វិសាខបូជា

ដោយ ធម្មសិរី ភិក្ខុ
ថ្ងៃបុណ្យវិសាខបូជា ដោយកែវ ឈុន
**********************************************

     ថ្ងៃ១៥កើតខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពុទ្ធសាសនិកជន គ្រប់រូបទួទាំងពិភពលោក តែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យ ប្រពៃណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជាដែលប្រារព្ធឡើងក្នុង ឆ្នាំ២០១២នេះ ដើម្បីរំលឹកដល់ថ្ងៃកំណើត (ខួបទី ២៦៣៦) ថ្ងៃចូលបរិនិព្វាន (ខួបទី២៥៥៦) និងថ្ងៃ ត្រាស់ ដឹង(ខួបទី២៦០១) របស់ព្រះសមណគោតម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធ បរមគ្រូ នៃយើង។អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើតខែវិសាខ តែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។ ទាក់ទងនឹងថ្ងៃវិសាខបូជានេះដែរ អង្គការ សហប្រជាជាតិ ក៏បានធ្វើការប្រកាសទទួលស្គាល់ជាឱឡារិកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យអន្តរ ជាតិមួយ ដែលគេអាចធ្វើនៅតាម ការិយាល័យអង្គការសហប្រជាជាតិនានាក្នុងសកលលោក។ ហើយនៅថ្ងៃនោះដែរ អង្គការវប្បធម៌ វិទ្យា សាស្ត្រអប់រំ សហប្រជាជាតិ (UNESCO) ក៏បាន ប្រកាសដែរថា ថ្ងៃវិសាខបូជា គឺជាថ្ងៃទិវាមត៌កពិភលោក។

     ការប្រកាសគាំទ្រ ឲ្យតម្លៃ និងការប្រារព្ធឡើងនូវវិសាខបូជា ជារៀងរាល់ឆ្នាំ នេះ ក៏ព្រោះតែគេឃើញគុណតម្លៃនៃពាក្យអប់រំដ៏ជ្រាលជ្រៅ កាត់ថ្លៃ ពុំបានរបស់ ព្រះសម្មាសម្ពុទ្ធ។

     នៅក្នុងឆ្នាំព.ស.២៥៥៦ ឆ្នាំសាកល២០១២នេះ ជាឆ្នាំត្រូវនឹងខួបទី២៦០១ នៃ ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ព្រោះ ព្រះពុទ្ធសករាជចាប់រាប់ជា ឆ្នាំទី១ មួយថ្ងៃក្រោយការបរិនិព្វានរបស់ព្រះអង្គ បើគិតមកដល់ថ្ងៃនេះ បាន ២៥៥៦ ហើយ។ រីឯព្រះមានព្រះភាគ នៃយើង បានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណមុន ពុទ្ធសករាជ ៤៥ ឆ្នាំ ដូច្នេះ ឆ្នាំនេះ ចាប់តាំងពីព្រះអង្គ បានត្រាស់ជាព្រះពុទ្ធមក មានចំនួន គ្រប់២៦០១ឆ្នាំគត់ ត្រឹមថ្ងៃ១៥កើត ខែវិសាខ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ នេះ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១២។

     ជាសំណាងដ៏ប្រពៃពេកណាស់ ដោយឆ្នាំនេះ វិសាខបូជា ត្រូវចំថ្ងៃសៅរ៍ ដែល ជាថ្ងៃឈប់សម្រាកពីការងាររបស់ពុទ្ធបរិស័ទខ្មែរយើងទាំង អស់នៅប្រទេសស្វីសនេះ គណកម្មការមណ្ឌលវប្បធម៌ខ្មែរប្រចាំសហព័ន្ធស្វីស ជ្រើសយកថ្ងៃសៅរ៍ទី ០៥ នេះ ជាថ្ងៃប្រារព្ធធ្វើពិធីបុណ្យ វិសាខបូជាតែម្តង ហើយដើម្បីឲ្យពុទ្ធបរិស័ទទាំងអស់ បាន មកស្គាល់ទីស្នាក់ការមណ្ឌលវប្បធម៌ថ្មីរបស់ខ្មែរយើងផង។ ខ្ញុំមានសេចក្តីរីករាយ ជា ពន់ពេកណាស់ ដោយបានឃើញញាតិមិត្ត បងប្អូន កូនក្មួយ ទាំងខ្មែរ និងស្វីស បាន មកជួបជុំគ្នានាទីស្នាក់ការថ្មីនៃមណ្ឌលវប្បធម៌ខ្មែរ យើងនេះ ។

     ដោយអំណាចនៃបុញ្ញកិរិយាវត្ថុទាំងឡាយ ដែលបានធ្វើហើយ ក្នុងថ្ងៃនេះ សូមឲ្យព្រះគុណម្ចាស់ញាតិញោមទាំងអស់ បានជួបប្រទះតែនឹង សេចក្តីសុខចម្រើន គ្រប់ប្រការ និងសូមប្រកបដោយនូវពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសេចក្តីចម្រុងចម្រើន ជាភិយ្យោភាព រហូតដល់ព្រះនិព្វានជាទីអវសាន្ត កុំបីឃ្លៀងឃ្លាតឡើយ។ សូមអនុមោទនា!!! ​

-----------------------------------------------------------