ទៅលេងបុណ្យចូលឆ្នាំ
ដោយ កែវ ឈុន
**********************

ថ្ងៃចូលឆ្នាំមកដល់

     នៅប្រទេសកម្ពុជា ខែមេសាគឺ ជាខែដែលមានអាកាសធាតុក្ដៅខ្លាំង រដូវប្រាំងក្ដៅហែង នៅប្រទេសស្វីស ខែមេសាគឺជាខែផ្លាស់ប្ដូរ នៃ រដូវរងាធ្លាក់ទឹកកក ចូលមកដល់រដូវផ្ការីក។ រុក្ខជាតិព្រៃព្រឹក្សាទាំងឡាយ ដែលស្ថិតនៅក្នុងរដូវរងាក្រៀមក្រោះខ្មៅក្រញង់ ហាក់កំពុងប្រឹង ប្រែងរៀបចំខ្លួន មកបង្ហាញពិភពលោកជាថ្មី ដោយចាប់ផ្ដើមរើមប្រែពណ៌ ពីខ្មៅៗ ទៅជាបៃតងស្រស់ លាស់ត្រួយខ្ចី និងមានផ្ការីកព្រោង ព្រាត  លឿង ស ក្រហម ចំរុះពណ៌គ្នាគួរជាទីទស្សនាសប្បាយរីករាយក្រៃពេក។

     រដូវក្ដៅហែង នៅកម្ពុជា ត្រូវនឹងរដូវផ្ការីកនៅប្រទេសស្វីសនេះ គឺជាសញ្ញាប្រាប់អោយដឹងថា «ពិធីបុណ្យចូលឆ្នាំថ្មី» ប្រពៃណីខ្មែរ រំកិល ខ្លួនចូលមកដល់ហើយ។ ឆ្នាំចាស់ផ្លាស់ជំនួសឆ្នាំថ្មី អ្វីៗថ្មី គំនិតថ្មី ចិត្ដថ្មី ថ្មី!!...គឺអ្វីដែលល្អ ដែលបរិសុទ្ធគ្មានប្រលាក់ គ្មានមន្ទិលដោយប្រការ ណាមួយឡើយ។ «ចូលឆ្នាំថ្មី» ជនជាតិខ្មែរប្រុសស្រី គ្រប់ស្រទាប់ គ្រប់រូបមន្រ្ដី រាជការ កម្មករ កសិករ ទាំងស្ថិតនៅក្រៅ ឬក្នុងប្រទេស មិន ភ្លេចទេទំនៀមទំលាប់បុណ្យចូលឆ្នាំ ហើយ តែងតែនឹករំពៃគិតទុកជាមុនថា នឹងរៀបចំទទួលទេវតាឆ្នាំថ្មី អោយបានអធឹកអធម្មយ៉ាងណា? ដើម្បីអោយទទួលបាននូវជោគជ័យសេរីសួស្ដីក្នុងឆ្នាំថ្មីតទៅ។ 

 

ប្រពៃណីចូលឆ្នាំខែ្មរ

     មនុស្សគ្រប់​ជាតិ​សាសន៍ នៅលើពិភពលោក តែង​នាំគ្នាប្រារព្ធ​ពិធី​ចូលឆ្នាំ​របស់ជាតិសាសន៍ខ្លួនរៀងៗខ្លួន។ គ្រាន់តែការប្រារព្ឋពីធីចូលឆ្នាំ មិនដូចគ្នាទេទាំងអស់នោះទេ ថ្ងៃចូលឆ្នាំសកល ត្រូវចំទី ៣១ ខែធ្នូ ម៉ោងសូន្យ ចូលឆ្នាំចិនច្រើនធ្លាក់ចំខែកុម្ភៈ ហើយចូលឆ្នាំខ្មែរយើង ជា រឿយៗតែងតែធ្លាក់ត្រូវថ្ងៃ ១៣ ឬ ១៤ ខែមេសា ហៅថា ថ្ងៃសង្ក្រាន្ដ។ សង្ក្រាន្ដមាន ៣ថ្ងៃ គឺ៖

  1. ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ
  2. ថ្ងៃទី២ ជាថ្ងៃកណ្ដាល ថ្ងៃខ្វាក់ ហៅថាថ្ងៃ វនបត
  3. ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។

     ទាក់ទ នឹង ពីធីបុណ្យចូលឆ្នាំខ្មែរយើង ចាស់ទុំបាននិទាន រឿងធម្មបាលកុមារ តៗ គ្នាមកថា៖
     នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំង ពី​អាយុ បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ។ ធម្មបាល​កុមារជាអាចារ្យ សំដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​ ហើយថែមទាំងចេះស្ដាប់ភាសាបក្សី ទាំង​ពួង​ផង។

     គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្ម និង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ ដែល​ជាអ្នកសំដែង​មង្គល ​ដល់​មនុស្ស​ទាំង​ពួង។ ពេលនោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។

     ធម្មបាល​កុមារ​ សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវស្លាប់ ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ ធ្វើ​សំបុកអាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​ សួរ​ឥន្រ្ទី​ ឈ្មោលថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់ម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សំលាប់ ព្រោះដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា៖

  1. ខទី១ វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ
  2. ខ​ទី២ សួរ​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង
  3. ខ​ទី៣ សួរថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។

     ធម្មបាល​កុមារ​បានស្ដាប់លឺសត្វឥន្ទ្រីឈ្មោលញី ជជែកគ្នាដូច្នេះ អរណាស់ ក៏ប្រញាប់ត្រលប់​ទៅ​ប្រាសាទ​វិញ ត្រៀមឆ្លើយ នឹង សំនួរកបិល មហាព្រហ្ម។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក។ កុបិលមហាព្រហ្ម ហៅ​ ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា៖

     ឥលូវ​បិតា​ ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើ អាកាស ​ភ្លៀង​ក៏​រាំង​ បើ​ចោលក្នុងមហាសមុទ្រ ទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យកូនទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា "ភគវតីសភា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គំរប់ ១ឆ្នាំជា សង្រ្កាន្ត​ នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​ អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ ហើយ​ត្រលប់​ទៅ​ស្ថាន​ទេវលោក​វិញ។
ដោយមានរឿងនិទានដូច្នេះហើយ ទើបប្រជាជនយើងតែនាំគ្នាប្រារព្វពិធីបុណ្យចូលឆ្នាំថ្មជាប់ជាប្រពៃណី រហូតដល់សព្វថ្ងៃនេះ។

ទៅលេងបុណ្យចូលឆ្នាំនៅឯណា?

     ជាទូទៅ និងជាទំនៀមទំលាប់ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងធ្វើពិធីរៀបចំទទួលទេវតាឆ្នាំថ្មី រៀបចំធ្វើម្ហូបអាហារ ចង្ហាន់ យកទៅវត្ដ និង ស្វែងរកជួបជុំបងប្អូនកូនចៅ អ្នកខ្លះធ្វើដំណើរទៅកាន់ភូមិកំណើត ហើយខ្លះទៀតដើរកំសាន្ដលេងតាមរមណីយដ្នានជិតឆ្ងាយ ទៅតាមចំណង់ចំណូលចិត្ដរៀងៗខ្លួន។

     នៅក្នុងប្រទេសកម្ពុជាយើង មានរមណីយដ្នានកំសាន្ដសប្បាយជាច្រើនដូចជា នៅជិតៗទីក្រុងភ្នំពេញមាន ភ្នំអដ្ឋរស្សកោះដាច់ អំពែភ្នំ កៀនស្វាយ ទន្លេបាទី ភ្នំតាម៉ៅ ឆ្ងាយពីទីក្រុងភ្នំពេញ មានភ្នំជីសូរ កែប ទឹកឈូ ក្រុងព្រះសីហនុ ភ្នំប្រុស ភ្នំស្រី ភ្នំបាណន់ ភ្នំសំពៅ វត្ដឯក សេកសក រហូតភ្នំគូលេន ប្រសាទអង្គរវត្ដ ... ជាដើម។ សំរាប់ប្រជាជនខ្មែរនៅស្វីសនេះវិញ គេនាំគ្នាប្រារព្វធ្វើពីធីបុណ្យចូលឆ្នាំខ្មែរនៅ ថ្ងៃសៅរ៍ណាមួយក្នុងរដូចកាលចូលឆ្នាំ ហើយគេមិនបាននាំគ្នាទៅលេងកំសាន្ដនៅរមណីយដ្ឋានផ្សេងៗ ដូចប្រជាជននៅក្នុងប្រទេសកម្ពុជា យើងទេ គេតែងនាំគ្នាទៅប្រារព្ធពីធីបុណ្យចូលឆ្នាំខ្មែរ នៅសាលបុណ្យដ៏ធំមួយនៅ អុបហ្វែលដិន នៃទីក្រុងស៊ូរិក។

បុណ្យចូលឆ្នាំនៅវត្ដភ្នំ(កម្ពុជា) និង បុណ្យចូលឆ្នាំនៅអុបហ្វែលដិន(ស្វីស)

     នៅរាជធានីក្រុងភ្នំពេញ ក៏មានកន្លែងសំរាប់កំសាន្ដសប្បាយជាច្រើន ដូចជា មាត់ទន្លេ មុខវាំង សួនឧទ្យានានា និងវត្ដភ្នំ ដែលមើលទៅ ហាក់ដូចជាស្ថិតនៅត្រង់ចំនុចកណ្ដាល នៃបេះដូងនៃរាជធានីនេះតែម្ដង ហើយក៏ដូចជាសាលបុណ្យ នៅអុបហ្វែលដិននៃប្រទេសស្វីសនេះ ផងដែរ។ ទីកន្លែងទាំងនេះវាហាក់ដូចជាមិនមានអ្វីចំលែកទេ សំរាប់អ្នករស់នៅទីនោះផ្ទាល់ «វត្ដភ្នំ សំរាប់អ្នកទីក្រុងភ្នំពេញ ឬ អុបហ្វែលដិន សំរាប់អ្នករស់នៅស្វីស» តែប្រការសំខាន់ សំរាប់ប្រជាជនរាជធានីភ្នំពេញ គេគ្រាន់តែចង់ ដើរលេងលំហែស្រូបយកខ្យល់អាកាសខ្លះៗ នៅ ពេលរាត្រី ដែលមានលំអទៅដោយពន្លឺភ្លើងពណ៌យ៉ាងចំលែកភ្នែក និងត្រជាក់ចិត្ដ ហើយសំរាប់ប្រជាជននៅស្វីសនេះវិញ គេធ្វើដំណើរទៅ លេងបុណ្យចូលឆ្នាំនៅអុបហ្វែលដិន គេចង់ទៅជួបជុំមិត្ដភក្ដិ ជជែកសំណេះសំណាលគ្នា សំដែងពីការរួបរួមសាមគ្គីគ្នា ក្នុងពីបុណ្យទំនៀម ទំលាប់ខ្មែរ ហើយជាពិសេស គឺបុណ្យចូលឆ្នាំថ្មីនេះឯង។ ជាធម្មតាថ្ងៃបុណ្យចូលឆ្នាំខ្មែរ នៅវត្ដភ្នំនៃរាជធានីភ្នំពេញ ចាប់ពីពេលរសៀលបន្ដិច ទៅនៃថ្ងៃចូលឆ្នាំ គេមានរៀបចំពិធីលេងល្បែង របាំ រាំច្រៀង ល្ខោន អាយ៉ៃចោលឈូង បោះអង្គញ់ ផ្សេងៗ។

     នៅសាលបុណ្យអុបហ្វែលដិននៃប្រទេសស្វីសវិញ ប្រជានជនបានមកជួបជុំគ្នា តាំងពីព្រឹកព្រលឹម ម៉ោងប្រមាណជា ១០កន្លះព្រឹក មនុស្ស ចាស់ប្រុសស្រីមូលមីមកជួបជុំ ពេញសាលរោងបុណ្យ គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ រួចនាំគ្នាដុតធូប អធិដ្ឋានសូមសេរីសួស្ដីឆ្នាំថ្មី សូមពរ សូមជ័យ សូមបវរសួស្ដីគ្រប់ប្រការគ្រប់ៗគ្នា។

     បន្ទាប់ពីធ្វើពិធីបូជារួច ពុទ្ធបរិសទ្ធទាំងឡាយនាំគ្នា មកអង្គុយជាជួរនៅតាម តុបង់ដែលដាក់រៀបចាំទទួល គេនាំគ្នាលាកញ្ចាប់បាយសំល ម្ហូមអាហារ នំ ចំណី បរិភោគអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា ចាស់ៗ អ្នកមានគូស្រករ មានទឹកមុខរីករាយ ជជែកសាកសួរសុខទុក្ខគ្នាទៅវិញ ទៅមកយ៉ាងស្និទ្ធស្នាលក្រៃលែង។ ពួកក្មេងៗ ក្រមុំៗ កំលោះៗ នាំគ្នាលេងល្បែងប្រជាប្រិយតាមទំនៀមទំលាប់ខ្មែរផ្សេងៗ ជាក្រុមៗ មាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត លាក់កន្សែង និងផ្សេងៗទៀតជាច្រើន។ បរិយាកាសដ៏បរិសុទ្ធ សុខរម្យនានេះហើយ ដែលជាធ្នាក់ទាក់ ទាញមួយ សំរាប់អ្នកដែលធ្លាប់ទៅលេងម្ដងហើយ អោយចង់ទៅលេងម្ដងទៀត ប៉ុន្ដែយើងក៏មានកត្ដាហេតុផលសំខាន់ៗ ជាច្រើនទៀត ដែល ទាក់ទង នឹងទំនៀមទំលាប់បុណ្យចូលឆ្នាំខ្មែរ ដែលធ្វើអោយពុទ្ធបរិសទ្ធខ្មែរយើងខកខានទៅមិនបានដែរ។

     លោកអាចារ្យអ្នកនាំក្នុងពិធីបុណ្យ បាននែនាំពុទ្ធបរិសទ្ធក្មេងចាស់ប្រុសស្រី ពូនភ្នំខ្សាច់ តំណាងអោយវាលុកចេតីយ៍ ហើយបាននាំគ្នាធ្វើ ពិធីគោរពបូជាថ្វាយបង្គំទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ការហែឆ្លងប្រទក្សិណ៣ជុំ វាលុកចេតិយ ដែលមានហ្វូងជុំជនចូលរួមយ៉ាងច្រើនកុះករ អ៊ឹកធឹក បានញ៉ាំងអោយពិធីបុណ្យបូជារបស់យើងមានសភាពរស់រវើក បង្ហាញប្រាប់អោយដឹងថា យើងជាជាជនជាតិសាសន៍មួយដ៍មាន វប្បធម៌ តាំងពីយូររាប់សតវត្សមកហើយ។

រាំកំសាន្ដពេលបុណ្យចូលឆ្នាំ

     ចំពោះរមណីយដ្ឋានវត្ដភ្នំ គេសង្កេឃើញមានភ្ញៀវទស្សនិកជន ចូលរួមរាំច្រៀងសប្បាយរហូត ក្នុងពីធីបុណ្យចូលឆ្នាំបីថ្ងៃ ភ្ញៀវទាំងឡាយ ក៏មិនភ្លេចទេ ក្រៅពីរាំលេងសប្បាយ និងដើរទស្សនាវត្ថុប្លែកនៅទីនោះហើយ គេក៏បានចូលទៅអុជទៀនធូបបួងសួងសុំសេចក្ដីសុខ សេរី សួស្ដីឆ្នាំថ្មី ពីព្រះពុទ្ធរូប ដូនពេញ និងមានចាក់គម្ពីរ ផ្សងសំនាងជោគជតាផ្សេងៗរៀងៗខ្លួនតាមការប្រាថ្នាផងដែរ។

     នៅអុបហ្វែលដិន សំរាប់ប្រជាជនខ្មែរនៅស្វីស ចាប់ពីម៉ោង១៩ទៅ វង់តន្រ្ដីរបាំបូរាណខ្មែរ បានចាប់ផ្ដើមប្រគំ និង រាំ ច្រៀងជូនទស្សនិជន ទស្សនាមួយបទហើយ មួយបទទៀត មួយឆាកហើយ មួយឆាកទៀត យ៉ាងរស់រវើក មានដូចជារបាំជូនពរ របាំគោះត្រលោក របាំគោះអង្រែ របាំទន្សោងគោព្រៃជាដើម។

     របាំតន្រ្ដីបូរាណបានចប់សព្វគ្រប់ វង់ភ្លេងសម័យ ដែលមានអ្នកចំរៀងសំលេងមាសពិរោះរន្ដំជាប់ចិត្ដ បានចូលមកប្រគំ ច្រៀងបំពេរដល់ ទស្សនិកអោយមានការរំភើបរីករាយឥតឧបមា កុមារាកុមារី ក្រមុំៗ កំលោះៗ អ្នកមានគូស្រករក្មេងចាស់ទាំងឡាយនាំគ្នាឡើងរាំកំសាន្ដ លេង តាមចង្វាក់រាំវង់ រាំក្បាច់ សារវាន់ និង រាំទំនើបៗថ្មីៗ ជាច្រើនទៀតយ៉ាងសែនសុខមនោរម្យ។ ពិធីរាំកំសាន្ដបានរាំកំដរពិធីបុណ្យចូល ឆ្នាំថ្មី រហូតរំលងអធ្រាតចប់កម្មវិធីបុណ្យ។

-----------------------------------------------------------