សេចក្ដីផ្ដើម

     បុណ្យ​ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ នៃពិធីបុណ្យធំៗដទៃទៀត ដែលប្រជារាស្រ្តទូទាំងប្រទេសកម្ពុជា នាំគ្នាប្រារព្វធ្វើតាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) ពុំដែល​អាក់ខាន​ឡើយ។ ពីធីកាន់បិណ្ឌគេចាប់ធ្វើពីថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោចមាន​រយពេល ១៥ថៃ្ងដែលយើងហៅថាបិណ្ឌ១បិណ្ឌ២.និងថៃ្ងបញ្ចប់ គឺជាថៃ្ងភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ថ្ងៃភ្ជុំបិណ្ឌជា ថ្ងៃនិមិត្តរូបនៃការសំបូរសប្បាយ គឺសំបូរទាំងម្ហូបចំណីនំនែក និងសំបូរទាំងការជួបជុំបងប្អូនញាត្ដិមិត្តជិតឆ្ងាយគ្រប់ទិសទី។ បុណ្យភ្ជុំបិណ្ឌធ្វើ ដើម្បីរំលឹក ឧទ្ទិសផល្លានិសង្ឃ ដល់ជនដែលធ្វើមរណកាលទៅកាន់បរលោកហើយ ឬថាជាបុណ្យតបស្នងសងគុណក៏បាន ព្រោះធ្វើឡើង ដើម្បីឧទ្ទិសកុសលជូនអ្នកបុព្វការីជនដែលស្លាប់ទៅ។

   នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំណែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដងៗ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុក និយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅ គ្រប់៧វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងជេប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែង ឡើយ។

ប្រវត្ដិបុណ្យភ្ជុំបិណ្ឌ

     ទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌនេះ គេឃើញមានគម្ពីរ ៣ដែលនិយាយអំពីបុណ្យភ្ជុំបិណ្ឌគឺ៖
     ១- គម្ពីរវិជ្ជាធរ : មានសេចក្ដីថា មានព្រះមហាថេរ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើ ពពួកនរក។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈអង្គនោះព្រះ អង្គក៏មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់ កាលពួកសត្វនរកបានស្ដាប់ធម៌ហើយ ក៏ផ្ដាំពត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃៗថាបពិត្រ ព្រះមហាថេរ បើព្រះករុណានិមន្តត្រលប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង។

     ២- គម្ពីរអានិសង្សបិណ្ឌ : មានសេចក្ដីថា ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថាអស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូន ចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំ នៅពេលនោះ។ ហេតុតែតេជអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌ បាយបិត្តបូរនាខែភទ្របទ ហើយឧទ្ទិសផលជូនទៅ នោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង។ រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្របទនោះ ប្រេត ខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា ឱរូបអញអើយ! អភ័ព្វអ្វីម្ល៉េះមក កើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណយូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក។

     សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្របទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានរដោះរួចមកហោង។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក! នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោលចងទង់ពិតាន ដាស ពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្ដាប់គ្រឿងបណ្ណាការ គឺទៀនធូបភ្ញីផ្កាស្លាម្លូ និងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំនំចំណី ភោជនាហារផង បូជាព្រះសង្ឃ។ ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតាម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទាំង ៧សន្ដាន ដែល ស្លាប់ទៅកើតជាប្រេតនរក រងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌សម្បត្តិនិព្វានជាឋានបរមសុខប្រសើរហោង។

   ហៃអនាថបិណ្ឌិក! នរូបុរសបុគ្គលប្រុសស្រីឯណានីមួយ បើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផងទាំងឡាយមកអង្គុយ ជុំវិញ ហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណមួយហត្ថ យកត្រីសាច់អាហារភោជន និងផ្លែឈើតូចធំ នំអន្សម នំគម នូវចេកអំពៅត្រាវ ដំឡូងដូងត្នោតព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូបភ្ញីផ្កា ស្លាម្លូប្រេងម្សៅមកបូជាព្រះរតនត្រ័យ ហើយឲ្យមេបាចាស់ទុំស្មាលាទោស ឲ្យ ដ្បិតប្រេតនោះផ្ដាំមកថា ឲ្យអស់ញាតិកាមេបាចាស់ទុំជីដូនជីតា ម្ដាយឪពុក បងប្អូនកូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅ ឡើយ។

  បើក្នុងខែភទ្របទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិតបូរបូជាព្រះរតនត្រ័យបញ្ជូនផលទៅទេ អស់ប្រេតនរកអំបាលនោះ ក៏អត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាក្រៃពេក ម៉្លោះហើយប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសាមកញាតិកាទាំងឡាយឲ្យហិនហោចទ្រព្យ សម្បត្តិ ព្រាត់ម្ដាយឪពុកប្ដីប្រពន្ធកូនចៅញាតិផៅទាំង ៧សន្ដានជាដើម ។ល។

  ៣- គម្ពីរបេតវត្ថុ : មានសេចក្ដីថា មានព្រានម្នាក់នៅក្នុងក្រុងពារាណសី តែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រលប់មកផ្ទះ វិញពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង។ ថ្ងៃមួយព្រាននោះទៅបាញ់មិនបានសត្វ ក៏បេះផ្កាត្របែកព្រៃ (អាចារ្យខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួន និងរែកយកមកផ្ទះជាច្រើន លុះដល់ទ្វារភូមិ ពួកក្មេងៗមកសុំសាច់ដូចសព្វដងទៀត ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់ ១ស្មែង។ លុះព្រាននោះស្លាប់ទៅ ក៏ទៅកើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរទៅក្នុងទឹកសំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរក អាហារបរិភោគ។ វេលានោះកោសិយអាមាត្យ ជាអាមាត្យព្រះបាទពិម្ពិសារជិះទូកទៅបង្ក្រាបស្រុកបច្ចន្តគ្រាមបាន ឃើញប្រេតនោះ សួរ ដឹងសេចក្ដីថាប្រេតនោះកំពុងស្រេកឃ្លានអាហារយ៉ាងខ្លាំង អាមាត្យនោះក៏មានសេចក្ដីអាណិតទើបនិយាយថា យើងមានសត្តូវ ធ្វើម្ដេចអ្នក នឹងទទួលបរិភោគបាន?។ ប្រេតឆ្លើយថា ក្នុងទូកនេះបើមានឧបាសកអ្នកដំកល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសត្តូវដល់ឧបាសក នោះហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនាហើយ បានសេចក្ដីសុខ ទើបផ្ដាំថា សូមឲ្យ លោកមេត្តាដល់ប្រេតឯទៀតៗផង កាលលោកធ្វើកុសលឯណានីមួយហើយ សូមឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង។ កាលអាមាត្យនោះ ត្រលប់មកដល់ស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធ នឹងព្រះភិក្ខុសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប។ ព្រះបរមសាស្ត្រា ទ្រង់អធិដ្ឋានឲ្យពុទ្ធបរិស័ទមកប្រជុំគ្នា ហើយទ្រង់សំដែងបេតនិកាយ ( រឿងពួកប្រេត ) ឲ្យប្រាកដឡើង ដូចដែលបានពោលមកខាងលើនេះ ។

ពិធីរៀបចំបុណ្យភ្ជុំបិណ្ឌ

     គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ព្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់ បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស។ ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយកទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែល គេវានចាត់ចែងរៀបចំលំអជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា លុះចប់ធម៌ទេសនា ហើយគេនាំ គ្នាត្រលប់ទៅកាន់ទីលំនៅរៀងៗខ្លួន ដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ ទៅប្រជុំនៅឯទីវត្តទៀត។ អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញាដល់អ្នកជើងវត្តឯទៀត។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេងៗទៅ កាន់វត្តយ៉ាងរួសរាន់។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌។ ធម៌ដែលព្រះសង្ឃ សូត្រនៅពេលនោះមាន ២យ៉ាង ធម៌ម្យ៉ាង សម្រាប់ឧទ្ទិសគ្រឿងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង។ ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រលប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។ ដល់ថ្ងៃជិត ត្រង់ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ថ្ងៃ។ ថ្ងៃទី១៥នេះហើយដែលជាថ្ងៃសំខាន់ ជាងគេ។

ពិធី​ក្នុង​ព្រះ​បរម​រាជវាំង

     នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទម្លាប់មក ចាប់តាំងពីថ្ងៃ ១១ រោច។ នៅពេលនេះ យើងសូម ជូនអំពីព្រះរាជពីធីយ៉ាងសង្ខេប ព្រោះថា ក្រៅអំពីការរុងរឿង អធិកអធមក្នុងការរៀបចំពិធី ពុំមានទំនៀមប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ។ ខាងទំនៀមព្រះមហាក្សត្រ ធ្វើផ្កាបិណ្ឌច្រើនជាងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយបត្តបូរយើងធម្មតា។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពីធី ក៏ មានរាងធំក្រោម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញចាំងឆ្លាក់ភ្ជាប់ នឹងសាច់អំពៅព្រោះតែម្ដង ហើយនៅថ្នាក់ក្រោម បង្អស់មានដោតទង់រូបក្រពើ និង ទង់រូបនាគធ្វើដោយស្ពាន់ក្រាប។ ព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ នៅលើតុមួយគេតំកល់ព្រះ ពុទ្ធរូប ១អង្គ ដែលគេបានអភិសេកពីរឆ្នាំមុនរួចហើយ ដល់ថ្ងៃបង្ហើយបុណ្យ គេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត។ នៅថ្ងៃ ១១រោច ដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចំរើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ ស្អែកឡើងគឺថ្ងៃ ១២រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ភ្លឺ ដើម្បីស្វាធ្យាយធម៌រហូតដល់ម៉ោង ១០ ទើបក្រុមសង្ឃការី រៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់ ។ វេលារសៀលថ្ងៃដដែល ត្រូវវេនព្រះសង្ឃ ដទៃទៀត ទៅបំពេញកិច្ចដូចថ្ងៃទី ១ ដែលយើងបានពោលរួចមកហើយ។ ថ្ងៃ ១៣រោច ពិធីដែលធ្វើតាំងពីរសៀលថ្ងៃនេះ ទៅទល់នឹងព្រឹកថ្ងៃ ស្អែកទៀត ជាពីធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺព្រះរាជា ៥ព្រះអង្គដែលទ្រង់សោយទីវង្គតក្រោយ គេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រិត។

     នៅថ្ងៃ ១៤រោច ព្រះករុណា ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិបតីជាមួយ នឹងនាម៉ឺនសព្វមុខមន្ត្រី។ បន្ទាប់មកគេនិមន្តព្រះសង្ឃ បង្សុកូល គឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិ និង ជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេ ទនា។ នៅវេលាលោកសង្ឃកំពុងសូត្រ គេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គកាន់ ហើយយកចុងសរសៃអំបោះម្ខាងដាក់ទៅក្នុងផ្តិល ទឹកមន្តមួយ។ ដែលតម្កល់នៅមុខព្រះសង្ឃនាយក ហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯណោះ។ អំបោះនៅជានិមិត្តរូបនៃ ការចម្លងកម្លាំងធម៌ខាងសាសនា ពីអ្នករស់នៅទៅកាន់អ្នកស្លាប់ ។

     រួចពីនោះមក ព្រះករុណាទ្រង់យកបាច់ផ្កាទៅថ្វាយចំពោះព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរចូលថ្វាយផ្កា និង ថ្វាយបង្គំព្រះបរម រូប ជាបន្ទាប់ក្រោយព្រះអង្គ។ តមកទៀត ក្រុមបារគូចូលទៅសូត្រប្រសិទ្ធិពរថ្វាយព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរ ថ្វាយព្រះរាជ កុសលចំពោះព្រះបរមរូបទៀត ដើម្បីសូមព្រះអង្គបានប្រកបដោយព្រះសុភមង្គលគ្រប់យ៉ាងក្នុងបរលោក ។

     នៅម៉ោង ៩យប់ ព្រះករុណាទ្រង់យាងមកជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ម្ដងទៀតដើម្បីធ្វើពិធី «ប្រជុំបិណ្ឌ»។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំង ៤ក៏ត្រូវអញ្ជើញមកតម្កល់ក្នុងពិធីនោះដែរ។

     សម័យបុរាណ តែកាលណាព្រះរាជអាណាចក្រត្រូវបានរីកធំឡើង ព្រះករុណាទ្រង់ជ្រើសតាំង ព្រះរាជវង្សានុវង្ស ១អង្គ ជាស្ដេចត្រាញ់ ដើម្បីគ្រប់គ្រងតំបន់ដែលនៅជិតព្រំប្រទល់។ កាលនោះ មានតែស្ដេចត្រាញ់បួនទេ ប្រចាំទិសទាំង ៤នៃព្រះនគរ។ ព្រះអង្គទ្រង់ព្រះរាជទាន មកុដ១ ព្រះខ័ន១ និង ត្រា១ ដល់ស្ដេចត្រាញ់ទាំងនោះ មួយគ្រឿងៗមួយអង្គ។ ប៉ុន្តែមកុដ និង ត្រាបាត់បង់អស់ទៅហើយ នៅសល់តែព្រះខ័ន ដែលមានពួកបាគូមួយក្រុម នៅវត្តបារាយណ៍ក្នុងខេត្តកំពង់ធំ នៅរក្សាដល់សព្វថ្ងៃនេះ។ ព្រះខ័នទាំងបួនមានសភាពដូចគ្នា នៅលើមុខព្រះខ័ន មានឆ្លាក់មន្តអាគមផង ហើយនៅលើដងមានឆ្លាក់រូបសត្វ ៤បែប។ សត្វទាំង ៤បែបនោះ ទំនងជាតំណាងចតុទិសនោះឯង។ ដោយហេតុថា សម័យមុន ពួស្ដេចត្រាញ់ទាំង៤ ត្រូវចូលខ្លួនទៅ រាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញាណក្ខ័ន្ធ នៃបុព្វបុរសរបស់ខ្លួន ទើបព្រះខ័ន ទាំងបួន ដែលជាតំណាងស្ដេចត្រាញ់ ក៏ត្រូវយកមកតម្កល់ក្នុងរាជពិធីថ្វាយព្រះរាជកុសលនោះដែរ។

     ក្រៅពីនោះ មានតុពីរទៀតនៅចំពីមុខកន្លែងតម្កល់ព្រះបរមរូប។ តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាស គឺជាដង្វាយថ្វាយព្រះបិតរចំពោះ ព្រះសពនៃព្រះមហាក្សត្រទ្រង់រាជ្យ។ តុមួយទៀតមានសុទ្ធតែគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះរាជវង្សា នុវង្ស។ នៅជិតតុនោះ មានតុមួយតូចមួយទៀត តម្កល់កែវទឹកដូង។

     កាលព្រះករុណាទ្រង់យាងដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀនគោលទាំងគូ ដែលដាក់នៅចំពោះព្រះភក្ត្រ ព្រះបរម រូប។ បារគូ ៩នាក់ សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះរាជា ហើយថ្វាយស័ង្ខ រួចថ្វាយស្លឹកព្នៅខ្ចី ១សន្លឹក ដែលព្រះរាជា ទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេង ដើម្បីសិរីសួស្ដី។ បន្ទាប់មកទៀត ចាងហ្វាងក្រុមព្រះរាជមន្ទីរ សូត្របួងសួងព្រះបិតរ សូមឲ្យលោកទ្រ ទ្រង់ព្រះមហាក្សត្រ និង រាស្ត្រប្រជា ធំតូច មានក្រ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះជាជាតិសាស្ត្រណាក៏ដោយ សូម ឲ្យបានសេចក្ដីសុខ ចម្រើនទាំងអស់ ។

     លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួចទើបទ្រង់យាងចាក់ដូងជាក្រោយ។ តមកតៀត ពួកនាម៉ឺនសព្វមុខ មន្ត្រី ក៏ចូលម្ដង ៤នាក់ៗ ដូចមុនដែរ។ បន្ទាប់មកទៀត ព្រះមហាក្សត្រីយានីយាងចាក់ទឹកដូងតែមួយព្រះអង្គឯង រួចទើបក្រុមក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺនសព្វមុខមន្ត្រី ចូលចាក់ទឹកដូង ម្ដង ៤នាក់ៗ ជាលំដាប់។ លុះចប់ពិធីចាក់ទឹកដូងហើយ គេនិមន្តព្រះសង្ឃទេសនារឿង ពុទ្ធប្រវត្តិ រួចរៀបអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ នៅក្នុងយប់ជាមួយគ្នានោះ។ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានធ្វើពិធី ដូចគ្នានេះដែរ ដែលយើងនឹងជូនសេចក្ដីអធិប្បាយទៅខាងមុខ។

     ប៉ុន្តែសូមកត់សំគាល់ថា ពិធីចាក់ទឹកដូង និងពិធីអភិសេកព្រះពុធ្ធរូប តែងធ្វើនៅព្រះបរមរាជវាំង ២៤ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគរ ជាដរាប។ ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ។ លុះភ្លឺស្រាងៗហើយ ពួកភ្នាក់ងារយកគ្រឿងផ្ទុកក្នុងសង្ឃឹកឈើមួយតូច ដែលមានភាពដូចជា តំណាក់ផែ រួចសែងយកទៅឯងកំពង់ផែ ទៅដល់គេផ្ទេរគ្រឿងទាំងនោះដាក់ទៅក្នុងក្បូនដើមចេក។ គេយកទូកមួយ មកសណ្ដោងអូសរហូត ដល់កណ្ដោលទន្លេ ៤មុខ ទើបលែងក្បូនឲ្យអណ្ដែតទៅតាមខ្សែទឹក បញ្ជូនទាំងវិញ្ញាណក្ខន្ធព្រះបិតរទៅស្រុកទេសវិញផង។ លុះត្រលប់មក វិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូល និងប្រគេនចង្ហាន់សង្ឃជាការស្រេច។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារគូ ក៏ធ្វើពិធីបូជាចំពោះទេវរូបនៅនាយោព្រះបញ្ចក្សេត្រដែរ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឲ្យចេញវស្សាជាមួយផង។

ពិធីរបស់ប្រជារាស្ត្រ

   ព្រះអង្គទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណ នៅពេលដែលព្រះអង្គទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយ ប៉ុន្តែមុននឹងទ្រង់បានត្រាស់ដឹង មារាធិរាជដែលជាសត្រូវ តាមព្យាបាទព្រះអង្គជាយូរណាស់មកហើយ ហើយដោយសេចក្ដីក្ដៅក្រហាយនឹងបំបែរព្រះទ័យព្រះអង្គឲ្យចុះអំពី រតនបល្ល័ង្ក។ ព្រះបរមសាស្ដាទ្រង់អាងដល់នាងគង្ហីងព្រះធរណី ជាកស្សិណ នាងគង្ហីងចាប់ផ្នួងសក់ច្បូតចេញជាទឹកលិចលង់ពលមារបរាជ័យ ក្នុងពេលនោះហោង។ ឯទំនៀមធ្វើបុណ្យអភិសេកព្រះពុទ្ធរូប ជាទំនៀមរំឭកដល់រឿងពុទ្ធប្រវត្តិ ត្រង់ដែលព្រះអង្គផ្ចាញ់មារាធិរាជនេះឯង។ ហេតុនេះហើយ បានជាក្នុងពិធីពុទ្ធាពិសេកមានក្មេងព្រហ្មចារី អង្គុយបកស្រូវភោជសាលី និងចំអិនមធុបាយាស ដោយទឹកដូង និង ភ្លើងទៀនជា តំណាងនាងសុជាតា ដល់ពេលទៀបភ្លឺ មានយុវជនជាច្រើនរូបតំណាងពលមារ ចូលទៅធ្វើអាការហាក់ជាកំហែងព្រះអង្គ ពេលនោះពួកកុមារី បានព្រាចនូវស្រទាប់ផ្កាឈូក ជាការរំលឹកដល់កាលដែលនាងគង្ហីងធរណីច្បូតសក់បង្ហូរទឹកឲ្យលិចលង់ពលមារ។

    ពេលភ្លឺស្រាងៗ ទាយកទាយិកា នាំគ្នាត្រលប់ទៅកាន់ទីលំនៅរៀងៗខ្លួន ទៅសំរាកបន្តិច ដើម្បីនឹងត្រលប់មកកាន់វត្តវិញ នៅពេលថ្ងៃជិត ត្រង់។ ជិតដល់ពេលហើយ អ្នកស្រុកជើងវត្តនាំគ្នាទូលបាយបត្តបូរ បាយបិណ្ឌម្ហូបចំណីផ្សេងៗ ដែលធ្វើដោយផ្ចិតផ្ចង់ទៅប្រគេនព្រះសង្ឃ ដើម្បីឲ្យបានផលដល់ខ្មោចជីដូនជីតា ដែលគេលែងឲ្យមកជួបជុះក្នុងពេលនោះ។ នៅស្រុកខ្លះ គេបង្វិលពពិល បំបួសដូនជីមួយផងនៅឱកាស នោះ។ ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុមញាតិនៅផ្ទះរៀងខ្លួន ដើម្បីសែនជីដូនជីតា។ គេក្រាលកន្ទេលមួយ ដាក់សំពត់សក្រាលពី លើ មានខ្នើយមួយផង នៅអមកន្ទេលទាំងសងខាង មានថាសចំអាបបង្អែមបាយបិណ្ឌ និង បាយបត្តបូរ។ លុះរៀបចំស្រេចកាលណា មនុស្ស ចាស់ម្នាក់ក្នុងគ្រួសារ អុចធូបទៀន បួងសួងអញ្ជើញជីដូនជីតា ញាតិមិត្ត ដែលបានធ្វើមរណកាលទៅនោះ ឲ្យអញ្ជើញមកសេពសោយអាហារ ភោជនដែលគេរៀបជូន និង ឲ្យសព្ទសាធុការពរ ដល់កូនចៅញាតិសន្ដានផង។

     ថ្ងៃជាបន្ទាប់មក គឺថ្ងៃ ១កើតខែអស្សុជ គេក្រោកតាំងពីយប់នាំយកក្បូនដើមចេក ផ្ទុកដោយស្បៀងអាហារ ស្រូវអង្ករ នំនែកគ្រប់យ៉ាង យកទៅបណ្ដែតឲ្យរសាត់តាមខ្សែទឹកហូរ ហើយនិយាយថា សូមឲ្យជីដូនជីតាអញ្ជើញត្រលប់ទៅស្រុកដើមវិញចុះ។ ក្នុងភូមិខ្លះនៅក្បែរក្រុង ភ្នំពេញ នាថ្ងៃដដែលនោះ គេមានថ្វើពីធីសេន ឬ ថ្វាយព្រះភូមិផង។ គេរៀបចំកន្ទេលខ្នើយ បាយទឹក និង សំណែនផ្សេងៗ ដូចជាសែនដូនតា ពីល្ងាចដែរ រួចគេអញ្ជើញព្រះភូមិ ព្រះធរណី ឲ្យមកសេពសោយព្រមទាំងសុំឲ្យកើតផល្លានុផលបរិបូរផង។ ជួនកាល បន្ទាប់ពីការសែនព្រេន រួចហើយកូនក្មេងដែលនៅចាំក្រោមផ្ទះ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ វាយសរសរផ្ទះក្ដុងក្ដាំងបណ្ដើរថា «ឱ! ព្រះភូមិករ ព្រះធរណីយាងមកឲ្យ យើងសុខសប្បាយហើយ» រួចនាំគ្នាសើចលាន់យ៉ាងសប្បាយទៅ ។

     បន្ទាប់មកទៀត គេយកអំបោះឆៅទៅចងដៃម្ចាស់ផ្ទះប្រុសស្រី ចងសរសរកន្លោង ចងស្នែងគោក្របី នង្គ័ល និង រនាស់។ អំបោះនេះជា និមិត្តរូបនៃសម្ពន្ធមួយយ៉ាងតឹងរ៉ឹង រវាងភ្ញៀវចូលមកជួបជុំ និងអ្នកផ្ទះ។ គេយកប្រេងម្សៅទៅលាបស្នែងសត្វពាហនទាំងនោះ ហើយសុំខមា ទោស កុំឲ្យមានកម្មពៀរដោយបានប្រើ និងវាយដំសត្វនោះក្នុងការធ្វើស្រែចំការ រួចអ្នកស្រែចំការ នាំគ្នាយកច្រមទៅដោតមួយៗគ្រប់ស្រែ។ ច្រមនោះធ្វើអំពីដើមឫស្សីមួយកំណាត់ គេច្រៀកចុងម្ខាងជាបន្ទះស្ដើងៗ ហើយយកវល្លិក្រងឲ្យមានរាងរីកចុងរួមគល់ ដូចជីវឡាវមានដាក់ បាយ នំ ចំណី និង ចងស្លាបមាន់ខ្មៅមួយ នៅមាត់ច្រកនោះផង។ អ្នកស្រែយកច្រមនោះទៅដោតនៅទិសឦសានស្រែ ហើយថយមកអង្គុយ បួងសួងមួយសន្ទុះ សុំឲ្យធ្វើស្រែបានផលច្រើន។ នៅកន្លែងខ្លះទៀត គេយកបាយបិណ្ឌទៅចោលក្នុងស្រែដើម្បីឲ្យបានផលច្រើន ។

កំណត់សំគាល់

     តាមការកត់សំគាល់ និងតាមគម្ពីរទាំងបី ដែលពោលមកនោះឃើញថា៖ របៀបបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវ តាមសេចក្ដីក្នុងសាស្ត្រាវិជ្ជាធរខ្លះ សាស្ត្រាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺត្រង់របៀបរៀបចំការបុណ្យ និងងកំណត់ថ្ងៃ-ខែ និងពេល ដែលធ្វើ ត្រូវតាមសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌទាំងអស់ របៀបធ្វើផ្កាបិណ្ឌ នឹងកិច្ចឧទ្ទិសផលបញ្ជូនទៅប្រេតតាមគម្ពីរបេត វត្ថុដោយច្រើន គឺផ្កាបិណ្ឌដែលគេធ្វើឧទ្ទិសឲ្យប្រេត គេធ្វើប្រដាប់ដោយផ្កាឈើស្ពាន់ក្រាប់ ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ ប្រេតដែលគម្ពីរបេតវត្ថុចែងថា «ប្រេតមានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរមករកអាហារឯផ្ទះញាតិរបស់ខ្លួននោះឯង»។

     ការដែលពុទ្ធិកជនជាតិខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌរាល់ឆ្នាំ មិនហ៊ានខាន គឺឲ្យតែដល់ថ្ងៃ ១រោច ខែភទ្របទ តែងនាំគ្នាទៅកាន់បិណ្ឌក្នុង ទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥រោច ហៅថា «ភ្ជុំបិណ្ឌ» នោះ ទោះបីអ្នកក្រីក្រលំបាក ឬអ្នកផឹកប្រមឹកយ៉ាងណាក៏ដោយ ក៏ខំប្រឹងធ្វើឲ្យបាន យ៉ាងតិចណាស់ ត្រឹមថ្ងៃភ្ជុំជាថ្ងៃបង្ហើយពុំហ៊ានខាន ទាំងនេះក៏ព្រោះគេជឿតាមសាស្ត្រាវិជ្ជាធរ និងសាស្ត្រាអានិសង្សបិណ្ឌ រួមផ្សំនឹងការជឿ តៗគ្នា ដែលធ្លាប់ធ្វើមកផង ប្រកាន់មាំក្នុងចិត្តគិតអាណិតផង ខ្លាចផង ឯអាណិតនោះ គឺអាណិតដល់ជីដូនជីតា ដែលនាំគ្នាមកទទួលយកផល ឯខ្លាចនោះ គឺខ្លាចប្រេតដែលមក បើមិនឃើញម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទៅធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌទេ នឹងជេរប្រទេចផ្ដាសាឲ្យ ហិនហោចខ្លោចផ្សាវិនាសទ្រព្យសម្បត្តិ។

     ឯសាស្ត្រាវិជ្ជាធរ និងសាស្ត្រាអានិសង្សបិណ្ឌ ក្នុងកម្ពុជរដ្ឋយើងនេះ មានតែសម្រាយភាសាខ្មែរ គ្មានភាសាបាលី ហើយគ្មានឈ្មោះអ្នកតែង មិនដឹងជាតែងក្នុងសម័យណា។ ចំណែកឯគម្ពីរបេតវត្ថុមានទាំងភាសាបាលី ភាសាខ្មែរ ហើយគម្ពីរនេះ ជាអដ្ឋកថាព្រះត្រៃបិដកខុទ្ទកនិកាយ ព្រះអាចារ្យធម្មបាលតែងក្នុងសតវត្សជាមួយនឹងអដ្ឋកថាទាំងពួង ។

     ឯសាស្ត្រា ឬគម្ពីរដែលចែងអំពីការធ្វើបុណ្យឧទ្ទិសផលឲ្យដល់បេតជន ដែលលាចាកលោកនេះទៅកាន់បរលោកនោះ ទោះជាសាស្ត្រា សំរាយក្ដី មិនជាប្រមាណទេ គឺយកតែត្រង់ពុទ្ធានុញ្ញាតឲ្យធ្វើទក្ខិណានុប្បទានឧទ្ទិសផលទៅឲ្យសត្វគ្រប់ជំពូក ដើម្បីឲ្យរួចរដោះចាកអបាយ ទុក្ខទាំងពួង នោះឯងជាប្រមាណ ។

  គម្ពីរនានារបស់ពុទ្ធសាសនាចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតនានា មនុស្សចិត្តអាក្រក់បានធ្វើបាបផ្សេងៗ ដល់ស្លាប់ ទៅ តែងទៅកើតក្នុងកំណើតមួយ ហៅតាមភាសាបាលីថា បេត ភាសាសំស្ក្រឹតថា ប្រេត ប្រែជាខ្មែរថា ជនដែលធ្វើមរណកាលទៅកាន់បរ លោក។ ពុទ្ធសាសនា កាលបើសំដែងដល់រឿងប្រេត ច្រើនស្រដៀងគ្នា នឹងសាសនាព្រាហ្មណ៍ ដែលជាសាសនាចាស់របស់ប្រទេសឥណ្ឌៀ ព្រោះពុទ្ធសាសនា ជាសាសនាថ្មីកើតក្រោយសាសនាព្រាហ្មណ៍ គ្រាន់តែបំបែរតម្រែតម្រង់ឲ្យត្រឹមត្រង់ឡើងតាមមតិរបស់ព្រះពុទ្ធ ប៉ុណ្ណោះ គម្ពីរមហាវិភង្គ (អាទិកម្ម) ផ្នែកវិនយបិដក ត្រង់ចតុត្ថបារាជិកកណ្ឌ សំដែងពីប្រភេទរបស់ប្រេតថា មាន ១២ ពួក គម្ពីរមិលិន្ទបញ្ហាបំព្រួញថា មាន ៤ពួក គឺឧតូបជីវី ប្រេតចិញ្ចឹមជីវិតដោយមន្ទិលគភ៌នឹងខ្ទុះឈាម ១ ខុប្បបាសិកៈ ប្រេតស្រេកឃ្លានអាហារជានិច្ច១ និជ្ឈាមតណ្ហិក ប្រេត ភ្លើងឆេះជានិច្ច១ បរទត្តូបជីវី ប្រេតចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ១ គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងតែងធ្វើ បុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ។

   របៀបឧទ្ទិសផល ពោលដោយសង្ខេប គឺយកបង្អែមចំអាបដែលហៅថា បិណ្ឌនោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃហើយ ឧទ្ទិសផលដោយវាចាមានដើមថា ផលទាននៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមដែល ទោកាន់បរលោកហើយ។ ធ្វើបែបនេះរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ និងថ្ងៃភ្ជុំ។ របៀបសែន ពោលដោយសង្ខេប គឺគេធ្វើតែម្ដងក្នុងថ្ងៃបង្ហើយ ត្រង់វេលាយប់ថ្ងៃ ១៥រោច ខែភទ្របទជាថ្ងៃភ្ជុំបិណ្ឌ។ វេលាសែនបើជាទំនៀមរាស្ត្រ មហាជនគ្រប់ផ្ទះតែងរៀបក្រាលកន្ទេល កម្រាលមាន ខ្នើយ១ ដាក់ក្បាលកន្ទេល មានសំពត់សពាសពីលើខ្នើយ មានផ្តឹលទឹក ពានស្លាបារី តុថាសបង្អែម ចំអាបឆ្វេងស្ដាំរួចម្ដាយឪពុកប្រមូលបងប្អូន កូនចៅនៅក្នុងផ្ទះមកជួបជុំ ហើយនិយាយបួងសួងអធិដ្ឋានថា សូមអញ្ជើញជីដូនជីតាពិសាក្រយាទាំងនេះឲ្យបរិបូណ៌។ ទំនៀមព្រះរាជា ក៏មាន លំនាំប្រហែលគ្នានឹងរាស្ត្រដែរ ប្លែកតែខាងព្រះរាជពិធីធ្វើនៅល្ងាចថ្ងៃ ១៤រោច ដោយមានគ្រឿងប្រដាប់ល្អៗ នឹងហៅរបៀបសែននោះតាម រាជសព្ទថា «ថ្វាយព្រះបិតរ» ដូចបរិយាយក្នុងកំណត់ព្រះរាជពិធីថ្វាយព្រះបិតរខាងដើមមកហើយ នឹងមាននាម៉ឺនសព្វមុខមន្ត្រីគាល់ចាក់ទឹក ដូងថ្វាយជាឧឡារិកអធិកអធំជាងរាស្ត្រប៉ុណ្ណោះ ។

  ថ្ងៃភ្ជុំបិណ្ឌជាថ្ងៃនិមិត្តរូបនៃការសំបូរសប្បាយ គឺសំបូរទាំងម្ហូបចំណីនំនែក និងសំបូរទាំងការជួបជុំបងប្អូនញាត្ដិមិត្តជិតឆ្ងាយគ្រប់ទិសទីនិង រំលឹកឧទិស្ទដល់វិញ្ញាណខន្ធបុព្វការីដែលបាត់បង់ទៅហើយ ឬថាជាបុណ្យតបស្នងសងគុណក៏បាន ព្រោះធ្វើឡើងដើម្បីឧទ្ទិសកុសលជូនអ្នក ដែលស្លាប់ទៅហើយ។ ពិតមែនហើយ បុណ្យភ្ជុំបិណ្ឌមានជំនឿផ្សេងៗលាយលំច្រើន ប៉ុន្ដែតំលៃលក្ខណជាតិបានជ្រួតជ្រាបសព្វសាច់ឈាម ខ្មែរធ្វើឲ្យប្រពៃណីនេះ ត្រូវបានខ្មែរគ្រប់រូបនិយមធ្វើ ដោយយកចិត្ដទុកដាក់ ធ្វើឲ្យខ្មែរមានលក្ខណពិសេសរបស់ខ្លួន ប្លែកពីជាតិដទៃទៀត។ ​