សេចក្ដីផ្តើម

  នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងធ្វើពិធីរៀបចំទទួលទេវតាឆ្នាំថ្មី រៀបចំធ្វើម្ហូបអាហារ ចង្ហាន់​យក​ទៅ​វត្ដ និង​ស្វែង​រក​ជួប​ជុំ​បង​ប្អូន​កូន​ចៅ អ្នក​ខ្លះ​ធ្វើដំណើរទៅកាន់ភូមិកំណើត ហើយខ្លះទៀតដើរកំសាន្ដលេងតាមរមណីយដ្នាន​ជិត​ឆ្ងាយ ទៅ​តាម​​ចំណង់​ចំណូល​ចិត្ដ​រៀងៗ​ខ្លួន​។ មិន​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង ទាំងប្រុសទាំងស្រីទាំង​ក្មេង​ទាំង​ចាស់​ប្រា​កដ​ជា​រីក​រាយ​សប្បាយ​​នឹង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​យើង​ ហើយយើង​ទាំងអស់គ្នា​ ប្រាកដ​ជា​រាប់​ថា មាន​អាយុ​មួយ​ឆ្នាំ​បន្ថែម​ពី​លើ​អាយុ​ដែល​មាន​។ ឆ្នាំ​ដែល​​បង​ប្អូន​ជាតិខ្មែរយើង នឹងទទូល​បាន​នេះ​ប្រាកដ​ជា​ឆ្នាំ​ដែល​ប្រកប​ដោយសេចក្ដីសុខស​ប្បាយ​រក​ស៊ី​កាក់​កប គ្រួ​សារ​រីក​ចំរើន​គ្រប់ៗ​គ្នា ព្រោះ​ភាព​ចង្រៃ​​អពមង្គល​ពី​ឆ្នាំ​ចាស់​ បាន​ឆ្លង​ផុតទៅ​ហើយ ហើយឆ្នាំថ្មីក៏ចូលមកដល់។

  កាលពីឆ្នាំចាស់ សំរាប់​មនុស្ស​ខ្លះ គេ​អាច​ចាត់​ទុក​ថា ជា​ឆ្នាំ​ដែល​ប្រកប​ដោយ​ក្ដី​ចំរើន​រក​ស៊ី​កាក់​កប កើត​កាល​វាល​គុម្ព​ក្នុង​គ្រួសារ មាន​ទ្រព្យ​សម្បត្ដិ​ចូល​បរ​បូណ៌​ហូរ​ហៀរ ប៉ុន្ដែ​សំរាប់​មនុស្ស​ផ្សេង​ទៀត​ ជា​ពិសេស​ប្រ​ជា​ជន​កម្ពុជា ដែល​ភាគ​ច្រើន​ជា​កសិករ​អ្នក​ស្រែ​ចំការ ធ្វើ​ការ​ហាល​ថ្ងៃ​ហាល​ខ្យល់ គាត់​ចាត់ទុក​ថា ជា​ឆ្នាំ​អព​មង្គល​គ្រោះ​ថ្នាក់​ ព្រោះ​ពួក​គាត់​បាន​ទទួល​រង​គ្រោះ​ថ្នាក់ ស្រែ​ស្រូវ​ខូច​ខាត ព្រោះ​ជួប​ប្រទះ​នឹង​ភាព​រាំង​ស្ងួត​ហួត​ហែង ឯ​ខ្លះ​ទៀត​ត្រូវ​ជួប​ប្រទះ​នឹង​ភាព​ជន​លេច​ ខូត​ខាត​យ៉ាង​ដំ​នាំ​ ធ្វើ​អោយ​ជីវ​​ភាព​ប្រ​ចាំ​ថ្ងៃ​ មាន​ការ​លំ​បាក​យ៉ាប់​យើន​តាន​តឹង​យ៉ាង​ច្រើន​ឥត​គណនា​។ ព្រិត្ដិ​ការណ៍​ដែល​កើត​ឡើង​សំរាប់​ឆ្នាំ​ចាស់​នោះ ពួក​គាត់​មិន​ចង់​ឃើញ​ថែម​ទៀត​ទេ ហើយ​ម្យ៉ាង​ទៀត ឆ្នាំ​ដែល​គាត់​ទទួល​បាន​គ្រោះ​ថ្នាក់​នោះ​គឺ​​ជា​ឆ្នាំ​រោង​ មាន​ការ​គ្រប់​គ្រង​ឆ្នាំ​ ដោយ​​សត្វ​ពស់​នាគ​រាជ​ ជា​ស្ដេច​សត្វ​ទឹក​មួយ​ប្រ​ភេទ​​ដែល​មាន​រិទ្ធិ​អំណាច​បារមី​ដ៏​ខ្លាំង​ក្លា ​បង្ក​ឲ្យ​មាន​សេចក្ដី​លំបាក​ច្រើន​។ សំរាប់​ឆ្នាំ​នេះ​វិញ គឺ​ជា​ឆ្នាំ​ម្សាញ់ មាន​សញ្ញា​សំគាល់​ដោយ​សត្វ​ពស់​វិញ​។

ពស់ប្លែកៗនៅលើពិភពលោក

  សត្វពស់ជាប្រភេទសត្វលូន មានដងខ្លួនវែងតែគ្មានជើង មានអណ្ដាតឆែកជាពីរ មានឆ្អឹងជំនីច្រើន ហើយដងខ្លួនទាំងមូលគ្រប​ដណ្ដប់​ដោយ​ស្រកា ពភ្លីក​ពភ្លក់​ឆ្នូត​លាយ​លំ​ពណ៌​ខ្មៅ​ស ក្រហម ខៀវត្រួយចេក ប្រ​ផេះ ទីក​ក្រូច​ជាដើម ដែលចែកចេញជាប្រភេទ​ពស់​មាន​ពិស និង​គ្មាន​ពិស ហើយ​ពស់​ទាំង​ពីរ​ប្រ​ភេទ​រួម​មាន​ពូជ​ពស់​ប្លែកៗពីគ្នាដល់ទៅ ៣០០០ពូជរស់នៅលើពីភពលោកយើងនេះ។ គេ​ឲ្យ​ឈ្មោះ​ពស់​ប្លែកៗ ​ដែល​ជួន​កាល​ស្ដាប់​ទៅ​ហើយ​គួរ​ឲ្យ​ក្លាច​ណាស់​ទៀត​ផង ដូច​ជា៖

  ពស់ពោតបិសាច (Ghost Corn Snake) : ជាប្រភេទពស់ម្យ៉ាងមាន មានពណ៌ប្រផេះលាយនឹងពណ៌កាហ្វេ មានដងខ្លួនតូច ប្រ​វែង​មិន​ដល់​មួយ​ម៉ែត្រ​ផង វា​មាន​ចរិត​​ស្លូត​​បូត មិន​មែន​កាច​សាហាវ​ដូច​ជាឈ្មោះបានលឺឡើយ។ ពស់ពោតបិសាច រស់​នៅ​អា​មេ​រិក​ខាង​កើត ឬ​ម៉ិច​ស៊ិច​។

 ស្ដេចពោះស្ដេចច្រវាក់ ខាងកើត (E. Chain King) : ជាប្រភេទពស់ដែលមានពណ៌ក្រឡេក្រឡាចំរុះ ហើយសរុបមានពូជពង្ស វង្សត្រកូល ២០​យ៉ាង​ទៀត ដែល​គេ​ដាក់​ឈ្មោះ​វា​ទៅតាមពណ៌ផ្សេងៗ​ពី​គ្នា ពូជ​ពស់​ប្រ​ភេទ​នេះ​មាន​នៅរដ្ឋកាលីហ្វ័រនីញ៉ា វាមានក្រឡាកាត់កង់ៗ ប្រៀប​ដូច​ជា​​ខ្សែ​ច្រ​វាក់​មាស​មួយ​យ៉ាង​​ល្អ​​ប្រ​ណិត​។

 ស្ដេចពស់ប្រផេះ លាយពណ៌ទឹកក្រូច (Grey Banded King) : ជាប្រភេទពូជស្ដេចពស់មួយ ដែលមានដងខ្លួនប្រវែងត្រឹម ០,៩០ម តែ​ប៉ុណ្ណោះ វា​មាន​ចរិត​លក្ខណ​កាច​បន្ដិច វា​ចឹក​មនុស្ស ហើយ​សូម្បី​តែ​ប្រ​ភេទ​ពស់​ដូច​គ្នា​វា ក៏វាអាចចាប់ជាណីលេបទាំងរស់ដែរ។

 ស្ដេចពស់ស្វាយព្រលែត (Lavender King) : ជាពូជស្ដេចពស់មួយ ដែលអាចប្រែពណ៌ទៅតាមកាលវេលា ពេល​យប់​ងងឹត​គេ​អាច​មើល​ឃើញ​វា​យ៉ាង​ច្បាស់​ត្រលែត ព្រោះស្រ​កា​វា​មាន​ពណ៌​ភ្លឺ​ភ្លែត​ៗ​។ តែ​នៅ​ពេល​ថ្ងៃ គឺមានពណ៌ស្វាយស្រអាប់ធម្មតា។

 ពស់ថ្លាន់ Anaconda : ជាប្រភេទពូជពស់ធំជាងគេ វារស់នៅតាមវាលភក់ ឬក្រោមកំប្លោកដើម្បីពួនសំងំចាំចាប់សត្វស៊ីជាអា​ហារ​។ ពស់​ថ្លាន់​ញីពេល​វា​មាន​ផ្ទៃ​ពោះ វា​នឹង​ឈប់​ស៊ី​ចំណីអាហាររហូតដល់វាកើតកូន ដែលមានរយៈពេលប្រមាណ ៧ខែ។ ដល់ពេល​រដូវ​បន្ដ​ពូជ ពស់​ថ្លាន់​ញី Anaconda ត្រូវតែស្វែងរកចំណីអាហារណាដែលធំ នឹងអាចទ្រទ្រង់ជីវិតវាអោយបានយូរ វាពូកែលបឆ្មក់ចាប់សត្វជាចំណីអាហារជាទីបំផុត ហើយវា​អាចលបចាប់សត្វធំៗមានទំងន់រហូតដល់ ៧០គីឡូក្រាមជាចំណីអាហាររបស់វាបានយ៉ាងស្រួលទៀតផង។ នៅពេលវាយប្រហារ​លើ​ចំណី​អា​ហារ វា​ខាំ​ចំ​ណី​យ៉ាង​ជាប់ ដោយ​ថ្គាម​ទាំង​ពីរ ហើយចាប់ផ្ដើមរុំព័ទ្ធដើម្បីរក្សាកុំអោយចំណីរត់រួច វារួបរិតរហូតសត្វជាចំណីលែងដក​ដង្ហើម​។ ពេល​សត្វ​ជា​ចំណី​ដាច់​ដង្ហើម​ឈប់​កំរើក​ ហើយ​វា​ចាប់​ផ្ដើមលេបសត្វនោះទាំងមូលតែម្ដង ព្រោះថា ថ្គាមវាអាចបើកបានមុំ ១៨០ ដឺក្រេ ហើយ​ប្រើ​សាច់​ដុំ​ដង​ខ្លួន​លេប​ចំណី​ដោយ​យឺត​ៗ​។

រឿងពស់កេងកង និងភាពល្បីល្បាញ

  រឿងពស់កេងកង ត្រូវបានចុះផ្សាយ នៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ១ របស់ពុទ្ធសាសនបណ្ឌិត្យ ជាកម្រង​រឿង​មួយ​ដែល​លាត ត្រ​ដាង​អំពី​ស្នេ​ហា​សត្វ​ពស់​នឹង​ស្រ្ដី​ម្នាក់​ឈ្មោះ​នាង​នី​។ ពេលប្ដីទៅជួញអង្កាំ នាងនី និងកូនស្រីបាននាំគ្នាទៅរកអុសក្នុង​ព្រៃ​ជ្រៅ​។ ពេល​នាង ពុះ​អុស​ ផ្លែ​ដឹង​របស់​នាង​ក៏​រង្គោះ​របូត​ចូល​ទៅ​ក្នុង​រន្ធពស់។ នាងនីបានសុំអង្វរអោយពស់កេងកងហុចផ្លែដឹងអោយនាងវិញ​។ ពស់​កេង​កង​ យល់​ព្រម​ហុច​ដឹង​អោយ​វិញ ដោយ​សុំ​ស្រ​លាញ់​នាង​នី​ធ្វើ​ជា​ប្រពន្ធ។ រាល់ៗរាត្រី នាងនីតែងប្រើនាងអេត កូនស្រីអោយទៅ​ហៅ​ពស់​កេង​កង​មក​ដេក​ជា​មួយ​។

  ប្ដី​នាង​នី​ត្រលប់​ពី​ជួញ​អង្គាំ​វិញ ឃើញ​ប្រពន្ធ​ពោះ​ធំ​នឹក​សង្ស័យ ហើយ​សួរ​នាង​អេត​ដឹង​ថា​ នាង​នី​ជា​ម្ដាយ​មាន​សហាយ​ស្មន់​ជា​មួយ​ពស់​កេង​កង​។ ប្ដី​នាង​នី​ប្រើ​ឧបាយកល​ អោយ​នាង​អេត​ទៅ​បញ្ឆោត​ហៅ​ពស់​កេង​កង​អោយ​ចូល​មក​រក​នាង​នី​ ពេលពស់កេង​កង​លូន​ចូល​មក​ដល់​មាត់​ទ្វារ​ មាណពប្ដីនាងនីកីកាប់​ពស់​ដាច់ក ស្លាប់​បាត់​ទៅ ហើយ​សាច់​មក​ធ្វើ​ម្ហូប​អោយ​នាង​នី​បរិ​ភោគ​ទៀ​។ លុះ​នាង​នី​មាន​ផ្ទៃ​កាន់​តែ​ចាស់​គរ​បន្ដិច មាណព​​ជា​ប្ដី​ក៏​បបួល​នាង​ទៅ​​មុជ​ទឹក​កក់​សក់​ក្នុង​ព្រៃ​ជ្រៅ ហើយ​ហូត​ដាវ​កាប់​នាង​ពី​ក្រោយ​ខ្នង​ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ពេល​នោះ​មាន​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​ពី​ពោះ​នាង​នី​មក​។ ប្ដី​នាង​នី ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់​ក៏​លូន​ចូល​ដី​ក្រហែង​បាត់​អស់​ទៅ​។ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពស់ច្រើន​បែប ច្រើន​យ៉ាង​រហូត​មក​ដល់​ឥឡូវ​នេះ​។

  រឿងពស់កេងកង ជារឿងមួយឆ្លុះបញ្ចាំងអំពីស្នេហាផិតក្បត់ ដោយកិលេសតណ្ហា គំនំគំគួនកាចសាហាវចងអា​ឃាត កាប់​សំលាប់​ដោយ ហឹង្សា​អស្ចារ្យ​។ រឿង​នេះ​ត្រូវ​ក្រុម​ហ៊ុន​ផលិទ្ធ​កម្មភាពយន្ដខ្មែរជ្រើសថតជាខ្សែភាពយន្ដក្នុងទស្ស​វត្ស​ឆ្នាំ៦០​ និង ឆ្នាំ​២០០១​។ រឿង​ពស់​កេង​កង​ និង រឿង​កូន​ពស់​កេង​កង​នៅ​ឆ្នាំ​២០០១ សុទ្ធ​តែ​ដាក់​សាច់​រឿងវគ្គខាងដើមដូចរឿងព្រេងនិទានដូចគ្នា តែវគ្គបន្ដ សាច់រឿងមានលក្ខណ​ប្លែក​ពីគ្នា​ទាំង​ស្រុង​។ រឿង​ដែល​ថត​នៅ​ទស្ស​វត្ស​ឆ្នាំ ៦០ បន្ដ​ពី​ពេល​ដែល​នាងនីត្រូវប្ដីនាំយកទៅសំលាប់ មានកូនពោះមួយបានរត់រួចខ្លួន។ កូនពោះ​នោះ​បាន​ទទួល​ពរ ពី​ចិញ្ចៀន​ពេជ្រ​អច្ឆិរិយៈ បានក្លាយ​ទៅ​ជា​កំលោះ​សង្ហា​ម្នាក់ បាន​ទៅស្រលាញ់ស្នេហ៍សិទ្ធ និងនាងក្រមុំសុរិយា កូនសេដ្នីកំព្រា​ម្តាយ ហើយ​មាន​ ម្ដាយ​ចុង ដ៏​មាន​ចិត្ដ​ច្រ​ណែន​ឈ្នា​​និស​កាច​សា​ហាវ​យ៉ាងខ្លាំង។

  ក្រមុំកំលោះទាំងគូ បានរៀបការនឹងគ្នាជាស្វាមីភរិយា ធ្វើអោយម្ដាយចុងចិត្ដរិស្សាច្រណែនឈ្នានិសយ៉ាងខ្លាំង ហើយបានទៅ​ឃុប​ឃិត​និង​គ្រូ​ ធ្មុប​ម្នាក់​ ឲ្យ​ជួយ​​កំ​ចាត់​គូ​ស្នេហ៍​ទាំង​ពីរ​​។ នៅ​​ក្នុង​ពិធី​លៀង​ភោជ​នា​ហារ ម្ដាយ​ចុង​នាង​សុ​រិយា​​បាន​លួច​ដាក់ដាក់ថ្នាំពិស ដែលបាន​ពី​គ្រូ​ធ្មុប​ចូល​ទៅ​ក្នុង​​កែវ​​ស្រា រួច​​​អោយ​​ស្វាមី​​​នាង​​សុរិយា​ផឹក ពេល​​​ដេក​​ដួល​​ក្នុង​ភាព​ស្រ​វឹង​លែង​​ដឹង​ខ្លួន ម្ដាយ​ចុង​ចិត្ដ​កំណាច​ក៏​លួច​ដោះ​យក​​ចិញ្ចៀន​​ទិព្វ​យក​ទៅ​​អោយ​គ្រូ​ធ្មុប​ឃាំង​ទុក​នៅ​ក្នុង​រូង​ភ្នំ​បាត់​ទៅ​។ ប្រាំពីរ​​ថ្ងៃ​ក្រោយ​មក​ ស្វាមី​នាង​សុរិ​យា​ក៏ក្លាយ​ទៅ​ជា​ពស់​ដូច​ដើម​វិញ ហើយបានរត់​ទៅ​ជ្រោក​នៅ​ក្នុង​​រូង​ភ្នំ​មួយ នាង​​សុរិយា​​បាន​​​តាម​​ទៅ​​រស់​នៅ​ជា​មួយ​ស្វាមី ហើយ​កើត​បាន​កូន​ស្រី​ម្នាក់ មាន​សក់​សុទ្ធ​​តែ​សត្វ​ពស់​​វារ​រវើក​នៅ​លើ​ក្បាល​​។ ក្រោយ​​មក​​កូន​​ស្រី​​នេះ បាន​ទៅ​លួច​យក​បាន​ចិញ្ចៀន​ទិព្វ​​ពី​ស្រី​មេ​ធ្មុម​កំ​ណាច​មក​វិញ បុរស​​ស្វាមី​​នាង​សុរិយា​ក៏​បាន​ក្លាយ​មក​ជា​មនុស្ស​ធម្ម​តា​វិញ​ដែរ។

  ខ្សែភាពយន្ដរឿងពស់កេងកងខ្មែរកាលនោះ បានល្បីល្បាញធ្វើអោយកក្រើកទីក្រុងបាងកក និងហុងកុងយ៉ាងខ្លាំង មាន​ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​នាំ​គ្នា​ទៅ​ទស្សនា រឿង​ពស់​កេង​កង​ខ្មែរ​។ ដោយសាររឿងនេះ អ្នកស្រីឌីសាវេត ដែលជាតួអង្គសំដែងក្នុងរឿង ក៏​ត្រូវ​បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​​ណាស់​ដែរ ផលិត​កម្ម​ទី​ក្រុង​បាង​កក និង​ផលិតកម្មហុងកុង បានអញ្ញើញអ្នកស្រីអោយចូលរួមសហការគ្នាថតខ្សែភាពយន្ដ។

  ចំណែកឯខ្សែភាពយន្ដរឿងកូនពោះកេងកងថតនៅឆ្នាំ២០០១ កូនពស់ដែលរត់រួចខ្លួនគឺជាតួស្រីទៅវិញ នាង​ត្រូវ​បាន​តា​សច្ចំ​ម្នាក់​រើស​យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែរក្សា ដាក់​ឈ្មោះ​ថា សុរិយា​។ នាងសុរិយា មានសក់ជាសត្វពស់វាររវើកនៅលើក្បាល រស់នៅក្នុងព្រៃ​ជា​មួយ​តា​​សច្ចំ​។ ដូច​គ្នា​នឹង​រឿង​ពស់​កេង​កង​ចាស់​ដែរ រឿងកូនពស់កេងកងក៏មានភាពល្បីយ៉ាងខ្លាំងណាស់ដែរ រឿងនេះត្រូវពួកថៃ​ថត​ចម្លង​ដាក់​លក់​ពាស​ពេញ​ប្រ​ទេស​ថៃ ហើយ​កាល​នោះខ្ញុំបានទទួល CD រឿងនេះមួយបន្ទះពីមិត្ដភក្ដិនៅថៃ។ ដោយសារតែរឿងកូនពោះ​កេង​កង​នេះ មាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ទស្ស​និក​ជន នាង​ពេជ្រ ចន្ទ​បរមី ដែល​ដើរតួជាកូនពស់កេងកងឈ្មោះនាងសុរិយា ក្លាយជាតារា​ខ្មែរ​មួយ​ដួង​ត្រូវ​បាន​មហាជន​ថៃ និង​ផលិកម្ម​ថៃ​គាំ​ទ្រ​ និង​ជួយ​ឧបត្ថម្ភ​។ ឯ​អ្នក​ស្រីអម្ពរទេវី ដែលដើរតួជានាងនី ដែលធ្លាប់តែល្បីល្យាញ​មក​ហើយ ពេល​សំដែងរឿង​កូន​ពស់​​កេង​កង​ចប់ ធ្វើ​អោយ​អ្នក​ស្រី​កាន់​តែ​ល្បី​ខ្លាំង​ឡើង​ថែមទៀត។

  ដោយសារតែមានទស្សនិក​ជន ​គាំ​ទ្រ​យ៉ាង​ផុស​ផុល​ក្នុង​សាច់​រឿង​ស្នេហា​ទាក់​ទង​នឹង​សត្វ​ពស់ ផលិទ្ធ​កម្ម​ភាព​យន្ដ​ខ្មែរ បាន​ចាប់​ផ្ដើម​ថត​រឿង​ពស់​មួយ​ខ្សែ​ទៀត​នៅ​ឆ្នាំ​២០០៩ អោយ​ឈ្មោះ​ថា រឿង​ចៅ​ពស់​កេង​កង​។ រឿង​ចៅ​ពស់​កេង​កង ទំនង​ជា​រឿង​មួយ​ដែល​បន្ដ​ពី​រឿង​កូន​ពស់​កេង​កង​។ ខ្សែ​ភាព​យន្ដ​រឿង​នេះ យើង​ឃើញ​ការ​តុង​តែង​ឈុត​ឆាក​រាង​កាយ​តាម​របៀប​របប​រស់​នៅ​ បែប​ខ្មែរ​ចាស់​បុរាណ​តាំង​ពី​សម័យ​អង្គរ​ម្លេះ ហើយ​សាច់​រឿង​បាន​បញ្ជូលក្ខណ​បែប​ជា​រឿង​​ខ្មោច​ព្រាយ​បិសាច ព្រាយ​អាប​ជា​ច្រើន​លក្ខណ​។

  នាយ​កំលោះ​មេឃ ជា​កូន​របស់​នាង​សុរិយា​កូន​ពស់​កេង​កង ដែល​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​ពស់​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​មួយ​។ ចៅ​ពស់​កេង​កង​គឺ​នាយ​មេឃ​បាន​ស្រលាញ់​គ្នា​ជា​មួយ​នាង​នួន​កូន​ក្រមុំ​លោក​សេដ្ឋី​។ ទោះជាមានការរារាំងពីឳពុកយ៉ាងណា នាង​នួន​បាន​លប​ទៅ​រៀប​ការ​ជា​មួយ​នាយ​មេឃ​ដោយ​ចិត្ដ​ឯង ហើយ​បាន​ប្រគល់​ខ្លួន​រួម​រក្ស​ស្នេហា​នឹង​នាយ​មេឃ​ដោយ​ក្ដី​ស្រឡាញ់​ជា​ពន់​ពេក​។ ដោយ​បាត់​អស់​ភាព​បរិសុទ្ធ នាយ​មេឃ​ក៏​ក្លាយ​ទៅ​ជា​ពស់ ដូច​កាល​នាង​សុរិយា​បាន​រួម​រក្ស​ស្នេហ៍​ជា​មួយ​វេហា​នៅ​គ្រា​ដំបូង​ដែរ​។ នាយ​មេឃ​ប្រឹង​លូន​ទៅ​ជួប​ម្ដាយ​នៅ​ក្នុង​រូង​ភ្នំ។

  ពេល​ឃើញ​កូន​លូន​មក​ដល់​ ពស់​ជា​ម្ដាយ​នឹក​អាណិត​អាសូរ​កូន​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ នាង​ពស់​ជា​ម្ដាយ​ខំ​បញ្ចេញ​កំលាំ​កាយ​រិទ្ធ​យ៉ាង​ខ្លាំង​រហូត​ក្ស័យ​ជន្ម​ជីវា ដើម្បី​ផ្ដល់​អោយ​កូន​បាន​ក្លាយ​ជា​មនុស្ស​វិញ។ នាយ​មេឃ​បាន​ក្លាយ​ជា​មនុស្ស​តែ​មាន​សក់​លើ​ក្បាល​សុទ្ធ​តែ​ពស់​វារ​រវីក​រវើក​ពេញ​លើ​ក្បាល ដូច​កូន​ពស់​នៅ​ក្នុង​រឿង​ពស់​កេង​កង​មុន​ៗ​ដែរ​។

  សោក​នាដ​កម្ម​ដ៏​កាច​សាហាវ​នៅ​ក្នុង​រឿង​នេះ គឺ​នាង​នួន​ត្រូវ​ទទួល​រង​ទារណ​កម្ម​យ៉ាង​ខ្លាំង ដោយ​ចោទ​ថា នាង​មាន​សហាយ​ស្មន់​យក​ប្ដី​ចិត្ដ​ឯង ឳពុក​និង​ម្ដាយ​ចុង​នាង បាន​យក​ទៅ​ចង​វាយ​ធ្វើ​ទារណ​កម្ម​យ៉ាង​ខ្លោច​ផ្សា​ជាទី​បំផុត ហើយ​បង្ខំ​នាង​ឲ្យ​រៀប​ការ​មួយ​បុរស​មួយ​ផ្សេង​ទៀត​ដែល​តាម​ស្រលាញ់​សុំស្នេហ៍​នាង​ជា​រហូត​មក​។ បុរស​ដ៏​កាច​សាហាវ​នេះ​ល្បួង​យក​នាង​នួន​​ទៅ​សំលាប់​កាប់​ធ្លាយ​ពោះ​ចេញ​កូន​មក​សុទ្ធ​តែ​កូន​ពស់ ដូច​នាង​នី​នៅ​ក្នុង​រឿង​ពស់​កេង​កង​ដែរ​។

  បើយើង យករឿងទាំងបីមកធ្វើការសិក្សាអោយតំលៃទៅលើស្នេហា យើងឃើញថា នៅក្នុងរឿងពស់កេងកងតាមរឿងព្រេង​និទាន ជា​រឿង​ស្នេហា​ផិត​ក្បត់ នាង​នី​ដែល​មាន​ប្ដី​ថែម​ទាំងមានកូនមួយទៀតផង បានបណ្ដោយខ្លួនអោយធ្លាក់ចូលទៅក្នុងបញ្ហាស្នេហា​តណ្ហា​អូស​ទាញ ប្ដី​នាង​នី​ជា​មនុស្ស​ប្រមិក កាច​សាហាវ​មិន​យល់​អំពី​តំលៃ​ស្នេហា​។

  តាមអត្ថបទសិក្សាស្រាវជ្រាវរបស់និស្សតពេទ្យនៃមហាវិទ្យាល័យ ប្រទេសថៃម្នាក់ បានសរសេរថា សត្វពស់មានតួ​នា​ទី​បន្ដិច​បន្ដួច​ ក្នុង​ការ ​ចូល​រួម​ចំណែក​ជា​ធាតុ​ផ្សំ​ជា​ឱសថ​សាស្ដ្រ ចំពោះ​ឱសថ​បុរាណ​សត្វ​ពស់​ត្រូវបានយកធ្វើជាថ្នាំមួយយ៉ាងសំខាន់ណាស់​ដែរ មិន​តែ​ប៉ុណ្ណោះ​សត្វ​ពស់​ មាន​កិត្ដិ​យស​ណាស់ ដោយ​បាន​ក្លាយ​ជា​និ​មិត្ដ​សញ្ញាផ្នែកវេជ្ជសាស្ត្រ គឺសត្វពស់រុំព័ទ្ធជើងពែងឱសថ និងខ្លួនវង់កាត់មាត់​ពែង សំយុង​ក្បាល​ចុះ​ក្នុង​ពែង​។ ប្រភព​និមត្ដ​សញ្ញា​ទាំង​ពីរ​នេះ ផ្អែក​ទៅ​លើរឿងព្រេង ដែលមានការបកស្រាយផ្សេងៗគ្នាគឺ៖

រូបចំលាក់របស់ក្រិចទី១

  ផ្អែកទៅលើផ្ទាំងចំលាក់បុរាណពិពណ៌នាពីរឿងព្រេងរបស់ក្រិច មានរូបចំលាក់អង្គទេវៈ Mercure កូនរបស់ទេវៈ Jupiter ។ ចំលាក់​ទេវៈ​នេះ មាន​កាន់​ឈើ​ច្រត់​នៅ នឹង​ដៃ​បែក​ជា​ពីរ​មែក ហើយរុំព័ទ្ធឈើច្រត់ មានពស់ពីរ វិញចូលគ្នាដូចខ្សែពួរ ហើយសត្វពស់ទាំង​ពីរ​នេះ សុទ្ធ​តែ​ងើប​ក្បាល​ឡើង​លើ​។ រូប​ចំលាក់​នេះ ស្ដែង​ចេញ​នូវ​រឿងព្រេងថា ក្នុងដំណើរកំសាន្ដនៅលើលោកយើងនេះរបស់អង្គទេវៈ Mercure បាន​ជួប​ប្រទះ​ពស់​ពីរ​ក្បាល កំពុងប្រយុទ្ធខាំគ្នា ព័ទ្ធពេនចូលគ្នាយ៉ាងសាហាវ។ អង្គទេវៈ Mercure កំពុងកាន់នូវនឹងដៃនូវឈើច្រត់ បាន​លូក​ឈើ​ច្រត់ ចូល​ទៅ​ឃាត់​សត្រូវ​ទាំង​ពីរ​នោះ សត្វពស់ទាំងពីរក៏ឈប់ខាំគ្នា ហើយបានរុំខ្វែងព័ទ្ធជុំវិញឈើច្រត់។ ឈើច្រត់ក្លាយជាឈើច្រត់ទិព្វ​របស់​ទេវ​តា និមិត្ថ​រូប​ឲ្យ​ភាព​ចុះ​សំរុង​គ្នា​។ សន្សឹម​ៗ មិន​ដឹងថាមកពីហេតុអ្វី ឈើច្រត់មានសត្វពស់ព័ទ្ធជុំវិញ បានក្លាយទៅជានិមិត្ដសញ្ញាផ្នែក​វេជ្ជ​សាស្ដ្រ និមិត្ដ​រូប​ឲ្យការ​ព្យា​បាល​ជំងឺ​សង្គ្រោះ​ជីវិត​។

រូបចំលាក់របស់ក្រិចទី២

  រូបចំលាក់របស់ក្រិចមួយទៀត បានឆ្លាក់មុននេះរាប់ពាន់ឆ្នាំមកហើយ និងបានបន្សល់ទុករហូតសព្វថ្ងៃនេះគឺ រូប​ចំលាក់​របស់​ Asklepios និង​កូន​ស្រី​របស់​គាត់​ឈ្មោះ Hygeia ។ ស្ដែង​ពី​រូប​ចំលាក់នេះនាំទៅដល់និមិត្ដសញ្ញាផ្នែកវេជ្ជសាស្ដ្រ និង ឱសថសាស្ត្រតាម​អត្ថ​បទ​ប្រ​វត្ដិ​សាស្ត្រ គួប​ផ្សំ​នឹង​រឿង​ព្រេង​របស់​ក្រិច​គឺ​ Asklepios រស់នៅក្នុងសតវត្សទី ១៧ មុនគ្រិស្ដសករាជ (មានន័យថា មុន Hippocrate បិតា​វេជ្ជ​សាស្ដ្រ​ចំនួន​ ១៣​សត​វត្ស និង​មុន Galien បិតា​ឱសថ​សាស្ដ្រ​ចំនួន​ ១៨សតវត្ស)។ Asklepios ជាគ្រួពេទ្យមានទេពកោសលព្យាបាលជំងឺយ៉ាង​សក្ដិ​សិទ្ធិ និង​បាន​តាំង​ងារ​ជា​អង្គ​ទេវៈ​។ តាម​​រឿង​​ព្រេង​ក្រិច លោកជាបុត្ររបស់អង្គទេវៈ Apollo ចុះមកលើដីក្នុងតួនាទីព្យាបាលជំងឺ។ គូន​ស្រី​របស់​គាត់​គឺ Hygeia (មាន​ន័យ​ថា សុខ​ភាព) បាន​ជួយ​ឳពុក​របស់​ខ្លួន​យ៉ាង​ច្រើនក្នុងការថែរក្សាព្យាបាលជំងឺ។ ដើម្បីធ្វើសក្ការៈ និងកត់ចំណាំនូវគុណូប​ការៈ​របស់​គាត់​ ក្នុង​ការ​ជួយ​ជីវិត​តស៊ូ​ប្រ​ឆាំង​នឹង​ជំងឺ​ ប្រ​ជា​ជន​ក្រិច​បាន​ឆ្លាក់​រូប​ Asklepios និង Hygeia ដាក់ក្នុងព្រះវិហារ។ រូបចំលាក់នេះ​ពណ៌​នា​ពី​មគ្គុ​ទេស​វេ​ជ្ជ​សាស្ដ្រ ​អង្គុយ​ក្នុង​ជំហរ​មួយ​ប្រកប​ដោយ​មនុស្ស​ធម៌ ព្រមជាមួយនឹងដៃឆ្វេងរបស់គាត់កាន់ឈើច្រត់ទិព្វ ខាងស្ដាំគាត់ គឺ​រូប​កូន​ស្រី​ដែល​មាន​កាន់​ពែង​ថ្នាំ​នៅ​នឹង​ដៃ ជា​ពិសេស​ទៅ​ទៀត គឺ​មាន​សត្វ​ពស់​រុំ​ព័ទ្ធ​ឈើ​ច្រត់​របស់​គាត់​ បាន​យក​ក្បាលឆ្លងទៅភ្លក្សថ្នាំក្នុងពែងថ្នាំរបស់ Hygeia កំពុងកាន់។

  ក្រោយ​មក Hippocrate ជា​អ្នក​ដែល​ធ្វើ​បដិ​វត្ដន៍​លុប​បំបាត់​ចោល​នូវ​លក្ខណ សាសនា​ក្នុង​ការ​ព្យា​បាល​ជំងឺ​នៅ​ព្រះ​វិហារ Asklepios​។ ព្រះ​វិហារ​ទាំង​នោះ សន្សឹម​​ៗ​បាន​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យ​ពិត​ប្រាកដ អ្នក​ជំងឺ​ព្យា​បាល​ដោយ​ឱសថ មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្រមើ​​ស្រ​មៃ ដោយ​​មាន​​ការ​​ជួយ​​ពី​​អង្គ​​ទេវៈ​​នោះ​​ទេ​​។ រូប​​ភាព​​របស់ Asklepios និង Hygeia សន្សឹម​​ៗ​​ក៏​​បាត់​​បង់​នូវ​ភាព​សក្ដិ​សិទ្ធ​ក្នុង​ការ​ព្យា​បាល​ជំងឺ ប៉ុន្ដែ​រូប​ភាព​​របស់​​សត្វ​​ពស់​​បាន​​ក្លាយ​​ទៅ​​ជា​​និមិត្ដ​​សញ្ញា​​ប្រ​ពៃ​ណី​ ជា​​រៀង​​រហូត​​មក​​តាម​ដំណាក់​កាល​គឺ៖ សត្វ​ពស់​រុំ​ព័ទ្ធ​ឈើ​ច្រត់​តំណាង​ឲ្យ​វេជ្ជ​សាស្ត្រ​។ ចំណែក​សត្វ​ពស់​សំយុង​ក្បាល​ចូល​ពែង​តំណាង​​ឲ្យ​ផ្នែក​​ឱស​ថ​​សាស្ដ្រ​។

សាច់ពស់

  សាច់ពល់មានឱជាតិរសឆ្ងាញ់ដូចសាច់សត្វផ្សេងៗដែរ មិនថាពស់ព្រលិត ពស់ថ្លាន់ ពស់វែកនោះទេ គឺគេអាច​យក​វា​មក​ធ្វើ​ជា​ម្ហូប ប្រៀប​បាន​ជា​ថ្នាំ​ប៉ូវ​មួយ​ដ៏​សំខាន់​ដែរ។ គេ​អាច​យក​សាច់​ពស់​មក​ស្ងោរ​ជ្រក់ ស្ល​កកូរ ស្ល​ម្ជូរ​គ្រឿង ឬ​ចៀន​អាំង​ឲ្យ​ក្រៀម រួច​ហើយ​យក​មក​ជ្រលក់​ជា​មួយ​ទឹក​ត្រី​ស្វាយ​ខ្ចី​បរិ​ភោគ​បាន​យ៉ាងឆ្ងាញ់ពិសារ។

ឈាមពស់

  ចាស់ៗនៅតាមជនបទស្រុកស្រែខ្លះ គាត់ហ៊ានណាស់ នៅពេលដែលគាត់ចាប់បានពស់ហើយ គាត់ចាត់ទុកថា ជាឱសថ​ដ៏​ល្អ​របស់​គាត់ គាត់​យក​ពស់​មក​អារ ក ហើយ​សំរក់​ឈាម​ពស់​ដាក់ក្នុងកែវស្រារួចគាត់ពិសាយ៉ាងសប្បាយ។ ឈាមពស់ដែលតាៗ​គាត់​ចំណាំ​ឧស្សាហ៍​ហូប​នេះ គឺ​សំរាប់​ជួយ​ព្យា​បាល​ជំងឺ​សន្លាក់​ដៃ​សន្លាក់​ជើង ជំងឺស្រវាំងភ្នែក ជងឺហេវហត់ច្រើន ហើយអាចប៉ូវចលនាសរសៃឈាមបេះ​ដូង​ឲ្យ​ដើរ​បាន​ល្អ​ថែម​ទៀ។

ប្រមាត់ពស់

     ប្រមាត់ពស់ដែលគេយកមកប្រើព្យាបាលជំងឺនោះមានចែកជាពីរប្រភេទ គឺប្រមាត់ពាសល់អត់ពិស ដូចជាពស់ថ្លាន់ និង​ពស់​មាន​ពិស​ដូច​ជា​ពស់​វែក​។ ប្រមាត់​ពស់​ថ្លាន់​ភាគ​ច្រើន​គេយកវាមកដុសនឹងទឹកនៅពេលដែលគេហាលវាក្រៀមនោះ ឬក៏យក​មក​កាត់​ជា​ដុំ​តូចៗ រួច​លេប​ចូល​ទៅ​សំរាប់​ព្យា​បាល​ជំងឺ​ច្រើន​មុខ ដូច​ជា​ជំងឺកើតលឿង ឬក្មេងស្កន្ទជាន់ ឬសំរាប់ធ្វើជាថ្នាំត្រជាក់ផ្សេងៗទៀត រីឯ​ប្រមាត់​ពស់​មាន​ពិស​វិញ ដូច​ជា​ពស់​វែក​នោះ វា​មាន​កំលាំង​ខ្លាំង​ជាង​ប្រមាត់​ពស់អត់ពិស ហើយវាអាចជាថ្នាំជួយក្រពះ ក្នុងការរំលាយអាហារ ឬ​ក៏​សំរាប់​ជួយ​ប៉ូវ​បង្កើន​កំលាំង​សាច់​ដុំ​ភ្នែក កែវ​ភ្នែក​របស់​មនុស្ស​យើង​ឲ្យខ្លាំង ហើយឃើញភ្លឺច្បាស់​ល្អថែមទៀត។ បណ្ដាប្រទេសដែល​ប្រើ​ប្រាស់​សត្វ​ពស់​យក​មក​ធ្វើ​ជា​ឱសថ​ព្យា​បាល​រោគ មាន​ប្រ​ទេស​ចិន ថៃ លាវ វៀតណាម ដែល​នៅ​ជិត​កម្ពុជា ហើយ​ជន​ជាតិ​ខ្មែរ​យើង​ដែល​ប្រើ​ប្រាស់​ពស់ ធ្វើ​ជា​ឱសថ​នេះ ក៏​មិន​មែន​ទើប​តែ​ខែ​មុន ឬ​ឆ្នាំ​មុន តែមានប្រវត្ដិរាប់​រយ​ពាន់​ឆ្នាំ​មក​ហើយ​។

ពស់មានតំលៃ

   ក្នុងមួយរដូវៗ ដែលមានគេហៅថា រដូវពោះចេញពីព្រៃនោះ អ្នករកស៊ីចាប់ពស់ ជាពិសេសប្រជាជននៅតាមព្រៃរនាម ជុំ​វិញ​ដង​ទន្លេ​សាប​នោះ សប្បាយ​ចាប់​ពស់​ណាស់ គេ​ចាប់​ទាំង​ពស់មានពិស ទាំងអត់ពិសដើម្បីថ្លឹងគីឡូលក់ទាំងរស់ ឲ្យឈ្មួញដែលប្រមូលទិញ ហើយ​នាំ​ចេញ​ទៅ​បរ​ទេស ដូច​ជា​ចិន ថៃ វៀត​ណាម​។ តែ​មាន​អ្នក​ខ្លះ​ទៀតចាប់ដែរ តែគេមិនលក់ឲ្យឈ្មួញបរទេសទេ តែគេយកមកលក់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។ នៅ​ភ្នំ​ពេញ​មាន​ហាង​រក​ស៊ី​លក់​ស្បែក​ពស់ ឆ្អឹងពស់ និងប្រមាត់ពស់ ប្រមាត់ពស់ដែលគេហាលក្រៀមមានតំលៃ​ថ្លៃ​ណាស់​នៅ​ទី​ផ្សារ​។ Counter