្ឋាន ហើយនឹងបាន ផលានិសង្ស អាចឲ្យសម្រេចបាន ត្រឹមឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់អប្បនាឈាន  គឺបឋមឈាននោះបានឡើយ ព្រោះពុទ្ធ គុណនេះ ជាគុណជ្រាលជ្រៅអនេកអនន្តពន់ពេកណាស់ អ្នកដែលចម្រើននោះមិនអាចនឹងពិចារណាឲ្យយល់សព្វគ្រប់ទៅបាន។

ចប់ភាវេតព្វកិច្ច ដោយសង្ខេបប៉ុណ្ណេះ